វិធី​ផ្សំ​មេ​ជី​ទឹក​ប្រើប្រាស់​លើ​ដំណាំ​ស្លឹក​និង​ដំណាំ​ស្រូវ

កសិករ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី​ក្នុង​វិស័យ​កសិកម្ម។ ពួកគាត់​បាន​រៀន​ពី​គ្នា​នូវ​វិធី​ផ្សំ​មេ​ជី​ធម្មជាតិ​ច្រើន​ប្រភេទ ដើម្បី​ប្រើប្រាស់​លើ​ដំណាំ​ដែល​គាត់​បាន​ដាំ។
ដោយ អ៊ុក សាវបូរី
2012-09-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​កាត់​បន្ថយ​ប្រើប្រាស់​ជីគីមី​ដែល​នាំ​ចូល​ពី​បរទេស ហើយ​មក​និយម​ប្រើប្រាស់​ជី​ដែល​កែច្នៃ​ពី​ធម្មជាតិ ធ្វើ​ឲ្យ​កសិករ​ចំណេញ​ច្រើន​ក្នុង​ការ​ចំណាយ​លើ​មុខ​របរ​កសិកម្ម។

បណ្ដាញ​កសិករ​ឆ្នើម​របស់​អង្គការ​សេដាក (CEDAC) រស់នៅ​ភូមិ​ចមពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឈ្មោះ រស់ ម៉ៅ។ លោក​បាន​ប្រែក្លាយ​ជីវភាព​ពី​យ៉ាប់យ៉ឺន មក​ធូរធារ និង​រុងរឿង​ដោយ​ការ​ផ្លាស់ប្ដូរ​វិធី​ប្រើ​ជីគីមី​មក​ប្រើ​ជីធម្មជាតិ​ដែល​ផ្សំ​ដោយ​ខ្លួន​ឯង។

សព្វថ្ងៃ​នេះ លោក រស់ ម៉ៅ កំពុង​បង្រៀន​អ្វី​ដែល​គាត់​ចេះ​ទៅ​ដល់​កសិករ​ដទៃ​ទៀត មិន​ថា​កសិករ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​ទេ។ លោក​ត្រូវ​ក្រសួង​កសិកម្ម និង​អង្គការ​សេដាក រើស​ជា​កសិករ​ឆ្នើម​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម។

លោក រស់ ម៉ៅ បាន​ថ្លែង​ថា ក្រោយពី​គាត់​បោះបង់​ការទិញ​ជីគីមី ហើយ​ងាក​មក​ប្រមូល​ស្លឹកឈើ សំបក​រុក្ខជាតិ សំរាម កាកសំណល់​ផ្ទះបាយ លាមក​សត្វ ដី​មមោក ដី​ដំបូក​ជាដើម មក​កែច្នៃ​ជា​ជី​បំប៉ន​ដំណាំ គាត់​ចំណេញ​លុយ​ច្រើន​លាន​រៀល​ក្នុង ១​រដូវ​ដាំដុះ។

លោក​បាន​ប្រាប់​ពី​វិធី​ងាយៗ ដែល​អាច​ផ្សំ​ស្លឹកឈើ​មក​ធ្វើ​ជា​មេជី សម្រាប់​បំប៉ន​ដំណាំ​បន្លែ​យក​ស្លឹក និង​បំប៉ន​ផ្លែ​ស្រូវ គឺ​ការ​ផលិត​មេជី​ទឹក​ដែល​មាន​ស្លឹក​ទន្ទ្រានខេត្ត ស្ករត្នោត និង​ទឹក​ធម្មតា​ប៉ុណ្ណោះ។ ក្នុង​ការ​ផលិត​គួរ​ត្រៀម ពាង ខាប ធុង ដែល​មាន​ចំណុះ ៥០​លីត្រ​ឡើង​ទៅ។

លោក រស់ ម៉ៅ៖ «ជី​ទឹក​នេះ​បាន​ន័យ​ថា យើង​ធ្វើ​កំប៉ុស​ទឹក ដែល​មាន​ធាតុផ្សំ​វា ស្លឹក​ទន្ទ្រានខេត្ត ៥​គីឡូ ស្ករត្នោត​កន្លះ​គីឡូ និង​ទឹក ២​លីត្រ»

