វិធី​ដាំ​ដំណាំ​ខ្ជាយ​

0:00 / 0:00

ខ្ជាយ​ជា​ដំណាំ​មើម ដែល​គេ​ត្រូវការ​វា ជំនួយ​ក្នុង​គ្រឿងផ្សំ សម្រាប់​មុខម្ហូប​មួយ​ចំនួន។

ខ្ជាយ​មាន​ការ​ជួញដូរ និង​ដាំ​ដុះ​ច្រើន នៅ​តំបន់​ជាប់មាត់​ទន្លេ ជា​តំបន់​មាន​ដី​ល្បប់​ល្អ។

ប៉ុន្តែ​គេ​កម្រ ឃើញ​ដំណាំ​ខ្ជាយ មាន​ដាំ​នៅ​តំបន់​ដីស្រែ ខ្វះ​ទឹក​នោះ​ណាស់។

តើ​កសិករ មាន​បទពិសោធន៍​ដាំ​ដំណាំ​ខ្ជាយ​នេះ​របៀប​ម៉េច បាន​ទទួល​ផល​ច្រើន និង​អាច​លក់ នៅ​លើ​ទីផ្សារ​ទូទៅ​បាន​ថ្លៃ​នោះ…?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍ របស់​អ្នកស្រី អ៊ុក សាវ​បូរី ក្នុង​នាទី​កសិកម្ម​ដូច​តទៅ៖

ភ្លឺស្រែ​ធំៗ ជុំវិញ​ផ្ទះ​កសិករ ទឹម ផេង មាន​ចម្ការ​ខ្ជាយ លើក​ជា​រង​ត្រង់​ជួរ ដុះ​ជុំវិញ​ផ្ទះ និង​ជុំវិញ​ស្រែ​ដែល​មាន​ស្រូវ មិនទាន់​ចេញ​ផ្កា។

លោក ទឹម ផេង រស់នៅ​ភូមិ​មហាសេនា ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក​ជា​កសិករ ដែល​ព្យាយាម ដាំ​ដំណាំ​ពហុ​ប្រយោជន៍ ដើម្បី​បង្កើន​ចំណូល​គ្រួសារ​។ លោក​អះអាង​ថា មុន​ដាំ ដំណាំ​លក់​ជា​អាជីវកម្ម ត្រូវ​គិត​ពី​តម្រូវការ​ទីផ្សារ​សិន។ លោ​កថា​ដំណាំ​ខ្ជាយ មិន​ទាន់​មាន​អ្នក​ដាំ​ច្រើន​នៅឡើយ ក្នុង​មូលដ្ឋាន​គាត់​រស់នៅ។ ប៉ុន្តែ​មើម​ខ្ជាយ គេ​ត្រូវការ​ចាំបាច់ សម្រាប់​ផ្សំ​គ្រឿង​ក្នុង​សម្លប្រហើរ ស្រូប​នំ​បញ្ចុក​ជាដើម។ លោ​កថា​នៅ​ក្នុង​ខែ​ច្រូត​បោក​បែន​រួច ក្នុង​ភូមិ​នឹង​មាន​ពិធីបុណ្យ ដា​លាន ដូច្នេះ​គាត់​ដាំ​ខ្ជាយ លក់​ឲ្យ​ទាន់​បុណ្យ​ដាន​លាន​នោះ៖ សំឡេង

លោក ទឹម​ផេង បន្ត​ថា ដំណាំ​ខ្ជាយ ត្រូវ​ដាំ​ក្រោយពេល​ស្ទូង​រួច ហើយ​វា​ក៏​ជា​ប្រភេទ​ដំណាំ​ងាយ​ដាំ ងាយ​ថែទាំ ហើយ​រហ័ស​ប្រមូល​ផល។ មុន​ដាំ​ខ្ជាយ ត្រូវ​រើស​រក​កន្លែង​ដី​ស្ងួត កុំ​ឲ្យ​ដក់​ទឹក​ឬ​ជាំ​ទឹក ត្រូវ​លើក ជា​រង​សម្រាប់​ដាំ។ ដី​ត្រូវ​ភ្ជួរ ឬ​កាប់​ដី ឲ្យ​បាន​ជម្រៅ ចាប់ពី​២​ទៅ​៣​តឹក រួច​បំបែក​ដី​ឲ្យ​ម៉ត់​ល្អ ពង្រាប​ដី​ឲ្យ មាន​ខ្យល់​ចេញចូល ឬ​ហៅថា​ដី​ធូរ ដើម្បី​ឲ្យ​ដើម បែក​ច្រើន ហើយ​ក្នុង​ដើម​នីមួយៗ នឹង​ផ្ដល់​មើម​ច្រើន​។ ត្រូវ​លើក​ជា​រង ឲ្យ​បាន​កម្ពស់​៣​តឹក កាយ​យក​ក្បាល​រង ទទឹង​១​ម៉ែត្រ បណ្ដោយ តាម​ទំហំ​ដី ដែល​អាច​ដាំ​បាន៖ សំឡេង

លោក ទឹម ផេង អះអាង​ថា ដំណាំ​ខ្ជាយ ប្រសិនបើ​ចង់ ទុក​ឲ្យ​វា​ផ្ដល់​ផល​បាន​យូរ​ខែ ត្រូវ​យក​មើម​ដែល​ចាស់ ទៅ​បណ្ដុះ រួច​ដក​យក​កូន​ទៅ​ដាំ។ លោក​ថា ដាំ​ខ្ជាយ ការ​ដាំ​កូន ត្រូវ​ទុក​គម្លាត ពី​ដើម​មួយ​ទៅ​មួយ ចម្ងាយ​៣​តឹក ដើម្បី​ឲ្យ​វា​បែក​គុម្ព​ច្រើន ហើយ​វា​នឹង​ផ្ដល់​មើម​ក៏​ច្រើន​ដែរ តាម​ដើម​នីមួយៗ៖ សំឡេង

