វិធី​ដាំ​ជីរ​​អង្កាម​នៅ​ខេត្ត​កំពត

0:00 / 0:00

ក្រុម​កសិករ​ផលិត​បន្លែ​សរីរាង្គ​អះអាង​ថា ដាំ​បន្លែ​ប្រើ​ដី​ដាំ​ដុះ​តូច​ជាង​ដាំ​ស្រូវ​ប្រើ​ពលកម្ម​តិច​ជាង​ធ្វើ​ស្រែ​ចំណាយ​ដើម​ទុន​តិច ប្រើ​ទឹក​តិច និង​អាច​ដាំ​បាន​គ្រប់​រដូវ។ លើស​ពី​នេះ​បន្លែ​អាច​​ប្រមូល​ផល​បាន​លឿន​ជាង​ប្រមូល​ផល​ស្រូវ ហើយ​លក់​បន្លែ​បាន​ថ្លៃ​ជាង​លក់​ស្រូវ។

កសិករ​មួយ​រូប​នៅ​ក្នុង​ខេត្ត​កំពត បង្ហាញ​ពី​ការ​ដាំ​ជីរ​អង្កាម​ដោយ​អះអាង​ថា ទទួល​ប្រាក់​ចំណូល​ច្រើន និង​សំបូរ​​ទីផ្សារ។ តើ​គាត់​ដាំ​ជីរ​អង្កាម​នោះ​បែប​ណា​សម្រាប់​នាំ​ទៅ​ទីផ្សារ?

ជីរ​អង្កាម​គេ​មិន​សូវ​ឃើញ​មាន​អ្នក​ដាំ​ច្រើន​ដូច​ជីរ​នាងវង​ទេ នៅ​ក្នុង​តំបន់​ដាំ​បន្លែ​នៃ​ខេត្ត​កណ្ដាល។ ក៏ប៉ុន្តែ​ជីរ​អង្កាម​ឃើញ​ដាំ​ច្រើន​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត។

នៅ​ជុំវិញ​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក ក្នុង​ឃុំ​ត្រពាំងព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត សំបូរ​ចំការ​បន្លែ​តូច​ធំ​ដាំ​ក្បែរ​មាត់​ទឹក​ជាប់​ជើង​ភ្នំ​នោះ។

លោក កឹម ប្រិល រស់​នៅ​ភូមិ​បុស្សត្របែក ឃុំ​ត្រពាំងព្រីង ស្រុក​ទឹកឈូរ ខេត្ត​កំពត។ លោក​ជា​ប្រធាន​ក្រុម​កសិករ​ដាំ​បន្លែ​សរីរាង្គ​នៅ​ជាប់​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក។

លោក​អះអាង​ថា គាត់​បាន​​ចំណូល​ក្រាស់ក្រែល​ពី​លក់​ជីរ​អង្កាម។ ទន្ទឹម​នោះ​ទីផ្សារ លក់​ចេញ​ជីរ​អង្កាម​ក៏​សំបូរ៖ «ធ្វើ​ស្រែ​និង​ដាំ​បន្លែ​គឺ​ខុស​គ្នា​ច្រើន ព្រោះ​ថា បន្លែ​យើង​ចំណាយ​ដី​តូច តែ​បាន​ទិន្នផល​ច្រើន។ បើ​ស្រូវ​យើង​ទាល់​តែ​មាន​ដី​ធំ ហើយ​បាន​ទិន្នផល​តិច​ជាង​បន្លែ។ បើ​បន្លែ​គឺ​បាន​លក់​រៀងរាល់​ថ្ងៃ​រៀងរាល់​​ខែ​តែម្ដង លក់​បាន​លក់​រហូត ហើយ​ចំណេញ​ច្រើន​ជាង​ស្រូវ ឆ្ងាយ​ណាស់»

