ក្រៅពីនេះអ្នកចិញ្ចឹមជ្រូកនៅជួបប្រទះនឹងបញ្ហាជំងឺជ្រូក ដែលពុំមានកិច្ចអន្តរាគមន៍ ទាន់ពេលវេលា។ មានផ្លូវមួយដែលអាចកែកុនបញ្ហានេះបាន គឺការចិញ្ចឹមជ្រូកព្រៃ។
លោក គ្រុយ ប៉េងជាង អ្នកស្រុកចំការលើ ខេត្តកំពង់ចាម ឥឡូវក្ស័យធន ព្រោះបាត់បង់ជ្រូកចិញ្ចឹមអស់ ៤០ក្បាល ដោយសារជំងឺដែលពេទ្យសត្វពុំអាចជួយសង្គ្រោះបាន។
អ្នកស្រី អេង សូបូណា កសិករចិញ្ចឹមសត្វនៅខេត្តព្រៃវែង ធ្លាប់ចិញ្ចឹមទា និងចិញ្ចឹមជ្រូក តែបច្ចុប្បន្នក្ស័យធនព្រោះបញ្ហាជំងឺសត្វស្លាប និងតម្លៃចំណីជ្រូកចេះតែឡើងឥតឈប់។
ខ្ញុំបានស្នើឲ្យអ្នកទាំងពីរងាកមកសាកល្បងចិញ្ចឹមជ្រូកព្រៃ តែលោក គ្រុយ ប៉េងជាង ប្រាប់ថាមិនធ្លាប់ចិញ្ចឹម មិនមានជំនាញ។ រីឯអ្នកស្រី អេង សូបូណា ដែលធ្លាប់ទៅមើលកសិដ្ឋានចិញ្ចឹមជ្រូកព្រៃនៅប្រទេសយៀកណាម និងប្រទេសថៃ អ្នកស្រីបានប្រាប់ថា អ្នកស្រីចង់ចិញ្ចឹមដែរតែខ្លាចសមត្ថកិច្ចហាម ព្រោះជ្រូកព្រៃជាសត្វព្រៃដែលអាចមានបំរាមហាមចិញ្ចឹម។
ដោយពិតទៅកសិករខ្មែរគួរតែងាកមកចិញ្ចឹមជ្រូកព្រៃលក់វិញ ព្រោះជ្រូកព្រៃងាយចិញ្ចឹមមិនពិបាករកចំណីឲ្យវាស៊ី សាច់វាមានរសជាតិឆ្ងាញ់ពិសា ព្រោះមិនសូវមានខ្លាញ់ កូនមួយសម្បុកមានច្រើនក្បាល ហើយធន់ទ្រាំមិនសូវមានជំងឺ។ តែកសិករខ្មែរភាគច្រើននៅស្ទាក់ស្ទើរ។
លោក សូ សយ កសិករម្ចាស់ចម្ការដំឡូងនិងចំការពោត នៅប៉ៃលិន មានប្រសាសន៍ថា លោកធ្លាប់ឃើញមានគេចិញ្ចឹមជ្រូកព្រៃខ្លះដែរ ៖ «ជ្រូកព្រៃមានគេចិញ្ចឹមខ្លះដែរ គេចាប់បានកូន គេចិញ្ចឹម។ កាលមុនខ្ញុំទៅពោធិ៍សាត់ ស្រុកវាលវែង ឃើញគេចិញ្ចឹមមួយគូ»។
ក៏ប៉ុន្តែសម្រាប់ខ្លួនលោក លោកពុំមានគំនិតចិញ្ចឹមជ្រូកព្រៃទេ ព្រោះគ្មានចំណេះរឿងនេះ ៖ «យើងអត់មានលទ្ធភាពចិញ្ចឹមទេ ទៅមិនរួចទេ យើងអត់មានគំនិត និងចំណេះចេះដឹង ចិញ្ចឹមវាអត់មានចំណេះចេះដឹង ចិញ្ចឹមវាយើងអត់ចេះ»។
ខ្ញុំបាទធ្លាប់លើកយកវិធីចិញ្ចឹមជ្រូកព្រៃ មកជម្រាបម្តងជាពីរដងហើយ កាលពីច្រើនឆ្នាំមុន។ ថ្ងៃនេះសូមលើកយករឿងចិញ្ចឹមជ្រូកព្រៃមករៀបរាប់ម្តងទៀត ជូនលោក គ្រុយ ប៉េងជាង នៃស្រុកចម្ការលើ និងមិត្តកសិករពេលទំនេរដែលមានលទ្ធភាពដទៃទៀត ដូចជា លោក នូវ កាស៊ី ដែលមានដីចំការទូលំទូលាយនៅឃុំតាកែន ស្រុកឈូក ខេត្តកំពត ហើយដែលធ្លាប់ប្រាប់ខ្ញុំបាទថានៅម្តុំចំការរបស់លោក ជ្រូកព្រៃនំាកូនទំាងហ្វូងចុះពីភ្នំមកស៊ីដំណាំ បើចង់ចិញ្ចឹមអាចរកកូនមកធ្វើពូជបានមិនពិបាក។
