វិធី​ដាំ​ត្រសក់​ចំណារ

ដោយ អ៊ុក សាវបូរី
2014.12.07

ត្រសក់​ជា​ដំណាំ​ដាំ​បាន​គ្រប់​រដូវ ហើយ​ដែល​គេ​ច្រើន​ដាំ​នៅ​ក្នុង​តំបន់​មាត់​ទន្លេ ជា​កន្លែង​ដែល​សំបូរ​ដី​ល្បប់​ច្រើន។ ត្រសក់​ជា​ដំណាំ​វល្លិ មិន​សូវ​ត្រូវការ​ទឹក​ច្រើន​ក្នុង​ការ​ស្រោចស្រព​នៅ​រដូវវស្សា។ ត្រសក់​អាច​ដាំ​ដោយ​លើក​ជា​រង ហើយ​ដាក់​ចំណារ ឬ​ទ្រើង សម្រាប់​ឲ្យ​ដៃ​វារ​តោង​ឡើង​ដើម្បី​ផ្ដល់​ផ្លែ​ច្រើន និង​ប្រមូល​ផល​បាន​យូរ​ថ្ងៃ។

ត្រសក់​ជា​ដំណាំ​វល្លិ​វារ​ឡើង​ទ្រើង ហើយ​វា​មិន​ត្រូវ​ការ​ដី​ដែល​ជាំ​ទឹក និង​ដី​ស្ងួត​ខ្លាំង​ពេក​ទេ តែ​វា​ត្រូវការ​ដី​មាន​ជាតិ​មមោក​ច្រើន​នៅ​ពេល​ដាំ​ដុះ។ ត្រសក់​ត្រូវ​ការ​អាកាសធាតុ​ចន្លោះ​ពី ២៥ ទៅ ៣០​អង្សារសេ សម្រាប់​ការ​លូតលាស់។

ម្ចាស់​ចម្ការ​ត្រសក់​នៅ​ក្នុង​ភូមិ​ព្រែក​លួង ឃុំ​ព្រែកលួង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល លោក ប៊ូ អ៊ីង ថ្លែង​ថា មុន​ដាំ​ត្រសក់ គាត់​ត្រូវ​ភ្ជួរ​ដី​ឲ្យ​បាន​ច្រើន​សា ហើយ​ហាល​ដី​ឲ្យ​ស្ងួត​កុំ​ឲ្យ​មាន​មេរោគ​នៅ​ក្នុង​ដី​នាំ​ឲ្យ​ខូច​ឫស​ត្រសក់​ពេល​វា​កំពុង​ដុះ។ ក្រោយ​ហាល​ដី ៣​ថ្ងៃ គាត់​ត្រូវ​ប្រមូល​ស្មៅ​ក្នុង​ដី​​រើស​ចេញ​ឲ្យ​អស់ ទើប​បំបែក​ដី​ឲ្យ​ម៉ត់​ល្មម និង​ចាប់​ផ្តើម​ឆូត​ជា​រង ហើយ​លើក​កម្ពស់​យក​ទទឹង​រង​ក្បាល ១​ម៉ែត្រ បណ្ដោយ​តាម​ទំហំ​ដី។ គាត់​ទុក​គម្លាត​រង​ពី​មួយ​ទៅ​មួយ​ចន្លោះ ៣​តឹក ដើម្បី​ងាយ​​ស្រួល​ថែ​ទាំ។ លើក​រង​រួច​គាត់​យក​គ្រាប់​ពូជ​ត្រសក់​ទិញ​ពី​ផ្សារ ជា​ពូជ​ត្រសក់​មាន​ផ្លែ​ពណ៌​បៃតង​​ក្រមៅ ផ្លែ​វា​ធំ​ហើយ​មាន​ទម្ងន់​ធ្ងន់។ គាត់​យក​គ្រាប់​ពូជ​នោះ​ទៅ​ត្រាំ​ទឹក​ក្តៅ​ទុក​ឲ្យ​វា​បែក​សំបក​​បន្តិច​បាន​យក​ទៅ​កប់​ដាំ។ ពេល​ដាំ គាត់​ទុក​គម្លាត​ពី​មួយ​ទៅ​មួយ​ចម្ងាយ ៣​តឹក។

