វិធី​​បណ្ដុះ​ផ្សិត (ភាគ ៣)

កាល​ពី​សប្តាហ៍​មុន​នាទី​កសិកម្ម​បាន​អធិប្បាយ​ហើយ​អំពី​វិធី​ត្រៀម​ចាហួយ ឬ​សារាយ​សម្រាប់​បង្កាត់​សាច់​ផ្សិត​ក្នុង​ការ​ផលិត​មេ​ផ្សិត​ទី​១។

0:00 / 0:00

ក្រោយ​ជ្រើស​រើស​បាន​ផ្សិត​ដែល​ធំ​ថ្លោស​ហើយ ទើប​គេ​ហែក​គល់​ផ្សិត​ជា​ពីរ​ចម្រៀក។ លោក ថា សុមេធ អ្នក​បណ្តុះ​ផ្សិត​នៅ​បឹង​ត្រកួន ខេត្ត​បន្ទាយ​មានជ័យ ជាប់​ព្រំដែន​ថៃ មាន​ប្រសាសន៍​ថា ៖ «មួយ​ដើម​បាន​ពីរ អ៊ីចឹង​មួយ​ចំហៀង​បាន​១ រហូត​មួយ​ចំហៀង​បាន​ដល់​៣ ក៏​មាន​ដែរ»

សូម​បញ្ជាក់​ថា រាល់​ឧបករណ៍​ដែល​ប្រើ​ប្រាស់ ចាំបាច់​ត្រូវ​រោល​ភ្លើង​សម្លាប់​មេរោគ​ជា​មុន​សិន រួច​ទុក​ឲ្យ​ត្រជាក់​សឹម​យក​ទៅ​កាត់ ឬ​ត្បៀត​សាច់​ផ្សិត​ការពារ​កុំ​ឲ្យ​ស្ព័រ ឬ​ជាលិកា​ផ្សិត​ងាប់ ៖ «យើង​ហែក​ចេញ​មក​ដល់​កន្លែង​ដូច​ខ្នែង​វា មើល​ទៅ​រាង​ខ្នែង មិន​មែន​មក​ក្រោម​ទេ កន្លែង​ខ្នែង​ស្លឹក​វា។ បើ​យើង​ហែក​ចេញ​មក​ដូច​ចម្ពាម​កៅស៊ូ​អ៊ីចឹង យើង​យក​ចន្លោះ​កណ្ដាល រួច​យើង​យក​ឡាម​មុតៗ យើង​ចិត រួច​មាន​ដែក​ប្រដាប់​ចាប់​ដូច​ត្បៀត​យើង ត្បៀត​ពេទ្យ វែង​ហើយ​ស្ដើង យើង​ចាប់​ថ្មមៗ​វា ប៉ុន្តែ​យើង​ចិត​ឲ្យ​ធំ​ល្មម​ដែរ កុំ​ឲ្យ​ធំ​ពេក ធំ​ពេក​យើង​ដាក់​លើ​សារាយ​ទៅ​វា​ខូច​សារាយ​យើង»

លុះ​ដាក់​សាច់ ឬ​ស្ព័រ​ផ្សិត​លើ​ដុំ​សារាយ​ក្នុង​ដប​ហើយ ត្រូវ​យក​មាត់​ដប​រោល​ភ្លើង​ចង្កៀង​អាល់កុល ហើយ​យក​សំឡី​ស្អាត​បិទ​ជា​ឆ្នុក ៖ «យើង​ដាក់​លើ​សារាយ​ថ្មម​ទៅ ដាក់​រួច​បាន​យើង​រោល​សំឡី​គ្រប​ឲ្យ​ស្រួល យើង​ដាក់​ថ្មមៗ​ទៅ។ អត់​ឲ្យ​រមៀល​ទេ តែ​ដាក់​ដប​រមៀល​ទៅ​ខូច​ខ្ទេចខ្ទី​អស់ ដាក់​ឲ្យ​នឹង»

