កសិករថៃមួយរូបដែលជាម្ចាស់ចម្ការទុរេននៅខេត្តឈុមផន មាត់ទ្វារភូមិភាគទក្សិណនៃប្រទេសថៃ បានធ្លាក់ខ្លួនក្រជំពាក់ប្រាក់គេឯងវ័ណ្ឌកព្រោះតែចង់មានចង់បានឆាប់រហ័សពេក។
លោក សុំប៊ូន ស៊ីស៊ុបាត់ នៅភូមិថៈណម ឃុំឆង់ម៉ៃកែវ ស្រុកធុងតាកូ គឺជាកសិករដែលពីដើមដាំដំណាំតែមួយមុខ គឺទុរេនពូជម៉នថង។ ទឹកចិត្តគាត់គិតតែថាធ្វើយ៉ាងណាឲ្យឆាប់មានឆាប់បាន ៖ "មុននេះខ្ញុំគិតតែពីខាងពាណិជ្ជកម្មពីខាងធុរកិច្ច ធ្វើម៉េចឲ្យឆាប់មាន ធ្វើយ៉ាងណាឲ្យបានច្រើន គឺបន្ទាន់ចង់មានឆាប់ៗ"។
សួរថាតើគាត់បានចំណាយប្រាក់អស់ទៅលើអ្វីខ្លះ? លោក សុំប៊ូន ដែលក្រោយពីក្ស័យធន រហូតដល់គិតចង់ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ប្រាប់ថា ៖ "ថ្លៃជី ថ្លៃសាំង ថ្លៃពលកម្ម ថ្នាំអ័រម៉ូន ហើយនិងថ្នាំសម្លាប់សត្វល្អិតបាញ់រាល់អាទិត្យ។ គេថាឲ្យដាក់ជីច្រើន ខ្ញុំក៏ដាក់ច្រើន ប្រើជីប្រភេទដាក់ការុងលើស្មា បើកមាត់ការុងហើយដើរចាក់ពង្រាយតាមគល់ទាល់តែសក្បុស"។
បន្ទាប់ពីចំណាយកម្លាំងកាយនិងកម្លាំងទ្រព្យទៅលើចម្ការទុរេនទំហំជាង ១៧រ៉ៃ ឬស្មើនឹងជាង ២ហិកតារកន្លះនោះមក លោក សុំប៊ូន ក៏ក្លាយទៅជាមនុស្សមានបំណុលរុំកោះ ជំពាក់ប្រាក់មិត្តភក្តិនិងម្ចាស់ហាងជីនិងថ្នាំគីមី ជិតមួយលានបាត។ ដោយអស់កម្លាំងកាយនិងកម្លាំងចិត្ត ព្រមទាំងកម្លាំងទ្រព្យខ្លាំងពេក លោក សុំប៊ូន បានម៉ៅចម្ការឲ្យឈ្មួញទុរេន ហើយពួកគេក៏បានប្រើវិធីគាបដើមទុរេនឲ្យចេញផ្លែខុសរដូវ។ ក្នុងការបង្ខំទុរេនឲ្យចេញផ្លែក្រៅរដូវនេះ គេត្រូវប្រើសារធាតុគីមីបាញ់បញ្ចូលទៅក្នុងគល់ដើមទុរេន និងយកសារធាតុគីមីស្រោចគល់យ៉ាងជោកជាំ។
លោក សុំប៊ូន អធិប្បាយថា ៖ "ការធ្វើឲ្យទុរេនចេញផ្លែខុសរដូវ គឺការគាបបង្ខំឲ្យទុរេនជិតស្លាប់។ ដំបូងគេបំប៉នវាឲ្យស្លឹកនិងដើមមានអាហារគ្រប់គ្រាន់ ស្លឹកឡើងស្រស់បំព្រង រួចហើយគេបញ្ឈប់ការរីកលូតលាស់របស់វា បង្អត់អាហារវា គាបឲ្យវាចេញផ្លែ។ បញ្ហានៅត្រង់យើងមិនដឹងថា តើត្រូវធ្វើយ៉ាងណាទើបអាចជួយដាស់ដើមទុរេនធ្វើឲ្យវាមានកម្លាំង ឲ្យវាលូតលាស់ឡើងវិញ ព្រោះថា ក្រោយអស់កិច្ចសន្យាហើយពួកឈ្មួញគេនាំគ្នាទៅបាត់អស់។ ខ្ញុំដើរមើលដើមទុរេន ឃើញស្លឹកវាឡើងលឿង។ ពេលខ្យល់បក់ម្តងៗ ស្លឹកវាជ្រុះស្រោចមកលើដី។ ដើមទុរេនស្ទើរងាប់អស់ពីចម្ការ។ ពេលខ្ញុំទៅសួរតាមហាងលក់ថ្នាំគីមីទាំងនោះ ពួកនៅហាងក៏ចង់លក់ថ្នាំរបស់គេ។ ដូច្នេះគេណែនាំថាឲ្យប្រើថ្នាំនេះល្អ ឬថ្នាំនោះល្អ ដល់យើងទៅដល់គេក៏ត្រៀមថ្នាំឲ្យ តែតម្លៃវាថ្លៃទាល់តែមែនទែន ម្តងៗ ៤-៥ម៉ឺនបាត យកមកបាញ់ម្តង-ពីរដង ក៏អស់ចាំបាច់ត្រូវរត់ទៅរកទៀត ហើយត្រូវចំណាយ ៥-៦ម៉ឺនទៀត។ ដំបូងនៅមានលុយមិនអីទេ តែក្រោយមកគ្មានលុយក៏ចាំបាច់ត្រូវជំពាក់គេសិន។ ទិញជឿគេរហូតដល់ជំពាក់បំណុលនៅគ្រប់ហាង ទាល់តែគេលែងឲ្យស៊ីញ៉េជឿ"។