ការថែទាំ​ដំណាំ​ខ្ជាយ ចាំ​បាច់​ត្រូវ​ថែម​ជី នៅ​ពេល​ដាំ​វា បាន​២​ទៅ​៣​ខែ ជា​ពេល វា​កំពុង​បែក​គុម្ព និង​ជា​ពេល​ដែល​វា​នឹង បែក​មើម​ច្រើន។ ការ​ថែទាំ​បោច​ស្មៅ និង​ជ្រំដី ហើយ​ពូន​គល់​វា ដើម្បី​ឲ្យ​ដី​ធូរ ជា​ការ​ថែទាំ​ដែល​ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​ចបជីក រុក​ទៅ​ប៉ះ​គល់ ក្រោម​ស្លឹក ព្រោះ​វា​ជា​ដំណាំ​មើម។ ការថែទាំ​មួយទៀត កុំ​ឲ្យ​ជ្រូក ឈ្មុស​រង និង គោ​ស៊ី​ស្លឹក​វា៖ សំឡេង

លោក ទឹម ផេង អះអាង​ថា ខ្ជាយ​ជា​មើម ដែល​សត្វល្អិត​មិន​យាយី​ទេ វា​ក៏​ជា​វត្ថុធាតុដើម​មួយ​ប្រភេទ​សម្រាប់​ផ្សំ​ថ្នាំ​បំពុល សត្វល្អិត ដូច​ស្លឹកគ្រៃ ស្ដៅ ស្លែង បណ្ដូល​ពេជ្រ ជាដើម​ដែរ ដែល​សត្វ​ល្អិត មិន​អាច​បំផ្លាញ​វា​ឡើយ។ ចំពោះ​ការ​ប្រមូល​ផល​ខ្ជាយ គេ​សំគាល់ នៅ​ពេល​ស្លឹក​វា​ទុំ ហើយ​ស្វិត គឺ​មើម​ខ្ជាយ​វា​ចាស់ គេ​អាច​ប្រមូល​ផល​វា​ទុក​បាន៖ សំឡេង

ឯកសារ​ស្ដីពី​ដំណាំ​កសិកម្ម​ឲ្យ​ដឹង​ថា ខ្ជាយ​ដុះ​លូតលាស់​បាន​ប្រសើរ ក្នុង​កម្រិត​ទឹកភ្លៀង កម្ពស់​ពី​មួយ​ពាន់ ទៅ​មួយ​ពាន់ ប្រាំ​រយ​មី​លី​ម៉ែត្រ។ ប៉ុន្តែ​ដំណាំ​ខ្ជាយ​ត្រូវការ​ពន្លឺ​ថ្ងៃ​ខ្លី ដើម្បី​ឲ្យ​មើម​ខ្ជាយ វា​រីក​ធំធាត់ និង​ផ្ដល់​ទម្ងន់​ធ្ងន់។ ទិន្នផល​មើម​អាច​ទាប នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ ចាំង​មក​លើ​រង មាន​រយៈពេល​យូរ​ពេក គឺ​លើស​១២​ម៉ោង​ក្នុង​មួយថ្ងៃ។ ឯកសារ​ដដែល​បញ្ជាក់​ថា ដំណាំ​មើម​ភាគច្រើន មិនសូវ​រើស​ដី​ទេ ប៉ុន្តែ​ដី​អាច​ដាំ​បាន​ល្អ​ជាងគេ គឺ​ដីល្បាយខ្សាច់ ជា​ដី​ធូរ ហើយ​ស្រោះ​ទឹក និង​មាន​ជីរ​ជាតិ។ បើ​ដាំ​នៅ​តំបន់​ដីឥដ្ឋ ដំណាំ​មើម ពុំ​សូវ​ឲ្យ​ផល​ខ្ពស់​ទេ ព្រោះ​ដី​ដាំ​នោះ វា​ណែន​ពេក មើម មិន​អាច​រីក​ធំ​បាន​ដូច​ដី​ធូរ ឬ​ដីខ្សាច់​ឡើយ។

លោក ទឹម ផេង ឲ្យ​ដឹង​ថា មើម​ខ្ជាយ​អាច​ជីក​យក​ទៅ​បរិភោគ​បាន ចាប់​តាំង​ពី​មើម​វា​នៅ​ខ្ចី រហូតដល់ មើម​វា​ចាស់។ មើម​ខ្ជាយ​នេះ បើ​គេ​មិន​ចង់​ប្រមូល​វា​ពី​ដី​ទេ គេ​អាច​កប់​វា​នៅ​ក្នុង​ដី​នេះ បាន​រយៈពេល ១​ឆ្នាំ​ក៏​វា​មិន​ខូច​ដែរ។ លោក​អះអាង​ថា មើម​ខ្ជាយ លក់​បានជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​តម្លៃ​លក់​មើម​ខ្ជាយ បាន​ថ្លៃ​ខ្ពស់​ជាង​សព្វ​មួយ​ដង គឺ​នៅ​ពេល​បញ្ចប់​ខែ​ច្រូត មើម​ខ្ជាយ​ឡើងថ្លៃ ដោយសារ​តម្រូវការ វា​ច្រើន សម្រាប់​ធ្វើ​ម្ហូប បុណ្យទាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។