លោក​ឲ្យ​ដឹង​ថា ជីរ​អង្កាម​ត្រូវ​ដាំ​លើក​រង។ ការ​លើក​រង​ដាំ​ជីរ គឺ​ភ្ជួរ ឬ​កាប់​ផ្លាក់​ដី​មួយ​ចបៗ ហើយ​​ដំ​បំបែក​ដី​ឲ្យ​ម៉ត់ លើក​ជា​រង​កម្ពស់ ១​តឹក យក​ក្បាល​រង ៨​តឹក បណ្ដោយ​តាម​ដី​ដែល​មាន។ នៅ​រឹម​ផ្នែក​ខាងៗ​នៃ​រង​ត្រូវ​ទប់​ដី​ឲ្យ​ខ្ពស់​ជាង​ដី​កណ្ដាល​រង។ ដី​កណ្ដាល​រង​ត្រូវ​ពង្រាប​វា​ឲ្យ​ស្មើ​ដើម្បី​ឲ្យ​ទឹក​ស្រោច​ទៅ​វា​ដក់​ក្នុង​ដី​បាន​ច្រើន​ម៉ោង។

លោក​បន្ត​ថា ដំណាំ​ជីរ​អង្កាម គឺ​ដាំ​លើក​រង​ដូច​ដាំ​បន្លែ​ដទៃ​ដែរ៖ «អត់​មាន​គ្រាប់​ទេ​អា​នឹង គេ​ដាំ​ដូច​ដំឡូង​ជ្វា​អ៊ីចឹង អា​នឹង​ភាគ​ច្រើន​គេ​កាត់​វា​យក​ទៅ​ដាំ​តែម្ដង»

នៅ​ពេល​លើក​រង​រួច​ត្រូវ​រើស​ពូជ​ជីរ​អង្កាម​មក​ដាំ ពូជ​ជីរ​នោះ គេ​អាច​ដាំ​ទង​ក៏បាន ឫស​ក៏​បាន។ ជីរ​អង្កាម​គេ​មិន​ដាំ​គ្រាប់​ដូច​ជីរ​នាងវង និង​បន្លែ​ដទៃ ដែល​សាប​គ្រាប់​ពូជ​ឲ្យ​វា​ដុះ​សិន បាន​ដក​យក​​កូន​យក​ទៅ​ដាំ​នោះ​ទេ។ លោក​បន្ត​ថា ជីរ​អង្កាម គឺ​ដាំ​ទង​ដូច​ដាំ​ដំឡូងជ្វា​ដែរ។ លោក​ថា ដំណាំ​​ជីរ​អង្កាម​គឺ​សត្វ​ល្អិត​មិន​ស៊ី​ទេ។ ទន្ទឹម​នោះ ជីរ​អង្កាម​ជា​ដំណាំ​ងាយ​ថែ​ទាំ ហើយ​ឆាប់​ប្រមូល​ផល៖ «ជីរ​គ្រប់​មុខ​ដែរ។ មាន​ជីរ​អង្កាម​ជីរ​នាងវង អា​នឹង​វា​អត់​សូវ​នឿយ​ថែទាំ ហើយ​អត់​មាន​​ដង្កូវ​ស៊ី»

លោក កឹម ប្រិល បន្ត​ថា មុននឹង​ដាំ​ជីរ​អង្កាម​ត្រូវ​រើស​ពូជ​មក​ដាំ។ ពូជ​ជីរ​អង្កាម​លំបាក​រក​ដែរ​ពី​ដំបូង ព្រោះ​ជីរ​នោះ មិន​សូវ​មាន​អ្នក​ដាំ ដោយសារ​មិន​សូវ​មាន​អ្នក​និយម​ទទួលទាន។ ប៉ុន្តែ​ក្រោយ​ពី​ថ្មីៗ​មាន​ក្រុម​វិទ្យាសាស្ត្រ​គេ​ផ្សាយ​ថា ជីរ​អង្កាម​អាច​ធ្វើ​ឱសថ​ព្យាបាល​រោគ​មួយ​ចំនួន​មក​ទីផ្សារ​ជីរ​អង្កាម​ក៏​ឡើង​ថ្លៃ ព្រោះ​ខ្សត់​អ្នក​ដាំ៖ «ស្រួល​ដាំ​ជាង​បន្លែ​ឆ្ងាយ​តែម្ដង ជីរ​អង្កាម ហើយ​ឆាប់​បាន​​ប្រមូល​ផល​ណាស់។ មួយ​រងៗ​បាន​ច្រើន​ដែរ បើ ១​គីឡូ ៨០០០ អាច​បាន ២០​ម៉ឺន​ជាង​ទៅ ៣០​ម៉ឺន​អី»