ស្តីពីការព្រួយបារម្ភរបស់អ្នកស្រី អេង សូបូណា នៅខេត្តព្រៃវែង អំពីច្បាប់ការពារសត្វព្រៃ អាចនឹងមិនអនុញ្ញាតឲ្យចិញ្ចឹមជ្រូកព្រៃនោះ លោក ឈាង ដានី អនុប្រធានការិយាល័យការពារសត្វព្រៃនៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរី ហើយថា ការចិញ្ចឹមជ្រូកព្រៃជាលក្ខណៈឧស្សាហកម្ម ឬពាក់កណ្តាលឧស្សាហកម្ម ចាំបាច់ត្រូវសុំអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយមានការត្រួតពិនិត្យពីសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីការពារមិនឲ្យចាប់ពីធម្មជាតិយកមកលក់ដូរដោយត្រង់។ ក្រៅពីនេះអ្នកដែលមានអាជ្ញាប័ណ្ណហើយ ក៏អាចលក់បានតែកូនជំនាន់ទី២ ដោយមានការតាមដានដិតដល់។
លោក ឈាង ដានី មានប្រសាសន៍ប្រាប់ដូច្នេះ ៖ «បានន័យថា កូនគេចាប់មកពីធម្មជាតិហ្នឹង គឺអត់ឲ្យគាត់លក់ទេ ប៉ុន្តែវាមានកូន ហើយកូនវាកើតបានកូនម្ដងទៀត ហ្នឹងបានអាចអនុញ្ញាតឲ្យលក់»។
តទៅនេះខ្ញុំបាទសូមលើកយកចម្លើយទៅនឹងសំណួរមួយចំនួន ស្តីពីការចិញ្ចឹមជ្រូកព្រៃដែលផ្អែកលើការសង្កេត និងសាកសួររបស់ខ្ញុំបាទ នៅពេលទៅធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមជ្រូកព្រៃមួយចំនួននៅប្រទេសថៃ។
តើជ្រូកព្រៃគេចិញ្ចឹមក្នុងទ្រុងដូចជ្រូកស្រុក ឬយ៉ាងណា? សូមជម្រាបថា មានអ្នកខ្លះគេចិញ្ចឹមក្នុងទ្រុងក៏បាន តែជ្រូកមិនសូវមានសុខភាពល្អដូចជ្រូកព្រៃដែលរស់ក្នុងធម្មជាតិនោះឡើយ។ យកល្អត្រូវធ្វើដូច្នេះ ៖ បងប្អូនដែលមានដីទំនេរបន្តិចបន្តួច អាចធ្វើជាក្រោល ទទឹងបួនដប់ម៉ែត្រ បណ្ដោយដប់ម្ភៃម៉ែត្រ ដោយមានកំពែងធ្វើពីឥដ្ឋ កម្ពស់ប្រមាណជា ៣តឹកពីដី រួចមានរបងលួសសំណាញ់ក្រឡារង្វើលពីលើកំពែងនោះ កម្ពស់ប្រមាណជា ១ម៉ែត្រកន្លះ ទៅ ២ម៉ែត្រទៀត បងប្អូនក៏អាចចិញ្ចឹមជ្រូកព្រៃបានហើយ។
តែបើគ្មានប្រាក់ធ្វើក្រោលពីឥដ្ឋ ពីស៊ីម៉ង់ត៍ ព័ទ្ធលួសសំណាញ់ទេនោះ បងប្អូនអាចយកឈើនិងឫស្សីមកធ្វើរបងក្រោលក៏បាន ដែលខ្ញុំណែនាំឲ្យធ្វើពីឥដ្ឋ ព្រោះការពារកុំឲ្យជ្រូកវាកាយរូងរត់ចេញ ហើយធ្វើរបងខ្ពស់បន្តិចនោះ ព្រោះជ្រូកខ្លះដែលផ្អើលវាអាចលោតខ្ពស់បង្គួរ។ ហើយបានជាត្រូវការទីធ្លា គឺដើម្បីឲ្យជ្រូកវាមានកន្លែងរត់ កុំឲ្យវាកកខ្លាញ់។
