របៀប​​ដាំ​ដើម​ម្រុម និង​ផល​ប្រយោជន៍​ច្រើន​យ៉ាង

ដោយ អ៊ុក សាវបូរី
2014.10.19
ម្រុម ៦២០ ដើម ផ្កា និង​ផ្លែ​ម្រុម ដែល​ពលរដ្ឋ​ដាំ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្បែរ​ផ្ទះ។
RFA/Ouk Savborey

រុក្ខជាតិ​បៃតង « ម្រុម ឬ​ម្រុំ» បាន​ផ្ដល់​ផលប្រយោជន៍​ច្រើន​យ៉ាង ក្នុង​ជីវភាព​ប្រចាំថ្ងៃ ទាំង​នៅ​ទីក្រុង និង​ទី​ជនបទ។

បច្ចុប្បន្ន​ស្លឹក​និង​ផ្លែ​ម្រុម កំពុង​ពេញ​និយម​ក្នុង​ការ​ជួញដូរ​ដ៏​សកម្ម ក្នុង​ទីផ្សារ​ព្រោះ​ម្រុំ​ជា​រុក្ខជាតិ​សម្រាប់​ផលិត​ជា​ឱសថ ព្យាបាល​ជំងឺ​ផ្សេងៗ​ផង និង​ជា​បន្លែ​ដ៏​មាន​ឱជារស​ឆ្ងាញ់​ផង។ គេ​ឃើញ​មាន​ចម្ការ​ម្រុម ជាច្រើន​តាម​លំនៅឋាន និង​ចម្ការ​តូចៗ នៅ​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ តើ​ការ​ដុះ​ដើម​រុក្ខជាតិ​ម្រុម ងាយស្រួល​ឬ​លំបាក​យ៉ាង​ណា​ខ្លះ?

នៅ​ក្នុង​នាទី​កសិកម្ម​សប្ដាហ៍​នេះ ​អ្នកស្រី អ៊ុក សាវបូរី សូម​ជម្រាប​ជូន​ពី​របៀប​ដាំ​ដើម​ម្រុម​ដូច​តទៅ

តាម​ផ្លូវលំ​ចូល​ភូមិ​កោះក្របី ទៅ​ឃុំ​ព្រែកថ្មី ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ជាច្រើន​មាន​ចម្ការ​ម្រុម ចម្ការ​ផ្កា​ម្លិះ ដុះ​ត្រៀប​ត្រា។

ម្ចាស់​ផ្ទះ​មាន​ដើម​ម្រុម ដុះ​តម្រៀប​ជា​ជួរ មាន​កម្ពស់​ពី​ដី​ប្រមាណ​៧​តឹក ដុះ​ស្មើគ្នា បញ្ចេញ​ស្លឹក​ខៀវខ្ចី នៅ​ចំ​ពីមុខ​ផ្ទះ ក្នុង​ភូមិ​កោះក្របី លោក យ៉ង ភោគ ឲ្យ​ដឹង​ថា ម្រុម​គឺជា​ដើម​រុក្ខជាតិ ងាយ​ដាំ ហើយ​ងាយ​ថែទាំ៖ «ងាយ​ដាំ​តើ អា​ម្រុម​នឹង​ងាយ​ដាំ គេ​កាប់​អា​ដើម​ប៉ុន​កំភួនដៃ​ខ្ញុំ និង​កាប់​យក​មក​យើង​ផ្សាំ​តែ​ម្ដង ឬមួយ​យើង​ដោត​ដូច​ថា​ទទឹង​យើង​ចង់បាន​១​ម៉ែត្រ​មួយ យើង​ស្រឡាញ់​ប៉ុណ្ណា យក​ទៅ​ដល់​បុកៗ ចោល​អីចឹង​តែ​ម្ដង។ កាប់​ហើយ យើង​យក​មក​ដោត​តែ​ម្ដង ដោត​ហើយ​ជាន់​ដី​បង្ហាប់ រួច​វា​លាស់ ហើយ​តែ​លាស់​វា​រស់​ហើយ ដី​យើង​នេះ​ស្រួល​បាច ស្អី​ក៏បាន​ដែរ ដី​វា​ល្បប់ ដីល្បាយខ្សាច់»