លោក កឹម ប្រិល ឲ្យ​ដឹង​ថា ការ​ដាំ​ជីរ​អង្កាម​នៅ​ខេត្ត​កំពត​នេះ ច្រើន​យក​ពូជ បន្ត​ពី​គ្នា។ គាត់​ដាំ ជីរ​អង្កាម​បាន គឺ​អ្នក​ភូមិ​មក​សុំ​ចែក​ធ្វើ​ពូជ។ គាត់​កាត់​ដៃ​វា​បែក​ពី​ដើម​លក់​ឲ្យ​គេ ហើយ​គេ​យក​ទៅ​
​ដាំ​បន្ត ក៏​រីក​ជា​ចំការ​ដាំ​ជីរ​អង្កាម​ច្រើន ខណៈ​តម្លៃ​ជីរ​អង្កាម​ឡើង​ថ្លៃ ១​គីឡូ​ចាប់​ពី ២​ដុល្លារ​ឡើង​ទៅ៖ «ជីរ​បើ​យើង​ដាំ​ចង់​បំបែក​វា​ច្រើន យើង​ជីរក​យក​ឬស​វា ហើយ​ឬ​មួយ​អា​ដៃ​វា​វែងៗ យក​ទៅ​​ដាំ ហើយ​ក្រោយពី​ដាំ​បាន ៣ ទៅ ៤​ថ្ងៃ យើង​អាច​ស្រោច​ជីរ​ទឹក​វា។ ជីរ​ទឹក​មាន​ផ្សំ​ពី​ទឹក​នោម​គោក ហើយ​និង​កូន​ត្រី​នៅ​សមុទ្ទ​ហ្នឹង អា​ហ្នឹង​ជា​ជីរ​ល្អ ជា​ជីរ​បំប៉ន ហើយ​យើង​ប្រើ​ដី​ឆៅ ដី​ដំបូក។ ពេល​យើង​កាត់​ហើយ កាត់​ម្ដង យើង​អាច​រោយ​ដី​ពី​លើ លុប​វា​ឲ្យ​ជិត​តែម្ដង ដើម្បី​ឲ្យ​វា​លូតលាស់​ល្អ​​ទៀត ជីរ​អង្កាម​អី​ហ្នឹង»

​លោក កឹម ប្រិល បន្ត​ថា ជីរ​អង្កាម​មិន​សូវ​មាន​អ្នក​ដាំ​ច្រើន ព្រោះ​តែ​ជីរ​នោះ វា​មិន​អាច​លូតលាស់​ល្អ​នៅ​ពេល​អ្នក​ដាំ​ប្រើ​ជីរគីមី​លើ​វា។ ជីរ​អង្កាម​ភាគ​ច្រើន​វា​ដុះ​ល្អ​នៅ​ពេល អ្នក​ដាំ​ប្រើ​ដី​ដំបូក និង​មេជីរ​ប៉ុស្តិ៍​ទឹក​ផ្សំ​ពី​ធម្មជាតិ។ លោក​បន្ត​ថា ដោយសារ​តែ​ជីរ​អង្កាម​មិន​សូវ​មាន​អ្នក​ដាំ​ទើប​ទីផ្សារ​ទិញ​លក់​​ជីរ​នេះ​វា​ឡើងថ្លៃ​ខ្លាំង​ជាង​ជីរ​នាងវង ពី ១​ដុល្លារ ទៅ ២​ដុល្លារ ក្នុង ១​គីឡូក្រាម។

