វិធី​ដាំ​ខ្ទឹម​ស្លឹក​ដើម្បី​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

0:00 / 0:00

ការ​ប្រែប្រួល​អាកាសធាតុ​បាន​ប៉ះពាល់​ដល់​ការ​ដាំដុះ​ដំណាំ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​មាន​កសិករ​មួយ​ចំនួន​ដែល​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​បច្ចេកទេស​ដាំ​ដុះ​ពី​មន្ត្រី​កសិកម្ម​​ខេត្ត​កំពង់ចាម គាត់​ចេះ​កែច្នៃ​វិធី​ដាំ​ដុះ​ច្រើន​យ៉ាង ដើម្បី​ឲ្យ​ដំណាំ​ទាំង​អស់​អាច​ទទួល​ផល បើ​ទោះ​បី​អាកាសធាតុ​ប្រែប្រួល​ម្ដង​ខ្វះ​ទឹក ឬ​ម្ដង​ជំនន់​ខ្លាំង​ក៏ដោយ។

​កសិករ​ដែល​ពិសោធន៍​បាន​ជោគជ័យ​ក្នុង​ការ​ដាំ​ស្លឹក​ខ្ទឹម​ក្រោម​អាកាសធាតុ​ស្ងួត​ខ្វះ​ទឹក​នៅ​ខេត្ត​កំពត បាន​បង្ហាញ​បច្ចេកទេស​ដាំ​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី «ការ​ចែក​រំលែក​និង​ការ​ផ្សព្វផ្សាយ​ការ​អនុវត្ត​ល្អ​របស់​កសិករ​លើ​បច្ចេកទេស​កសិកម្ម​ដែល​ធន់​ទ្រាំ​នឹង​បម្រែបម្រួល​អាកាសធាតុ» កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ កន្លង​មក​នេះ។

កសិករ​ភូមិ​ដំរីលេង ឃុំ​ទទុង ស្រុក​ដងទង់ ខេត្ត​កំពត លោក ណុប សុវណ្ណី បង្ហាញ​បទពិសោធន៍ ៣​បែប ដែល​គាត់​អនុវត្ត​បាន​ជោគជ័យ​លើ​ការ​ដាំ​ដំណាំ​ខ្ទឹម​ស្លឹក ប្រើ​ទឹក​តិច ហើយ​បាន​ផល​ច្រើន ប្រាប់​ទៅ​កសិករ និង​មន្ត្រី​កសិកម្ម។

​លោក ណុប សុវណ្ណី បន្ត​ថា វិធី​ដាំ​ទី​១ លើក​ថ្នាល​រង​ធម្មតា តែ​ប្រើ​ជី​ទ្រាប់​បាត​ជា​កាក​សំណល់​ឡ​ជីវឧស្ម័ន​សុទ្ធ។ ឯ​រង​ទី​២ ប្រើ​ជី​ទ្រាប់​បាត ផេះ​អង្កាម​សុទ្ធ។ ចំណែក​រង​ទី​៣ ប្រើ​ជី​ទ្រាប់​បាត លាយ​ចូល​គ្នា​រវាង​កាក​សំណល់​ឡ​ជីវឧស្ម័ន និង​ផេះ​អង្កាម៖ «អ៊ីចឹង​ខ្ញុំ​បាន​ធ្វើការ​ពិសោធន៍​ទៅ​លើ​ការ​ដាំ​ខ្ទឹម​ស្លឹក អ៊ីចឹង​មាន ៣​ប្រភេទ ក្នុង ១២​ម៉ែត្រការ៉េ។ មុន​ដាំ​ ខ្ញុំ​អាច​កាប់​ដី​យក​ស្មៅ​ចេញ ហើយ​ទុក​ពេល​វា​រយៈពេល ១២​ថ្ងៃ ទុក​ហាល​ដី​ឲ្យ​វា​ឆ្អិន កុំ​ឲ្យ​មាន​ពួក​សត្វ​ចង្រៃ​មក​នៅ​កន្លែង​ហ្នឹង»

​លោក ណុប សុវណ្ណី ពន្យល់​ថា ការ​ជ្រើសរើស​ទីតាំង​ដាំ​ខ្ទឹម​ស្លឹក ត្រូវ​ដាំ​នៅ​កណ្ដាល​វាល​ទើប​ល្អ ព្រោះ​ខ្ទឹម​យក​ស្លឹក ត្រូវការ​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់។

