វិធី​បណ្ដុះ​ផ្សិត (ភាគ ៤)

នាទី​កសិកម្ម​ថ្ងៃ​នេះ លោក សាន សុវិទ្យ សូម​លើក​យក​វិធី​ធ្វើ​កញ្ចប់​បណ្តុះ​ផ្សិត​ពី​ល្បាយ​អាចម៍​រណារ​មក​ជម្រាប។

0:00 / 0:00

ការ​បណ្តុះ​ផ្សិត​អាច​ធ្វើ​បាន​ក្នុង​បរិដ្ឋាន​ផ្សេងៗ គឺ​ធ្វើ​តាម​តម្រូវការ​របស់​ពូជ​ផ្សិត​នីមួយៗ។ ឧទាហរណ៍ ផ្សិត​ចំបើង​គេ​ច្រើន​បណ្តុះ​ក្នុង​ពំនូក​ចំបើង លើ​រង​ផ្ទាល់​ដី​នៅ​កណ្តាល​វាល ផ្សិត​ស ផ្សិត​អំបោះ គេ​បណ្តុះ​ក្នុង​ថង់ ឬ​កញ្ចប់​បណ្តុះ​លាយ​ផ្សំ​ល្បាយ​អាចម៍​រណារ កន្ទក់ និង​កំបោរ ។ល។
ដុំ​ល្បាយ​សម្រាប់​បណ្តុះ​ផ្សិត​អំបោះ រួម​មាន​ឧបករណ៍​ដូច​តទៅ គឺ​សម្ភារៈ​ដែល​សេស​សល់​ពី​ខាង​វិស័យ​កសិកម្ម ដូច​ជា​អាចម៍​រណារ​ពី​ដើម​កៅស៊ូ ឬ​ឈើ​សាច់​ទន់​ផ្សេងៗ ចំបើង ជញ្ជ្រាំង កាក​អំពៅ ។ល។ ឧបករណ៍​សំខាន់​មួយ​ទៀត គឺ​ស្បោង ឬ​ថង់​ប្លាស្ទិក សម្រាប់​ច្រក​ល្បាយ​បណ្តុះ​ផ្សិត។

លោក ថា សុមេធ កសិករ​បណ្តុះ​ផ្សិត​នៅ​បឹង​ត្រកួន ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​បាទ​ដូច្នេះ ៖ «ស្បោង​យើង​ជាង​មួយ​ចំអាម ហើយ​គូទ​វា​គេ​មាន​បត់​ផ្នត់​ហើយ​ស្រេច ដាក់​ច្រក​នំ​ច្រក​អី ដូច​យើង​ច្រក​នំ​អ៊ីចឹង។ នៅ​ស្រុក​ថៃ ក៏​មាន​ថង់​សម្រាប់​ច្រក​ផ្សិត តែ​ស្រុក​ថៃ វា​តូច​ជាង ច្រក​ហើយ​ផ្សិត​បាន​១​គីឡូក្រាម ១​គីឡូ​១ខាំ ១​គីឡូ​២​ខាំ អស់​ហើយ ស្រុក​ថៃ។ បើ​សិន​ជា​ស្រុក​ខ្មែរ​យើង ច្រក​ហើយ​មួយ​គីឡូ​៣​ខាំ មួយ​គីឡូ​បួន​ខាំ»

ក្រៅ​ពី​នេះ​ត្រូវ​មាន​កង​ដែល​គេ​កាត់​យក​ពី​ក​ដប​ប្លាស្ទិក ដូច​ជា​ដប​កូកាកូឡា​ខ្នាត​មួយ​លីត្រ​ជាដើម តែ​លោក ថា សុមេធ ប្រើ​បំពង់​ទុយោ​ទឹក​យក​មក​កាត់​ជា​កង់ៗ ជំនួស​ក៏​បាន ៖ «ខ្ញុំ​ឯ​ណេះ​អត់​មាន​ទិញ​កង​ថៃ ទេ យក​ទុយោ​ខៀវៗ ប៉ុន​មេ​ជើង។ ដូច​លេខ​៣ អាហ្នឹង​ធំ​ប៉ុន​ក​ដៃ​កូន​ក្មេង យក​មក​កាត់​វា​ជា​រង្វង់​កម្រាស់​មួយ​ថ្នាំង​ដៃ យើង​ចែក​ជា​៣​ទៅ ពុះ​ជា​បី យើង​យក​កង​មក​ដាក់​នៅ​មាត់​វា​ទៅ ថង់​ញាត់​ចូល​ក្នុង​កង យើង​ទាញៗ​ឲ្យ​វា​យឺត​ទៅ យើង​ពាក់​ចូល​ទៅ​វិញ​យក​កៅ​ស៊ូ​ចង»