លោក​ថា អ្នក​ដាំ​ជីរ​នាងវង គឺ​គេ​ដាំ​ស្ទើរ​គ្រប់​ខេត្ត ប្រើ​ដី​ច្រើន​ហិកតារ ព្រោះ​ជីរ​នោះ គេ​ប្រើប្រាស់​ច្រើន​អាច​ប្រើ​ជីរគីមី បំប៉ន​ការ​លូតលាស់​របស់​វា។ តែ​បើ​ធៀប​នឹង​ជីរ​អង្កាម​គេ​ប្រើប្រាស់​តិច ប៉ុន្តែ​មាន​តម្លៃ​ជួញដូរ​ខ្ពស់​​ជាង​ជីរ​នាងវង។ ចំណែក​រយៈពេល​ប្រមូល​ផល គឺ ១៥​ថ្ងៃ ក្រោយ​ការ​ដាំ។ ជីរ​អង្កាម គាត់​កាត់​លក់​​មួយ​គីឡូក្រាម​ថ្លៃ ២​ដុល្លារ ទៅ ២,៥០​ដុល្លារ៖ «ចាប់​កាត់​ទៅ កន្លះ​ខែ ១៥​ថ្ងៃ បាន​កាត់​ទៀត​ហើយ មួយ​គីឡូ​ឥឡូវ​ជា​មធ្យម​លក់ ៨០០០។ រាល់​ថ្ងៃ​ហ្នឹង​សេដាក អត់​ទិញ​ទេ​ជីរ​ហ្នឹង បើ​លក់​អត់​ដាច់។ អ៊ីចឹង​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក នៅ​បៀត​ផ្ទះ ៨០០០ ឬ​មួយ ៩០០០ វា​ឡើង​ចុះៗ​ទីផ្សារ​នោះ»

ចំពោះ​វិធី​ដាំ​ជីរ​អង្កាម លោក​ពន្យល់​ថា លើក​រង​រួច ត្រូវ​បំបែក​ដី​ឲ្យ​ម៉ត់ ស្រោច​មេជីរ​ទឹក​ក្នុង​រង ឬ​ហៅ​​​ថា ជីរ​ទ្រាប់​បាត ឲ្យ​សព្វ​ក្នុង​ដី​បំបែក​រួច។ បន្ទាប់​មក យក​ទង​ជីរ​អង្កាម​ពូជ​ទៅ​ដាំ​ទុក​គម្លាត​ពី​ទង​មួយ​​ទៅ​មួយ​ចម្ងាយ​មួយ​ចំអាម ឬ ២,៥​តឹក។ ពេល​វេលា​យក​ជីរ​ទៅ​ដាំ គឺ​នៅ​ពេល​ល្ងាច​យក​ដៃ​ស្ទាប​ដី​រង បើ​វា​ត្រជាក់​ចាំ​ដាក់​ទង​ជីរ​ពូជ​កប់​ក្នុង​រង។ ប៉ុន្តែ​ហាម​ដាំ​ជីរ​នៅ​ពេល​ថ្ងៃ​ក្តៅ ព្រោះ​ជីរ ជា​អាហារ​ស្លឹក វា​ឆាប់​ស្រពោន។ បើ​ដាំ​នៅ​ពេល​ល្ងាច​ទើប​ល្អ ព្រោះ​ក្រោយពី​ដាំ វា​ត្រូវ​ទឹក​សន្សើម​នៅ​ពេល​យប់ គឺ​ដើម​វា​នៅតែ​ស្រស់។ លុះ​ដល់​ព្រឹក​ឡើង ទម្រាំ​ថ្ងៃ​រះ​ពេញ​កម្ដៅ​ខ្លាំង គឺ​ម៉ោង​ប្រមាណ ៩​ព្រឹក​ដែរ​មាន​រយៈពេល​យូរ​ម៉ោង​ដែរ អាច​ឲ្យ​ដើម​ជីរ​មិន​ស្រពោន។ ដូច្នេះ​ការ​ដាំ​ពេល​ល្ងាច គឺ​វា​ជួយ​ឲ្យ​ដើម​ជីរ​ពង្រឹង​ដើម​លូត​បាន​ច្រើន​ម៉ោង ក្នុង​អាកាសធាតុ ត្រជាក់​ល្មម។

