ឧទាហរណ៍​ក្នុង​ការ​អនុវត្ត​កសិកម្ម​លាយ​ផ្សំ​ក្នុង​កសិដ្ឋាន​គ្រួសារ (ភាគ៣)

2009-09-20

សេដ្ឋកិច្ច​គ្រប់គ្រាន់​ដែល​ស្តេច​ថៃ ព្រះចៅ​ភូមិផុន អាឌុនដេត ទ្រង់​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​យក​ទៅ​បដិបត្តិ សង្កត់​ធ្ងន់​លើ​ការ​ពឹង​ពាក់​ខ្លួន​ឯង​ជា​សំខាន់។

ខ្ញុំ​បាទ​បាន​លើក​យក​បច្ចេកទេស​ធ្វើ​ចម្ការ​ចម្រុះ​ដំណាំ ដែល​លោក សុំប៊ូន ស៊ីស៊ុបាត់ កសិករ​ថៃ នៅ​ភូមិ​ថៈណម ឃុំ​ឆង់ម៉ៃកែវ ស្រុក​ធុងតាកូ ខេត្ត​ឈុមផន នៃ​ភូមិភាគ​ទក្សិណ ប្រទេស​ថៃ ច្នៃ​ប្រឌិត​វិធី​ដាំ ដោយ​ឲ្យ​ឈ្មោះ​ថា ចម្ការ​តាម​បែប​ផ្ទះ ខនដូ ៩​ជាន់​មក​ជម្រាប ដើម្បី​បង្ហាញ​ជូន​មិត្ត​អ្នក​ស្តាប់​ថា ការ​ដាំ​ដំណាំ​ច្រើន​មុខ ផ្ញុក​ក្នុង​ទី​តែមួយ​ពុំ​មែន​ជា​រឿង​ដែល​ធ្វើ​មិន​បាន​នោះ​ឡើយ។

ម្យ៉ាង​ទៀត​អ្នក​ដែល​គិត​ថា ដាំ​ដំណាំ​ច្រើន​យ៉ាង​លាយ​គ្នា​ញឹក​ស្អេក​ស្កះ ដូច​ព្រៃ​ញៀត​ស្បាត នឹង​ពុំ​បាន​ផល​ទេ​នោះ ច្បាស់​ជា​យល់​ច្រឡំ​ហើយ ព្រោះ​ថា​ចម្ការ​តែ​ជាង ២​ហិកតារ​កន្លះ របស់​លោក សុំប៊ូន ជា​គំរូ​ស្រាប់​ថា ការ​ដាំ​ដំណាំ​ច្រើន​មុខ​លាយឡំ​គ្នា ដោយ​គោរព​តាម​ប្រភេទ​ដំណាំ និង​យ៉ាង​មាន​ប្រព័ន្ធ​ច្បាស់​លាស់​នោះ វា​ជា​ការ​ល្អ​ទៅ​វិញ​ទេ ព្រោះ​ថា​រុក្ខ​ជាតិ​ទាំង​នោះ វា​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ថា​ស្លឹក​ឈើ មែក​ធាង​ដំណាំ​ខ្លះ​ពុក​រលួយ​ជួយ​ឲ្យ​កើត​ជា​មមោក ដី​មាន​ម្លប់ ជាំ​ទឹក មាន​ឫសដី ឬ​ជន្លេន​ទ្រោក​ច្រើន​ ដី​កាន់តែ​ធូរ ដាំ​អី្វ​ក៏​ដុះ​រីក​លូត​លាស់​ដែរ។

និយាយ​ពី​ដំណាំ​ប្រភេទ​រំដេង ខ្ជាយ ខ្ញី និង​រមៀត លោក សុំប៊ូន បាន​ប្រាប់​ហើយ​ថា លោក​ដាំ​នៅ​គ្រប់​កន្លែង​ដែល​ដី​នៅ​ទំនេរ ហើយ​លោក​បាន​ឲ្យ​ដឹង​ថា លោក​ជីក​លក់​ឲ្យ​រោងចក្រ​ផលិត​ម្សៅ​មើម​រុក្ខជាតិ​ឱសថ​ទាំង​នេះ មួយ​សប្តាហ៍​ម្តង រៀង​រាល់​សប្តាហ៍ គឺ​មាន​កុងត្រា​ផ្តល់​ឲ្យ​គេ​ទទួល​ទិញ​ឥត​ដាច់។

