វិធី​ចិញ្ចឹម​ទា​នៅ​លើ​គោក

0:00 / 0:00

សត្វ​ទា​ជា​ទូទៅ​គេ​ចិញ្ចឹម​ច្រើន​ឲ្យ​វា​ហែល​ទឹក​លេង ដើម្បី​ឲ្យ​វា​ឆាប់​ផ្ដល់​ស៊ុត។ ប៉ុន្តែ​ការ​ចិញ្ចឹម​​ទា​របស់​កសិករ​នៅ​ស្រុក​អង្គរជ័យ ខេត្ត​កំពត គឺ​ចិញ្ចឹម​ទា​ដាក់​ទ្រុង​នៅ​លើ​គោក ក្នុង​ដី​ខ្ពស់ មិន​ឲ្យ​​ហែល​ទឹក។ ការ​ចិញ្ចឹម​បែប​នោះ គាត់​អះអាង​ថា គឺ​មិន​បំផ្លាញ​ស្រូវ​អ្នក​ជិត​ខាង មិន​ឆ្លង​ជំងឺ ងាយ​ប្រមូល​ផល ងាយ​គ្រប់​គង​ចំនួន​ទា និង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន។

ក្នុង​ភូមិ​ឫស្សី និង​ភូមិ​តាកុក នៅ​ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្ត​កំពត មាន​រោង​ចិញ្ចឹម​ទា​ជា​ច្រើន​ដែល​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន សង់​នៅ​ចន្លោះ​ស្រែ​មាន​សំណាប និង​ស្រែ​មាន​សន្ទូង។ ក្នុង​រោង​​ដែល​មាន​ប្រក់​ដំបូល​ស័ង្កសី មាន​ទា ១​ហ្វូង​កំពុង​រត់​ប្រសាច​ក្នុង​បរិវេណ​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​របង​ថ្ម។

លោក គង់ ផេង ម្ចាស់​ហ្វូង​ទា ៤.០០០​ក្បាល នៅ​ភូមិ​ឫស្សី ឲ្យ​ដឹង​ថា ទា​នេះ​ជា​ពូជ​នាំ​ចូល​ពី​ប្រទេស​​ថៃ ជា​ពូជ​ទា​ចិញ្ចឹម​លើ​គោក ធ្វើ​ឲ្យ​ឈ្នះ​ជំងឺ ផ្ដល់​ស៊ុត​ធំ​ជាង ស៊ុត​ទា​សំពៅ ជា​ពូជ​ក្នុង​ស្រុក​ទៅ​ទៀត។

លោក គង់ ផេង បន្ត​ថា ដើម្បី​ឲ្យ​ការ​ចិញ្ចឹម​ទា​ហ្វូង​ទទួល​បាន​ជោគជ័យ មុន​ដំបូង​គាត់​រើស​ដី​ទួល​សម្រាប់​ចិញ្ចឹម។ គាត់​បំបែក​ទា​ជា ២​ហ្វូង​ដាច់​ពី​គ្នា។ ដី​ទួល​មួយ​កន្លែង​ទំហំ ២០​អារ គាត់​សង់​រោង​មួយ​ដាក់​ទា ២.០០០​ក្បាល​ចិញ្ចឹម។ ដី​មួយ​កន្លែង​ទៀត​ដាក់​ទា ២.០០០​ក្បាល​ដែរ។

លោក​បន្ត​ថា ក្នុង​ទា ៤.០០០​ក្បាល គាត់​មាន​ទា​ឈ្មោល​តែ​ជាង ១០០​ក្បាល​ទេ៖ «អា​ហ្នឹង​ដល់​បច្ចេកទេស​គ្រប់​មុខ ដល់​យើង​ចេះ​ផ្សំ​គ្រប់​មុខ។ យើង​បាន​ស្រួល​រើស​ពង​រើស​អី ហើយ​យើង​រក​ស៊ី​មុខ​របរ​អី​ផ្សេង​ទៀត​បាន។ បើ​ទឹកៗ បើ​គោកៗ។ ​ទី​១ ស្អាត ទី​២ ទ្រុង​ទូលាយ ​ហើយ​ចំណី​ទឹក​អី​ឲ្យ​គ្រប់​គ្រាន់ អត់​ឆ្លង​ជំងឺ​ទេ ព្រោះ​នៅ​ប្រចាំ​ក្នុង​ទ្រុង​អ៊ីចឹង​អត់​ឆ្លង​ទេ»