ដប​សារាយ​បណ្តុះ​ស្ព័រ​ផ្សិត​នេះត្រូវ​ទុក​ក្នុង​បន្ទប់​ដែល​មាន​សីតុណ្ហភាព ២៥​អង្សា គឺ​ត្រជាក់​ល្មម ៖ «បាន​ប្រហែល​មួយ​អាទិត្យ យើង​មើល​ក្នុង ២០​ដប ជួនកាល​កើត​តែ ២​ដប​អី​ទេ ជួនកាល​សល់​តែ​១​ដប​ក៏​មាន បើ​ល្អ​កើត​ដល់ ១០​ដប​ក៏​មាន​ដែរ។ បើ​ស្ព័រ​ចាប់​ផ្ដើម​ដើរ ហ្នឹង​កើត​ហើយ យើង​យក​មក​បាន​២​អាទិត្យ​យើង​អាច​យក​មក​ដាក់​ក្នុង​ស្រូវ»

មេ​ផ្សិត​ទី​១​នេះ​អាច​ទុក​បាន​រយៈ​ពេល​១​ខែ បើ​ទុក​យូរ​ពេក​មេ​វា​នឹង​ខ្សោយ​កម្លាំង។

លោក ថា សុមេធ ដែល​បណ្តុះ​ផ្សិត​អំបោះ​លក់ ប្រាប់​ពី​វិធី​មើល​មេ​ផ្សិត​ក្នុង​ដប​សារាយ​ដូច្នេះ ៖ «សរសៃ​វា​ស វា​ដើរ​តាម​សារាយ​ស​ពេញ​ទាំង​អស់​ហ្នឹង​ឯង បើ​សារាយ​ខូច​វា​អត់​ដើរ​ទេ ទៅ​ជា​ខៀវ ខ្មៅ​អត់​យក​ទេ ស​ក្បុស​បាន​យក ស្អាត​ក្នុង​ឆ្នុក ហើយ​ជួន​កាល​កើត​តែ​មួយ​ដប​ក៏​យក​ដែរ ប៉ុន្តែ​ក្នុង​មួយ​ដប​សារាយ​បង្កើត​រហូត​ដល់ ៨​ពាន់​កញ្ចប់ ឬ​ជាង​មួយ​ម៉ឺន​កញ្ចប់ ច្រើន​ណាស់។ បាន​តែ​មួយ​ដប​បង្កើត​បាន ៨​ពាន់​កញ្ចប់​យ៉ាង​តិច»

ខណៈ​ដែល​ទុក​ឲ្យ​ស្ព័រ​ផ្សិត​ដើរ​រីកសាយ​ក្នុង​ដប​សារាយ​នោះ កសិករ​គប្បី​ចាប់​ផ្តើម​ត្រៀម​ធ្វើ​មេ​ទី​ពីរ គឺ​ផ្ទេរ​មេ​ផ្សិត​ពី​សារាយ​ទៅ​ក្នុង​ដប​ស្រូវ។

លោក ថា សុមេធ មាន​ប្រសាសន៍​ថា មេ​ផ្សិត​ដុះ​ល្អ​ក្នុង​ស្រូវ​មីយេត៍ ឬ​ស្រូវ​ពោត។ តែ​លោក​ប្រើ​ស្រូវ​ធម្មតា​របស់​ខ្មែរ​ក៏​បាន​លទ្ធផល​ល្អ​ដូច​គ្នា​ដែរ។ លោក​យក​ស្រូវ​មក​ស្ងោរ​ឲ្យ​រីក​តែ​៣០​ភាគរយ គឺ​ក្នុង​គ្រាប់​ស្រូវ​មួយ​គ្រាប់​ត្រូវ​ស្ងោរ​ឲ្យ​រីក​មាត់​ចាប​តែ​​៣​ភាគ​ទុក​៧​ភាគ។