ក . វីធី​ផ្សំ​មេជី​ទឹក​បំប៉ន​ដំណាំ​ស្លឹក និង​បំប៉ន​ផ្លែ​ស្រូវ

ត្រូវ​រក​ឲ្យ​បាន​ស្លឹក​ត្រួយ​ទន្ទ្រានខេត្ត​ខ្ចីៗ ចំនួន ៥​គីឡូក្រាម បូត​យក​ស្លឹក​វា​សុទ្ធ គ្មាន​ធាង​នៅ​ក្នុង​នោះ​​ទេ គឺ​យក​ទៅ​ចិញ្ច្រាំ​ឲ្យ​ហ្មត់ ហើយ​ហាលថ្ងៃ​ឲ្យ​ស្ងួត​ល្មម ឬ​គេ​ហៅថា ស្រពាប់ រួច​យក​វា​ទុក​សិន។ បន្ទាប់​មក​ចាំ​យក​ស្ករត្នោត​ដែល​ខ្មៅ​ចង់​ខូច គេ​លក់​វា​ថោកៗ ឬ​ចង់​បោះចោល​ចំនួន​កន្លះ​គីឡូក្រាម លាយ​ជាមួយ​ទឹក​ធម្មតា ២​លីត្រ ចាំ​កូរ​វា​ឲ្យ​សព្វ​ចូលគ្នា។ មួយ​សន្ទុះ​ក្រោយ​មក​ត្រូវ​យក​ស្លឹក​ទន្ទ្រានខេត្ត ដែល​ចិញ្ច្រាំ និង​ហាល​រួច​នោះ​ទៅ​លាយ​ជាមួយ​ទឹក​ស្ករត្នោត​ឲ្យ​វា​សព្វ។ លាយ​ជា​ល្បាយ​សព្វ​ហើយ​យក​ទឹក​ល្បាយ​នោះ ទៅ​ចាក់​ក្នុង​ខាប ឬ​ពាង ឬ​ធុង ដែល​បាន​ត្រៀម និង​មាន​គម្រប​ត្រឹមត្រូវ ដើម្បី​ត្រាំ​ទុក​ទឹក​ល្បាយ​នោះ។

នៅ​ពេល​ចាក់​ទឹក​ល្បាយ​ក្នុង​ពាង ឬ​ធុង ឬ​ខាប នោះ​ហើយ​ត្រូវ​យក​វា​ទៅ​ដាក់​នៅ​ក្នុង​ម្លប់ ដោយ​រក្សា​កម្ដៅ​របស់​ទឹក​ល្បាយ​ក្នុង​ខាប ឬ​ពាង ឬ​ធុង ឲ្យ​វា​នៅ​ក្នុង​សីតុណ្ហភាព​ចន្លោះ​ពី ២៥​ទៅ ៣០​អង្សាសេ។

លោក រស់ ម៉ៅ៖ «បន្ទាប់​មក​យើង​គ្រប​វា​ឲ្យ​ជិត។ អ៊ីចឹង​ក្នុង​ការ​គ្រប​នេះ គឺ​យើង​គ្រប​បាន តែ​ពពួក​ណា​ដែល​វា​មាន​ខ្យល់​ចេញចូល។ គម្រប​ដែល​គ្រប​ឲ្យ​ជិត​នោះ​ គឺ​មិន​បាន​ទេ វា​បណ្ដាល​ឲ្យ​ផ្ទុះ»

