វិធី​ចិញ្ចឹម​ឃ្មុំ​ក្នុង​ហឹប (ភាគ​២)

តើ​គេ​ចិញ្ចឹម​ប្រួត​ក្នុង​ហឹប​ដោយ​វិធី​ណា? ក្នុង​នាទី​កសិកម្ម​ថ្ងៃ​នេះ ពី​ទីក្រុង​វ៉ាស៊ីនតោន លោក សាន សុវិទ្យ សូម​លើក​យក​វិធី​ធ្វើ​ហឹប​និង​ចាប់​ស្តេច​ប្រួត​មក​ជម្រាប​តាម​ការ​រៀប​រាប់​របស់​លោក សឿន ប៊ុនសម នៃ​ឃុំ​ព្រះដាក់ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប។

0:00 / 0:00

លោក សឿន ប៊ុនសម នៃ​ក្រុម​អ្នក​ចិញ្ចឹម​ឃ្មុំ​ឈ្មោះ Bees Unlimited ខេត្ត​សៀមរាប ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ហើយ​ថា ការ​ចិញ្ចឹម​ឃ្មុំ​ក្នុង​ហឹប ឬ ឡាំង​ឈើ ដែល​លោក​អនុវត្ត គឺ​ជា​ការ​ចិញ្ចឹម​សត្វ​ប្រួត​ដែល​ជា​ឃ្មុំ​មួយ​ប្រភេទ​ច្រើន​នៅ​តាម​ព្រង់​ឈើ រន្ធ​ប្រាសាទ ឬ រូង​ថ្ម។ ឃ្មុំ​ប្រភេទ​នេះ​មាន​ទឹក​តិច​ជាង​ឃ្មុំ​ធំ ព្រោះ​ផ្លិត​វា​តូច​ តែ​ក្នុង​មួយ​សម្បុក​ប្រួត​មាន​ផ្លិត​ច្រើន​បន្ទះ។

ក្នុង​ការ​ចិញ្ចឹម​ប្រួត ឬ ឃ្មុំ​ហឹប​នេះ គេ​អាច​យក​ឈើ ឬ ក្តារ​មក​វាយ​ជា​ឡាំង​បួន​ជ្រុង​ទ្រវែង ចំហ​ពី​ខាង​លើ ឬ ប្រើ​ពាង​ស៊ីម៉ង់ត៍​ក៏​បាន។

លោក សឿន ប៊ុនសម អធិប្បាយ​ដូច្នេះ ៖ «ដើម្បី​ចិញ្ចឹម​វា យើង​ត្រូវ​មាន​ហឹប​វា​ធ្វើ​ពី​ឈើ ដូច​ជា​ឈើ​ក្ដារ យើង​វ៉ៃ​ធ្វើ​ដាក់ ឬ​ក៏​ដើម​ត្នោត យើង​អាច​កាត់​យក​ប្រហែល​ជា​កន្លះ​ម៉ែត្រ​ដាក់​បាន​ហើយ ប៉ុន្តែ​យើង​មាន​បង្គង​នៅ​ពី​លើ​ទៀត ឬ​ក៏​យើង​ដាក់​ក្នុង​ពាង ឬ​ស្អី​ឲ្យ​តែ​មូលៗ​យើង​អាច​ដាក់​កើត។ ប៉ុន​ឡាំង ឡាំង​ស្ពិចត្រូ ទ្រង់​ទ្រាយ​វាប៉ុណ្ណឹង​ក៏បាន។ ឡាំង​ស្ពិច​ត្រូ​អាច​ចិញ្ចឹម​បាន​ដែរ​តើ! អាច​យក​ដាក់​កើត​តើ! ផ្កាប់​ទៅ​ដី​ទៅ ឬ​ក៏​ដាក់​បញ្ឈរ​ទៅ យើង​ដាក់​បង្គង​ពី​លើ...»

