ដូចដំណាំផ្សេងៗទៀតដែរ ដំឡូងមីបានជួបនឹងបញ្ហារកទីផ្សារមិនសូវបាន បើបានក៏មិនសូវលក់បានតម្លៃដូចមុន។ មានកសិករខ្លះជួបប្រទះនឹងបញ្ហាជំពាក់ជំពិន ព្រោះទៅខ្ចីប្រាក់ពីធនាគារ យកមកដាំដំឡូងតែមិនបានទទួលផលល្អដូចគិតទុក។ អ្នកខ្លះរហូតដល់គេចខ្លួនទៅធ្វើការនៅប្រទេសជិតខាងដើម្បីរកប្រាក់មកសងធនាគារ។
ថ្មីៗនេះ វិទ្យុអាស៊ីសេរីបានរាយការណ៍ថា នៅឃុំគោកកថិន ក្នុងខេត្តបន្ទាយមានជ័យ ប្រជាកសិករច្រើនគ្រួសារកំពុងប្រឈមមុខនឹងការត្រូវធនាគាររឹបអូសយកដីធ្លី ព្រោះពុំអាចរកលុយសងប្រាក់កម្ចីបាន។
សេចក្ដីរាយការណ៍របស់វិទ្យុអាស៊ីសេរី ដោយលោក សុផលមុន្នី ៖ «យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ២៧គ្រួសារ ក្នុងចំណោម ១៥៦គ្រួសារ ក្នុងឃុំកំពុងប្រឈមនឹងបញ្ហានេះ ដោយសារពួកគេខ្ចីលុយពីធនាគារយកទៅធ្វើដើមទុនដាំដំឡូងមីតែមិនបានផល។ អ្នកភូមិបានយកប្លង់ផ្ទះ ប្លង់ដីដាក់បញ្ចាំនៅធនាគារតាំងពីឆ្នាំ ២០០៨ មក ដើម្បីខ្ចីលុយយកធ្វើដើមទុន ប៉ុន្តែផលដំឡូងទាំងនោះ ៥០% រងការខូចខាត បានផលតែ ៥០% លក់បានតម្លៃថោក ទើបមិនអាចរកទុនបង្វិលសងវិញបាន»។
បញ្ហាអ្នកដាំដំឡូងមីមិនអាចលក់ដំឡូងរបស់ខ្លួនបានតម្លៃខ្ពស់រហូតដល់ត្រូវធនាគាររឹបអូសផ្ទះសំបែងដីធ្លីនេះ គឺជារឿងដែលគួរឲ្យសោកស្តាយ។ ព័ត៌មាននេះអាចធ្វើឲ្យកសិករខ្លះរារែកមិនហ៊ានប្រថុយប្រថានដាំដំឡូងមី ក៏ប៉ុន្តែនៅមានកសិករខ្លះទៀត ដែលមានលទ្ធភាពនៅតែបន្តដាំដំណាំដែលងាយស្រួលដាំនេះតទៅទៀតដោយឥតរួញរា។
លោក ឈឿន មុនី ទីប្រឹក្សាច្បាប់នៃរោងចក្រម្សៅមីសំពៅលូន ខេត្តបាត់ដំបង មានប្រសាសន៍ អំពីរឿងនេះថា ៖ «មានអ្នកខ្លះប្រញាប់លក់ពេកក៏ខាតទៅ ពីព្រោះអីគាត់ខ្លាចភ្លៀងដកមិនបានទៅក៏គាត់ប្រញាប់លក់ទៅ លក់ទៅក៏ខាតទៅ។ អ្នកខ្លះក៏គេទ្រាំបាន។ ឥឡូវនេះគេចាប់ផ្ដើមដកបណ្ដើរទៅដូចគ្រាន់បើបន្តិច។ ប៉ុន្តែថាអ៊ីចឹង បើតាមតួលេខនៅខាងខេត្តបាត់ដំបង ក៏ដូចជាមួយជួរព្រំដែនខ្មែរ-ថៃ នេះ គឺថាការដាំដំឡូងទ្វេដង ច្រើនមែនទែនតែម្ដង។ គាត់និយាយថា រាំងល្មមៗក៏មិនងាប់ ហើយភ្លៀងពេករឹតតែល្អតែម្ដង ដូច្នេះការពិតទៅអ្នកថ្ងូរក៏ចេះតែថ្ងូរ អ្នកដែលដាំក៏ចេះតែដាំទៅ ដូចពិបាកដែរ មិនដឹងថាយ៉ាងម៉េច»។
លោក សូ សយ អ្នកខេត្តប៉ៃលិន ដែលដាំដំឡូងនៅសំពៅលូន ប្រមាណ ២០ហិកតារ មានប្រសាសន៍ថា អ្នកដែលមានដីដាំតិចតួចមិនសូវមានទុននឹងជួបការពិបាក ៖ «អ្នកដែលធ្វើពីកើត ធ្វើអស់ហើយ ធ្វើដំឡូងអស់ កាប់ហាលអស់ ក៏អស់លុយដែរ អត់បានសងលុយជំពាក់គេទេ។ បើច្រើនៗដូចខ្ញុំអី អត់ទាន់ជីកទេ ទុកនៅនឹងដីហ្នឹង»។
លោក សូ សយ មានប្រសាសន៍ថែមថា ការទុកដំឡូងក្នុងដីមិនខូចទេ ៖ «វាចំណេញបានធំ ចំណេញគីឡូ ចំណេញមិនដាំម្ដងទៀត ចំណេញភ្ជួរ តែក្របានលុយចាយ»។