លោក រស់ ម៉ៅ បន្ត​ថា បន្ទាប់ពី​គ្រប​ទុក និង​រក្សា​ល្បាយ​នៅ​ក្នុង​ម្លប់​សីតុណ្ហភាព​ចន្លោះ​ពី ២៥ ទៅ ៣០​អង្សាសេ ត្រូវ​ទុក​រយៈពេល​ចំនួន ១​អាទិត្យ។ ល្បាយ​នោះ​វា​នឹង​កាច់​ចូល​គ្នា។ នៅ​ពេល​វា​កាច់​ក្នុង​ពាង ខាប ឬ​ធុង វា​ឡើង​កម្ដៅ​ខ្លាំង​ក្នុង​ពាង ឬ​ធុង ឬ​ខាប់។ ដើម្បី​បន្ថយ​កម្ដៅ​នៃ​ល្បាយ​កំពុង​កាច់​ នោះ លោក រស់ ម៉ៅ ប្រាប់​ឲ្យ​បើក​គម្រប ពាង ឬ​ខាប ឬ​ធុង ដើម្បី​កូរ​ទឹក​ល្បាយ​នោះ​ឲ្យ​កម្ដៅ​ភាយ​ទៅ​ក្នុង​បរិយាកាស។

លោក​ថា ការ​កូរ​ទឹក​ល្បាយ​នោះ គឺ​កូរ​ឲ្យ​បាន​ក្នុង ១​អាទិត្យ ៣​ថ្ងៃ។ ក្រោយ​ពី​ល្បាយ​នោះ​បាន​ត្រាំ​ផ្អាប់​ទុក​រយៈពេល ១​អាទិត្យ លោក​ថា វា​បាន​ប្រែធាតុ ឬ​គេ​និយម​ហៅ​ថា វា​កាច់​ទៅ​ជា​មេ​ទឹក​ជី​បំប៉ន៖ «ពីព្រោះ​កាល​ណា​យើង​ដាក់​នៅ​ក្នុង​ថ្ងៃ​ក្ដៅ វា​បណ្ដាល​ឲ្យ​ខូច​គុណភាព កាលណា​វា​ក្ដៅ គឺ​សត្វ​ដែល​មក​កាច់​នៅ​ក្នុង​ហ្នឹង​វា​ងាប់ ឬ​វា​អន់ អ៊ីចឹង​គឺ​យើង​ទុក​ក្នុង​ម្លប់ នៅ​កន្លែង​ណា​ដែល​ត្រជាក់​ប្រហែល​ជា ២០​អង្សា​អី​បាន។ ព្រោះ​ថា ធាតុ​ហ្នឹង វា​ត្រូវការ​ត្រជាក់​ច្រើន​ជាង។ កាលណា​យើង​ធ្វើ​វា​មាន​ដង្កូវ​ចេញ​នៅ​ក្នុង​ហ្នឹង​ហើយ ចេញ​ពេញ​នៅ​ក្នុង​ទឹក​ជី​ហ្នឹង​​ទាំង​អស់»

លោក​ឲ្យ​ដឹង​ទៀត​ថា ពេល​ផ្សំ​បាន​មេ​ជី​ទឹក​នោះ​ហើយ មិន​អាច​យក​ទៅ​ប្រើ​ភ្លាមៗ​ទេ ត្រូវ​បម្លែង​វា ឲ្យ​ទៅ​ជា​កំប៉ុស​ទឹក​សិន ប្រសិនបើ​ចង់​យក​វា​ទៅ​ប្រើ​ស្រោច​បន្លែ និង​ស្រូវ​ដោយ​គ្រាន់តែ​ថែម​ស្ករត្នោត ១​គីឡូ និង​ទឹក​ច្រើន​លីត្រ​ជាង​មុន សម្រាប់​មក​លាយ​ជាមួយ​មេជី​ទឹក​ផ្សំ​បាន​នោះ។

លោក រស់ ម៉ៅ៖ «ធ្វើ​បន្ត​ទៀត យើង​យក​ស្ករត្នោត ១​គីឡូ ទឹក ២០​លីត្រ យក​មក​លាយ​ជាមួយ ស្ករត្នោត ១​គីឡូ និង​សព្វ​ហើយ​យើង​យក​ទឹក​ហ្នឹង យក​មក​ចាក់​ដាក់​មេជី​ដែល​យើង​ផ្សំ​បាន​ហើយ។ អ៊ីចឹង​គឺ​យើង​ទុក​វា​ឲ្យ​បាន ៧​ថ្ងៃ​ទៀត ហើយ​កូរ​ឲ្យ​បាន ៣​ដង ដូច​ដែល​ពី​មុន​អ៊ីចឹង អ៊ីចឹង​វា​បាន ១៤​ថ្ងៃ វា​នឹង​កាច់​ទៅ​ជា​កំប៉ុស​ទឹក​ហើយ»

