មានការទស្សន៍ទាយថា ប្រេងកាតនឹងឡើងថ្លៃដល់ ១៥០ ទៅ ២០០ដុល្លារក្នុងមួយធុង ធ្វើឲ្យកាន់តែមានការជំរុញឲ្យស្វះស្វែងរកប្រភពថាមពលប្រភេទមិនចេះរីងស្ងួតមកជំនួសសាំង ។
ក្នុងពេលជាមួយគ្នានោះ ការព្យាយាមនៅសហរដ្ឋអាមេរិកយកអេតាណុលធ្វើពីពោតមកជាឥន្ធនៈ ក៏បែរជាកំពុងទទូលរងការរិះគន់ខ្លាំងក្លា ថា ជាមូលហេតុធ្វើឲ្យស្បៀងអាហារឡើងថ្លៃយ៉ាងគំហុក ។
ក្នុងចំណោមប្រទេសដែលផលិតជីវឥន្ធនៈ គឺអេតាណុលមកជំនួសសាំងសម្រាប់ប្រើក្នុងយានជំនិះ ប្រទេសប្រេស៊ីលនៅទ្វីបអាមេរិកខាងត្បូង មានជោគជ័យជាងគេ ។
ក្រៅពីផលិតសម្រាប់ប្រើប្រាស់ក្នុងប្រទេសហើយ ប្រេស៊ីលនៅនាំអេតាណុលចេញទៅលក់ឲ្យជប៉ុន ស៊ុយអែដ និង អាមេរិក ថែមទៀត ។
ខុសពីសហរដ្ឋអាមេរិកដែលផលិតអេតាណុលពីគ្រាប់ពោតនាំឲ្យមជ្ឈដ្ឋានខ្លះចោទថា ជាអ្នកធ្វើឲ្យមានការខ្វះខាតស្បៀងក្នុងពិភពលោក ប្រទេសប្រេស៊ីលយកអំពៅមកគាបចម្រាញ់ជាអេតាណុល ។
កាលពីឆ្នាំ១៩៧៣ សង្គ្រាមនៅមជ្ឈិមបូព៌ាបាននាំឲ្យមានកង្វះប្រេងសាំងយ៉ាងខ្លាំង បន្ទាប់ពីប្រទេសអារ៉ាប់នាំគ្នាបិទអណ្ដូងប្រេងរបស់ខ្លួនមិនបូមចេញមកលក់ ។ ប្រទេសប្រេស៊ីលដែលនាំចូលប្រេងកាត ៨០%នៃតម្រូវការរបស់ខ្លួន ត្រូវចំណាយ ៤០%នៃប្រាក់ចំណូលសម្រាប់តែទិញប្រេងពីបរទេស ។
លោកស្រី ស៊ូអានី កូអិលហូ អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានប្រេស៊ីលមានប្រសាសន៍ថា ៖ «សាមសិបឆ្នាំមុន ខណៈដែលសាំងឡើងថ្លៃយ៉ាងឆាប់រហ័ស ហើយប្រេស៊ីលក៏ពឹងផ្អែកស្ទើរតែទាំងស្រុង លើការនាំចូលប្រេងពីបរទេស យើងច្បាស់ជានឹងជួបនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរជាមិនខានឡើយ ព្រោះតែការចំណាយទៅលើការនាំចូលប្រេងយ៉ាងច្រើនបែបនេះ ។ ដូច្នេះហើយ ទើបយើងចាប់ផ្តើមអនុវត្តកម្មវិធីផលិតអេតាណុលនេះឡើង» ។
អំពៅគឺជាដំណាំដែលប្រទេសប្រេស៊ីលអាចដាំបានលើផ្ទៃដីដ៏ទូលំទូលាយរបស់ខ្លួន ។ ប្រេស៊ីលមានដីនៅសល់ច្រើន មានបរិមាណទឹកភ្លៀងបរិបូណ៌ ហើយក៏មានតម្លៃពលកម្មថោកទៀតផង ។ ប្រេស៊ីល ជាប្រទេសនាំស្ករចេញទៅលក់បរទេសធំជាងគេក្នុងពិភពលោក ដោយមានដាំអំពៅលើផ្ទៃដីជាង ៦លានហិកតា ។
អ្នកដឹកនាំរបស់ប្រេស៊ីលមិនថា យោធាឬស៊ីវិល មានទស្សនវិស័យវែងឆ្ងាយណាស់ ។ នៅឆ្នាំ១៩៧៥ ប្រធានាធិបតីប្រេស៊ីល ឧត្តមសេនីយ៍ Ernesto Geisel បញ្ជាឲ្យសាំងត្រូវមានលាយអេតាណុលដែលជនជាតិប្រេស៊ីលហៅថា អាល់កុល នោះ ១០% ហើយក៏ចេះតែបង្កើនភាគរយនេះរហូតដល់ ២៥% ក្នុងរយៈពេល៥ឆ្នាំបន្ទាប់មក ។
នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ មេដឹកនាំថ្មីរបស់ប្រេស៊ីល ក៏បានចាត់វិធានការជាច្រើនទៀត ដូចជា ឲ្យក្រុមហ៊ុនស្ករ បង្កើនផលិតកម្ម បញ្ចុះពន្ធអាករដល់ក្រុមហ៊ុននាំចូលរថយន្តដែលមានម៉ាស៊ីនប្រើអេតាណុល ឬប្រើសាំងលាយអេតាណុល បង្គាប់ឲ្យក្រុមហ៊ុនសាំងដាក់គ្រឿងបូមអេតាណុលនៅតាមស្ថានីយបូមសាំង នៅទូទាំងប្រទេស ជាដើម ។
ការផលិតអេតាណុលពីអំពៅ ងាយធ្វើជាងអេតាណុលដែលបានពីពោត ព្រោះអេតាណុលពីពោតត្រូវបំប្លែងពោតឲ្យទៅជាស្ករសិន ទើបចម្រាញ់ចេញជាអេតាណុលមួយដំណាក់កាលទៀត ។
អ្នកស្រី Monica Albers វិស្វករផ្នែកគីមីរបស់ក្រុមហ៊ុនផលិតស្ករនិងអាល់កុលប្រេស៊ីល ពន្យល់ថា ៖ «ទឹកអំពៅត្រូវបញ្ចូលទៅក្នុងអាងទុកឲ្យឡើងមេ គឺគេលាយទឹកអំពៅ ៧០% នឹង ដំបែ ៣០% ។ មេដំបែនេះហើយ ដែលបំប្លែងធាតុស្ករក្នុងទឹកអំពៅឲ្យក្លាយទៅជាអេតាណុល» ។
រថយន្តប្រើអាល់កុលគ្រប់ម៉ាក ជាពិសេស រថយន្ត វ៉ុលវ៉ាហ្កែន ជាទីពេញនិយមក្នុងចំណោមពលរដ្ឋប្រេស៊ីលជាពិសេស ព្រោះអេតាណុលថោកជាងសាំងដល់ទៅ ៣៥% ដោយសាររដ្ឋាភិបាលជួយគាំទ្រតម្លៃ ។
នៅឆ្នាំ១៩៨៣ ក្នុងឡាន ១០គ្រឿង គឺមាន៩គ្រឿង ប្រើអេតាណុល ។ ក៏ប៉ុន្តែ យោងតាមក្រុមហ៊ុនផ្តល់យោបល់ឈ្មោះ Datagro នៅចន្លោះឆ្នាំ១៩៧៩ និងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋាភិបាលប្រេស៊ីលចាំបាច់ត្រូវចំណាយប្រាក់ ១ម៉ឺន ៦ពាន់លានដុល្លារសម្រាប់ឲ្យក្រុមហ៊ុនស្ករ ខ្ចី និងសម្រាប់ជួយគាំទ្រតម្លៃអំពៅ ។
ឧបសគ្គធំមួយទៀតគឺនៅឆ្នាំ១៩៨៦ ក៏កើតមានការធ្លាក់ចុះនៃតម្លៃប្រងសាំងលើពិភពលោក ធ្វើឲ្យរដ្ឋាភិបាលជំពាក់បំណុល អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបង្ខំឲ្យប្រេស៊ីលឈប់ជួយចេញប្រាក់ទប់តម្លៃ អេតាណុល ឲ្យនៅថោកជាងសាំងនោះទៀត ។
អ្នកប្រើរថយន្តចាក់អេតាណុល ក៏នាំគ្នាងាកមកចាក់សាំងវិញ ។ ទោះជាយ៉ាងនេះក្តី ផ្នែកនានាទាំងរដ្ឋាភិបាល ទាំងឯកជន នៅតែបន្តគាំទ្រកម្មវិធីអេតាណុលតទៅទៀត ហើយតាមស្ថានីយបូមប្រេងក៏នៅតែមានម៉ាស៊ីនបូមអេតាណុលទុកឲ្យអតិថិជនប្រើដដែល ដោយរដ្ឋយកពន្ធអេតាណុល តែ ៩សេន ក្នុង១លីត្រ តែយកពន្ធសាំងដល់ទៅ ៤២សេន ក្នុងមួយលីត្រ ។
ការដែលប្រេងកាតឆៅឡើងថ្លៃឥតឈប់ឈរក្នុងប៉ុន្មានឆ្នាំមកនេះ ក៏បានធ្វើឲ្យមានការងាកមកនិយមអេតាណុលឡើងវិញ ក្នុងចំណោមពលរដ្ឋប្រេស៊ីល ។