លោក កឹម ប្រិល៖ «យើង​មើល យើង​អ្នក​ដាំ​យើង​ដឹង​ទំហំ​គម្លាត​មួយ​គុម្ពៗ​យើង​ដាំ​នឹង​ប្រហែល​ជា ២​តឹក​កន្លះ។ ក្នុង​មួយ​រង​យើង​ដាំ ៤​ជួរ ក្បាល​ប្រហែលជា ៨​តឹក ហើយ​បណ្ដោយ​តាម​ដី​យើង​មាន។ បើ​ដី​យើង ៣០​ម៉ែត្រ ដាំ ៣០​ម៉ែត្រ​ទៅ បើ​ដាំ​លាត ២០​ម៉ែត្រ ដាំ ២០​ម៉ែត្រ​ទៅ»

​លោក កឹម ប្រិល ឲ្យ​ដឹង​ថា ជីរ​អង្កាម​ត្រូវការ​ទឹក​ស្រោច​តែ​មិន​ច្រើន​ទេ។ ចំការ​គាត់​ទំហំ ១០​អារ​​ក្នុង ១​ថ្ងៃ គាត់​រែក​ទឹក​ស្រះ​ស្រោច​រង​ជីរ​អស់​តែ ២០​អម្រែក​ទេ។ នៅ​ពេល​កាត់​ជីរ​លក់ គាត់​ដាក់​ដី​ដំបូក​​ពី​លើ​ដើម​ជីរ ដើម្បី​ឲ្យ​ដី​ដំបូក​វា​ចិញ្ចឹម​ដើម​វិញ។ លោក​បន្ត​ថា គាត់​ដាំ​ជីរ​អង្កាម ១០​រង។ រង​នីមួយៗ​ក្បាល ៨​តឹក បណ្ដោយ ៣០​ម៉ែត្រ និង​រង​ខ្លះ​បណ្ដោយ ២០​ម៉ែត្រ។ គាត់​អាច​កាត់​ជីរ​អង្កាម​លក់​រាល់​ថ្ងៃ​ក្រោយ​ពី​ដាំ​ទង​វា​បាន ១៥​ថ្ងៃ និង​គ្រាន់តែ​ថែម​ដី​ដំបូក​ពី​លើ​កន្លែង​ដែល​កាត់​វា​លក់។

​អ្នក​លក់​ជីរ​គ្រប់​មុខ​បោះ​ដុំ​នៅ​ផ្សារ​ដើមគរ ឲ្យ​ដឹង​ថា ជីរ​អង្កាម​លំបាក​រក​ទិញ​ណាស់ នៅ​រដូវ​ទឹក​ឡើង គាត់​ទទួល​ពី​គេ​មក​ក្នុង​មួយ​គីឡូ​ថ្លៃ​មួយ​ម៉ឺន​រៀល ទើប​គាត់​លក់​ជីរ​អង្កាម​ទៅ​អ្នក​ទិញ​ទទួល​ទាន​វិញ ១​គីឡូ ថ្លៃ ៣​ដុល្លារ អាច​ចំណេញ​បាន ១​គីឡូ​បាន ២​ពាន់​រៀល៖ «ជីរ​អង្កាម​យក​មកពី​ខាង​យើង​កៀនស្វាយ វត្ត​ក្នុង ហួស​ច្បារអំពៅ​ទៅ​ទៀត អត់​សូវ​មាន​ទេ​ខែ​ហ្នឹង ១​គីឡូ​មួយ​ម៉ឺន​ចូល​ហើយ»

លោកស្រី​បន្ត​ថា ជីររ​អង្កាម​ថ្លៃ​ជាង​គេ បើ​ជីររ​នាងវង​គាត់​លក់​ចេញ ១​គីឡូ​តែ ៤​ពាន់​រៀល ស្មើ ១​ដុល្លារ បើ​ជីររ​សាំងហ៊ុំ សម្រាប់​ហូប​ជាមួយ​ពង​ទា​កូន អាច​លក់​បាន ៥០០០​រៀល​មួយ​គីឡូក្រាម បើ​ជីរ​ថ្ពាល់ត្រី ឬ​ហៅ​ថា ជីររ​ចៅកា គេ​ច្រើន​យក​វា​ទៅ​ញ៉ាំ ឬ​ធ្វើជា​ល្បោយ​នំ​បញ្ចុក បាញ់​ឆែវ ជីររ​នោះ​គាត់​លក់​​មួយ​គីឡូក្រាម ៤​ពាន់​រៀល​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។