សួរ​ថា​បើ​តម្លៃ​លើ​ទីផ្សារ​ធ្លាក់​ចុះ តើ​មាន​បញ្ហា​អ្វី​នឹង​ផលិតផល​ទាំង​នេះ​ដែរ​ទេ? លោក សុំប៊ូន ស៊ីស៊ុបាត់ មាន​ប្រសាសន៍​ថា ៖ "ខ្ជាយ​បើ​មិន​ជីក​វា​ក៏​មិន​បង្ក​ជា​រឿង​ឲ្យ​ក្តៅ​ក្រហាយ​អ្វី​ដែរ។ ឆ្នាំ​នេះ​បាន​ប៉ុណ្ណេះ គឺ​ក្នុង​មួយ​គុម្ព​ជីក​បាន​ប្រមាណ ១​គីឡូក្រាម។ បើ​មិន​ជីក​វា ទុក​ដល់​ឆ្នាំ​ក្រោយ មិន​មែន​បាន ២​គីឡូ​ទេ គឺ​បាន​ដល់​ទៅ ៣ ឬ ៤​គីឡូ​ឯ​ណោះ។ វា​នឹង​រីក​ធំធាត់​ទ្វេ​គុណ ២ ទៅ ៣​ដង ហើយ​បើ​ទុក ៣​ឆ្នាំ មួយ​គុម្ព​ដដែល​នេះ​នឹង​ផ្តល់​ផល​ដល់​ទៅ ១០​គីឡូក្រាម"

ក្នុង​ចម្ការ​ដែល​លោក សុំប៊ូន សន្មត​ថា ជា​ផ្ទះ​ខនដូ ៩​ជាន់​នេះ យើង​បាន​ឮ​ហើយ​ថា​មាន​ជាន់​ទី​១ ដែល​ជា​ស្រះ​ទឹក​សម្រាប់​ស្រោច​ដំណាំ​ផង ចិញ្ចឹម​ត្រី​ផង និង​ដាំ​ឈូក ព្រលិត និង​ត្រកួន​ផង។ ជាន់​ទី​២ គឺ​ពពួក​ដំឡូង​និង​រុក្ខជាតិ​មើម ឬ​ប្រទាល​នានា ដូចជា រំដេង ខ្ញី ខ្ជាយ រមៀត​ជាដើម។ ទី​៣ គឺ​បន្លែ​បង្ការ ស្ពៃ ខាត់ណា ម្ទេស ស្លឹកគ្រៃ ។ល។ ទី​៤ គឺ​ក្រូច​ចិន ហៅ​ក្រូច​មាស ដែល​ផ្តល់​ចំណូល ១​ថ្ងៃ ប្រមាណ ២.០០០​បាត។ ទី​៥ ដាំ​ចេក​កាប់​លក់​រាល់​អាទិត្យ។ ទី​៦ គឺ​ទុរេន​ជាង ៧០០​ដើម ដើម​ស្លា ជាង ១០០​ដើម ឈើ​ហូប​ផ្លែ ដូចជា​ឡងកង ៥០​ដើម លាំងសាត ៥០​ដើម មង្ឈុត ១០០​ដើម និង​ក្រូច​ថ្លុង ក្រូច​ពោធិ៍សាត់ ជា​ច្រើន​ទៀត។

នៅ​ជាន់​ទី​៧ លោក សុំប៊ូន ដាំ​ម្រេច​ពូជ​ល្អ ដោយ​ប្រើ​ដើម​ឈើ​ធំៗ មាន​ទុរេន ឈើ​ខ្លឹម​ជា​ជន្លង់។ បាន​សេចក្តី​ថា ក្នុង​ចម្ការ​នេះ លោក សុំប៊ុន មិន​ដាំ​ត្រឹម​តែ​បន្លែ​បង្ការ ទុរេន និង​ឈើ​ហូប​ផ្លែ តែ​ប៉ុណ្ណោះ​ទេ លោក​ដាំ​រហូត​ដល់​ឈើ​ខ្លឹម​ថែម​ទៀត ដែល​លោក​ចាត់​ថា​ជា​ជាន់​ទី​៨ នៃ​ចម្ការ​ផ្ទះ​ខនដូ ៩​ជាន់​នេះ។ ឈើ​ខ្លឹម​ទាំង​នេះ គឺ​ជា​វិភាគទាន​របស់​កសិករ​ថៃ​រូប​នេះ​ចំពោះ​ការ​ការពារ​បរិស្ថាន និង​ទប់ស្កាត់​កំណើន​កម្ដៅ​ផែនដី ដែល​គេ​ហៅ​ថា Global warming ធ្វើ​ឲ្យ​បាន​មក​នូវ​ម្លប់ និង​ភាព​ត្រជាក់​ត្រឈឹង​ត្រឈៃ។ ក្រៅ​ពី​នេះ​ដើម​ឈើ​ធំៗ ដូច​ជា​បេង ស្រឡៅ ផ្ចឹក ធ្នង់់ គគីរ ដែល​លោក​ដាំ​ពង្រាយ​ក្នុង​ចម្ការ គឺ​ជា​ប្រាក់​សន្សំ​ទុក​ក្នុង​ធនាគារ​រុក្ខជាតិ​សម្រាប់​អនាគត​ទៀត​ផង។