លោកស្រី ស៊ូអានី កូអិលហូ អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានប្រេស៊ីលមានប្រសាសន៍ថា ៖ «ថ្មីៗនេះ យើងបានសម្រេចគោលដៅមួយទៀត គឺការបញ្ចេញឲ្យប្រើរថយន្តប្រភេទ Flex Fuel គឺប្រើប្រេងណាក៏បាន ។ រថយន្តប្រភេទនេះអាចបរបានដោយចាក់អេតាណុល ក៏បានចាក់សាំងក៏បាន ចាក់លាយអេតាណុល ក្នុងភាគរយណាក៏បាន ។ ដូច្នេះហើយ រថយន្តទាំងនេះ អាចបើកបរបាននៅគ្រប់ទិសតំបន់» ។
ខណៈដែលកំពុងមានការរិះគន់ការផលិតអេតាណុលពីពោត ជាពិសេស នៅសហរដ្ឋអាមេរិក ដែលត្រូវគេអះអាងថាបណ្តាលឲ្យកើតអតិផរណាតម្លៃស្បៀង ធ្វើឲ្យហីនហោចព្រៃឈើ នាំឲ្យបាត់បង់ប្រភពទឹក ព្រមទាំងធ្វើឲ្យបរិស្ថានកខ្វក់ផងនោះ ក៏បាននិងកំពុងមានការបណ្តាក់ទុនពង្រីកផ្ទៃដីដាំអំពៅយ៉ាងគំហុកនៅប្រេស៊ីល ។ ទោះជាយ៉ាងនេះក្តី ផលិតកម្មជីវឥន្ធនៈនឹងត្រូវការពេលយូរឆ្នាំទៅមុខទៀត ទម្រាំនឹងអាចផ្គត់ផ្គង់តម្រូវការប្រេងរបស់មនុស្សបានក្នុងអត្រាដែលគួរឲ្យកត់សម្គាល់នោះ ដោយសារថា បច្ចុប្បន្ន ពិភពលោកត្រូវការប្រេងប្រមាណ ៨៦លានធុង តែពិភពលោកអាចផលិតអេតាណុល បានតែប្រមាណជាង ៩០ម៉ឺនធុងប៉ុណ្ណោះ ។
លោក Ken Cook ប្រធាននៃក្រុមការងារបរិស្ថានផ្នែកកសិកម្មដែលមានទីស្នាក់ការនៅវ៉ាស៊ីនតោនមានប្រសាសន៍ថា មានហេតុផលសមរម្យដែលជំរុញឲ្យមានការស្រាវជ្រាវប្រភពផលិតឥន្ធនៈប្រកបដោយនិរន្តរភាពដែលមិនមែនជាប្រេងកាតនោះ ក៏ប៉ុន្តែលោកតឿនថា យើងអាចនឹងកំពុងយកបញ្ហាអសន្តិសុខស្បៀងមកដាក់ជំនួសបញ្ហាអសន្តិសុខថាមពល ។
ទោះជាយ៉ាងនេះក្តី លោក Marcos Jank នៃសមាគមឧស្សាហកម្មអំពៅប្រទេសប្រស៊ីល មានប្រសាសន៍ថា ៖ «បើយើងមិនជំរុញអេតាណុលឲ្យឈានទៅមុខទេនោះ យើងនឹងនៅតែមានបញ្ហាស្តីពីសុវត្ថិភាពថាមពល ព្រោះថា ការប្រើប្រាស់ថាមពលក្នុងពិភពលោកចេះតែកើន លើសការផលិត ហើយយើងក៏នឹងមិនអាចដោះស្រាយបញ្ហាការផ្លាស់ប្តូរអាកាសធាតុបានឡើយ» ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
វិធីដាំនិងប្រយោជន៍នៃដំណាំល្ហុងខ្វង (ភាគ១)
កសិករក្រីក្រភាគខាងត្បូងប្រទេសស្រូបយកប្រាក់៨០%ពីទីផ្សារ
កសិករប្រឈមមុខនឹងបញ្ហាក្នុងការបង្កបង្កើនផល
វិធីបង្កើនទិន្នផលស្រូវឲ្យបានច្រើន
សំណួរចម្លើយជុំវិញដំណាំដំឡូងមី និងការផលិតម្សៅមី
វិធីនិងបច្ចេកទេសដាំដំឡូងមី
បច្ចេកទេសបណ្ដុះនិងការថែទាំដំណាំស្វាយ