ខ. វិធី​ប្រើ​កំប៉ុស​ទឹក សម្រាប់​បំប៉ន​ដំណាំ

លោក រស់ ម៉ៅ បាន​អះអាង​ថា ត្រូវ​ដង​ទឹក​ជីកំប៉ុស​នោះ​ចំនួន ១​លីត្រ​មក​លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន ១០​លីត្រ យក​ទៅ​ស្រោច​លើ​ដំណាំ ដែល​យក​ស្លឹក​សម្រាប់​ធ្វើម្ហូប​ដូចជា ស្ពៃ សាលាដ ខាត់ណា ខ្ទឹម ត្រកួន​ជាដើម យក​ទឹក​នោះ​ទៅ​ស្រោច​នៅ​ពេលរសៀល​ឲ្យ​សព្វ​លើ​រង​បន្លែ​ទាំងនោះ។

លោក​បន្ថែម​ថា ចំពោះ​ការ​ប្រើ​ជីកំប៉ុស​ទឹក​លើ​ដំណាំស្រូវ ត្រូវ​លាយ​ទឹក​ជី​ជាមួយ​នឹង​ទឹក​ធម្មតា​ដូច​គ្នា​ដែរ៖ «ប្រើ​នៅ​លើ​ស្រូវ គឺ​យើង​យក​ក្នុង ១​ហិកតារ​គឺ​យើង​ប្រើ ៤០០​លីត្រ។ អ៊ីចឹង ៤០០​លីត្រ​ហ្នឹង​គឺ​យើង​លាយ​ក្នុង ១​លីត្រ​លាយ​ទឹក ១០​លីត្រ​ដដែល​ដូចគ្នា។ ប៉ុន្តែ​បាញ់​លើ​ស្រូវ នៅ​ពេល​ដែល​ស្រូវ​លូតលាស់​បាន​មួយ​ល្បះ បាន​ន័យ​ថា ស្ទូង​បាន ១០​ថ្ងៃ​អី​ទៅ​នៃ​ការ​លូតលាស់​របស់​វា»

លោក រស់ ម៉ៅ បន្ថែម​ទៀត​ថា ការ​ប្រើ​ជីកំប៉ុស​ទឹក​នេះ​លើ​ដំណាំស្រូវ​នោះ គឺ​ត្រូវ​ប្រើ​ថែម​ទៀត នៅ​ពេល​ស្រូវ​ដង្ហើម ឬ​ហៅ​ថា ស្រូវផើម រួច​ចេញ​ផ្កា ដើម្បី​ឲ្យ​ការ​លូតលាស់​របស់​វា​ល្អ និង​មាន​គ្រាប់​ថ្លោស។ លោក​ថា ការ​ប្រើ​ជីកំប៉ុស​ទឹក​នេះ​ចំនួន ២​ដង​ក្នុង​ពេល​ដាំដុះ​ស្រូវ​នោះ​ទិន្នផល​ស្រូវ​នឹង​កើន។ លោក​ថា ការ​យក​ជីកំប៉ុស​ទឹក​ទៅ​ប្រើ​លើ​ដំណាំ​ស្រូវ មិន​ត្រូវ​ឲ្យ​ទឹក​ក្នុង​ស្រែ​មាន​កម្ពស់​ខ្ពស់ អាច​លិច​ប្រអប់​ជើង​មនុស្ស​ដើរ​ទេ។

លោក រស់ ម៉ៅ បន្ថែម​ដូច្នេះ៖ «ក្លិន​ពេល​យើង​ប្រើ​ហ្នឹង គឺ​មិន​អាច​ឲ្យ​ទឹក​ក្នុង​ស្រែ​វា​មាន​កម្ពស់​វា ១​តឹក ២​តឹក​ទេ នោះ​យើង​ប្រើ​អត់​បាន​ទេ។ អ៊ីចឹង​បាន​ន័យ​ថា ទឹក​ឆិចៗ ទឹក​តិចៗ បាច​ទៅ​គឺ​វា​ល្អ​ដល់​ស្រូវ»