លោក សុំប៊ូន បាន​ដាំ​ឈើ​ខ្លឹម​ទាំង​អស់​ជាង ១.៣០០​ដើម ដែល​ពូជ​បាន​ពី​រដ្ឋបាល​ព្រៃឈើ​ នៃ​ក្រសួង​កសិកម្ម ៖ "ដាំ​ដើម​ឈើ​និង​ដាំ​ទុរេន​ខុស​គ្នា​ត្រង់​ដែល​ថា ដាំ​ទុរេន​យើង​ត្រូវ​ស្រោច​ទឹក​វា តែ​ដាំ​ឈើ​ខ្លឹម​យើង​ពឹង​ឲ្យ​ទេវតា​ចិញ្ចឹម។ ដាំ​ហើយ​យើង​មិន​បាច់​ដាក់​ជី មិន​បាច់​ស្រោច​ទឹក មិន​បាច់​ដាក់​អ្វី​វា​ទាំង​អស់ តែ​វា​ធំ​លូត​លាស់​រៀង​រាល់​ថ្ងៃ។ យោង​តាម​ស្ថិតិ ក្រោយ​ទូទាត់​លាត់​សើយ​ហើយ ឃើញ​ថា វា​ធំ​មួយ​ថ្ងៃ ៣​បាត។ ថ្ងៃ​ណា​មួយ បើ​យើង​ហត់នឿយ យើង​ក៏អាច​ទៅ​វិស្សមកាល​កំសាន្ត​នៅ​ទីណា​ក៏​បាន ដើម​ឈើ​វា​រីក​លូត​លាស់​រាល់​ថ្ងៃ​មិន​បាច់​ព្រួយ​បារម្ភ​ពី​វា​ឡើយ។ យើង​ដាំ​វា​ធ្វើ​ជា​ជន្លង់​ម្រេច​ក៏​បាន។ រឿង​កាប់​វា​យើង​មិន​បាច់​គិត​ទេ គឺ​ទុក​វា​ជា​មរតក​ដល់​កូន​ចៅ។ ទុក​ឲ្យ​កូន​ចៅ​គេ​កាប់​វា​ទៅ​ចុះ យើង​មិន​បាច់​កាប់​វា​ទេ។ តែ​បើ ២០-​៣០​ឆ្នាំ​ទៀត យើង​មិន​ទាន់​ស្លាប់ ថ្ងៃ​ណា​មួយ​ចង់​ទៅ​លេង​ប្រទេស​ជប៉ុន ឬ​ទស្សនា​កំសាន្ត​ជុំវិញ​ពិភពលោក យើង​អាច​កាប់​តែ ២​ដើម លក់​បាន​ប្រាក់​រាប់​ម៉ឺន​សម្រាប់​ជា​រង្វាន់​ដល់​ជីវិត​យើង។ មាន​ជាង ១​ពាន់​ដើម កាប់​តែ ២​ដើម វា​មិន​អស់​ទេ បើ​កាប់​រួច​ដាំ​ជំនួស​វិញ​ភ្លាម​នោះ"

មក​ដល់​ជាន់​ទី​៩ ដែល​ជា​ជាន់​កំពូល​នៃ​ចម្ការ​បែប​ផ្ទះ​ខនដូ របស់​លោក សុំប៊ូន គេ​ឃើញ​មាន​ដើម​ឈើ​លូត​ស្រឡូន​ជា​ច្រើន​ដើម។