ចំពោះ​ការ​ធើ្វ​ហឹប​ដែល​មាន​បណ្តោយ​កន្លះ​ម៉ែត្រ ទទឹង ២៥​សង់ទីម៉ែត្រ កម្ពស់​ពី ២០ ទៅ ៣០ សង់ទីម៉ែត្រ លោក ប៊ុនសម មាន​ប្រសាសន៍​រៀប​រាប់​ដូច្នេះ ៖ «ហឹប​ខ្ញុំ​ធ្វើ​បណ្ដោយ​កន្លះ​ម៉ែត្រ ដល់​ទទឹង​តែ ២៥​(សង់ទីម៉ែត្រ)​ទេ»

ពី​ខាង​លើ​ហឹប​ត្រូវ​យក​ក្តារ​បន្ទះ​កម្រាស់​​១​ហ៊ុន​កន្លះ ទទឹង ៣០​សង់ទីម៉ែត្រ បណ្តោយ​កន្លះ​ម៉ែត្រ មក​ច្រៀក​ជា​បន្ទះ​រនាប ទទឹង ៣​ហ៊ុន ឬ ៣​សង់ទីម៉ែត្រ ដាក់​តម្រៀប​ជាប់​គ្នា បិទ​ពី​លើ​ហឹប​សម្រាប់​ជា​បង្គង​ឲ្យ​ប្រួត​ធ្វើ​ផ្លិត។

លោក សឿន ប៊ុនសម ឲ្យ​ដឹង​ដូច្នេះ ៖ «យើង​មាន​បន្ទះ​ដូច​បន្ទះ​ក្ដារ​អ៊ីចឹង​ទៅ យើង​ច្រៀក​វា​ជា ៣​ហ៊ុនៗ មួយ​បន្ទះៗ ព្រោះ ៣​ហ៊ុន​ធ្វើ​ទៅ វា​ត្រូវ​ស្តង់ដារ ធ្វើ​ធំ​ពេក​វា​ដាក់​ពីរ ដល់​ពេល​យើង​ធ្វើ ៣​ហ៊ុន​ហ្នឹង វា​ដាក់​មួយ​ពេញ​ខ្លួន​វា។ យើង​ដាក់ ៥-​៦​ហ៊ុន វា​ធ្វើ​ជា​ពីរ ដល់​អ៊ីចឹង​វា​ជាប់​បង្គង​គ្នា​ទៅ យើង​បើក​អត់​បាន បើក​មក​វា​ជាប់​គ្នា​ទៅ​ដាច់​ខូច។ បើ​មួយ​ហឹប​ខ្ញុំ​ដាក់​បាន ១២-​១៣​បង្គង​ឯណោះ វ៉ៃ​ហឹប​ដាក់​ក្នុង​ធុង ដាក់​បាន​តែ ៩ ឬ​ក៏ ១០ តែប៉ុណ្ណឹង​ឯង ដល់​វា​ធ្វើ​បាន បាន​តែ ៥​ទៅ​៦​ទេ»

នៅ​ពី​លើ​ហឹប​គេ​ត្រូវ​យក​បន្ទះ​ក្តារ ឬ សំពត់​ប្លាស្ទិក​មក​ក្រាល​គ្រប ការពារ​ទឹក​ភ្លៀង​ដោយ​មាន​ដុំ​ថ្ម​ដាក់​សង្កត់​ពី​លើ​កុំ​ឲ្យ​ប៉ើង។ គេ​ត្រូវ​ធ្វើ​ជើង​ទម្រ​ទ្រ​ហឹប​ឲ្យ​ខ្ពស់​ពី​ដី ៖ «ខ្ពស់​ពី​ដី​ជាង​កន្លះ​ម៉ែត្រ ពី​ដី​មក​ដូច​យើង​ធ្វើ​តុ​ដាក់​អ៊ីចឹង នៅ​គំនរ​ឈើ យើង​ដាក់​មក​លើ​ផុត កុំ​ដាក់​នៅ​នឹង​ដី ដាក់​នៅ​ដី​ខ្លាច​ស្រមោច​វា​ស៊ី»

តើ​គួរ​តម្កល់​ហឹប​ប្រួត​នៅ​កន្លែង​ណា​ទើប​ល្អ? លោក សឿន ប៊ុនសម ណែ​នាំ​ថា ៖ «ហ្នឹង​យើង​អាច​ជ្រើស​រើស​យក​កន្លែង​ណា​កុំ​ឲ្យ​មាន​ស្រមោច​មាន​អី យើង​អាច​ដាក់​ដូច​ជា​នៅ​ក្រោម​ដើម​ឈើ ប៉ុន្តែ​ហាម​កុំ​ឲ្យ​មាន​អង្ក្រង​មាន​អី​មក​ខាំ​វា។ នៅ​ផ្ទះ​ខ្ញុំ​ដាក់​នៅ​ផ្ទះ​បណ្ដោយ នៅ​ចំហៀង​ផ្ទះ​ហ្នឹង ផ្ទះ​ខ្ញុំ​អត់​សូវ​មាន​ក្មេង​ដែរ តែ​បើ​ផ្ទះ​ណា​មាន​ក្មេង​ពិបាក​ដែរ ខ្លាច​វា​ទិច​ក្មេង»

