អំពីការថែទាំមេមាន់ ៖ ការថែទាំមាន់ តាមពិសោធន៍របស់កសិករ ឡាយ ផល្លាង នៅភូមិពេជ្រឥន្រ្ទា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា ក្រៅពីការធ្វើទ្រុងឲ្យបានខ្ពស់និងធ្វើធ្នើរសម្រាប់ឲ្យមាន់ដេក គឺត្រូវយកចិត្តទុកដាក់ក្នុងការធ្វើសម្បុកឲ្យមេមាន់ពងផងដែរ។
សម្បុកមាន់គេធ្វើខ្ពស់ពីដីប្រហែល១ម៉ែត្រ ដោយចងដង្ហែជាប់នឹងជញ្ជាំងរោងមាន់ក៏បាន។ គេទុកចន្លោះសម្បុកឃ្លាតពីគ្នាកន្លះម៉ែត្រមួយ ដើម្បីកុំឲ្យមេមាន់ចឹកគ្នា ៖ «ខ្ញុំដង្ហែគ្នា ជួបគ្នាបាំងតែជញ្ជាំងខ័ណ្ឌវា កុំឲ្យវាអើតមើលគ្នាឃើញ ព្រោះចេះតែចឹកគ្នា»។
សម្បុកមាន់គេអាចយកកញ្ជើឬបង្គីមកធ្វើក៏បាន ក៏ប៉ុន្តែកសិករ ឡាយ ផល្លាង ប្រាប់ថា គាត់ប្រើកញ្ច្រែងត្រីចំហុយធ្វើជាសម្បុក។ គាត់មិនប្រើស្លឹកចេកឬចំបើងសម្រាប់ទ្រាប់បាតសម្បុកទេ ពីព្រោះវានាំឲ្យកើតស្រមើលនិងពិបាកបង្វិលពង។ គាត់ប្រើសំបកការ៉ុងជំនួសវិញ។
កសិករ ឡាយ ផល្លាង បានប្រាប់ដូច្នេះ ៖ «កញ្រ្ចែងត្រីចំហុយហ្នឹង កាត់ថង់ហ្នឹងដាក់ទៅ។ ក្រាលតែមួយជាន់ ហើយយើងដាក់ស្លឹកស្តៅ ស្លឹកទៀបអីទ្រាប់ពីក្រោមបន្តិច ស្លឹកសាវម៉ាវព្រៃក៏បាន ការពារកុំឲ្យស្រមើល»។
ទ្រុងសម្រាប់ដាក់សម្បុកឲ្យមាន់ពង កសិករ ឡាយ ផល្លាង ប្រាប់ថា គាត់ត្រូវធ្វើជញ្ជាំងបិទបាំងឲ្យងងឹតបន្តិច ព្រោះតាមទម្លាប់គាត់ឃើញមាន់ខ្មែរច្រើនទៅរកពងនៅទីងងឹត ដូចជាជង្រុកស្រូវជាដើម។
អំពីការភ្ញាស់កូនមាន់ ៖ កសិករ ឡាយ ផល្លាង ដែលប្រាប់ថា គាត់ភ្ញាស់កូនមាន់របស់គាត់លក់ទៅឲ្យកសិករដទៃទៀតនៅតំបន់ជាច្រើន គឺគាត់ទុកឲ្យមេមាន់ក្រាបពងតាមវិធីធម្មជាតិ ក៏ប៉ុន្តែគាត់ច្រើនប្រមូលពងពីសម្បុកដទៃទៀតមកដាក់ឲ្យ មេមាន់មួយក្រាបអាចដល់ម្ភៃពងក៏មាន។ ការធ្វើរបៀបនេះអាចធ្វើឲ្យមេមាន់ឆាប់រកឈ្មោលនិងពងបន្តទៀត។
ការប្រមូលពងពីសម្បុកផ្សេងមកដាក់ឲ្យក្រាបក្នុងសម្បុកតែមួយ ចាំបាច់គេត្រូវគូសចំណាំពងនោះសម្កាល់ថា មានអាយុដំណាលគ្នានឹងពងដែលមេមាន់កំពុងក្រាបដែរ។