លោក យ៉ង ភោគ បន្ត​ថា​កូន​ម្រុម ដែល​គាត់​យក​មក​ដាក់​បញ្ឈរ នៅមុខ​ផ្ទះ​តម្រៀប​គ្នា​នេះ គឺ​គាត់ ដក​ពី​ចំ​ការដែល​លិច​ទឹក មក​ដាក់​លើគោក។ កូន​ម្រុម​ទាំងអស់​នេះ​ជិត​១០០​ដើម មិនមែន​ជា​ចម្ការ ដាំ​ម្រុម​សម្រាប់​លក់​ទេ គឺ​គាត់​ដក​វា​សង្គ្រោះ​ចេញពី​ទឹកទន្លេ ជន់​ឡើង​លិច។ លោក​ថា ចម្ការ​ម្រុំ បើ​ដាំ​សម្រាប់​ធ្វើ​អាជីវកម្ម ត្រូវ​រក​ដី​ល្បប់​មាត់ទន្លេ ធ្វើ​រង​ដាំ ទើប​ម្រុំ​ដុះ​ល្អ ព្រោះ​ដី​មាន​ជីរ​ជាតិ ហើយ​វា​លូតលាស់​លឿន មិន​សូវ​ប្រើ​ជី វា​ឆាប់​ឲ្យ​ផល​បាន​លក់។

លោក យ៉ង ភោគ បន្ត​ថា​ដំណាំ​ម្រុំ អាច​ដាំ​បាន​២​បែប៖ ទី​១ កាប់​ដើម​យក​ទៅ​ដោត ដាំ​លើ​ដី​ល្បប់ វា​ឆាប់​ឲ្យ​ផល តែ​វា​ឆាប់​ងាប់​ដើម​នោះ​ដែរ​។ ទី​២ បណ្ដុះ​គ្រាប់​ដាំ គឺ​ដើម​ម្រុម មាន​អាយុ​វែង ឲ្យ​ផល​បាន​យូរ​ឆ្នាំ ដូចជា​ដំណាំ​មៀន ដំណាំ​ស្វាយ​ដែរ។ វិធី​បណ្ដុះ​គ្រាប់​ម្រុំ ត្រូវ​រើស​យក​គ្រាប់​ណា ដែល​ច្របាច់​ទៅ​រឹង ណែន ជា​គ្រាប់​ល្អ យក​ទៅ​បណ្ដុះ វា​ដុះ​បាន​កូន​មក​ល្អ។ ការ​បណ្ដុះ​គឺ​យក​គ្រាប់​ម្រុំ​នោះ ដាក់​ចូល​ស្បៃ​ហើយ​ជ្រលក់​ទឹក ឲ្យ​គ្រាប់​វា​សើម រីក​នៅ​ក្នុង​ស្បៃ ២​ទៅ​៣​យប់​សិន។ នៅ​ពេល​គ្រាប់​នោះ វា​បែក​សំបក​មាត់ចាប ទើប​យក​វា​ទៅ​កប់​បន្ថើរ នៅ​ក្នុង​កន្ទោង​ស្លឹក​ចេក៖ «គេ​កេវ​កន្ទោង ហើយ​ដាក់​ដី​ទន្លេ​យើង​ធម្មតា ហើយ​គេ​យក​គ្រាប់​វា មក​ដាក់​ត្រាំ​ក្នុង​ស្បៃ​អីចេះ​សិន ដូច​យើង​ត្រាំ​គ្រាប់​បន្លែ​ឲ្យ​បែកចេញ​ជា​មាត់ចាប​ទៅ​ណា រួច​គេ​ដាក់​ក្នុង​កន្ទោង​មាន​ដី ផ្ដិត​យក​មួយ​គ្រាប់ ឬ​២​គ្រាប់​អ៊ីចឹង​ទៅ ខ្លាច​១​គ្រាប់ អត់​ដុះ​ដាក់​២​គ្រាប់​អ៊ីចឹង​ទៅ។ គេ​ហុង​វា​ជុំវិញ​ទៅ កុំ​ឲ្យ​មាន់​កកាយ រួច​យក​ថ្នាំ​បាញ់​រះៗ កុំ​ឲ្យ​ស្រមោច​វា​រំលីង អា​ចង្កូម​ឆ្កែ​នឹង ដែល​វា​ចេញ​មក សៗ ដូច​សណ្ដែក​បណ្ដុះ​អ៊ីចឹង កាលណា​ស្រមោច​វា​រំលីង​ដាច់​អា​នឹង​ទៅ វា​អត់​មាន​កម្លាំង​ទេ»