លោក ថា សុមេធ មាន​ប្រសាសន៍​ដូច្នេះ ៖ «កាល​ណា​រីក ដល់​ពេល ៥០% រីក​ទាំង​អស់​អត់​កើត​ទេ ពាក់​កណ្ដាល​អត់​កើត​ទេ ត្រឹម​តែ ៣០​ទេ តែ ៤០% ក៏​ចង់​យ៉ាប់​ផង... បើ​ត្រឹម ៣០% រីក​ល្អ វា​ប្រេះ​មក​ឲ្យ​បាន ៣​ភាគ ទុក ៧​ភាគ»

តើ​ត្រូវ​ប្រើ​ស្រូវ​ប៉ុន្មាន​តៅ​យក​មក​ស្ងោរ? លោក ថា សុមេធ ប្រាប់​ដូច្នេះ ៖ «ស៊ីសង​នឹង​យើង​ធ្វើ​មេ​តិច​មេ​ច្រើន។ ឧទាហរណ៍​ថា​យើង​ចង់​ធ្វើ​មេ​ប៉ុន្មាន​យើង​យក​មក​ច្រក​ក្នុង​ដប​ហ្នឹង​ដែរ យើង​ចង់​ធ្វើ​មួយ​តៅ​ពីរ​តៅ​ក៏​បាន យើង​ចង់​ធ្វើ​១​បាវ​ក៏​បាន មេ យើង​ធ្វើ​រាប់​ពាន់​ដប បើ​យើង​ចង់​ធ្វើ​ប៉ុន្មាន​ដប​គិត​តាម​ហ្នឹង​ទៅ»

លុះ​ស្ងោរ​ស្រូវ​ឲ្យ​រីក​មាត់​ចាប​និង​ច្រក​ដប​ដែល​មាន​សំឡី និង​ក្រដាស​បិទ​មាត់​រួច​ហើយ គេ​ត្រូវ​ចំហុយ​ដប​ស្រូវ​នេះ​ក្នុង​ឆ្នាំង​ចំហុយ ៖ «ស្រេច​តែ​យើង​ធ្វើ​ច្រើន​ធ្វើ​តិច យើង​ដាក់​ឆ្នាំង​យើង​ស្ងោរ​ទៅ ប៉ុន្មាន​កំប៉ុង ៣០​កំប៉ុង ២០​កំប៉ុង ៤០​កំប៉ុង ស្រេច​តែ​យើង។ បាន​ប៉ុណ្ណឹង​យើង​យក​មក​ចាក់​សំដិល​ឲ្យ​រាង​ស្ងួត​បន្តិច​ទៅ យើង​យក​មក​ច្រក​ដប ច្រក​ដប​ក្ដារ ច្រក​កុំ​ឲ្យ​ពេញ​ពេក ច្រក​ប្រហែល ៧០% បាន​ហើយ យើង​ទុក​ប្រហែល ៣០​ទៅ​ចុះ។ បើ​ខ្លះ​គេ​លាយ​កន្ទក់ គេ​ច្របល់​កន្ទក់​លាយ​ថែម​បន្តិច ឧទាហរណ៍​ថា ៥០​កំប៉ុង យើង​ដាក់​កន្ទក់​ប្រហែល ១​កីឡូ​អី​ទៅ ឬ​កន្លះ​គីឡូ​ទៅ យើង​ចេះ​តែ​លាយៗ​វា​ទៅ។ ហើយ​មិន​លាយ​ក៏​បាន​ដែរ តែ​បើ​យើង​លាយ​យើង​ជួយ​វីតាមីន​វា មាន​ត្រឹម​បួន​ដប់​កំប៉ុង យើង​ដាក់​កន្ទក់​តែ​មួយ​ក្ដាប់​បាន​ហើយ រួច​ហើយ​យើង​ច្របល់​លាយៗ​ជាមួយ​កន្ទក់​ខ្លះ​ទៅ បាន​យើង​ចាប់​ផ្ដើម​ច្រក​ដប ហើយ​បាន​យើង​យក​ទៅ​ដាក់​ក្នុង​(ឆ្នាំង​ចំហុយ)​ទៀត»

