កសិករនៅខេត្តកំពង់ស្ពឺ បានរកឃើញការផលិតជីកំប៉ុសគ្រាប់ដែលមិនធ្លាប់មានកន្លងមកនៅក្នុងប្រទេសកម្ពុជា។ គំនិតច្នៃប្រឌិតដើម្បីឲ្យវិស័យកសិកម្មអាចដំណើរការបានប្រសើរ និងទទួលទិន្នផលដំណាំបានច្រើននោះ ត្រូវកសិករបង្ហាញនៅក្នុងការជួបជុំកសិករនៅនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ភាពជោគជ័យនៃការផលិតជីកំប៉ុសគ្រាប់ត្រូវបានអ្នកស្រី ប្រាក់ ឌីណា មកពីភូមិក្រសាំងតាគង់ ឃុំនិពាន្ត ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បង្ហាញទៅកសិករដទៃ។
អ្នកស្រី ប្រាក់ ឌីណា អោយដឹងថា ការផលិតជីកំប៉ុសគ្រាប់ធាតុផ្សំសំខាន់ គឺការចេះរើសដីដំបូកសម្រាប់យកមកលាយ៖ «ដីដំបូកហ្នឹងវាមាន ៣ប្រភេទ មានដីដំបូក១ ជាដីរស់ ដំបូក២ ជាដីជាតិពុល ដីបូក៣ ជាដីដំបូកងាប់។ អ៊ីចឹងខ្ញុំយកដីដំបូកងាប់ហ្នឹងយកមកធ្វើជីកំប៉ុសគ្រាប់»។
គ្រឿងផ្សំផលិតជីកំប៉ុសគ្រាប់
ទី១. ដីដំបូកទម្ងន់ ២០០គីឡូ
ទី២. លាមកសត្វ គោ មាន់ ទា ជ្រូក ទម្ងន់ ២០០គីឡូក្រាម
ទី៣. ស្លឹកឈើស្រស់ចម្រុះ (លើកលែងស្លឹកប្រេងខ្យល់និងអាកាស្យា) ទម្ងន់ ១០០គីឡូក្រាម
ទី៤. ម្សៅត្រីទម្ងន់ ១គីឡូក្រាម
ទី៥. ផេះឆ្អឹងគោ ផេះសំបកខ្យង ខ្ចៅ សរុប ១គីឡូក្រាម
ទី៦. ធ្យូង ១គីឡូក្រាម ផេះចង្ក្រានបាយ ១គីឡូក្រាម
ទី៧. សណ្ដែកបាយ ១គីឡូក្រាម
ទី៨. ម្សៅមី ១គីឡូក្រាម
ទី៩. កំបោរស ១គីឡូក្រាម
ទី១០. ទឹកនោមគោ និងមនុស្សសរុប ៤លីត្រ
ទី១១. ស្ករត្នោតដែលខ្មៅចង់ខូចទម្ងន់ ១គីឡូក្រាម
វិធីផ្សំជីកំប៉ុសគ្រាប់
អ្នកស្រីប្រាប់ថា ការផលិតជាជីគ្រាប់វត្ថុធាតុដើមទាំងអស់ត្រូវតែធ្វើវាឲ្យក្លាយជាកម្ទេចផេះ ដូចជាយកដីដំបូកដំឲ្យម៉ត់ ស្លឹកឈើស្រស់ចិញ្ច្រាំឲ្យខ្ទេច។ លាមកគោជ្រូកមាន់ទាលាយបញ្ចូលគ្នាឲ្យសព្វ និងច្របល់ឲ្យម៉ត់។ យកសណ្ដែកបាយកិនបំណែកឲ្យម៉ត់។ យកឆ្អឹងគោ និងសំបកខ្យងខ្ចៅហាលឲ្យស្ងួត ទើបទៅដុតឲ្យក្លាយជាផេះ។ ដំធ្យូងឲ្យខ្ទេចម៉ត់ លាយជាមួយផេះ ច្របល់ម្សៅត្រី ម្សៅមី ស្ករត្នោត ទឹកនោមគោនិងមនុស្ស លាយជាមួយនឹងកំបោរស៖ «កំបោរសវាអត់មានគុណភាពអីទៅក្នុងជីទេ។ តែវាជួយសម្លាប់មេរោគក្នុងដី កម្ចាត់ទឹកមានជាតិជូរ ដីជាតិប្រៃ វាជួយកែប្រែដីឲ្យមានគុណភាពឡើងវិញ កុំឲ្យដីនោះមានមេរោគច្រើន គឺអាចកម្ចាត់បានទាំងអស់»។