លោក​បន្ត​ថា ការ​បណ្ដុះ​គ្រាប់​ម្រុម​នេះ បើ​នៅ​ខែ​ក្ដៅ​ត្រូវ​ស្រោច​ទឹក ពី​លើ​កន្ទោង​ឲ្យ​ជោក ហើយ​យក ចំបើង ឬ​ស្លឹក​ចេកទុំ​ងាប់ៗ ទៅ​គ្រប​ពី​លើ​កន្ទោង បន្ថយ​កំដៅ កុំ​ឲ្យ​ចំហាយ​ក្ដៅ​ខ្លាំង មក​លើ​កន្ទោង អាច​ឲ្យ​ស្វិត បណ្ដូល​គ្រាប់​ពូជ ដែល​ទើប​ចេញ​ពន្លក ដែល​នៅ​ខ្ចី​នោះ។ បើ​នៅ​ខែ​ភ្លៀង វិញ​គ្រាន់តែ ការពារ​គ្រាប់​បណ្ដុះ​ទើប​ចេញ​ពន្លក​នោះ កុំ​ឲ្យ​សត្វ​ស្រមោច ឬ​កណ្ដុរ ជាដើម វា​ស៊ី​បណ្ដូល។

ដើម​ម្រុម​ដែល​ពលរដ្ឋ​ដាំ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្បែរ​ផ្ទះ។
ដើម​ម្រុម​ដែល​ពលរដ្ឋ​ដាំ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្បែរ​ផ្ទះ។
RFA/Ouk Savborey

នៅ​ពេល​គ្រាប់​នោះ វា​បែក​មាត់ចាប​ចេញ​ពន្លក ដើម​ម្រុំ​បាន​បន្តិច ចាំ​បាច់​ត្រូវ​បាញ់ថ្នាំ​គីមី ការពារ​ស្រមោច កុំ​ឲ្យ​ពាំគ្រាប់​ពូជ​នោះ​។ បន្ទាប់ពី​បណ្ដុះ​គ្រាប់ ត្រូវ​រង់ចាំ​ឲ្យ​វា​ដុះ បាន​១០​ថ្ងៃ ទៅ​កន្លះ​ខែ ដើម្បី​កូន​ម្រុម លូត​បាន​កម្ពស់​មួយ​ចំអាម​ពី​កន្ទោង ទើប​យក​វា​ទៅ​កប់​ដាំ​ក្នុង​ដី ដែល​លើក​ជា​រង។

ចំពោះ​វិធី​ដាំ​កូន​ម្រុម លោក យ៉ង ភោគ ប្រាប់​ថា​ដំណាំ​ម្រុម ការ​ដាំ​វា​មិន​ត្រូវ​កេង​ចំណេញ​ដី​ដាំ​ដោយ​ទុកចន្លោះ​គុម្ព មួយ​ទៅ​មួយ ដាំ​កៀក​គ្នា​នោះ​ទេ។ ការ​ដាំ​ម្រុម​ល្អ គឺ​ទុក​គម្លាត​គុម្ព ឲ្យ​ឆ្ងាយៗ​ពី​គ្នា ទើប​វា​បែក​ស្លឹក​ច្រើន ហើយ​ស្លឹក​ម្រុម វា​នឹង​មាន​ទម្ងន់​នៅ​ពេល​ថ្លឹង​លក់។ ពីព្រោះ​ម្រុំ​បច្ចុប្បន្ន គេ​ថ្លឹង​ស្លឹក​វា​លក់ ក្នុង​តម្លៃ​ទាប​បំផុត ០,៥០​ដុល្លារ ទៅ​ជាង​១​ដុល្លារ ក្នុង​១​គីឡូក្រាម។

លោក​បន្ត​ថា​មុន​ដាំ​កូន​ម្រុំ ត្រូវ​ភ្ជួរ​ដី​ឲ្យ​ធូរ ចំនួន​២​សារ បំបែក​ដី​ឲ្យ​ម៉ត់ រួច​លើក​ជា​រង ដូច​ដាំ​បន្លែ​ដែរ ទើប​យក​កូន​ម្រុំ ទៅ​កប់​ក្នុង​ដី​ឲ្យ​លិច​កន្ទោង ត្រូវ​ទុកចន្លោះ​ពី​គុម្ព​មួយ ទៅ​គុម្ព​មួយ ចម្ងាយ​១​ម៉ែត្រ ទៅ​មួយ​ម៉ែត្រ​កន្លះ «បើ​វា​ដុះ​ផុត​ពី​មាត់​កន្ទោង ចេញ​ជា​សន្លឹក​ហើយ នឹង​វា​អត់​អី​ទេ។ រួច​បាន​គេ​ធ្វើ​ដី ពូន​ជា​រង​ហើយ អីចឹង​ទៅ​គេ​លៃ​ហើយ ដូច​ថា​ពី​ត្រឹមនេះ មក​ត្រឹមនេះ​១,៥០​ម៉ែត្រ ឬមួយ​ក៏​១​ម៉ែត្រ។ យើង​ដាំ​ទូលាយ យើង​ស្រណុក​ធ្វើ​ស្មៅ​ឬមួយ​យើង​ស្រណុក​ចូល​កាត់ រួច​ទទឹង​អីចេះ​ដាក់​១​ម៉ែត្រ អ៊ីចឹង​ទៅ​វា​ទូលាយ​យើង​ស្រណុក​កាត់ ព្រោះ​អា​នឹង​កាលណា​វា​ដុះ​ខ្ពស់​ជំហរ​កម្ពស់​នេះ វា​បែក​សាខា ម្ល៉ោះហើយ​យើង​ទុក​រង​នឹង ឲ្យ​វា​ទូលាយ​ទៅ យើង​ស្រណុក យក​កណ្ដៀង​ទៅ​កាត់»