លោក​បន្ត​ថា ក្រោយ​ពី​រើស​ទីតាំង​បាន គាត់​សង់​រោង​ឲ្យ​ខ្ពស់​ពី​ដី​ដើម្បី​កុំ​ឲ្យ​ថ្ងៃ​ក្ដៅ​ឆួល​ដល់​ទា។ គាត់​យក​ស្បៃ​មុង ឬ​ឈឹប​បាំង​ជុំវិញ​ទ្រុង កុំ​ឲ្យ​ទា​ដើរ​ចេញ​ទៅ​ស៊ី​ស្រូវ ឬ​ទៅ​ហួរ​សំណាប​អ្នក​ស្រុក។ ការ​បិទ​បាំង​បែប​បេះ គឺ​ហ្វូង​ទា​គាត់​មាន​អនាម័យ មិន​ឆ្លង​ជំងឺ ងាយ​ប្រមូល​ស៊ុត​និង​លាមក៖ «រោង​ធ្វើ​ម៉េច​ឲ្យ​ស្អាត ទទឹង​ប្រហែល​ជា ៣០​ម៉ែត្រ បណ្ដោយ​ប្រហែល​ជា ៤០​អី​សម្រាប់​​ចំនួន​ទា ២.០០០​ហ្នឹង កម្ពស់​ខាង ២​ម៉ែត្រ កណ្ដាល ៤ ប្រក់​ស្បង្ក័ជ វា​អត់​ក្ដៅ​ទេ មាន​ខ្យល់​ចូល​ប្រហោង​លើ។ ហ្នឹង​សាច់​ឈឹប ព័ទ្ធ​វា​កុំ​ឲ្យ​វា​ចេញ។ ធ្វើ​រោង​អ៊ីចឹង​ទៅ វា​ស្រួល​ប្រមូល​ផល វា​អត់​នឿយ​យើង​ដើរ​រក​ស៊ី​អី ក្រៅ​ពី​ហ្នឹង​បាន​តាម​ចិត្ត»

លោក គង់ ផេង បន្ត​ថា ការ​ចិញ្ចឹម​ទា​គោក​នេះ ឲ្យ​ចំណី​ស៊ី​ក្នុង​ទា ២.០០០​ក្បាល ១០​បាវ​ក្នុង​១​ថ្ងៃ។ តម្លៃ​ចំណី​ក្នុង ១​បាវ​ជាង ៥​ម៉ឺន​រៀល។ គាត់​ឲ្យ​ចំណី​ទា ៤.០០០​ក្បាល គាត់​ចំណាយ​ថ្លៃ​ទិញ​ចំណី​​ក្នុង​១​ថ្ងៃ​អស់​ជាង ១​លាន​រៀល។ លោក​ថា ទា​គោក​ត្រូវ​ឲ្យ​ចំណី​វា​ស៊ី​ឲ្យ​ដល់ ទើប​វា​ឆាប់​ពង។ ការ​ចិញ្ចឹម​ត្រូវ​បច្ចេកទេស​ទើប​ផ្ដល់​ស៊ុត ត្រូវ​នឹង​ទម្ងន់​ដែល​គេ​កំណត់៖ «ពង​របស់​វា​ធំ​ជាង​ទា​យើង ទម្ងន់ ២៣​គីឡូ ទើប​គ្រប់​គីឡូ ៣០០​គ្រាប់។ គឺ ៣០០​ពង​ទម្ងន់ ២៣​គីឡូ។ គេ​សុទ្ធតែ​ថ្លឹង​ឥឡូវ​ពង​ទា។ ពង​ល្អ​ជាង​លេង​ទឹក​ផង។ ឲ្យ​ស៊ី​ចំណី​ទា​តែម្ដង ឲ្យ​ស៊ី​យូហប ថ្លៃ ៥​ម៉ឺន ៦​ពាន់។ មួយ​ថ្ងៃ ១០​បាវ ឲ្យ​ទា ២.០០០​ក្បាល​ស៊ី។ មួយ​ថ្ងៃ​អស់ ២០ (បាវ) ទា ៤.០០០​ក្បាល​ស៊ី ២០​បាវ»