ចំពោះការថែទាំកូនមាន់ កសិករ ឡាយ ផល្លាង ផ្តល់បទពិសោធន៍ថា គាត់បានបំបែកកូនមាន់ចេញពីមេវា បន្ទាប់ពីញាស់បានរយៈពេល២៤ម៉ោង។ កូនមាន់គាត់ដាក់ក្នុងទ្រុងមួយដោយឡែក ដើម្បីកុំឲ្យមាន់ធំចឹកឬដណ្តើមចំណី។
កសិករ ឡាយ ផល្លាង បានប្រាប់កន្លងមកថា គាត់ឧស្សាហ៍លាងស្នូកចំណីនិងស្នូកទឹកឲ្យស្អាតដើម្បីការពារកុំឲ្យឆ្លងជំងឺ។
បើទោះជាការចិញ្ចឹមមាន់របស់កសិករ ឡាយ ផល្លាង បានជោគជ័យក៏ដោយ ក៏គាត់និយាយថា បញ្ហារបស់មាន់គឺចៀសមិនផុត ជាពិសេសជំងឺមាន់ ដូចជាជំងឺព្រូន ដង្កោកាច់ ជំងឺរាកស ឬគែមិនរំលាយអាហារដែលគាត់ហៅថា ជំងឺក្តាំងគែជាដើម។ ក៏ប៉ុន្តែកសិករ ឡាយ ផល្លាង មានប្រសាសន៍ថា គាត់អាចបង្ការនិងព្យាបាលជំងឺមាន់បានខ្លះតាមការអំពីការបង្ការជំងឺ។
ចំពោះមាន់ កសិករ ឡាយ ផល្លាង មានប្រសាសន៍ថា គាត់ប្រើគល់ស្លឹកគ្រៃនិងវល្លិបណ្តូលពេជ្រត្រាំទឹកឲ្យមាន់ផឹកជាប្រចាំ ៖ «ព្រលឹមឡើងលាងស្នូកទឹកឲ្យស្អាត ហើយដាក់ទឹកស្អាតយើងហ្នឹង ហើយដំគល់ស្លឹកគ្រៃដាក់មួយគល់ ហើងនិងចិតបណ្តូលពេជ្រប្រហែលប៉ុនគ្រាប់ថ្នាំប៉ារ៉ាយើងហ្នឹង ញីឲ្យម៉ត់ដាក់ត្រាំទឹក។ ដូចថាទឹក ២ ឬ ៣លីត្រ ខ្ញុំដាក់ស្លឹកគ្រៃមួយគល់ និងបណ្តូលពេជ្រមួយចំណិតប៉ុនគ្រាប់ថ្នាំពេទ្យយើងហ្នឹង។ ដាក់ធំពេកក៏វាអត់ផឹកដែរ វាល្វីង»។
វិធីការពារកុំឲ្យមាន់ឆ្លងជំងឺពីគ្នាគេត្រូវក្រុងមាន់ឈឺនេះឲ្យនៅដោយឡែកពីគ្នា ហើយបំប៉នចំណីរហូតដល់វាស៊ីចំណីនិងក្លាហានឡើងវិញ។ ដើម្បីរកមាន់ដែលឈឺ កសិករ ឡាយ ផល្លាង ប្រាប់ថា នៅពេលបាចចំណីត្រូវរកមើលមាន់ណារាងស្ញុលៗ មិនសូវស៊ីចំណីហើយខ្លាចគេ។ ការព្យាបាលជំងឺមាន់មួយចំនួន កសិករ ឡាយ ផល្លាង មានប្រសាសន៍ថា គាត់ក៏ប្រើថ្នាំផ្សំពីធម្មជាតិដែរ។
វិធីបញ្ចុះព្រូនមាន់ចាប់ពីមួយខែឡើងទៅ គាត់យកគ្រាប់ក្ទម្ពទេសនិងស្លាខ្ចីបុកលាយគ្នា ហើយច្របល់ជាមួយចុងអង្ករដាក់ឲ្យមាន់ស៊ីរៀងរាល់មួយខែម្តង។ គាត់ត្រូវបន្ថយចំណីនៅពេលដាក់ថ្នាំឲ្យមាន់ស៊ី។