លោក យ៉ង​ភោគ បន្ត​ថា​ដំណាំ​ម្រុម វា​ដុះ​ឲ្យ​ផល​យូរអង្វែង ៥​ទៅ​១០​ឆ្នាំ ដូច​ដំណាំ​មៀន ទៀប ស្វាយ ត្របែក​ដែរ ចំពោះ​ការ​ដាំ ដើម​ម្រុម​កៀក​គ្នា​ពេក ស្មៅ​ងាយ​ដុះ បឺត​យក​ជីរ​ជាតិ​ពី​ដី មិន​អាច​ជម្រះ​ស្មៅ​ក្នុង​រង​បាន​ងាយ លំបាក​ថែ​ទាំ​ស្រោច​ទឹក លំបាក​ប្រមូល​ផល ធ្វើ​ឲ្យ​ស្លឹក​ម្រុម លូត​បាន​ខ្លីៗ ហុច​ផល​បាន​តិច ព្រោះ​វា​ដណ្ដើម​គ្នា បឺត​យក​ជីរ​ជាតិ៖ «អានេះ​គេ​ដាំ​យក​ញឹក ឃើញ​ពិបាក​ទេ ដល់​អ្នក​ធ្វើ​ស្មៅ​ក៏​ពិបាក​ធ្វើការ​ដែរ សូវ​ឲ្យ​វា​រង្វើល​ទៅ​ឲ្យ​វា ទូលាយ​ដើម យើង​ស្រណុក​ដើរ​កាត់ ញឹក​ពេក​ចង្អៀត​ទេ វា​ពិបាកធ្វើ​ស្មៅ​តេម​តូម វា​ចំណេញ​ដើម តែ​អត់​វា​រីក​ធំ»

លោក យ៉ង ភោគ បន្ត​ថា​ការ​ថែទាំ​កូន​ម្រុម បើ​រង​ដំណាំ​ម្រុំ​នៅ​តំបន់​ដី​ទួល ត្រូវ​ស្រោច​ទឹក​ញឹកញាប់និង​ត្រូវ​ថែម​ជីអ៊ុយរ៉េ និង​បាញ់ថ្នាំ​ការពារ​កុំ​ឲ្យ​សត្វល្អិត អុច​ស្លឹក។ តែ​បើ​ដាំ​ម្រុម ដាំ​លើ​ដី​ជម្រាល​មាត់​ទន្លេ​វិញ មិនបាច់​ស្រោច​ទឹក​ទេ តែ​វា​លំបាក ដក​ទុក ឬ​ប្ដូរ​កន្លែង​ដាំ នៅ​ពេល​ទឹក​ឡើង ព្រោះ​ម្រុំ មិន​អាច​ត្រាំ​ក្នុង​ទឹក បាន​យូរ​ថ្ងៃ​ទេ វា​នឹង​រលួយ​ឫស​ក្នុង​ទឹក ដូច​ដំណាំ​ចេក​និង​ល្ហុង​ដែរ៖ «អ៊ីចឹង​បាន​គេ​ពូន​រង ដូច​រង​ដំឡូង​អីចឹង ឲ្យ​វា​ផុត​ទឹក តែ​គេ​ដាំ​គេ​មើល​សភាព​ដី​ដែរ កាលណា​ទឹក​វា​ដក់​ខ្លាំង វា​រលាំ​ទឹក វា​ឆាប់​រង្គោះ​សន្លឹក វា​ក្រហម​សន្លឹក អា​នឹង​វា​ញុះ​គឺ​វា​អង្គោះ។ បើ​ទឹក​ឆាប់​ស្រក គឺ​វា​អត់​អី​ទេ អាច​កែ​ឡើងវិញ​បានទេ។ នុះ​នៅ​កៀន​ផ្ទះ​ខ្ញុំ​ឃើញ​ទេ គេ​ដក​ដាក់​ម្ដុំ​គេ​យក អា​ដី​ទន្លេ ដក​យក​មក​ដាក់​គរ​ម្ដុំ អត់​ងាប់ លាស់​មក​បាន​កាត់​សន្លឹក​ទៀត»

