វិធី​ចិញ្ចឹម​ឃ្មុំ​​ក្នុង​ហឹប (ភាគ​១)

វិធី​ចិញ្ចឹម​ឃ្មុំ​ព្រៃ​ដោយ​ដាក់​បង្គង​ឲ្យ​ឃ្មុំ​ធម្មជាតិ​មក​ទំ លោក​អ្នក​បាន​​ជ្រាប​ហើយ តែ​នៅ​មាន​មិត្ត​អ្នក​ស្តាប់​ខ្លះ​ចង់​ជ្រាប​អំពី​វិធី​ចិញ្ចឹម​ឃ្មុំ​ក្នុង​ហឹប ឬ ឡាំង​ឈើ ដូច​មាន​អនុវត្ត​នៅ​ប្រទេស​ដទៃ ជា​ពិសេស​​នៅ​អឺរ៉ុប ឬ អាមេរិក។

0:00 / 0:00

ឃ្មុំ​នៅ​កម្ពុជា​មិន​ត្រូវ​អ្នក​ស្រុក​ទទួល​ស្គាល់​អំពី​សារសំខាន់​ពិត​ប្រាកដ​របស់​វា​ឡើយ។ ក្រៅ​ពី​ផ្តល់​ទឹក​ឃ្មុំ​សម្រាប់​ទទួល​ទាន និង​ក្រមួន​សម្រាប់​ធ្វើ​ទៀន​និង​គ្រឿង​បរិក្ខារ​ដទៃ​ទៀត ហើយ​គឺ​ឃ្មុំ​ជា​អ្នក​លាយ​ផ្សំ​កេសរ​ញី​ឈ្មោល​របស់​ផ្កា​ឈើ គឺ​ជា​អ្នក​បំផើម​ផ្កា​ឲ្យ​ក្លាយ​ជា​ផ្លែ។ បាន​សេចក្តី​ថា ខណៈ​ដែល​វា​ត្រឹប​ទឹក​ដម​និង​ប្រមូល​កេសរ​ផ្កា​ពី​ដើម​មួយ វា​ក៏​ជួយ​លាយ​លំអង​ញី​ឈ្មោល​ឲ្យ​ដើម​មួយ​ទៀត​ផង​ដែរ ដែល​ជីវភាព​បែប​នេះ គេ​ហៅ​ថា​សហ​ប្រាណភាព ឬ symbiosisដែល​ជា​ទំនាក់​ទំនង​រវាង​ឃ្មុំ​និង​ផ្កា​ដែល​ថ្វី​បើ​ជា​សរីរាង្គ​ពីរ​មាន​អម្បូរ​ខុស​គ្នា​តែ​បាន​ទទួល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ពី​គ្នា។

លោកDanny Jump ជន​ជាតិ​អាមេរិកាំង​ដែល​មាន​ជំនាញ​ខាង​ការ​ចិញ្ចឹម​ឃ្មុំ ហើយ​ដែល​ធ្លាប់​ជួយ​កម្មវិធី​ចិញ្ចឹម​ឃ្មុំ​របស់​មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ មាន​ប្រសាសន៍​ថា ៖ "សត្វ​ឃ្មុំ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​កសិកម្ម។ បើ​ពុំ​មាន​ឃ្មុំ​ទេ ក៏​នឹង​ពុំ​មាន​ការ​លាយ​ផ្សំ​លំអង​ផ្កា​តិច ហើយ​នឹង​បាន​ទទួល​ទិន្នផល​បន្លែ​ផ្លែ​ឈើ​និង​ដំណាំ​ផ្សេងៗ ក្នុង​បរិមាណ​ទាប"

មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ ដែល​មាន​ទីតាំង​នៅ​ក្បាល​ស្ពាន​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលេន គឺ​ជា​អ្នក​ផ្តួច​ផ្តើម​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​អំពី​វិធី​ចិញ្ចឹម​ឃ្មុំ ទាំង​ដោយ​ការ​ប្រើ​បង្គង​និង​ប្រើ​ហឹប ហើយ​បាន​ដាស់​តឿន​អ្នក​យក​ឃ្មុំ​ព្រៃ​ឲ្យ​ភ្ញាក់​រឭក​អំពី​និរន្តរភាព​សត្វ​ឃ្មុំ​​ដែល​បច្ចុប្បន្ន​ចេះ​តែ​ខ្សត់​ទៅ ដោយសារ​តែ​ការ​ប្រមូល​ផល​ខុស​វិធី​និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ជា​ជម្រក​សំខាន់​របស់​ឃ្មុំ​ធំ។ សព្វថ្ងៃ​នេះ​មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ បាន​បិទ​កម្មវិធី​ចិញ្ចឹម​ឃ្មុំ​របស់​ខ្លួន​ទៅ​ហើយ ក្រោយ​បាន​បណ្តុះ​បណ្តាល​កសិករ​និង​អ្នក​នេសាទ​ក្នុង​តំបន់​អង្គរ​សៀមរាប និង​ក្នុង​ខេត្ត​​មួយ​ចំនួន​ដូចជា កំពង់ឆ្នាំង, កោះកុង, ពោធិ៍សាត់, បន្ទាយមានជ័យ និង ព្រះវិហារ ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ ២០០៨។