​លោក​បន្ត​ថា ទា​ត្រូវ​ឲ្យ​វា​ស៊ី​រហូត។ ដើម្បី​ឲ្យ​ទា​ស៊ី​ឆ្អែត ៣​ម៉ោង​ម្ដង គាត់​ចាក់​ចំណី​បន្ថែម​លើ​បាវ​ស្ងួត​ទុក​ក្នុង​រោង​មិន​ឲ្យ​ត្រូវ​ថ្ងៃ​ក្ដៅ ទុក​ឲ្យ​វា​ស៊ី​ទើប​គុណភាព​ចំណី​នៅ​ល្អ។ លោក​ថា ទា​គាត់​ទើប​ដាក់​ចូល​ចិញ្ចឹម​ជាង ២០​ថ្ងៃ។ គាត់​ទូទាត់​តម្លៃ​លក់​ស៊ុត​ក្នុង ១​គ្រាប់ ៥០០​រៀល ធៀប​នឹង​ថ្លៃ​ចំណី​គាត់​​ទើប​តែ​រក​ឃើញ​ប្រាក់​ចំណេញ​ជាង ១០​ម៉ឺន​រៀល​ទេ​ក្នុង​១​ថ្ងៃ។ លោ​កថា​ប្រាក់ចំណេញ​១០​ម៉ឺន​រៀល នៅ​តិច ព្រោះ​ទា មិនទាន់​ផ្ដល់​ស៊ុត​គ្រប់​ចំនួន​ជាង ៣.០០០​ក្បាល (មេ​ទា) ដែល​ត្រូវ​ពង​ក្នុង​១​ថ្ងៃ។

លោក​ថា ការ​លក់​ស៊ុត​ថ្មីៗ មិន​សូវ​ចំណេញ​ទេ ព្រោះ​ទា​ស៊ី​ចំណី​ផ្សំ​សាច់​ស៊ុត​ខាង​ក្នុង​រាង​ពណ៌​​លឿង​ស្លេក អ្នក​ទិញ​យក​ទៅ​ទទួល​ទាន​គេ​មិន​សូវ​និយម​ទេ ហើយ​លក់​ក៏​មិន​សូវ​ចំណេញ​ដែរ។ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ពី​ការ​លក់​ស៊ុត គាត់​កំពុង​ទិញ​ម៉ាស៊ីន​ភ្ញាស់ ដើម្បី​ភ្ញាស់​ស៊ុត​ទា​ក្លាយ​ជា​​ពង​ទា​កូន ទើប​គាត់​លក់​បាន​តម្លៃ​ថ្លៃ ក្នុង​១​គ្រាប់ ១.០០០​រៀល​វិញ។

លោក​ថា តម្លៃ​លក់​ស៊ុត​ភ្ញាស់​ទើប​អាច​ទូទាត់​នឹង​ថ្លៃ​ចំណី​បាន​ចំណេញ​គ្រាន់​បើ៖ «ឥឡូវ​តែ​ខែ​ក្រោយ​ហ្នឹង​គេ​ភ្ញាស់​កូន​ហើយ ឥឡូវ​នេះ​នៅ​កូន​ក្រក ឡើង​នៅ​ពេញ ២០​ថ្ងៃ គេ​ភ្ញាស់​ក្រក»