ចំពោះ​ការ​ប្រមូល​ផល​ស្លឹក​ម្រុំ គេ​អាច​កាត់​ស្លឹក​វា​លក់ ក្រោយ​ពី​ម្រុំ​ដុះ​បាន​២​ខែ។ ការ​ច្រូត​ស្លឹក​ម្រុំ​គឺ លក់​បាន​រាល់ថ្ងៃ ក្នុង​ស្លឹក​ម្រុំ ១​គីឡូក្រាម គេ​ទិញ​ថ្លៃ​២៥០០ ទៅ​៤៥០០​រៀល។ ចំណែក​គ្រាប់​ម្រុម​ទុំ ក្នុង​១​គីឡូក្រាម តម្លៃ​ជួញដូរ មួយ​ម៉ឺន​រៀល។ លោក យ៉ង ភោគ បន្ត​ថា​ដំណាំ​ម្រុំ នៅ​ក្នុង​ឃុំ​ព្រែក​ថ្មី ផ្អើល​ដាំ​ច្រើន​ចម្ការ និង​ដាំ​មិន​ឲ្យ​សល់​ដី ដាំ​នៅមុខ​ផ្ទះ​ផង​និង​ក្រោយ​ផ្ទះ​ផង បាន​ចាប់​ផ្ដើម​ដាំ​ពី​ឆ្នាំ​២០០៣ ២០០៤​មក។ លោក​អះអាង​ថា ម្រុម​មានតម្លៃ ក្រោយ​ពី​មាន​អ្នក​ចុះទៅ​ទិញ​ស្លឹក​ម្រុម​ផង ទិញ​ផ្លែ​ផង ដោយ​អ្នកទិញ​ប្រាប់​ថា យក​ស្លឹក​ម្រុម​ចាស់ៗ​និង​ផ្លែ​ទុំៗ ផលិត​ជា​ឱសថ ឯ​ស្លឹក​ម្រុំ​ខ្ចី ធ្វើ​បន្លែ​កកូរ៖ «អាជីវកម្ម ដាំ​ម្រុម យូរ​ដែរ​ហើយ ៤​ទៅ​៨ ឆ្នាំ​ហើយ គ្រាន់តែ​ម្រុម​នឹង។ អានេះ​បន្លែ ដូច​គេ​យក​ស្ល កកូរ រួច​ឥឡូវ​គេ​បែក​បច្ចេកទេស គេ​យក​សន្លឹក​វា​ទៅ​ធ្វើ​ថ្នាំ គេ​កិន​ធ្វើ​ថ្នាំ​ស្អី​ណា​គេ​ញុក​ដាក់​ដប បើ​នៅ​ចំពុះ​ក្អែក គេ​រក​យក​តែ​សន្លឹក​ចាស់ៗ គេ​យក​ទៅ​ហាល គេ​កិន​ធ្វើ​ម្សៅ​ថ្នាំ​ស្អី​គេ»

អ្នក​ប្រមូល​ទិញ​ស្លឹក​ម្រុម យក​ទៅ​លក់​ជា​បន្លែ នៅ​ក្រុង​តាខ្មៅ ឲ្យ​ដឹង​ថា ស្លឹក​ម្រុម​ងាយ​ក្នុង​ការ​ជ្រុះ ឬ​ហៅថា​ញោស។ ដើម្បី​ឲ្យ​ស្លឹក​ម្រុម នៅ​តែ​ស្រស់​ល្អ ម្ចាស់​ចម្ការ ត្រូវ​ច្រូត​វា​យក​ទៅ​លក់​ឲ្យ​ម៉ូយ នៅ​ពេល​មេឃ​ត្រជាក់ ចន្លោះ​ម៉ោង​៥ ទៅ​៦​ល្ងាច ហើយ​នៅ​ពេល​ព្រឹក​ស្លឹក​ម្រុម​នៅតែ​ស្រស់ អាច​តាំង​លក់​នៅ​ទីផ្សារ​បាន។ ចំណែក​គ្រាប់​ម្រុម​ទុំៗ អ្នកភូមិ​និង​ម្ចាស់​ចម្ការ ឲ្យ​ដឹង​ថា​គេ​យក​ទៅ ធ្វើ​ថ្នាំ​សម្រាប់​អ្នក​ទឹកនោម​ផ្អែម លេប​បន្ថយ​ជាតិ​ស្ករ នៅ​ក្នុង​ឈាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។