បន្ទាប់​មក​ទៀត​ត្រូវ​មាន​ឡ​ចំហុយ​សម្រាប់​កម្ចាត់​មេរោគ និង​មេ​ក្រមី​ផ្សិត​ចង្រៃ ៖ «ឡ យើង​អត់​មាន​លុយ យើង​ទិញ​ធុង​កៅស៊ូ​ក៏​បាន ធុង​កៅស៊ូ​យើង​អា ២២០​នោះ។ ចំហុយ​មួយ​ធុង​បាន​តែ ៧០​កញ្ចប់​ទេ។ យើង​កាត់​មាត់​វា យើង​យក​សន្ទះ​មាត់​វា កាត់​មាត់​វា​ប្រហោង​រួច​ហើយ​យើង​យក​សន្ទះ​មាត់​វា​ហ្នឹង​ទម្លាក់​ចុះ​ទៅ​ក្រោម។ យើង​យក​ឥដ្ឋ​យើង ឥដ្ឋ​កម្ពស់​ប្រហែល​ជិត ២​តឹក ប្រហែល​ជា ១​តឹក គេ​យក​ទៅ​កល់​រួច​ចាក់​ទឹក»។

ទឹក​ដែល​គេ​ចាក់​ក្នុង​ធុង​នោះ​មិន​ឲ្យ​លិច​ឥដ្ឋ​ទេ បាន​សេចក្តី​ថា ដាក់​មិន​ឲ្យ​ដល់​សន្ទះ​មាត់​ដែល​ជា​ធ្នើ​នោះ​ឡើយ ក្រៅ​ពី​នេះ​ត្រូវ​មាន​រោង​សម្រាប់​តម្រៀប​តម្កល់​ដុំ​បណ្តុះ​ឲ្យ​ស្ព័រ​ផ្សិត​ចាប់​ដុំ​ល្បាយ បាញ់​សរសៃ​ពាស​ពេញ​កញ្ចប់ និង​រោង​មួយ​ទៀត​សម្រាប់​ជា​កន្លែង​ឲ្យ​ផ្សិត​ដុះ​ចេញ​ពី​កញ្ចប់។ បើ​គ្មាន​រោង​ទេ គេ​អាច​តម្រៀប​កញ្ចប់​ផ្សិត​នៅ​តាម​កៀន​កោះ​ត្រង់​ណា​ក៏បាន។

លោក ថា សុមេធ ឲ្យ​ដឹង​ថា ៖ «យើង​យក​ទៅ​តម្រៀប​តាម​ជញ្ជាំង តាម​កៀនកោះ​ត្រង់​ណា​ក៏ដោយ​ឲ្យ​តែ​កន្លែង​មាន​ខ្យល់​ចេញ​ចូល​ខ្លះ​កុំ​ឲ្យ​ហប់​ពេក ហើយ​ស្រោច​ទឹក​ទៅ តែ ៧​ថ្ងៃ​បាន​ផ្សិត​ចេញ​មក​ហើយ ៧​ថ្ងៃ»

វិធី​ធ្វើ​ល្បាយ​ដុំ​បណ្តុះ តាម​រូបមន្ត​របស់​លោក ថា សុមេធ មាន​ដូច​ត​ទៅ ដំបូង​ត្រូវ​​ទិញ​អាចម៍​រណារ​៥០​ការ៉ុង និង​កន្ទក់ ១២០​គីឡូ ៖ «អាចម៍​រណារ​មួយ​ការ៉ុង​ប្រហែល​ជាង ២០​គីឡូក្រាម​ទេ ហើយ​ឧទាហរណ៍​ល្បាយ​យើង​យក​មក​លាយ ល្បាយ ៥០​ការ៉ុង​ហ្នឹង វា​កន្ទក់ ១២០​គីឡូ»

ក្រៅ​ពី​នេះ​ត្រូវ​មាន​កំបោរ​ស ១០​គីឡូ​ទៀត ៖ «អ្នក​ខ្លះ​គេ​ដាក់​ដល់ ១២​គីឡូក្រាម​ក៏​បាន​ដែរ»

បាន​អាចម៍​រណារ​មក​ហើយ ត្រូវ​យក​មក​រែង​យក​តែ​អាចម៍​រណារ​ល្អិត​ម៉ដ្ឋ ៖ «យើង​មាន​សំណាញ់​ប្រហោងៗ យើង​ញាត់​កូន​ដៃ​ចុះ។ ញាត់​ទៅ​អត់​មាន​ធ្លុះ​ទេ ល្មម​ចូល​ចុងៗ​វា​ហ្នឹង។ សំណាញ់​ដែក​យើង​ទិញ​ពី​ថៃ មក អា​ម៉ែត្រៗ​ហ្នឹង យើង​យក​មក​ធ្វើ​សំណាញ់​សម្រាប់​រែង​អាចម៍​រណារ ព្រោះ​អាចម៍​រណារ​វា​អត់​ម៉ត់​ទេ វា​មក​ទាំង​អា​ធំ​និង​អា​តូច។ អា​កន្លែង​រោងចក្រ។ តិច​ច្រឡំ​យក​មក​ចាក់​ទាំង​ការ៉ុងៗ ស្រេច! ខូច​អស់​រលីង។ យើង​យក​មក​ដល់​ដាក់​សំណាញ់​ឲ្យ​ស្រួល វ៉ៃ​បួន​ជ្រុង​ដូច​ជា​គ្រែ​ក៏បាន យើង​ចាក់​ពី​លើ ចាក់​រួច​យើង​យក​ឈើ ឬ​ទ្រនាប់​ជើង​ក៏​បាន គោះ​ទៅ​វា​ធ្លាក់​អាចម៍​រណារ​ទៅ​ក្រោម អាណា​ជាប់​នៅ​ឯ​លើ​យើង​គ្រវែង​ចោល»