លោក ប៊ូ អ៊ីង៖ «ធ្វើ​ដី​ហើយ​លើក​ជា​រង​ហើយ រួច​ខ្ញុំ​ត្រាំ​គ្រាប់ មើល​ឲ្យ​វា​ដុះ​ចេញ​មក​បន្តិចៗ អត់​ឲ្យ​ដុះ​ខ្លាំង​ទេ កាលណា​ខ្លាំង​ពេក​វា​បាក់​ឫស គ្រាន់​តែ​ឲ្យ​វា​បែក​មាត់​ចាប។ យើង​ដាំ​ទឹក​ហើយ​ទុក​ឲ្យ​ក្តៅ​អ៊ុនៗ យើង​ត្រាំ​វា​ទុក​ប្រហែល​ជា ៤​ម៉ោង យើង​ចាក់​ទឹក​ចោល បាន​ខ្ញុំ​ចាក់​ដាក់​ស្បៃ ហើយ​យក​ទៅ​ផ្អាប់​ឲ្យ​ស្រស់​ទឹក ល្មម​រាង​ស្ងួត ទើប​ដាក់​ក្នុង​ធុង​ទឹកកក បិទ​វា​ឲ្យ​ជិត ហើយ​បាន​វា​ចេញ​បែក​មាត់​ចាប»

​លោក ប៊ូ អ៊ីង ឲ្យ​ដឹង​ថា ដំណាំ​ត្រសក់​មិន​ប្រកាន់​រដូវ​ទេ គេ​អាច​ដាំ​បាន​រាល់​ពេល​វេលា និង​រាល់​រដូវ ប៉ុន្តែ​ការ​ដាក់​គ្រាប់​ពូជ​ត្រសក់​ដាំ ត្រូវ​ទុក​ចន្លោះ​ពី ៣​តឹក នៅ​រដូវប្រាំង ព្រោះ​វា​មិនសូវ​លូត​ល្អ​ទេ ហើយ​វា​ត្រូវការ​ទឹក​ស្រោចស្រព​ច្រើន។ បើ​រដូវវស្សា ការ​ដាំ​ត្រូវ​ទុក​គម្លាត ៤​តឹក ឆ្ងាយ​ពី​គ្នា​បន្តិច ឲ្យ​ស្លឹក​វា​រីក​ធំ វា​នឹង​ផ្តល់​ផ្លែ​ច្រើន៖ «អត់​ដាក់​កន្ទោង​ផង ខ្ញុំ​ដាំ​តែម្ដង ៣​តឹក ទៅ ៤​តឹក។ រដូវប្រាំង​វា​អត់​សូវ​ល្អ​ទេ យើង​ទុក ៣​តឹក។ បើ​ដល់​ខែ​រដូវ​ធ្លាក់​ភ្លៀង យើង​ទុក​ដល់​កន្លះ​ម៉ែត្រ ទៅ ៤​តឹក ព្រោះ​នៅ​ខែ​​ត្រជាក់​វា​ល្អ​ខ្លាំង កាល​ណា​យើង​ដាំ​ញឹក វា​លេង​ដើម អត់​ផ្លែ​ទេ»

លោក​ឲ្យ​ដឹង​ថា នៅ​ពេល​យក​គ្រាប់​ត្រសក់​បែក​មាត់​ចាប​ទៅ​កប់​ដាំ​ក្នុង​រង​បាន ១៧​ថ្ងៃ វា​នឹង​ដុះ​កូន​លូត​ពី​ក្នុង​ដី​បាន​ប្រវែង​មួយ​ចំអាម ដោយ​មាន​ចេញ​ដៃ​ដែល​ត្រូវការ​តោង។ គាត់​ត្រូវ​ដោត​ចំណារ​អម​សង​ខាង​រង​ក្បែរ​គុម្ព​ត្រសក់ ហើយ​ចង​ចុង​ចំណារ។ ក្រោយ​មក​គាត់​យកដៃ​បែក​ពី​ដើម​ទៅ​រុំ​ព័ទ្ធ​ចំណារ ដើម្បី​ឲ្យ​ដៃ​នោះ​វារ​តោង​ឡើង​ចំណារ ដើម​ត្រសក់​លូត​តាម​នោះ​ដែរ។ លោក​បន្ត​ថា ដំណាំ​ត្រសក់ គាត់​ដាំ​ក្នុង​ដី ៧០​អារ ប្រើ​ជី​ធម្មជាតិ​កប់​ក្នុង​ដី ៦​បាវ និង​ជីគីមី​បំប៉ន​ផ្លែ ៦​បាវ​ទៀត។
​ចំពោះ​ការ​ថែទាំ​វិញ ដំណាំ​ត្រសក់​តែងតែ​មាន​សត្វ​យាយី​ដែល​ត្រូវការ​ថ្នាំ​កសិកម្ម​បាញ់​បណ្ដេញ​សត្វ​ឲ្យ​វា​ហើរ​ចេញ​ពី​ដើម។ លោក​ថា ដំណាំ​ត្រសក់​គិត​ពី​ថ្ងៃ​ដាំ​រហូត​ដល់​ថ្ងៃ​បេះ គឺ​មាន​រយៈពេល ៤៥​ថ្ងៃ​គត់។ គាត់​បាន​ប្រមូល​ផ្លែ​ត្រសក់​ក្នុង​ដី ៧០​អារ បាន​ផល​ដល់​ទៅ ២០​តោន។ លោក​ថា ត្រសក់​ឲ្យ​ផល​បេះ​បាន​ជាង ១​ខែ​ទើប​ដើម​វា​ងាប់៖ «ចាប់ពី​ថ្ងៃ​ដាំ​រហូតដល់​ថ្ងៃ​បេះ ១​ខែ។ បេះ​រហូតដល់​អស់​ផ្លែ​គឺ ១​ខែ​ទៀត»