នៅក្នុងក្រោលនោះគប្បីមានរោង មានដំបូលឲ្យជ្រូកវាជ្រកពេលមានភ្លៀងផ្គរ អាចមានដើមឈើមួយដើមពីរដើមនៅក្នុងនោះផង ឲ្យវាមានសភាពដូចជាធម្មជាតិ ហើយធ្វើកូនថ្លុកមានទឹកឲ្យវាដេកននៀលភក់ផងក៏បាន។
តើចំណីជ្រូកព្រៃមានអ្វីខ្លះ? ជ្រូកព្រៃចិញ្ចឹមងាយ ហើយធន់ទ្រាំនឹងជំងឺជាងជ្រូកស្រុក ចំណីអាហារក៏ងាយរកឲ្យវាហូបចុក។ មួយថ្ងៃឲ្យវាស៊ីតែ ២ដងទេ គឺព្រឹកនិងល្ងាច គេមិនឲ្យវាស៊ីមិនឈប់ដូចជ្រូកស្រុក ព្រោះថាបើវាស៊ីច្រើនពេក វានឹងមានខ្លាញ់ច្រើនដូចជ្រូកស្រុក។ តាមការកត់សម្គាល់ជ្រូកព្រៃស៊ីចំណីតិចជាងជ្រូកស្រុក ៥ដង។ ចំណីជ្រូកស្រុក ១ក្បាលអាចចិញ្ចឹមជ្រូកព្រៃបាន ៥ក្បាល។
បើចង់ចិញ្ចឹមជ្រូកព្រៃ ត្រូវមានដើមចេក មានស្មៅបារាំងឲ្យវាស៊ី មានកន្ទក់ ឬបន្លែផ្លែឈើ ដែលទទួលទានសល់ ទោះជាដើមនិងស្លឹកកំប្លោក ក៏អាចយកមកធ្វើជាអាហារឲ្យជ្រូកព្រៃស៊ីបានដែរ។ ដើមចេកហាន់ជាកង់ស្ដើងៗ ស្លឹកចេក ធាងចេក ទាំងអស់នេះសុទ្ធតែជាចំណីបានយ៉ាងល្អ។ ចំណីម្យ៉ាងទៀតដែលជ្រូកព្រៃចូលចិត្ត គឺពោត។
នៅតូចៗក្រៅពីវាលេងដោះមេវាហើយ គេអាចលែងកូនជ្រូកព្រៃឲ្យវាដើររកស៊ីរហេតរហូតតាមព្រៃបាន។ វានឹងនាំគ្នាដើរជាជួរជាហ្វូង ឈ្មុសដីរកស៊ីតាមចម្ការក្នុងព្រៃ នេះបើយើងចិញ្ចឹមវាឆ្ងាយពីទីប្រជុំជន លុះដល់ពេលឲ្យបាយវា កូនជ្រូកនឹងនាំគ្នាត្រឡប់មករោង ឬក្រោល ឬទ្រុង របស់មេវា កាលណាវាធំបាត់ឆ្នូតពីខ្លួនហើយ គឺអាយុបានប្រមាណ ២ ទៅ ៣ខែ គេអាចយកវាដាក់ក្នុងទ្រុង។
តើជ្រូកព្រៃមានជំងឺអ្វីខ្លះ? ស្ដីពីជំងឺ ជ្រូកព្រៃក៏ដូចជ្រូកស្រុកដែរ ថ្វីបើវាធន់ទ្រាំនឹងជំងឺច្រើនយ៉ាងពេលវានៅក្នុងព្រៃ តែកាលណាគេយកវាមកចិញ្ចឹមយូរៗទៅ វាក៏នឹងមានជំងឺដូចជ្រូកស្រុក ជំងឺដែលឆ្លងពីជ្រូកស្រុកមក គឺប៉េស្ដជ្រូក ជំងឺអុត ជំងឺឆ្កួតក្លែងក្លាយ ។ល។ ដូច្នេះយើងត្រូវចិញ្ចឹមវាឲ្យដាច់ពីជ្រូកស្រុក។ ក្រៅពីនេះ ពេលយកជ្រូកថ្មីចូលមកចិញ្ចឹមត្រូវដាក់វាឲ្យនៅដោយឡែកសិន... ដើម្បីសង្កេតមើលអាការៈរបស់វា។ គេអាចចាក់វ៉ាក់សាំង ឬបញ្ចុះព្រូនឲ្យវាផងក៏បាន ក៏ប៉ុន្តែជាទូទៅជ្រូកព្រៃមានសុខភាពមាំមួនជាងជ្រូកស្រុក។
នាទីកសិកម្មសង្ឃឹមថាទិន្នន័យទាំងនេះនឹងអាចជួយឲ្យបងប្អូនកសិករខ្លះ ងាកមកចិញ្ចឹមជ្រូកព្រៃ មិនច្រើនក៏តិចតាមការគួរ៕
