វិធីបណ្ដុះផ្សិត (ភាគ ៥)

កសិករ​ដែល​ប្រាថ្នា​ចង់​បណ្តុះ​ផ្សិត​អំបោះ ឬ​ផ្សិត​ស អាច​ទិញ​ដុំ​ល្បាយ ឬ​កញ្ចប់​ល្បាយ​អាចម៍​រណារ ដែល​គេ​ផលិត​សម្រាប់​លក់​យក​មក​ស្រោច​ទឹក​ក្នុង​ទី​សុវត្ថិភាព តែ​មិន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក៏​នឹង​បាន​ផ្សិត​យក​មក​បរិភោគ ឬ​ដោះ​ដូរ​ហើយ។

0:00 / 0:00

កាល​ពី​សប្តាហ៍​កន្លង​ទៅ លោក ថា សុមេធ អ្នក​បណ្តុះ​ផ្សិត​នៅ​បឹង​ត្រកួន ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​រៀបរាប់​ប្រាប់​អំពី​វិធី​លាយ​ល្បាយ​អាចម៍​រណារ កន្ទក់ និង​កំបោរ។

វិធី​សម្គាល់​ថា​ល្បាយ​មាន​លក្ខណៈ​សម​ស្រប​អាច​យក​ទៅ​ប្រើ​បាន គឺ​ឲ្យ​ក្តាប់​ល្បាយ​អាចម៍​រណារ​ក្នុង​ដៃ ច្របាច់​ឲ្យ​ណែន បើ​មាន​ទឹក​ហូរ​ច្រោក​ចេញ​តាម​ចង្វែក​ម្រាម​ដៃ បាន​សេចក្តី​ថា​មាន​ទឹក​ច្រើន​ពេក ឲ្យ​ថែម​អាចម៍​រណារ​ស្ងួត តែ​បើ​លាត​ដៃ​ទៅ​ពំនូត​ល្បាយ​បែក​ជា​បំណែក មិន​រក្សា​ទម្រង់​ជា​ដុំ បាន​សេចក្តី​ថា​ទឹក​តិច​ពេក​ត្រូវ​ថែម​ទឹក។

ក្នុង​ដំណាក់​កាល​ច្រក​ថង់ លោក ថា សុមេធ ពិពណ៌នា​ថា ត្រូវ​ច្រក​ល្បាយ​កុំ​ឲ្យ​ណែន​ពេក គឺ​ច្រក​តែ​១,២​គីឡូ ឬ ១,៤​គីឡូ បាន​ហើយ ៖ «អត់​សូវ​ល្អ​ទេ ខ្ញុំ​សាក​ច្រក ១,៦​គីឡូ មេ​វា​ដើរ​អត់​ចង់​រួច​ទេ វា​ណែន​ពេក»

លុះ​ច្រក​ល្បាយ​ចូល​ក្នុង​ស្បោង​ហើយ ត្រូវ​យក​ខ្សែ​ចង​មាត់​ថង់​ឲ្យ​ជិត​មុន​យក​ចូល​ឡ​ចំហុយ ៖ «ចង​ដូច​រាង​ប្រទាក់​ក​ឆ្កែ យើង​ត្រូវ​ការ​កន្រ្តាក់ ចេញ​តែម្ដង យើង​ចង់​ប្រទាក់​ក​ឆ្កែ»

នៅ​ក្នុង​ឡ​ចំហុយ​ដែល​អាច​ជា​ឡ​ធុង​កៅស៊ូ បើ​គ្មាន​លទ្ធភាព​ប្រើ​ឡ​ចំហុយ​ធំៗ គេ​យក​កញ្ចប់​ល្បាយ​មក​តម្រៀប​បញ្ឈរ​ពី​ក្រោម​ឡើង​លើ​ទាល់​តែ​ពេញ​ធុង ដែល​គេ​ចាក់​ទឹក​នៅ​ខាង​ក្រោម​សន្ទះ​មាត់​ដែល​ទើរ​នៅ​លើ​ឥដ្ឋ​កំណល់ ៤​ដុំ។ ទឹក​ចាក់​កុំ​ឲ្យ​លិច​ដល់​ធ្នើ គឺ​ទុក​ចន្លោះ​មួយ​មេដៃ។

លោក ថា សុមេធ តឿន​ថា បើ​ធ្វើ​មិន​ប្រយ័ត្ន​ប្រយែង​អាច​បណ្តាល​ឲ្យ​កញ្ចប់​ល្បាយ​ខូច​បាន ៖ «បើ​ធ្វើ​អត់​ប្រយ័ត្ន ខូច ១,០០០​កញ្ចប់ ខូច​អស់ ១០០-​២០០​កញ្ចប់»