ឯកសារ​កសិកម្ម​ប្រាប់​ពី​បច្ចេកទេស​ដាំ​ត្រសក់​ចំណារ​ថា បើ​នៅ​រដូវ​វស្សា​គឺ​រៀបចំ​ដី​ហើយ​លើក​រង​កម្ពស់ ៣០​ស.ម ពី​ដី​រាប​ស្មើ​ដើម្បី​កុំ​ឲ្យ​វា​ជាំ​ទឹក។ ពង្រាយ​ជី​លាមក​គោ​ស្ងួត ឬ​ជីកំប៉ុស និង​ជី អិន.ប៉េ.កា (NPK) ឲ្យ​ពេញ​រង ហើយ​កាប់​ច្របល់​វា​នៅ​ក្នុង​ដី​រង​នោះ​ឲ្យ​សព្វ។ គ្រប​រង​ដោយ​ចំបើង​កម្រាស់ ៥​ស.ម។ គេ​អាច​យក​ប្លាស្ទិក​គ្រប​រង​ឲ្យ​ជិត​ក៏​បាន ដើម្បី​កុំ​ឲ្យ​ស្មៅ​ដុះ និង​រក្សា​សំណើម​របស់​ដី។

រៀបចំ​រង​រួច គេ​យក​គ្រាប់​ពូជ​ត្រសក់​ទៅ​បណ្ដុះ​ក្នុង​កន្ទោង​ស្លឹក​ចេក ឬ​ស្លឹក​ត្នោត បត់​ធ្វើជា​កន្ទោង។ យក​ដី​មមោក ឬ​ដី​ដំបូក ១​ភាគ ជីកំប៉ុស​រលួយ​ល្អ ១​ភាគ និង​ផេះ​អង្កាម ១​ភាគ លាយ​ចូល​គ្នា ហើយ​យក​ទៅ​លីង​ឲ្យ​ក្ដៅ​បំផុត ទុក​ឲ្យ​ត្រជាក់ ទើប​ក្បង់​ដាក់​ក្នុង​កន្ទោង​កុំ​ឲ្យ​ពេញ​កន្ទោង​ពេក។