លោក សុំប៊ូន អស់សង្ឃឹមខ្លាំង ទាំងក្ស័យទុនផង បាត់អស់កិត្តិយសព្រោះជំពាក់បំណុលគេពាសវាលផង ចាំតែគេចមុខម្ចាស់បំណុលដែលតាមទារប្រាក់យ៉ាងអាម៉ាស់បំផុត។ លោកធ្លាក់ទឹកចិត្តរហូតដល់គិតបាញ់ក្បាលខ្លួនឯងឲ្យស្លាប់ផុតមុខផុតមាត់គេឯងទៅ។
លោក សុំប៊ូន ឲ្យដឹងដូច្នេះ ៖ "ខ្ញុំសោកស្តាយខ្លាំងណាស់ ដើរទៅក្នុងចម្ការទឹកភ្នែកខ្ញុំហូររហាម។ ឈរមើលដើមទុរេនហើយស្ទើរតែដាច់ខ្យល់ស្លាប់ ព្រោះយើងដាំវាមកនឹងដៃ យើងស្រឡាញ់ដើមឈើណាស់ ឃើញវាងាប់នៅនឹងមុខ ធ្វើអ្វីលែងត្រូវរត់ឆ្លេឆ្លារកថ្នាំមកព្យាបាល តែក៏ជួយវាបានមិនប៉ុន្មានដើម ព្រោះគ្មានជំនាញនិងគ្មានទុន។ ដើរទៅជួបមិត្តភក្តិត្រូវគេចមុខព្រោះខ្មាសគេ។ ជួបម្ចាស់បំណុលក៏គេចមុខ ខ្មាសគេ។ ខ្ញុំទាញកាំភ្លើងចេញមកដើម្បីបញ្ចប់ជីវិតខ្លួនឯង លែងចង់រស់ទៀតហើយ ខ្មាសសត្វឆ្កែ"។
តែលោក សុំប៊ូន មិនស្លាប់ ដោយសំណាងល្អយប់នោះចំថ្ងៃទី ៤ ធ្នូ កាលពី ១២ឆ្នាំមុន ស្តេចថៃ ព្រះចៅភូមិផុន អាឌុនដេត ទ្រង់បានថ្លែងសុន្ទរកថា ក្នុងឱកាសទិវាចម្រើនព្រះជន្មរបស់ព្រះអង្គ ដោយទ្រង់បានអធិប្បាយពីគុណសម្បត្តិនៃសេដ្ឋកិច្ចគ្រួសារ ដែលព្រះអង្គប្រទានឈ្មោះថាសេដ្ឋកិច្ចគ្រប់គ្រាន់។ គោលការណ៍សំខាន់នៃសេដ្ឋកិច្ចគ្រប់គ្រាន់នេះ គឺជាគោលការណ៍ស្រដៀងគ្នានឹងយុទ្ធសាស្រ្តលើកកម្ពស់កម្រិតជីវភាព ដោយការធ្វើកសិដ្ឋានគ្រួសារ ផ្សព្វផ្សាយដោយលោក លីកាំសាយ ក្នុងសៀវភៅប្រជុំបទពិសោធន៍ងាយយល់ស្រួលអនុវត្តរបស់លោកកាលពីឆ្នាំ ១៩៩៩ នោះដែរ។
ក្រោយពីបានស្តាប់ការណែនាំរបស់ព្រះមហាក្សត្រអំពីសេដ្ឋកិច្ចគ្រប់គ្រាន់ ដែលសង្កត់ធ្ងន់ទៅលើការដាំដំណាំចម្រុះ មិនដាំអ្វីតែមួយមុខដូចកសិករទូទៅនិយមធ្វើនោះមក លោក សុំប៊ូន ក៏ប្តេជ្ញាចិត្តអនុវត្តតាមលំនាំនេះយ៉ាងប្តូរផ្តាច់។ បច្ចុប្បុន្នេះ លោក សុំប៊ូន បានសងប្រាក់គេអស់ហើយ ហើយនៅសល់ប្រាក់ជាច្រើន ក្លាយជាក្តុម្ពីដ៏សំខាន់មួយរូបនៅខេត្តឈុមផន គ្រួសាររបស់លោករស់នៅជួបជុំគ្នា ដោយមានចំណូលប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំឥតដាច់។
កាលពីឆ្នាំកន្លងទៅ លោក សុំប៊ូន មានចំណូលពីកសិដ្ឋានទំហំតែជាង ២ហិកតារនេះ សរុបជិត១លាន៤សែនបាត ស្មើនឹងប្រមាណ ១៤០លានរៀល។ តើលោក សុំប៊ូន អនុវត្តសេដ្ឋកិច្ចគ្រប់គ្រាន់ដោយវិធីណា?