កាល​ពី​ដើម​ឆ្នាំ​នេះ លោក ជូ ចន្ត្រា និស្សិត​ផ្នែក​ច្បាប់​វិទ្យាសាស្ត្រ​សង្គម​និង​នយោបាយ​សាធារណៈ នៃ​សកល​វិទ្យាល័យ​ជាតិ ក្រុង​យ៉ូកូហាម៉ា ប្រទេស​ជប៉ុន ធ្លាប់​បាន​សរសេរ​លិខិត​ទៅ​សួរ វិទ្យុ​អាស៊ី​សេរី អំពី​វិធី​ចិញ្ចឹម​ឃ្មុំ ដោយ​ឃើញ​ថា​ជា​មុខ​របរ​ដែល​ពេញ​និយម​នៅ​ប្រទេស​ជា​ច្រើន ព្រោះ​វា​ជួយ​ថែ​រក្សា​បរិស្ថាន​បាន​ស្អាត​ស្អំ។ ខ្ញុំ​ជឿ​ថា លោក ជូ ចន្រ្តា ប្រាកដ​ជា​ចង់​ឃើញ​មាន​ការ​ចិញ្ចឹម​ឃ្មុំ​ក្នុង​ហឹប​ដូច​នៅ​ជប៉ុន ឬ​នៅ​ប្រទេស​អឺរ៉ុប ដែល​ពូជ​ឃ្មុំ​ប្រភេទ​នេះ​ខុស​ពី​ពូជ​នៅ​ស្រុក​ខ្មែរ។

លោក Danny Jump គ្រូ​ឃ្មុំ ជន​ជាតិ​អាមេរិកាំង​មាន​ប្រសាសន៍​ថា លោក​មិន​យល់​ស្រប​នឹង​ការ​នាំ​ចូល​ពូជ​ឃ្មុំ​ពី​បរទេស​ឡើយ ព្រោះ​ថា ៖ "វា​ជា​រឿង​ដែល​គេ​ដឹង​ច្បាស់​ណាស់​ថា ការ​នាំ​ចូល​ពូជ​ឃ្មុំ​ដែល​គេ​ហៅ​ថា ពូជ​ប្លែក​ពី​បរទេស​នោះ វា​បង្ក​នូវ​ការ​ខូច​ខាត​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង​ក្លា។ យើង​មិន​គួរ​យក​អ្វី​ដែល​ប្លែក​ទៅ​ដាក់​ក្នុង​កន្លែង​ដែល​ប្លែក​នោះ​ឡើយ ឧទាហរណ៍​ដូច​ប្រទេស​អូស្រ្តាលី យក​ទន្សាយ​ចូល​ទៅ​ពី​ប្រទេស​អង់គ្លេស ហើយ​​ដោយសារ​ពុំ​មាន​សត្រូវ​ធម្មជាតិ​របស់​វា ទន្សាយ​ក៏​រីក​សាយ​ភាយ​ក្លាយ​ជា​គ្រោះ​គំរាម​កំហែង​ចំពោះ​បរិស្ថាន​នៅ​ប្រទេស​អូស្រ្តាលី រហូត​ដល់​សព្វថ្ងៃ​ជាដើម"

លោក Danny Jump មាន​ប្រសាសន៍​ទៀត​ថា ការ​ចិញ្ចឹម​ឃ្មុំ​ដោយ​ប្រើ​ពូជ​ពី​បរទេស ដែល​ជា​ភាសា​វិទ្យាសាស្ត្រ​ហៅ​ថា Apis Mellifera ឬ​ឃ្មុំ​ពូជ​អឺរ៉ុប ពុំ​អាច​ធ្វើ​ទៅ​បាន​ដោយ​ជោគជ័យ​ឡើយ ព្រោះ​កម្ពុជា ជា​ប្រទេស​តូច ពុំ​មាន​ចម្ការ​ដំណាំ​ហូប​ផ្លែ​ធំ​ទូលំ​ទូលាយ​ដូច​ប្រទេស​ដទៃ ដោយសារ​កសិករ​ច្រើន​ដាំ​តែ​ស្រូវ។