ក្រោយ​ចំហុយ​និង​ទុក​ឲ្យ​ត្រជាក់​ហើយ គេ​យក​ចូល​ក្នុង​ធុង ឬ​ទូ​កញ្ចក់​ការពារ​មេរោគ​ដើម្បី​ផ្ទេរ​មេ​ផ្សិត​ទី​១ ពី​ដប​សារាយ​ទៅ​ក្នុង​ដប​ស្រូវ ៖ «ដាក់​ទូ​កញ្ចក់ រួច​គេ​យក​សារាយ​ហ្នឹង គេ​មាន​ដែក​វែង​ហើយ​ស្រួច ទៅ​ដល់​គេ​កាត់​សារាយ​យក​ទៅ​ដាក់​ក្នុង​ស្រូវ​ហ្នឹង ហើយ​ស្រូវ​ហ្នឹង ២៤​ម៉ោង​ដូច​គ្នា យក​មក​ទុក ២៤​ម៉ោង បាន​អាច​ដាក់​បាន​យ៉ាង​តិច។ យើង​កាត់​សារាយ​ដាក់​ចូល​ទៅ​ក្នុង​ស្រូវ យើង​គ្រប​សិន​ទៅ»

មេ​សារាយ​១​ដប​អាច​បង្កាត់​ជា​មេ​ទី​២ ក្នុង​ដប​ស្រូវ​បាន ២០​ដប ទុក​ប្រមាណ​កន្លះ​ខែ ស្ព័រ ឬ​សរសៃ​ផ្សិត​នឹង​ដើរ​ពាសពេញ​ស្រូវ​ចុះ​មក​ដល់​បាត​ដប ៖ «ដាក់​ទៅ​បាន​តែ​បី​បួន​ថ្ងៃ សារាយ​វា​ចាប់​ផ្ដើម​ដើរ ស្ព័រ​ចាប់​ផ្ដើម​ដើរ​ហើយ អាណា​ខូច​យើង​យក​ចេញ​ទៅ»

លោក ថា សុមេធ មាន​បទពិសោធន៍​ថា មេ​ទី​២ អាច​យក​ទៅ​បណ្តុះ​បាន​ភ្លាម​ក៏​ពិត​មែន​តែ​មិន​សូវ​បាន​ផល​ល្អ​ឡើយ ត្រូវ​ពង្រីក​ធ្វើ​មេ​ទី​៣​ទៀត ទើប​បាន​ផល​ជា​ផ្សិត​ធំ​ថ្លោស ៖ «វា​ដើរ​ដល់​បាត​កន្លះ​ខែ ស្រូវ​ហ្នឹង យើង​ចាប់​ផ្ដើម​ស្ងោរ​ស្រូវ​មួយ​សា​ទៀត ធ្វើ​មេ​ទី​២ ស្ងោរ​ស្រូវ​ចំហុយ​ឲ្យ​ធម្មតា​ដូច​គ្នា​រយៈ​ពេល​ផ្ទុះ​បី​ដង ទុក​១​ម៉ោង​ដូច​គ្នា​ហើយ ពន្លត់​ភ្លើង​ឲ្យ​វា​ដើរ​អង្សា​ដល់​សូន្យ​បាន​យើង​ទៅ​បើក ហើយ​យក​មក​ទុក ២៤​ម៉ោង យើង​យក​មេ​ស្រូវ​ទី​២ យើង​យក​មក​បញ្ចូល​ស្រូវ​មួយ​សា​ទៀត»

គឺ​មេ​ទី​៣​នេះ​ហើយ​ដែល​ជា​មេ​ផ្សិត​សម្រាប់​កសិករ​យក​ទៅ​បណ្តុះ​ក្នុង​រង ឬ​ក្នុង​កញ្ចប់​បណ្តុះ​តាម​ប្រភេទ​របស់​ផ្សិត​នីមួយៗ៕