ការ​លីង​ល្បាយ​ដី​និង​ជី​មុន​យក​គ្រាប់​ពូជ​ទៅ​បណ្ដុះ​នេះ គឺ​ការពារ​ដី​កុំ​ឲ្យ​កើត​ផ្សិត នៅ​ពេល​កូន​​ត្រសក់​ដុះ​មក​កុំ​ឲ្យ​វា​រលួយ​ឫស។ យក​គ្រាប់​ត្រសក់ ១​គ្រាប់​កប់​ផ្តេក​ទៅ​ក្នុង ១​កន្ទោង។ គ្រប​សំណាញ់​ការពារ​សត្វល្អិត និង​ប្រក់​ស្លឹក​ដូង​ធ្វើ​ដំបូល។ នៅ​រដូវ​ក្តៅ ត្រូវ​យក​សំណាញ់​បៃតង បាំង​កម្ដៅ​ថ្ងៃ បើ​នៅ​រដូវ​វស្សា​វិញ ត្រូវ​ប្រក់​ដំបូល​ការពារ​ទឹក​ភ្លៀង ព្រោះ​កូន​ដំណាំ​នៅ​តូច មិន​ត្រូវ​ការ​​ពន្លឺ​ថ្ងៃ និង​ទឹក​ច្រើន​ទេ។ ប៉ុន្តែ​ដី​បណ្ដុះ​កូន​នោះ មិន​ត្រូវ​ឲ្យ​ស្ងួត​ខ្លាំង​ទេ ព្រោះ​អាច​គ្រាប់​ពូជ​មិន​ដុះ ឬ​ដុះ​ហើយ ប៉ុន្តែ​វា​មិន​លូត​ល្អ គឺ​វា​ក្រិន​ដោយសារ​ខ្វះ​ទឹក​ក្នុង​ដី។ នៅ​ពេល​កូន​ត្រសក់​ដុះ​មក​ត្រូវ​បើក​ដំបូល​ឲ្យ​វា​ត្រូវ​ពន្លឺ​ថ្ងៃ ២ ទៅ ៣​ថ្ងៃ​សិន ដើម្បី​ឲ្យ​ដើម​ត្រសក់​រឹងមាំ​ល្អ​ផង ឲ្យ​វា​ស៊ាំ​នឹង​អាកាសធាតុ​​ផង។ ការ​ដាំ​កូន​ត្រសក់ គឺ​នៅ​ពេល​គ្រាប់​ពូជ​ដុះ​ពន្លក​បាន​សន្លឹក​៣ ឬ​វា​ដុះ​ចេញពី​ដី​ក្នុង​កន្ទោង បាន​៥ ទៅ ៧​ថ្ងៃ។ ត្រូវ​ស្រោច​ទឹក​ពី​លើ​កន្ទោង​ឲ្យ​ជោក​នៅ​ពេល​ព្រឹក មុន​យក​វា​ទៅ​ដាំ។ ការ​ដាំ​កូន​ត្រសក់ ត្រូវ​ដាំ​ពេល​រសៀល មេឃ​ត្រជាក់។ យក​កន្ទោង​កូន​ត្រសក់​ទៅ​កប់​ក្នុង​រង ដោយ​ប្រយ័ត្ន​មិន​ឲ្យ​ដាច់​ឫស បើ​ដាច់​ឫស អាច​ឲ្យ​កូន​ត្រសក់​អន់ ឬ​ការ​លូតលាស់​របស់​វា​យឺត។ ដាំ​កូន​ត្រសក់​រួច ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោក​ល្មម។

ការថែទាំ

ដំណាំ​ត្រសក់​ស្រោច​ទឹក​ពេល​ព្រឹក​រាល់ថ្ងៃ ហើយ​ដោត​ទ្រើង ឬ​ចំណារ បន្ទាប់ពី​ដាំ​កូន​បាន ៧​ថ្ងៃ។ បើ​ទុក​ឲ្យ​កូន​ដុះ​ធំ ទើប​ដោត​ចំណារ ឬ​ទ្រើង​ក្រោយ វា​ធ្វើ​ឲ្យ​ដាច់​ឫស​ដំណាំ នាំ​ឲ្យ​ការ​លូត​ដើម​វា​យឺត ហើយ​វា​ងាយ​ថយ​ទិន្នផល។ នៅ​រដូវ​វស្សា​ត្រូវ​កាត់​ស្លឹក​ដែល​ដុះ​នៅ​ខាង​ក្រោម​ក្បែរ​ដី​មួយ​ទៅ​ពីរ​សន្លឹក​ចេញ (កាត់​ស្លឹក​កំណើត)។