លោក ថា សុមេធ មាន​ប្រសាសន៍​ថា មូល​ហេតុ​សំខាន់ គឺ​មិន​ចេះ​ស្មាន​បរិមាណ​ទឹក ៖ «អ៊ីចេះ​ទេ បាន​ច្រើន​ខូច គឺ​អ្នក​ថែម​ទឹក ព្រោះ​អ្នក​ហ្នឹង​រៀន​អត់​ទាន់​ដល់ តែ​ថែម​ទឹក​ខូច​ហើយ គេ​ខ្លាច​ទឹក​វា​រីង កាល​ណា​ទឹក​រីង​វា​ខូច​ធុង​យើង ប៉ុន្តែ​យើង​ចេះ​ស្មាន យើង​ដាក់​ទឹក​ប៉ុណ្ណឹង​ទៅ អត់​រីង​ទេ។ ថែម​ទឹក​វា​លិច ជួន​កាល​លិច​រហូត​ដល់​ពាក់​កណ្ដាល​កញ្ចប់ វា​ខូច»

លោក​ក៏​ឲ្យ​ដឹង​ដែរ​ថា បើ​ផលិត​កញ្ចប់​ល្បាយ​រាប់​ពាន់​កញ្ចប់ គេ​អាច​ប្រើ​ឡ​ម្តង ៤ ហើយ​ឡ​នោះ​គេ​ដុត​ធ្យូង​ក៏​បាន អុស​ក៏​បាន អង្កាម​ក៏​បាន។ ឡ​នីមួយៗ​អាច​ដាក់​កញ្ចប់​ល្បាយ​បាន ៦០-​៧០​កញ្ចប់ តែ​លោក សុមេធ កែច្នៃ​ឲ្យ​ដាក់​បាន​ច្រើន​ជាង​នេះ។

លោក ថា សុមេធ ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​ដាក់​ឲ្យ​ហួស​ពី​ធុង ខ្ញុំ​តម្រៀប​ហើយ​យក​កៅស៊ូ​គ្រប ហើយ​ខ្ញុំ​ចង បើ​កាលណា​អត់​យក​កៅស៊ូ​ចង​ទេ បាន​តែ ៦០​ទេ។ ខ្ញុំ​ដាក់​ឡើង​ទៅ​លើ ខ្ញុំ​ចង​កៅស៊ូ​ប្លាស្ទិក​យើង កៅស៊ូ​ក្រាស​យើង​ដាក់​ទៅ​លើ​ចង​វា​ទៅ ចង​ឲ្យ​ជាប់ កុំ​ឲ្យ​ជាប់​ណែន​ពេក យើង​ចង​ធូរ​ល្មម ឲ្យ​ចំហាយ​ខ្លាំង​ទៅ វា​ចេញ ឲ្យ​វា​ចេញ​ចំហាយ​ខ្លះ បើ​ថា​ចង​ជាប់​ពេក​ផ្ទុះ»

រយៈពេល​ចំហុយ​កញ្ចប់​ល្បាយ​គឺ ៤​ម៉ោង ៖ «ដុត​ភ្លើង​ហើយ​ទឹក​ពុះ ចាប់​ពី​ទឹក​ពុះ​ទៅ ៤​ម៉ោង»

លោក ថា សុមេធ អធិប្បាយ​បន្ថែម​ថា ៖ «៤​ម៉ោង​យើង​លើក​ចេញ​មក យើង​យក​មក​ដាក់... កន្លែង​ខ្លះ​ដាក់​ឲ្យ​សុវត្ថិភាព​កុំ​ឲ្យ​ត្រូវ​ទឹក។ យើង​លើក​មក យើង​យក​មក​តម្រៀប ហើយ​យើង​ចង់​ដាក់​ក្នុង​ធុង​ចំហុយ​ទៀត​ដាក់​ទៅ យើង​លើក​យក​មក​ដាក់​តម្រៀប​ក្នុង ២៤​ម៉ោង​បាន​យើង​អាច​មាន​សិទ្ធិ​ដាក់​មេ​បាន»