​លោក​បន្ត​ថា បន្ទាប់​ពី​បំបែក​ដី​ម៉ត់​ល្អ​ហើយ ត្រូវ​រើស​ស្មៅ​យក​ចេញ​ឲ្យ​អស់​ពី​ដី ហើយ​លើក​វា​ជា​រង។ រង​នីមួយៗ ត្រូវ​លើក​យក​ក្បាល​រង​ទទឹង ១​ម៉ែត្រ បណ្ដោយ ៤​ម៉ែត្រ កម្ពស់​រង ១​តឹក ទៅ ១,៥​តឹក ពី​បាត​ដី ទុក​គម្លាត​ពី​រង​មួយ​ទៅ​មួយ​ចម្ងាយ ៣​តឹក សម្រាប់​ធ្វើ​ចង្អូរ​បង្ហូរ​ទឹក៖ «គឺ​រង​ហ្នឹង​វា​មាន ៣​រង អ៊ីចឹង​រង​ទី​១ ខ្ញុំ​ប្រើប្រាស់​ដាក់​កាក​សំណល់​របស់​ឡ​ជីវឧស្ម័ន ដាក់​​ចំនួន ៤​ធុង​ស្ពេត្រូ ខ្ញុំ​អត់​បាន​ថ្លឹង​ទេ ពេល​ដែល​ដាក់​ហ្នឹង​គឺ​រាវ អត់​មាន​ដាក់​រឹង​ទេ។ រង​ទី​២ ខ្ញុំ​ប្រើ​ធ្យូង​អង្កាម ដុត​ហើយ​ដាក់​ទទេ​តែម្ដង។ នេះ​យើង​ពិសោធន៍​លាយ​ជាមួយ​ដី​រង​តែម្ដង។ ធ្យូង​អង្កាម​ហ្នឹង​ដាក់ ៤​ប៉ោត។ រង​ទី​៣ ខ្ញុំ​លាយ​ធ្យូង​អង្កាម​និង​កាក​ឡ​ជីវឧស្ម័ន លាយ ៥០ និង ៥០ ដើម្បី​ចង់​ដឹង​គុណភាព​វា​មើល»

​លោក ណុប សុវណ្ណី ពន្យល់​បន្ថែម​ថា ការ​ពិសោធន៍​តាម​វិធី ៣​បែប ដោយ​ប្រើ​ជី​ដាក់​ក្នុង​រង​នីមួយៗ មាន​ចំណុះ​ជី​ស្មើ​គ្នា គឺ​ទំហំ​ដី ១​ម៉ែត្រការ៉េ ត្រូវ​ដាក់​ជី ១​ប៉ោត ដូច្នេះ​រង​បន្លែ​នោះ ទំហំ ៤​ម៉ែត្រការ៉េ គាត់​ប្រើ​ជី​អស់ ៤​ប៉ោត​នៃ​ធុង​ស្ពេត្រូ។ បន្ទាប់​មក​គាត់​យក​មើម​ខ្ទឹម​កន្លះ​គីឡូក្រាម ទៅ​កប់​ដាំ​ក្នុង ១​រង​មួយ។ គាត់​ដាំ​ខ្ទឹម​ទាំង ៣​រង​នោះ គឺ​ប្រើ​មើម​ខ្ទឹម​ពូជ​អស់ ១​គីឡូ​កន្លះ គាត់​ដាំ​ក្នុង​ថ្ងៃ​តែ​មួយ ដើម្បី​ពិសោធ​រក​ផល​ចំណេញ​ខាត និង​ការ​ថែទាំ។ ក្រោយ​ការ​ដាំ​មើម​ខ្ទឹម​បាន ៥០ ទៅ ៦០​ថ្ងៃ គាត់​ចាប់​ផ្ដើម​ប្រមូល​ផល​ខ្ទឹម​បណ្តើរៗ។