ការ​ប្រើប្រាស់​ជី​លើ​ដំណាំ​ត្រសក់​នៅ​ក្នុង​រង​មុន​ដាំ

ប្រើ​ជី​ទ្រាប់​បាត អិន.ប៉េ.កា ៧.៥​ក្រាម និង​លាយ​ជី​លាមក​សត្វ​កន្លះ​គីឡូក្រាម​ក្នុង​មួយ​គុម្ព។ នៅ​ពេល​ដាំ​កូន​ត្រសក់​បាន ២​អាទិត្យ ត្រូវ​ថែម​ជី អ៊ុយរ៉េ ១០​ក្រាម​ក្នុង​១​គុម្ព កប់​រាក់ៗ ចម្ងាយ​ពី​គុម្ព​នីមួយៗ ប្រវែង ១​ថ្នាំងដៃ។ ដាំ​បាន ១​ខែ ថែម​ជី អិន.ប៉េ.កា ២.៥​ក្រាម និង​ជីអ៊ុយរ៉េ ២.៥​ក្រាម ក្នុង ១​គុម្ព កប់​រាក់ៗ ចម្ងាយ ១​តឹក​ពី​គល់​ត្រសក់។ ដាំ​កូន​ត្រសក់​បាន ៥​អាទិត្យ ថែម​ជី​ប៉ូតាស្យូម ១.៩​ក្រាម​ក្នុង​១​គុម្ព កប់​រាក់ៗ​ចម្ងាយ ១.៥​តឹក​ពី​គល់។ ដាំ​បាន​ពី ៦​អាទិត្យ ទៅ ៨​អាទិត្យ ថែម​ជី អិន.ប៉េ.កា ២.៥​ក្រាម​ទៀត។

វិធី​បង្ការ​ជំងឺ

ដំណាំ​ត្រសក់​ច្រើន​កើត​ជំងឺ​លឿន​ស្លឹក​នៅ​លើ​ស្លឹក​ដុះ​ក្បែរ​ដី ហើយ​រាលដាល​ទៅ​ស្លឹក​ដទៃ​ទៀត។ ដូច្នេះ​ដើម្បី​បង្ការ​ជំងឺ​នេះ ត្រូវ​បាញ់​ថ្នាំ​បង្ការ​ជំងឺ​លឿង ឬ​ជំងឺ​ផ្សិត។ ការ​បាញ់​ថ្នាំ​បង្ការ បើ​នៅ​រដូវវស្សា​ត្រូវ​បាញ់​ថ្នាំ​ការពារ ៥​ថ្ងៃ​ម្តង។ បើ​នៅ​រដូវ​ប្រាំង​វិញ បាញ់​ថ្នាំ​ការពារ ៧​ថ្ងៃ​ម្ដង។ ការ​បាញ់​ថ្នាំ​ការពារ​ជំងឺ​ផ្សិត គឺ​នៅ​ពេល​ត្រសក់​ដុះ​បាន​ស្លឹក​២។ បើ​ត្រសក់​មាន​ជំងឺ​ផ្សិត​ហើយ ត្រូវ​កាត់​ស្លឹក​លឿង​នោះ​ចេញ​សិន ចាំ​បាញ់ថ្នាំ​ការពារ​ជា​ក្រោយ។ ស្លឹក​កាត់​ចេញ​ពី​ដើម​នោះ ហាម​ទុក​ចោល​ក្នុង​ចំការ នាំ​ឲ្យ​វា​ឆ្លង​ទៅ​រង​ផ្សេង​ទៀត តែ​គេ​អាច​យក​ស្លឹក​កាត់​ចោល​នោះ​ទៅ​លាយ​ធ្វើ​ជី​ជីកំប៉ុស​បាន។ ការ​បាញ់​ថ្នាំ​ការពារ​ជំងឺ​ផ្សិត​គួរ​បាញ់​ថ្នាំ​នៅ​ពេល​រសៀល ចាប់​ពី​ម៉ោង ៤ ទៅ​ម៉ោង ៥ ដើម្បី​ឲ្យ​ថ្នាំ​ដក់​នៅ​ក្នុង​ដី។ ហាម​បាញ់​ថ្នាំ​ពេល​មេឃ​ភ្លៀង ពេល​ខ្យល់ និង​ពេល​ថ្ងៃត្រង់ ព្រោះ​ជាតិ​ថ្នាំ​អាច​​រសាត់​ពី​កន្លែង​បាញ់ មិន​ដក់​នៅ​ក្នុង​ដី​រង។

ចំពោះ​ការ​ប្រមូល​ផល​ត្រសក់ ដើម្បី​ឲ្យ​ផ្លែ​វា​នៅ​ស្រស់ ត្រូវ​បេះ​នៅ​ពេល​ព្រលឹម និង​មិន​ត្រូវ​ទុក​ផ្លែ​ដែល​បេះ​ពី​ទង​ហើយ ត្រូវ​ថ្ងៃ​ក្តៅ​នោះ​ទេ នាំ​ឲ្យ​អន់​ពណ៌​ផង និង​ផ្លែ​ឆាប់​ស្វិត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។