គេ​អាច​ធ្វើ​ហឹប​ច្រើន​ហឹប សម្រាប់​ចិញ្ចឹម​ប្រួត ឬ​ឃ្មុំ​ហឹប បើ​តំបន់​នោះ​មាន​ផ្កា​ឈើ​ច្រើន ប្រួត ឬ ឃ្មុំ​ហឹប​អាច​ហើរ​ចូល​មក​ធ្វើ​សម្បុក​ដោយ​ខ្លួន​ឯង ឬ អ្នក​ចិញ្ចឹម​ចាំ​បាច់​​ត្រូវ​ចាប់​មេ​ឃ្មុំ មេ​ប្រួត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ស្តេច​របស់​វា​យក​មក​ដាក់​ក្នុង​ហឹប ឲ្យ​កូន​ចៅ​វា​តាម​មក​នៅ។

លោក សឿន ប៊ុនសម មាន​ប្រសាសន៍​ថា ៖ «យើង​មើល​ដែរ ដូច​ថា​កន្លែង​ណា​រាង​ម្លប់ៗវា​អាច​មក​ទំ​ខ្លួន​វា ខ្លះ​យើង​ចាប់​យក​មក​ដែរ មិន​ពឹង​តែ​វា​ហើរ​មក​ទំ​ខ្លួន​វា​ទេ យើង​ត្រូវ​ចាប់​វា​យក​មក​ដែរ។ យើង​ទៅ​ចាប់​ហ្នឹង ដូច​ខ្លះ ដូច​ប្អូន​ខ្ញុំ​ទៅ​ឃ្វាល​គោ​អី ឃើញ​នៅ​ក្នុង​រន្ធ​ដំបូក យើង​កាប់​យក​ពី​រន្ធ​ដំបូក​មក។ ចាប់​យក​មក យើង​ចង​ផ្លិត​វា​ដាក់​នឹង​បង្គង​យើង​ទៅ ប៉ុន្តែ​យើង​អត់​យក​ច្រើន​ទេ ផ្លិត​វា​ហ្នឹង​យើង​យក​តែ​១​ទេ យក​មក​ដាក់​ក្នុង​ហឹប​ទៅ​ចាប់​ស្ដេច​វា​បាន ឲ្យ​ចូល​នៅ​ក្នុង​ហឹប​ទៅ វា​នៅ​ហើយ»

តើ​គេ​អាច​រក​ប្រួត​បាន​ច្រើន​នៅ​រដូវ​ណា? លោក ប៊ុនសម ប្រាប់​ថា នៅ​សៀមរាប សំបូរ​សត្វ​ប្រួត ៖ «វា​មាន​ខែ​រដូវ​វា​ទេ​តើ​ប្រួត​ហ្នឹង ដូច​ជា​ខែ ៤​អី​ហ្នឹង តាំង​ពី​ខែ​បី​មក​សំបូរ។ បើ​នៅ​ខាង​ខ្ញុំ​ឯណេះ សំបូរ​ប្រួត​ហ្នឹង​តាម​ប្រាសាទ នៅ​តាម​រន្ធ​ប្រាសាទ​អត់​មាន​នរណា​ធ្វើ​អី​វា ដល់​ពេល​ហ្នឹង​វា​បំបែក​ហ្វូង​មក វា​អាច​មក​រក​ទំ។ ពេល​ណា​ប្អូន​ខ្ញុំ​ទៅ​ឃ្វាល​គោ​អី​ទៅ ឃើញ​ទៅ ប្រាប់​ខ្ញុំ ខ្ញុំ​ទៅ​ចាប់​យក​មក»

ដូច្នេះ វិធី​ចិញ្ចឹម​ប្រួត​ក៏​ដូច​ជា​ឃ្មុំ​ដែរ គឺ​ត្រូវ​ចាប់់​យក​រាជិនី ឬ​ស្តេច​របស់​វា​យក​មក​ដាក់​ក្នុង​ហឹប ៖ «មុន​ដំបូង​យើង​ត្រូវ​ចាប់​ទាំង​អស់ រួច​យើង​ស្វែង​រក​ស្ដេច​វា។ ក្នុង​មួយ​ដុំ​មាន​ស្ដេច​តែ​មួយ​ទេ យើង​ចាប់​បាន​ស្ដេច​មួយ​ហើយ យើង​យក​ស្ដេច​វា​ហ្នឹង​មក​ដាក់​ក្នុង​ហឹប វា​ចូល​ទាំង​អស់​ចូល​នៅ ហើយ​យើង​បិទ​ការពារ​អត់​ឲ្យ​ចេញ​ទៅ​វិញ បើ​យើង​មិន​បាន​បិទ​កុំ​ឲ្យ​ស្ដេច​ចេញ​ទេ ស្ដេច​នាំ​កូន​ចៅ​រត់​ចេញ​វិញ​អស់»