លោក សុំប៊ូន អធិប្បាយ​ដូច្នេះ ៖ “ទាំងអស់​នេះ​គឺ​ដើម​ឈើទាល ជា​ជាន់​ទី​៩។ យើង​ទើប​នឹង​ដាំ​បាន​មួយ​ឆ្នាំ។ ឈើ​ទាល គឺ​ជា​ស្តេច​នៃ​ដើម​ឈើ មាន​កម្ពស់​ប្រមាណ ៤០​ម៉ែត្រ។ ក្នុង​ជីវិត​របស់​ខ្ញុំ ហ្លួង​គឺ​ជា​របស់​ខ្ពស់​បំផុត​សម្រាប់​ជីវិត​ខ្ញុំ។ ខ្ញុំ​ស្រឡាញ់​ព្រះករុណា​ព្រះមហាក្សត្រ ហើយ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ព្រះអង្គ។ ដូច្នេះ​ក្នុង​ចម្ការ​នេះ ខ្ញុំ​មាន​គំនិត​ថា ត្រូវ​តែ​ដាំ​ដើម​ឈើទាល​ថ្វាយ​ដល់​ព្រះករុណា។ដូច្នេះ​ហើយ​ទើប​ជាន់​នេះ ហៅ​ថា​ជាន់​ទី​៩ ដែល​ជា​ជាន់​កំពូល មាន​តម្លៃ​ខាង​ផ្លូវ​ចិត្ត​សម្រាប់​ខ្ញុំ​ជា​ទីបំផុត"

លោក សុំប៊ូន មាន​ប្រសាសន៍​ថា ជីវិត​មនុស្ស​យើង​មាន​ន័យ ឬ​អត់ មិន​មែន​នៅ​នឹង​ចំនួន​ប្រាក់​ក្នុង​ធនាគារ​នោះ​ឡើយ តែ​នៅ​នឹង​ការ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ដែល​ខ្លួន​បាន​មក​ដោយ​ក្តី​សុច្ចរិត និង​ឧស្សាហ៍​ព្យាយាម។ លោក​ធ្វើ​ចម្ការ​ប្រភេទ​ដំណាំ​ចម្រុះ​នេះ ដោយ​វីរិយភាព​ជា​ច្រើន​ឆ្នាំ រហូត​ដល់​សង​បំណុល​គេ​អស់​ក្លាយ​ខ្លួន​ជា​ក្តុម្ពី មាន​មុខ​មាន​មាត់ មាន​ប្រាក់​ចំណូល​ឥត​ដាច់​រាល់​ថ្ងៃ រាល់​អាទិត្យ រាល់​ខែ និង​រាល់​ឆ្នាំ។

លោក សុំប៊ូន មាន​ប្រសាសន៍​ដូច្នេះ ៖ "ឧត្តម​គតិ​របស់​ខ្ញុំ គឺ​ធ្វើ​ចម្ការ​ដើម្បី​ស៊ី​ចុក ស៊ី​ចុក​ឆ្អែត​ហើយ​ខ្ញុំ​ចែក​ចាយ​ដល់​អ្នក​ដទៃ រួច​ហើយ​យក​ទៅ​ដោះ​ដូរ​មុន​នឹង​លក់​ចេញ​ជា​ទំនិញ"

តើ​លោក សុំប៊ូន នៅ​មាន​ការ​យល់​ដឹង​ពី​មូលហេតុ​អ្វី​ទៀត ដែល​ធ្វើ​ឲ្យ​កសិករ​ភាគ​ច្រើន​ពុំ​អាច​មាន​ជីវភាព​ធូរធារ​បាន​នោះ?

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក

ផល​ដំណាំ​សណ្ដែក​សៀង​នៅ​រតនគិរី​ខូច​ខាត​ប្រមាណ​៥០%

សង្គ​មស៊ីវិល​អំពាវនាវ​ឲ្យ​កសិករ​ដាំ​ស្រូវ​ដោយ​ប្រើ​ប្រាស់​ជី​ធម្មជាតិ

អ្នក​ជំនាញ​និង​ពលរដ្ឋ​បារម្ភ​​ខ្លាច​​​បាត់​បង់​ពូជ​ឃ្មុំ

សារសំខាន់​នៃ​ការ​ចិញ្ចឹម​បង្កង​ក្នុង​ស្រែ

សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​ខក​ខាន​ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ហុងកុង

កសិករ​ខ្មែរ​ទៅ​ទស្សន​កិច្ច​សិក្សា​នៅ​ខេត្ត​សុរិន្ទ​របស់​ថៃ

ឧទាហរណ៍​ក្នុង​ការ​អនុវត្ត​កសិកម្ម​លាយ​ផ្សំ​ក្នុង​កសិដ្ឋាន​គ្រួសារ (ភាគ២)

ឧទាហរណ៍​ក្នុង​ការ​អនុវត្ត​កសិកម្ម​លាយ​ផ្សំ​ក្នុង​កសិដ្ឋាន​គ្រួសារ (ភាគ១)