កសិករ ឡាយ ផល្លាង បានឲ្យដឹងដូច្នេះ ៖ «ព្រលឹមឡើងដាក់លាយឲ្យវាស៊ី។ ដូចថា មួយពេលយើងឲ្យស៊ីចំនួនពីរគីឡូក្រាម ថ្ងៃហ្នឹងដាក់ថ្នាំទម្លាក់ព្រូន យើងកុំដាក់ដល់ពីរគីឡូអី ដាក់តែមួយគីឡូបានហើយ។ ចំណីតិចអ៊ីចឹងវាដណ្តើមស៊ីទាល់តែអស់ អ៊ីចឹងថ្នាំទម្លាក់ព្រូនហ្នឹងវាអាចចូលគែមាន់គ្រប់មាន់»។
គេត្រូវបោសសំម្អាតអាចម៍មាន់ដើម្បីការពារកុំឲ្យមាន់ចឹកស៊ីព្រូនដែលធ្លាក់មកនោះ។
នៅរដូវធ្លាក់ខ្យល់ត្រជាក់ មាន់ច្រើនមានជំងឺដង្កោកាច់ ក៏ប៉ុន្តែកសិករ ឡាយ ផល្លាង ប្រាប់ថា អាចការពារបានដោយវិធីយកខ្ញីនិងខ្ទឹមស៣ភាគ និងស្ករត្នោត១ភាគ បុកបញ្ចូលគ្នា ផ្អាប់ទុករយៈពេល១៥ថ្ងៃ រួចហើយលាយជាមួយចំណីឲ្យមាន់ស៊ី។ ប្រសិនបើមិនមានខ្ញីនិងខ្ទឹមទេ គេអាចយករំដេងស្រស់មកលីងបុកទុកប្រើក៏បានដែរ។
កសិករ ឡាយ ផល្លាង បា្រប់ដូច្នេះថា ៖ «រំដេងហ្នឹងយកស្រស់មកហាន់ស្តើងៗ ហើយលីងវាបុកទុកប្រើប្រាស់ក៏បានដែរ។ សម្គាល់មើលតែមាន់ដង្កោ វាអត់រលាយគែ សំកុក ហើយវារាក។ ដល់ពេលយើងដាក់អាហ្នឹងឲ្យស៊ីទៅ វារលាយគែ វាអត់ទល់លាមកទេ»។
ចំពោះវិធីព្យាបាលមាន់ក្តាំងគែមិនរំលាយអាហារដែលមានសញ្ញាសំកុក រួញក រោមបះ សាច់ក្រហមក្តៅ លែងស៊ីចំណីហើយគែឡើងរឹង កសិករ ឡាយ ផល្លាង ប្រាប់ថា គាត់យកដើមស្មៅចាក់ស្មុគ្រ ឬខ្លះហៅថា ក្រពាត់ជ្រូក មកបុកយកទឹកច្រកមាន់តែម្តង ៖ «បុកដាក់លាយទឹកហើយច្រោះ។ យកស៊ីរ៉ាំងបូមបាញ់បញ្ចូលមាត់មាន់តែម្តង។ មាន់ធំដាក់១០សេសេ»។
ការលូតលាស់រវាងមាន់ខ្មែរនិងមាន់កសិកម្មដែលគេចិញ្ចឹមក្នុងទ្រុង ត្រូវបានកសិករ ឡាយ ផល្លាង ឲ្យដឹងថា មានការលូតលាស់ខុសគ្នាក្នុងរយៈពេលចិញ្ចឹមដូចគ្នា ៖ «មាន់ខ្មែរយើងខ្ទង់ប្រហែលមួយខែកន្លះបានហើយមួយគីឡូជាង។ គេបានពីរគីឡូជាង ហើយសាច់គេដូចរាងជ្រោកៗ ទឹកៗ។ យើងស៊ីតាមធម្មជាតិរបស់យើង សាច់វារាងហាប់»។
ការចិញ្ចឹមមាន់ដោយផ្តល់ចំណីផ្សំពីធម្មជាតិ កសិករ ឡាយ ផល្លាង មានប្រសាសន៍ថា មាន់មិនសូវងាប់ ហើយសព្វថ្ងៃនេះគាត់កំពុងមមាញឹកក្នុងការភ្ញាស់កូនមាន់លក់ ព្រោះមានភ្ញៀវរកទិញពូជច្រើន។ ក្នុងកូនមាន់មួយក្បាល អាយុមួយអាទិត្យ គាត់អាចលក់បានតម្លៃពី៣ទៅ៤ពាន់រៀល។ រីឯមាន់ធំវិញ គាត់លក់១៥.០០០រៀលក្នុងមួយគីឡូក្រាម៕