ទាំង​នេះ​បាន​សេចក្តី​ថា ហឹប​ចិញ្ចឹម​ប្រួត​ត្រូវ​មាន​រន្ធ​សម្រាប់​ឲ្យ​ប្រួត​ហើរ​ចេញ​ចូល​បាន តែ​ត្រូវ​បិទ​កុំ​ឲ្យ​រន្ធ​នោះ​ធំ​ជាង ៤ លី ឬ ៤​មីលីម៉ែត្រ ការពារ​កុំ​ឲ្យ​មេ ឬ ស្តេច​ប្រួត​ហើរ​ចេញ​បាន ៖ «៤​លី​ចេញ​អត់​រួច​ទេ ទំហំ ៤​លី​កូន​ចេញ​រួច ប៉ុន្តែ​មេ​ចេញ​អត់​រួច​ទេ»

សួរ​ថា​សម្បុក​ប្រួត​ធំ​ទេ? លោក ប៊ុនសម មាន​ប្រសាសន៍​ថា ៖ «បើ​នៅ​ខាង​ភូមិ​ខ្ញុំ វា​តូច​ទេ អត់​សូវ​ធំ​ទេ បើ​ទៅ​ខាង​កោះ​កេរ​អី​ហ្នឹង វា​នៅ​ក្នុង​រន្ធ​ឈើ​ធំៗ​មែន​ទែន គ្រាន់​តែ​បើ​យើង​ដាក់​របស់​ខ្ញុំ​នៅ​ឯ​ណេះ​ចិញ្ចឹម ទម្រាំ​កន្លះ​ខែ​ទំ​បាន​តែ ២​ផ្លិត​អី​ទេ បើ​ថា​នៅ​កោះ​កេរ​ឯណោះ កន្លះ​ខែ​បាន ៥-​៦-​៧-​៨​ផ្លិត»

ចំពោះ​ការ​ប្រមូល​ផល​គេ​ផ្លុំ​បង្ហុយ​ផ្សែង​ស្តើងៗ ចូល​ទៅ​ក្នុង​ហឹប​ធ្វើ​ឲ្យ​ប្រួត​ស្រវឹង​​មិន​សូវ​ទិច​ទេ។ គេ​លើក​យក​ផ្លិត​ពី​ផ្នែក​ខាង​លើ​ម្តង​១​ផ្លិតៗ កៀរ​សត្វ​ប្រួត​ចេញ គេ​យក​ក្រមួន និង​ទឹក​របស់​វា។ ក្នុង​មួយ​សម្បុក​លោក ប៊ុនសម ប្រាប់​ថា អាច​បាន​ទឹក​ដល់ ៥-​៦​លីត្រ ៖ «ប្រួត​ហ្នឹង​វា​ស៊ី​សង​នឹង​ផ្កា​ដែរ នៅ​ខាង​ខ្ញុំ​ហ្នឹង​អត់​សូវ​មាន​ផ្កា​ដែរ ដល់​អត់​សូវ​សំបូរ​ផ្កា អត់​សូវ​មាន​ទឹក។ កន្លង​មក​យើង​ធ្លាប់​យក​ក្នុង​មួយ​សម្បុក​ខ្ញុំ​អាច​យក​បាន ៥-​៦​លីត្រ​ដែរ​ក្នុង​មួយ​សម្បុក ទាល់​តែ​ខែ​សំបូរ​ផ្កា​អាហ្នឹង»

ការ​ចិញ្ចឹម​ប្រួត​អាច​នឹង​មិន​សូវ​បាន​ផល​ជា​ទឹក​ច្រើន​ដូច​ឃ្មុំ​ព្រៃ តែ​ក៏​អាច​ជា​ចំណូល​បាន​ខ្លះ​បើ​សិន​ជា​កសិករ​ចេះ​ច្នៃ​ប្រឌិត ហើយ​តំបន់​ដែល​ចិញ្ចឹម​មាន​ផ្កា​ឈើ​ច្រើន​ជា​ប្រចាំ៕