​លោក​ថា ការ​ប្រមូល​ផល​ដំបូង តាម​រង​ខ្ទឹម​នីមួយៗ គឺ​រង​ដែល​ប្រើ​ជី​កាក​សំណល់​ឡ​ជីវឧស្ម័ន និង​រង​ដែល​ប្រើ​ជី​កាក​សំណល់​ឡ​ជីវឧស្ម័ន លាយ​ធ្យូង​អង្កាម គឺ​ស្លឹក​ខ្ទឹម​មាន​ទម្ងន់ ៨​គីឡូក្រាម​ដូច​គ្នា។ ប៉ុន្តែ​រង​ដែល​ប្រើ​ជី​ធ្យូង​អង្កាម​សុទ្ធ គឺ​បាន​ទម្ងន់​ស្លឹក​ខ្ទឹម​តិច​ជាង​គេ៖ «ជា​មធ្យម ៤​ម៉ែត្រការ៉េ យើង​អាច​ទទួល​ផល​បាន ៨​គីឡូ។ ក្រោយពី​យើង​ទទួល​ផល​ហើយ រយៈពេល ១​ខែ​ក្រោយ​យើង​ទទួល​ផល​បាន ៩​គីឡូ យើង​ទទួល​ផល​បាន​រហូត។ គិត​ជា​មធ្យម ខ្ញុំ​​ទទួល​ផល​បាន​ពី​ដំណាំ​ខ្ទឹម​ក្នុង​១​ឆ្នាំ ៩៦​គីឡូ។ ការ​ពិសោធ​ទៅ​លើ​ជី​កាក​សំណល់​ឡ​ជីវឧស្ម័ន។ ​ប្រើ​ទៅ​លើ​ធ្យូង​អង្កាម គឺ​បាន​ដូច​គ្នា បាន​តែ ៩០​គីឡូ។ ដល់​ពេល​ជី​ធ្យូង​អង្កាម ហើយ​និង​កាក​សំណល់​ឡ​លាយ​គ្នា ក៏​គុណភាព​វា​ហ្នឹង​ប្រហាក់​ប្រហែល​គ្នា​នឹង​កាក​សំណល់​​ឡ​ទទេ​ដែរ»

​លោក​ឲ្យ​ដឹង​ថា ដំណាំ​ខ្ទឹម​ស្លឹក​ប្រើ​ធ្យូង​អង្កាម​សុទ្ធ​មិន​សូវ​មាន​ជីជាតិ​ទេ កសិករ​គួរ​បន្ថែម​ជី​លាមក​សត្វ​ទៅ​ក្នុង​រង​នោះ​បន្ថែម។ លោក ណុប សុវណ្ណី អះអាង​ថា នៅ​ពេល​ប្រើ​ជី​តាម​បច្ចេកទេស ៣​បែប រក​ឃើញ​ថា នៅ​ពេល​អាកាសធាតុ​ប្រែប្រួល​ខ្វះ​ទឹក ដំណាំ​ខ្ទឹម​នៅ​តែ​អាច​ដាំ​បាន​ជោគជ័យ គឺ​ការ​ប្រើ​ជី​កាកសំណល់​ឡ​ជីវឧស្ម័ន ងាយ​ថែទាំ មិន​សូវ​ត្រូវ​ការ​ទឹក​ស្រោច​ច្រើន ហើយ​ដី​នៅ​មាន​សំណើម​បាន​យូរ​ថ្ងៃ៖ «ខ្ទឹម​ខ្ញុំ​គិត​ថា ដូច​ជា​អត់​មាន​ជំងឺ​ទេ ដោយសារ​យើង​ទើប​បាន​ស្រោច​ទឹក​វា​ដិត​ដល់ ហើយ​ប្រើប្រាស់​​នូវ​ជី​បំប៉ន​របស់​វា​ឲ្យ​បាន់​គ្រប់គ្រាន់ គឺ​មិន​អាច​មាន​ស្វិត​នៅ​ចុង​សន្លឹក​ទេ។ រដូវ​ដែល​ដាំ​ខ្ទឹម​ស្លឹក​ហុច​ផល​ល្អ​ជាង​គេ គឺ​ចាប់​ពី​ខែ​មករា ទៅ​ខែ​មេសា ដោយសារ​វា​អត់​មាន​ភ្លៀង​ធ្លាក់ ហើយ​យើង​មិនសូវ​ប្រើ​ទឹក​ស្រោច​គ្រប់គ្រាន់»

​លោក ណុប សុវណ្ណី ឲ្យ​ដឹង​ថា ដំណាំ​ខ្ទឹម​ក្នុង ១​ឆ្នាំ គាត់​លក់​បាន​ប្រាក់​ជាង ៨០​ម៉ឺន​រៀល ដោយសារ​ប្រមូល​ផល​កន្លះ​ខែ​ម្ដង ក្រោយ​ការ​ដាំ​មើម​ខ្ទឹម​ចន្លោះ​ពី ៥០ ទៅ ៦០​ថ្ងៃ។