លោក​អះអាង​ថា ការ​យក​ទឹក​មេ​ជីកំប៉ុស​ទៅ​ប្រើ​លើ​ដំណាំ​យក​ស្លឹក និង​ស្រូវ​នោះ​មិន​ប៉ះពាល់​ដល់​ដំណាំ ឬ​ធ្វើ​ឲ្យ​ដំណាំ​កើតជំងឺ​ផ្សេងៗ​ឡើយ៖ «កាល​ចាស់ៗ ដំណ​ត​គ្នា​មក​ស្រូវ​ក្រា​ស៊ី ឬ​មួយ​ស្រូវ​មាន​រោគ​អី គាត់​តែងតែ​យក​ស្លឹក​ទន្ទ្រានខេត្ត​នឹង​យក​ទៅ​ដោតៗ វា​បាត់​របស់​គាត់។ អ៊ីចឹង​កាលណា​យើង​យក​វា​ទៅ​ធ្វើ​ជា​មេជី​ហ្នឹង យក​ទៅ​ស្រោច​ហើយ​ទី១ វា​មាន​ជី ទី​២ អា​សត្វ​ដែល​បំផ្លាញ​​គឺ​វា​កាត់​បន្ថយ​បាន​ដល់​ទៅ ៧០%»

លោក រស់ ម៉ៅ ថ្លែង​ថា ទឹក​មេជី​ដែល​ផ្សំ​បាន​នោះ​មាន​ប្រសិទ្ធភាព​ប្រើ​ចាប់ពី ១​អាទិត្យ​ក្រោយ​ការ​ផ្សំ​រួច រហូត​ដល់​រយៈពេល ៦​ខែ បើ​ហួស ៦​ខែ ជី​ផ្សំ​នោះ​មិន​មាន​គុណភាព​ល្អ​សម្រាប់​ប្រើ​ទេ។

លោក​បន្ថែម​ទៀត​ថា គាត់​កែច្នៃ​មេជី​ទឹក​ទៅ​ជា​ជីកំប៉ុស​ទឹក ដោយ​ប្រើ​ទន្ទ្រានខេត្ត​ជា​ចម្បង​នោះ ព្រោះ​ទន្ទ្រានខេត្ត​សំបូរ គឺ​វា​ដុះ​គ្រប់ទិសទី ហើយ​សត្វ​ល្អិត​ខ្លាច​ក្លិន​របស់​វា។ ម្យ៉ាងទៀត​ទន្ទ្រានខេត្ត​ ងាយ​រក​បាន​តាម​ភ្លឺស្រែ​ក្បែរ​ថ្នល់​ជាតិ ក្នុង​ដីចម្ការ​ជាដើម។ កសិករ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ទិញ​វា​ទេ គ្រាន់តែ​ចំណាយ​ពេលវេលា​ដើរ​ច្រូត​វា យក​មក​ទុក​ជា​ការ​ស្រេច។

ប្រសិនបើ​លោក​អ្នកនាង​ចង់​ជ្រាប​លំអិត​បន្ថែម អំពី​វិធី​ផលិត​មេជី​បំប៉ន​ដំណាំ និង​វិធី​ប្រើ​ជី​នោះ សូម​ទាក់ទង​លោក រស់ ម៉ៅ តាម​រយៈ​ទូរស័ព្ទ​លេខ ០១៧ ៦៥ ៩៧ ៧៥ ឬ​អញ្ជើញ​ទៅ​ផ្ទះ​គាត់ ​នៅ​ភូមិ​ចមពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំចង់ចេះបច្ចេទេសដាំចេក​ សូមជួយចែករំលែកផងនឹងអោយលេខទូរសព្ទមកខ្ញុំដើម្បីខ្ញុំទាក់ទងផង អាចផ្ញើរពត៌មានតាម Email: pros_main@yahoo.com សូមអរគុណ

Jan 26, 2015 05:41 AM

គេហទំព័រ​ទាំងមូល