ចំពោះ​ការ​ថែទាំ​លោក​ថា ទា​ពូជ​នាំ​ចូល​ពី​ថៃ​នេះ មិន​សូវ​ឈឺ​ទេ បើ​វា​ឈឺ​ភាគ​ច្រើន​គ្រាន់​តែ​​ផ្ដាសាយ។ គាត់​ទិញ​ថ្នាំ​ពី​ផ្សារ​យក​មក​ចក្រ​វា​គឺ​វា​ជា​ហើយ។ តែ​បើ​មើល​ថា វា​សំកុក មិន​ស៊ី​ចំណី គាត់​រហ័ស ចាប់​វា​ចេញ​ពី​ហ្វូង បំបែក​វា​នៅ​កន្លែង​មួយ​ដាច់​ពី​គេ។ ចាប់​វា​ច្រក​ថ្នាំ​ទាល់តែ​វា​ជា រហូត​វា​ដើរ​លេង​ដូច​ទា​ដទៃ ទើប​ឲ្យ​វា​ចូល​ក្នុង​ហ្វូង​វិញ។

លោក​ថា ការ​ធ្វើ​បែប​នេះ​ខ្លាច​វា​ឆ្លង​ជំងឺ​នាំ​ឲ្យ​ខូច​ទា​ទាំង​ហ្វូង​ខាត​ដើម​ខាត​ចុង៖ «វា​កុក វា​រួញ​ក ជួន​អា​ខ្លះ​វា​ប៉ាប វា​ដើរ​អត់​រួច អា​ហ្នឹង​វា​មាន​មូលហេតុ​ហើយ គឺ​វា​ផ្ដាសាយ។ យើង​ទៅ​ទិញ​ថ្នាំ​ដាក់​ទៅ​បាត់​ហើយ។ អា​នេះ​វា​ស្រួល​ជាង ស្រួល​ប្រមូល​ផល​ជាង​វា​អត់​នឿយ តែ​ចំណាយ​ដើម​ច្រើន»

លោក គង់ ផេង ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​មេ​ទា​ផ្ដល់​ស៊ុត​បាន​ធំ​ល្អ និង​ផ្ដល់​ស៊ុត​បាន​ទៀងទាត់​រាល់​ថ្ងៃ អ្នក​ចិញ្ចឹម​ទា​ហ្វូង ត្រូវ​រហ័ស​លក់​ចេញ​នូវ​មេ​ទា​ណា​ដែល​ផ្ដល់​ស៊ុត​បាន ១៥​ខែ គឺ​ជាង ១​ឆ្នាំ ព្រោះ​ទា​ផ្ដល់​ស៊ុត​ច្រើន​ដង វា​ក្លាយ​ជា​មេ​ទា​ចាស់ វា​អន់​កម្លាំង​ក្នុង​ការ​ផ្ដល់​ស៊ុត​មិន​ទៀង​ទាត់ ទើប​គាត់​រហ័ស​លក់​មេ​ទា​មិន​ឲ្យ​នៅ​ពង​បន្ត​ទៀត។ ទី​១ ចំនួន​ទា​នៅ​ដដែល​មែន ការ​ស៊ី​ចំណី​ក៏​នៅ​ដដែល ប៉ុន្តែ​ចំនួន​ស៊ុត​ត្រូវ​ថយ ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ខាត​ប្រាក់​ទិញ​ចំណី​ផ្ដល់​ឲ្យ​វា​ស៊ី។

លោក គង់ ផេង៖ «តាំង​ពី​ចំណី​ទាំង​អី​អស់ ៥​ម៉ឺន​ដុល្លារ​ជាង ចុះ​មួយ ២​ម៉ឺន​ជាង។ ១​ពាន់​ទា ៥​ពាន់​ដុល្លារ​ទិញ​អត់​បាន​ទេ។ ១៥​ខែ ពង​វា​ស្ដើង អស់​ហើយ ត្រូវ​លក់​ចេញ​បាន​ ១១.០០០ ១០.០០០​អី​ហ្នឹង។ ទិញ ២​ម៉ឺន​ជាង ទៅ​ទិញ​នៅ​ព្រៃវែង នៅ​ស្វាយរៀង»