​ចំណែក​កសិករ​នៅ​ខេត្ត​កណ្តាល លោកស្រី សុខ លាង នៅ​ភូមិ​ចុង​កោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ឲ្យ​ដឹង​ថា គាត់​ដាំ​ខ្ទឹម​យក​ស្លឹក គឺ​ដាំ​ទាល់តែ​ប្រើ​ជី​គីមី ហើយ​ស្រោច​ទឹក​ជោកជាំ​ទើប​បាន​ផល​ច្រើន៖ «បើ​ដាំ​ទៅ​វា​អត់​ខូច អា​ហ្នឹង​ចំណេញ​ច្រើន។ វា​អត់​ទៀង។ វា​ខូច​មូលហេតុ​ដូច​ថា​ដី​ធ្វើ​ទៅ​អត់​ឆ្អិន ហើយ​ណា​មួយ​វា​រុយកូត យើង​បាញ់​ថ្នាំ​អត់​ត្រូវ។ រុយ​កូត​ហ្នឹង រុយ​វា​អូស​ស្លឹក​ខ្ទឹម សៗ វែងៗ ឆ្នូតៗ សៗ​ហ្នឹង​គឺ​រុយ​អូស ដល់​អ៊ីចឹង​យក​ទៅ​លក់​ដល់​ផ្សារ​គេ​អត់​ទិញ​មក​ពី​វា​ខូច។ យើង​ដាំ​ហើយ​ទៅ​បាញ់​ល្មម ដូច​ថា ២​ថ្ងៃ​បាញ់​ម្ដង ដល់​យូរៗ​ទៅ ១​អាទិត្យ​គេ​បាញ់​ម្ដង ក៏​បាន ឲ្យ​តែ​វា​ដុះ​មក​សិន។ ដល់​ពេល​វា​ដុះ​ហើយ បាន​គេ​ចាប់​ផ្ដើម​ថែ បាញ់​ថ្នាំ ដាក់​ជី ធ្វើ​ស្មៅ។ ថ្នាំ​យើង​ផ្សំ​ពី​កន្លែង​គេ​លក់​មក ដូច​ថា​រុយ​កូត​អ៊ីចឹង ផ្សំ​ថ្នាំ​រុយ ផ្សំ​ថ្នាំ​ដង្កូវ ផ្សំ​ថ្នាំ​ជំនួយ ឫស​វា ឫស​អត់​ល្អ។ ស្លឹក​ខ្ទឹម​ទុំ​ចុងៗ​សន្លឹក មក​ពី​វា​ត្រូវ​សន្សើម​ធ្លាក់​មក​ជោក យើង​អត់​បាន​លាង នាំ​ឲ្យ​វា​រោល​ចុង​ទៅ​ជា​ក្រហម​ចុង គឺ​វា​ខូច»

​ផ្ទុយ​ពី​ការ​អះអាង​របស់​កសិករ​ខេត្ត​កណ្ដាល លោក រស់ សុភាព សាស្ត្រាចារ្យ​បណ្ដុះបណ្ដាល​កសិកម្ម​ចំការ​កៅស៊ូ​ខេត្ត​កំពង់ចាម ឲ្យ​ដឹង​ថា ការ​ប្រែប្រួល​អាកាសធាតុ កសិករ​ត្រូវ​ប្ដូរ​ទម្លាប់​ដាំ​តាម​អ្វី​ដែល​កសិករ​ច្រើន​ខេត្ត​លើក​យក​មក​បង្ហាញ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី «ការ​ចែក​រំលែក និង​ការ​ផ្សព្វផ្សាយ​ការ​អនុវត្ត​ល្អ​របស់​កសិករ​លើ​បច្ចេកទេស​កសិកម្ម ដែល​ធន់​ទ្រាំ​នឹង​បម្រែបម្រួល​អាកាសធាតុ» នៅ​ពេល​នេះ ទើប​ធានា​ថា ដំណាំ​នឹង​បាន​ទិន្នផល​ថេរ ឬ​អាច​បាន​ផល​ខ្ពស់​ជាង​វិធី​ដាំ​តាម​ទម្លាប់។ លោក​បន្ទោស​ថា ការ​មិន​ព្រម​ប្ដូរ​ទម្លាប់​ដាំ​ដុះ​នោះ​ហើយ ដែល​នាំ​ឲ្យ​កសិករ​ភាគ​ច្រើន​បរាជ័យ​លើ​មុខ​របរ​ដាំ​ដុះ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។