ស្តី​ពី​ឡ​ចំហុយ​កញ្ចប់​ល្បាយ​នេះ លោក ថា សុមេធ អធិប្បាយ​ថា គេ​អាច​កែច្នៃ​យក​ខ្ទះ​ត្នោត​មក​ធ្វើ​ក៏​បាន បើ​សិន​ជា​មាន​លទ្ធភាព ៖ «អ្នក​មាន​លុយ​គេ​មាន​ខ្ទះ​ត្នោត​យើង​ហ្នឹង យក​ទៅ​ឲ្យ​ជាង​គេ​វ៉ៃ​ដូច​ស៊ីឡាំង​អ៊ីចឹង មួយ​ខ្ទះ​ត្នោត​ហ្នឹង​គេ​ដាក់​បាន ២៥០​កញ្ចប់។ ឲ្យ​គេ​វ៉ៃ​ស៊ីឡាំង​វា​ទៅ ត​ពី​ខ្ទះ​ទៅ គេ​ដាក់​បាន ២៥០​កញ្ចប់។ គេ​ធ្វើ​ឡើង​មាន​ភ្ជាប់ ធ្វើ​គម្រប​អី​ត្រឹម​ត្រូវ យើង​ចូល​តម្រៀប​ខាង​ក្នុង​ហ្នឹង​ឯង វា​ធំ បើ​សិន​ជា​ធុងសាំង​យើង​ចូល​អត់​រួច​ទេ យើង​អើត​ទម្លាក់ បើ​ធុង​ហ្នឹង​អើត​ទម្លាក់​អត់​ដល់​ទេ ទាល់​តែ​យើង​ចុះ​ទៅ​ក្នុង​ហ្នឹង មាន​អ្នក​ហុច​ផ្សេង​ទៀត»

កញ្ចប់​ល្បាយ​ដែល​ចំហុយ​សម្លាប់​មេរោគ​ហើយ ២០​កញ្ចប់ ត្រូវ​ការ​មេ​ផ្សិត​មួយ​ដប។ រី​ឯ​វិធី​ផ្ទេរ​មេ​ផ្សិត​ពី​ដប​ចូល​ក្នុង​កញ្ចប់​ល្បាយ លោក ថា សុមេធ អធិប្បាយ​ថា ដំបូង​ត្រូវ​ស្រាយ​ខ្សែ​ដែល​ចង​មាត់​ថង់​បើក​ចំហ រួច​ឆ្កឹះ​មេ​ពី​ដប​ទម្លាក់​ចូល​ថង់​ប្រមាណ ២០-​៣០​គ្រាប់​ស្រូវ លៃ​យ៉ាង​ណា​ឲ្យ​មេ​មួយ​ដប​អាច​ដាក់​បាន ២០​កញ្ចប់ រួច​ហើយ​យក​កង​ធ្វើ​ពី​បំពង់​ទុយោ​ប្លាស្ទិក​មក​ច្រក​មាត់​ថង់ ទាញ​ព្រលាត់​យក​កៅស៊ូ​កង​ចង​ឲ្យ​ជាប់។

លោក ថា សុមេធ អធិប្បាយ​ដូច្នេះ ៖ «ដាក់​មេ​រួច​យើង​យក​ដៃ​ទាញ​ថង់ យើង​ញាត់​ចូល​ក្នុង​កង ដៃ​ទាញ​ទៅ ទាញ​យឺតៗ​ទៅ​វា​ទៅ​ហើយ បើ​អត់​ណែន​ទេ​យើង​យក​កៅស៊ូ​កង​ចង​ពីរ​បី​ជុំ​ទៅ​ជាប់​ហើយ។ វិធី​ចង​មាត់​វា លោក​យក​ក្រដាស​សៀវភៅ​យើង​កាត់​ជា​៤ ដាក់​ពី​លើ រួច​យើង​ដាក់​កៅស៊ូ​កង​ពី​លើ​ទៀត បិទ​មាត់ បើ​មិន​បិទ​មាត់​ទេ​ខូច​ហើយ ដង្កូវ​ស៊ី។ ដាក់​ហ្នឹង​មិន​មែន​ការពារ​អី​ទេ ការពារ​ដង្កូវ តែ​វា​ពង​ដាក់​ខូច​ហើយ»

លុះ​បិទ​មាត់​ថង់​ហើយ​ទើប​យក​ទៅ​តម្រៀប​ជា​ជួរ​នៅ​តាម​ជញ្ជាំង បាន​តែ ៣​ថ្ងៃ ស្ព័រ​នឹង​ចាប់​ផ្តើម​ចុះ ហើយ​ក្នុង​រយៈ​ពេល ២៥​ថ្ងៃ ឬ ១​ខែ វា​នឹង​ដើរ​ដល់​បាត​កញ្ចប់ ៖ «ដើរ​ដល់​បាត​ហើយ យើង​យក​ទៅ​តម្រៀប​តាម​ជញ្ជាំង តាម​ត្រង់​ណា​ក៏​ដោយ​ឲ្យ​តែ​កន្លែង​មាន​ខ្យល់​ចេញ​ចូល​ខ្លះ កុំ​ឲ្យ​ហប់​ពេក ហើយ​ស្រោច​ទឹក​ទៅ ស្រោច​ទឹក​តែ ៧​ថ្ងៃ បាន​ផ្សិត​ចេញ​មក​ហើយ ៧​ថ្ងៃ»

វិធី​ធ្វើ​កញ្ចប់​ល្បាយ​សម្រាប់​បណ្តុះ​ផ្សិត​អំបោះ​សន្មត​ថា​ចប់​ត្រឹម​នេះ៕