តែលោក ឈឿន មុនី នៃរោងចក្រម្សៅមី ស្រុកសំពៅលូន មានប្រសាសន៍ថា ទុកក្នុងដីយូរអាចធ្វើឲ្យតម្លៃថោកបើលក់ឲ្យរោងចក្រធ្វើម្សៅ ៖ «វាមិនខូចទេ ប៉ុន្តែវាចុះគុណភាព បើយើងផលិតជាម្សៅមីវិញវាថយចុះ ហ្នឹងអាចតម្លៃថោកជាងរដូវ។ រដូវវាមានរយៈពេលប្រហែលជា ៧ខែប៉ុណ្ណោះឯង ៧ខែទៅដល់ ១ឆ្នាំ បើទុករំលង ១ឆ្នាំទៀត ដំឡូងហ្នឹងទៅជាឈើអីហើយ។ ភាគច្រើនឈ្មួញគាត់ទិញយកទៅកាប់ហាល ហើយយកទៅច្នៃធ្វើជាចំណីសត្វអីទៅវិញទេ ហើយកាលដាក់ចូលរោងចក្រកិនខាតច្រើនជាងធម្មតា ពីព្រោះវាកាន់តែធំ ទុកដល់ឆ្នាំក្រោយទៀតទៅមើមវាប្រហែល ៣គីឡូក្រាម វាអាចឡើងទៅដល់ ១០គីឡូក្រាមអីឯណោះ។ ដំឡូងល្អណាស់ខាងសំពៅលូន»។
តែទោះជាយ៉ាងណាក៏ដោយ លោក សូ សយ មានប្រសាសន៍ថា ការដាំដំឡូងមីនៅតែមានអ្នកដាំច្រើន ៖ «បច្ចុប្បន្នអ្នកស្រុកខ្លះដែលមិនដែលដាំ គេដាំច្រើនជាងមុនទៀត អ្នកដែលមិនដែលដាំដោះស្រាយបណ្ដើរៗទៅ អ្នកដែលដោះស្រាយមិនរួចក៏ជំពាក់គេទៅ ពិបាកដែរ។ អ្នកដែលធ្វើចម្ការអ៊ីចឹងគឺពិបាកហើយ បើអ្នកមានទុនមិនអីទេ»។
អ្នកដែលមានទុនដូចលោក សូ សយ អាចទុកដំឡូងក្នុងដីចាំដល់ឆ្នាំក្រោយសឹមគាស់ ព្រោះលោកមានដីដាំដំណាំដទៃទៀត ជាពិសេសពោត ដែលលោកដាំនៅប៉ៃលិន ប្រមាណ ១០ហិកតារលក់ឲ្យឈ្មួញថៃ ៖ «មួយគីឡូក្រាម ៣បាត ខែ ៧នេះ ៣បាតមួយគីឡូក្រាម បើយើងយកមកដល់ថ្នល់ ៣បាតកន្លះ បើគេចូលចម្ការយើងយកខ្លួនគេ ៣បាត»។
ចំណែកដំឡូងមីដែលខាងរោងចក្រម្សៅមីសំពៅលូន នៅតែទទួលទិញជានិច្ចនោះ តម្លៃបច្ចុប្បន្នបានធ្លាក់ចុះយ៉ាងគំហុក។
លោក ឈឿន មុនី មានប្រសាសន៍ថា ៖ «មិនដឹងនិយាយធ្វើម៉េចបើពិភពលោកអ៊ីចឹងទៅហើយ ឥឡូវ១គីឡូដឹកដល់រោងចក្រនៅសល់តែ ១០០រៀលទេ ១០០រៀលលុយខ្មែរ លុយបាតស្មើនឹង ៨០សេនលុយបាត។ ពីដើមវាប្រហែលជា ២,២បាត ២,៥បាតអីកាលពីឆ្នាំទៅមិញ»។
ចំពោះព័ត៌មានដែលថា ដាំដំឡូងមីនាំឲ្យខាតបង់រហូតដល់រត់ចោលស្រុកនោះ លោក ឈឿន មុនី មានប្រសាសន៍ថា យោងតាមបទពិសោធន៍ផ្ទាល់និងរបស់ក្រុមកសិករនៅសំពៅលូន រឿងនេះមិនពិតឡើយ។
លោក ឈឿន មុនី មានប្រសាសន៍ដូច្នេះ ៖ «អ្នកដាំដំឡូងខាតយ៉ាងណាក៏ដោយ ក៏ស្វែងរកកម្រៃមកវិញបានតិចតួចវិញដែរ មិនជាខាតអីដល់អស់ ដល់ទទេទេ។ ខ្ញុំដាំខ្លួនឯងប្រហែលជា ៧០ហិកតារដែរ មិនមែនតែទិញតែពីគេទេ ហើយមួយហិកតារក៏យើងនៅសល់ប្រហែលជា ៤០០ដុល្លារ(អាមេរិក)ដែរ ពេលដែលទូទាត់រួចហើយ ទាំងកម្មករទាំងអីទាំងអស់ហ្នឹង ព្រោះអ្នកដាំយើងអត់បានចុះជាប់ទេ ជួលគេទាំងអស់។ អ៊ីចឹងដូចមិនដែលឮថាអ្នកណាខាតទាំងអស់អីទេ មិនមានទេ ដូចជាមិនពិតសោះ ចំណុចនេះខ្ញុំដូចជាមិនជឿតែម្ដង។ ខ្ញុំធ្វើខ្លួនខ្ញុំៗ។ កាលពីថោកមែនទែនខ្ញុំកាប់ហាល កាលពីម្សៅដែលថោកពេក ក៏កាប់ហាលទៅ ឲ្យទៅជាក្រៀមទៅ។ កាប់ហាលទៅសំបូរឈ្មួញគេទិញយកទៅធ្វើចំណីសត្វដែរតើ»៕