អ្នកស្រី ប្រាក់ ឌីណា ប្រាប់ថា ការលាយបញ្ចូលគ្នានូវគ្រឿងផ្សំទាំងជាង ១០មុខនោះរួច ត្រូវផ្អាប់វាទុកកន្លះខែឡើងទៅ។ ល្បាយលាយរួច អាចលញ់ជាគ្រាប់ តែបើសិនជាមិនចង់លញ់វា ព្រោះខាតពេល គេអាចគ្របវាទុកនៅកន្លែងក្រោមម្លប់ឈើត្រជាក់ ដោយគ្របនឹងចំបើង ឬស្លឹកឈើ រក្សាវាក្នុងសីតុណ្ហភាពចន្លោះពី ២៥ ទៅ ២៨អង្សា។ ហាមយកល្បាយដែលផ្សំបានទៅដាក់នៅហាលក្ដៅ និងហាលខ្យល់ ដែលនាំឲ្យវាខូចគុណភាពជី។
អ្នកស្រី ប្រាក់ ឌីណា៖ «អ៊ីចឹងខ្ញុំយកសារធាតុទាំងអស់ហ្នឹងលាយបញ្ចូលគ្នារួចទុករយៈពេល ១៥ថ្ងៃ ទៅ ២០ថ្ងៃ។ ហើយក្នុងហ្នឹងដាក់ក្រោមម្លប់ឈើ ហើយយកស្លឹកដូង ឬស្លឹកត្នោត ឬក្រណាត់កៅស៊ូគ្រប ដើម្បីឲ្យវាមានកម្ដៅ អាងវាឆាប់កាច់។ មួយទៀត បើសិនដាក់ហាលក្ដៅ គឺវាខូចគុណភាព ត្រូវដាក់ក្រោមម្លប់ឈើ ឬក្រោមផ្ទះ ដើម្បីឲ្យសារធាតុហ្នឹងវាកាច់ជាមួយគ្នា»។
អ្នកស្រីថា ជីកំប៉ុសគ្រាប់ ខុសពីជីកំប៉ុសធម្មតា ដោយសារគ្រឿងផ្សំ ហើយគុណភាពនៃការប្រើប្រាស់ជីកំប៉ុសគ្រាប់ គឺគុណភាពប្រហែលនឹងការប្រើជីគីមីទៅក្នុងដីដែរ៖ «មានតែជីកំប៉ុសគ្រាប់ដែលមានជាតិសណ្ដែកបាយ មានជាតិសំបកខ្យង សំបកខ្ចៅ ម្សៅមី ហើយកំបោរស រំងាប់មេរោគក្នុងដី ហើយម្សៅត្រី សណ្ដែកបាយថែមទៀត។ អ៊ីចឹងសារធាតុទាំងអស់ហ្នឹង វាសម្របចូលគ្នាទៅ គឺវាល្អដូចជីគីមីដូចគ្នា។ អ៊ីចឹងបើចំណាយទុនទៅទិញជីគីមី តែងាកមករៀនផ្សំជីកំប៉ុសគ្រាប់ គឺល្អច្រើនជាង បើចំណាយពេលយកមកធ្វើជីហ្នឹងតែ ១ខែ ទៅ ២ខែ បានជីរាប់រយគីឡូ»។
អ្នកស្រីថា បានជាគាត់ចង់ណែនាំឲ្យកសិករដទៃរៀនផ្សំជីកំប៉ុសគ្រាប់ គឺកសិករទាំងនោះគ្រាន់តែចំណាយពេលវេលា និងថវិកាតិចតួច តែវាចំណេញជាងការយកលុយទាំងដុំ ទៅទិញជីគីមីដែលប្រើកាន់តែច្រើនតោនពីមួយឆ្នាំទៅមួយឆ្នាំ ហើយខូចដីកសិកម្ម សុខភាព មនុស្ស និងសត្វថែមទៀត។
អ្នកស្រីថា ក្នុងស្រុកបរសេដ្ឋ មិនសូវសំបូរទឹកធ្វើស្រែទេ ប៉ុន្តែក្រោយពីក្រុមគ្រួសារគាត់ឈប់ប្រើជីគីមីច្រើនឆ្នាំកន្លងមកនេះ គាត់សំគាត់ឃើញថា ដីគាត់មានសំណើមជាងដីស្រែ អ្នកភូមិដែលប្រើ គីមីធ្វើឲ្យដីឆាប់ខ្សោះទឹកជាងដីគាត់ដែលប្រើតែជីកំប៉ុស៖ «ខ្ញុំអត់ធ្វើលក់ទេ ព្រោះអីគ្រួសារខ្ញុំអត់ប្រើជីគីមី ៤ឆ្នាំហើយ អ៊ីចឹងខ្ញុំប្រើតែជីធម្មជាតិទេ។ ព្រោះមួយខ្ញុំធ្វើជីកំប៉ុសធម្មតា និងមួយទៀត ខ្ញុំធ្វើជីកំប៉ុសគ្រាប់ហ្នឹង គឺខ្ញុំធ្វើ ២មុខ»។
វិធីប្រើប្រាស់ជីកំប៉ុសគ្រាប់
ជីកំប៉ុសគ្រាប់គេយកទៅប្រើក្នុងដី ១ហិកតារ ទម្ងន់ពី ៥ ទៅ ៨តោន។ ជីកំប៉ុសគ្រាប់ជួយកែប្រែឲ្យដីកសិកម្មពីដីមានជាតិជូរទៅជាដីមានជីជាតិ អាចដាំដំណាំបាន និងប្រែពីដីខ្សោះគ្មានជីជាតិទៅដីមានសំណើម និងដីមិនសូវឲ្យដំណាំស្ងួតទឹកពេកទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