យក​អាចម៍​រណារ​ល្អិត​មក​ពង្រាយ​នៅ​លើ​ទី​លាន​ចាក់​ស៊ីម៉ង់ត៍។ ការ​លាយ​ល្បាយ​អាចម៍​រណារ​លើ​ដី ឬ​ក្រាល​ដោយ​សំពត់​កៅស៊ូ​មិន​គួរ​ប្រព្រឹត្ត​ឡើយ ព្រោះ​ដី​អាច​លាយ​ចូល​នឹង​ល្បាយ ហើយ​សំពត់​កៅស៊ូ​ក៏​អាច​រហែក​ដាច​ដោយសារ​ចប​កាប់។

លោក ថា សុមេធ ប្រាប់​ដូច្នេះ ៖ «រាយ​ពង្រាយ​ឲ្យ​កម្ពស់​ប្រហែល ២​តឹក យើង​យក​កន្ទក់​រោយ​ឲ្យ​សព្វ​ពី​លើ មិន​បះ​ទេ កាលណា​វា​បះ​ហើរ​អស់ យើង​ដាក់​ទាបៗ រោយៗ​អ៊ីចឹង​ឲ្យ​សព្វ​ហើយ យើង​រោយ​កំបោរ រោយ​ពង្រាយ​ឲ្យ​សព្វ​ហើយ យើង​ច្របល់​ដូច​យើង​លាយ​ស៊ីម៉ង់ត៍​អ៊ីចឹង លាយ​ឲ្យ​សព្វ។ យើង​មាន​ចប មាន​ប៉ែល។ លាយ​គ្នា​ច្រើន ៥០​ការ៉ុង ប្រហែល​ជា ៥​នាក់​ឯ​ណោះ ២-​៣​នាក់​ក៏​បាន ប៉ុន្តែ​ក៏​យូរ។ ដល់​សព្វ​ហើយ​ពង្រាយ​វា​វិញ ពង្រាយ​ឲ្យ​នៅ​កម្រាស់​ប្រហែល ២​តឹក​កន្លះ ឬ​ក៏​ដាក់ ៣​តឹក​ក៏​បាន។ យើង​ពង្រាយ​ឲ្យ​ស្មើ​ហើយ​ធ្វើ​ជា​ចង្អូរៗ បាន​យើង​បូម​ទឹក​ដាក់​យើង​លាយ លាយ​អ៊ីចឹង​រួច​យើង​ច្របាច់​មើល កាលណា​ពូត​មើល​ឃើញ​ទឹក​ចេញ អាហ្នឹង​អត់​យក​ទេ ទាល់តែ​ច្របាច់​អត់​ចេញ​ទឹក»

លោក ថា សុមេធ អធិប្បាយ​ពី​ការ​ត្រៀម​ល្បាយ​អាចម៍​រណារ​សម្រាប់​ច្រក​ក្នុង​ស្បោង​ប្លាស្ទិក ៖ «ដល់​ពេល​លាយ​សព្វ​ហើយ គេ​ពូន​វា​ទៅ​ជា​ដំបូក​អ៊ីចឹង​ទៅ ពូន​ហើយ​យក​ការ៉ុង​គ្រប​ពី​លើ​វា​ឲ្យ​ជិត​ទៅ ក្រែង​មាន​ខ្យល់​អី​យើង​យក​អី​សង្កត់​វា​ជុំ​វិញ​ហ្នឹង បាន​តែ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ទឹក​វា​ហូរ​ចេញ​អស់​ហើយ ៣​ថ្ងៃ​យើង​ជ្រោយ​វា​ម្ដង​ទៀត។ ជ្រោយៗ​ទៅ​ដាក់​ពង​មាន់​ឆ្អិត​តើ! វា​ក្ដៅ។ ជ្រោយ​បី​ថ្ងៃ ជ្រោយ​អស់​ហើយ​បាន​យើង​ពូន​ឡើង​ទៅ​ជា​ដំបូក​វិញ ហើយ​បាន ៣​ថ្ងៃ​ទៀត យើង​ច្រូច​មួយ​សា​ទៀតៗ គ្រប់​ពីរ​ដង ហើយ​បើ​ជ្រោយ​ហើយ ស្អែក​ឡើង​យើង​ចាប់​ផ្ដើម​ច្រក។ បើ​យើង​ទុក ៣​ថ្ងៃ​ច្រក​វា​លឿន​ពេក វា​កាច់​ល្បាយ​អត់​សូវ​ល្អ​ទេ កាលណា​យើង​ទុក​ដល់ ៧​ថ្ងៃ ល្បាយ​ល្អ ហើយ​ទុក​ដល់ ១០​ថ្ងៃ​ក៏​បាន​បើ​យើង​ច្រក​អត់​ទាន់»