​លោក​បន្ត​ថា ទា​ហ្វូង​ចិញ្ចឹម​លើ​គោក​នេះ ផ្ដល់​ចំណូល​ទាំង​ស៊ុត ទាំង​លាមក។ ប្រាក់​ចំណូល​ពី​ស៊ុត បើ​មេ​ទា​ពេញ​កម្លាំង ពង​រាល់​ថ្ងៃ គាត់​រើស​បាន​ក្នុង​១​ថ្ងៃ គិត​ជា​មធ្យម ៣.៥០០​គ្រាប់ បើ​គាត់​លក់​គ្រាប់​ភ្ញាស់​វិញ​បាន​ជាង ៣​លាន​រៀល។ តែ​បើ​លក់​គ្រាប់​សាប មិន​ភ្ញាស់ បាន​តែ​ជាង ១​លាន ៧​សែន​រៀល​ទេ។ លោក​បន្ត​ថា ក្រៅ​ពី​លក់​គ្រាប់​ស៊ុត គាត់​ក៏​លក់​លាមក​ទា​ដែរ។ ក្នុង​១​ឆ្នាំ លុយ​បាន​ពី​លក់​លាមក​ទា​គឺ​ជាង ១.០០០​ដុល្លារ​ដែរ។

លោក​លក់​លាមក​ទា​ក្នុង ១​បាវ​ទម្ងន់ ១០ ទៅ ២០​គីឡូក្រាម តម្លៃ ១​ដុល្លារ ទៅ ១,៥០​ដុល្លារ តាម​លាមក​ស្រស់ និង​លាមក​ក្រៀម។ ចំណែក​មេ​ទា​វិញ ក្រោយ​ពី​ផ្ដល់​ស៊ុត​បាន​ជាង ១​ឆ្នាំ គាត់​លក់​ក្នុង ១​ក្បាល តម្លៃ ២,៥០​ដុល្លារ ប៉ុន្តែ​គាត់​ទៅ​ទិញ​មេ​ទា​យក​មក​ចិញ្ចឹម​វិញ ១​ក្បាល​តម្លៃ ៦​ដុល្លារ។

លោ​កថា​ការ​ចិញ្ចឹម​ទា​គោក​យក​ស៊ុត​នេះ ចំណាយ​ដើម​ទុន​ច្រើន​ម៉ឺន​ដុល្លារ បើ​អ្នក​ចិញ្ចឹម​មិន​ចេះ​ថែទាំ​ទា​នោះ​ឲ្យ​ល្អ​ទេ គឺ​ចិញ្ចឹម​ឲ្យ​វា​ចុះ​ទឹក នាំ​ឲ្យ​ទា​ឧស្សាហ៍​ឈឺ ផ្ដល់​ស៊ុត​មិន​ទៀងទាត់ មិន​អាច​គ្រប់គ្រង​ចំនួន​ស៊ុត​និង​ចំនួន​ទា ហើយ​វា​ទៅ​បំផ្លាញ​ដំណាំ​អ្នក​ជិត​ខាង​ថែម​ទៀត។ ​លោក គង់ ផេង ក៏​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ចំណី​សត្វ​បន្ថោក​តម្លៃ​ជាង​បច្ចុប្បន្ន​បន្តិច​ផង។

អាជ្ញាធរ​ឃុំ​តានី លោក ពេជ្រ ទឹក ឲ្យ​ដឹង​ថា អ្នក​ចិញ្ចឹម​ទា​គោក គឺ​នៅ​ក្នុង​ភូមិ​ឬស្សី និង​ភូមិ​តាកុក មាន ៦​ហ្វូង ចំនួន​សរុប​ទា គឺ​មាន​ជាង ២​ម៉ឺន​ក្បាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។