លោក Danny Jump មាន​ប្រសាសន៍​ដូច្នេះ ៖ "មាន​ហេតុផល​មួយ​រយ​មួយ​ពាន់​ជំពូក​ទៀត​ដែល​យើង​មិន​ជំរុញ​ឲ្យ​នាំ​ឃ្មុំ​ពូជ​ហ្នឹង​ចូល​មក​កម្ពុជា ព្រោះ​វា​មិន​មាន​និរន្តរភាព ហើយ​ម្យ៉ាង​ទៀត​ដូច​ដឹង​ស្រាប់​ហើយ ឃ្មុំ​ពូជ​អឺរ៉ុប​ដែល​គេ​ចិញ្ចឹម​នៅ​សហរដ្ឋ​អាមេរិក ខណៈ​នេះ​កំពុង​ជួប​ប្រទះ​នឹង​ភាព​វិបត្តិ​ រលាយ​សម្បុក ដែល​គេ​ហៅ​ថា កូឡូនី ខល់ឡឹប (Colony Collapse) ហើយ​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ថា មូល​ហេតុ​មក​ពី​អ្វី​ផង​ទេ"។

បន្ទាប់​ពី​មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវសាស្រ្ត​ចម្រុះ បាន​បញ្ចប់​កម្មវិធី​ចិញ្ចឹម​ឃ្មុំ​ទៅ កាល​ពី​ឆ្នាំ​២០០៨ លោក ដានីញែល ចាំផ៍ ឬ ដាន្នី រួម​ជាមួយ​មិត្ត​ភក្តិ​សហ​សេវិក​ខ្មែរ​របស់​លោក គឺ​លោក ពាង ឆុញ អ្នក​ចិញ្ចឹម​ឃ្មុំ​ព្រៃ និង​លោក សឿន ប៊ុនសម អ្នក​ចិញ្ចឹម​ប្រួត ម្រោម និង​ឃ្មុំ​ផ្លិត បង្កើត​ជា​ក្រុម​តូច​មួយ ហៅ​ថា Bees Unlimited មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប ដើម្បី​បន្ត​បង្រៀន​បង​ប្អូន​ណា​ដែល​ប្រាថ្នា​ចង់​ចិញ្ចឹម​ឃ្មុំ...។

នាទី​កសិកម្ម​បាន​លើក​យក​វិធី​ចិញ្ចឹម​ឃ្មុំ​ដោយ​ដាក់​បង្គង​ក្នុង​ព្រៃ​រៀប​រាប់​ដោយ​លោក ពាង ឆុញ មក​ជម្រាប​មិត្ត​អ្នក​ស្តាប់​មួយ​សេរី​ហើយ ហើយ​ត​ទៅ​នេះ លោក សឿន ប៊ុនសម នឹង​ជម្រាប​ពី​ការ​ចិញ្ចឹម​ប្រួត​និង​ម្រោម ក្នុង​ហឹប​ម្តង​វិញ។

ដំបូង​តើ​អ្វី​ទៅ​គឺ​សត្វ​ប្រួត? លោក សឿន ប៊ុនសម ប្រាប់​ថា ៖ «ប្រួត​អាច​ទិច​យើង​អាហ្នឹង។ ដូច​ឃ្មុំ​ដែរ ប្រួត ប៉ុន្តែ​ប្រភេទ​តូច»

យោង​តាម​វចនានុក្រម​ខ្មែរ សម្តេច ជូន ណាត ប្រួត​គឺ​ជា​​ភមរ​ជាតិ​មួយ​ប្រភេទ​រូប​ថ្លោស​ជាង​មេ​ឃ្មុំ​ផ្លិត តូច​ជាង​មេ​ឃ្មុំ​ធំ សម្បុរ-ស​បន្តិច ច្រើន​ក​សម្បុក​ជា​ផ្លិត​ស្រទាប់ៗ នៅ​អាស្រ័យ​ក្នុង​ប្រហោង ឬ រូង​ឈើ, ពាង, ក្អម​ជាដើម។

រី​ឯ​ម្រោម​វិញ វចនានុក្រម​ខ្មែរ​ពន្យល់​ថា ជា​ភមរ​ជាតិ​ពួក​មួយ ស្រដៀង​នឹង​ឃ្មុំ​តែ​តូច​ៗ មិន​ចេះ​ទិច​ទេ (ព្រោះ​គ្មាន​ទ្រនិច) ចេះ​តែ​ខាង​រោម​ខាំ​បន្តិចៗ ត្រឹប​យក​ទឹក​ដម​និង​លម្អង​ផ្កា​ដូច​ឃ្មុំ តែ​ធ្វើ​សម្បុក​នៅ​ក្នុង​រន្ធ​ឈើ មាន​ទឹក​ផ្អែម​ឈ្ងុយ មាន​ក្រមួន​ពណ៌​ខ្មៅ​ហៅ​ថា ជ័រ​ម្រោម។

លោក សឿន ប៊ុនសម រៀប​រាប់​ប្រាប់​ដូច្នេះ ៖ «ម្រោម​វា​អត់​ទិច​ទេ ប៉ុន្តែ​វា​រោម​យើង​ពេល​យើង​កាប់​យក​សម្បុក​វា វា​អាច​ខាំ​យើង ខាំ​បន្តិចៗ អត់​ឈឺ​ប៉ុន្មាន​ទេ ប៉ុន្តែ​ខ្លាច​វា​ចូល​ត្រចៀក​អី»