វិធី​ដាំ​បន្លែ​ប្លែកៗ

0:00 / 0:00

បច្ចេកទេស​ដាំ​បន្លែ​ប្លែកៗ ដោយ​មិន​មាន​ប្រើ​ជាតិ​ដី គឺ​ដាំ​តែ​ពី​លើ​អេប៉ុង ដែល​ជក់​ទឹក ឬ​ដាំ​នៅ​លើ​ប្រព័ន្ធ​ទុយយោ​ទឹក ក៏​អាច​ធ្វើ​ឲ្យ​បន្លែ​ស្លឹក​នោះ​ផ្ដល់​ចំណូល​បាន​ច្រើន​ដែរ។

​អ្នក​ជំនាញ​កសិកម្ម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បាន​ស្រាវជ្រាវ​បង្កើត​បច្ចេកទេស​ថ្មីៗ ដើម្បី​ជំរុញ​ដល់​ការ​​ដាំ​ដុះ​ជា​អាជីវកម្ម​ខ្នាត​តូច ធានា​សុវត្ថិភាព ស្បៀង​អាហារ។ ការ​ដាំ​បន្លែបង្ការ​នា​សម័យ​ចុង​ក្រោយ​នេះ ទោះបី​តំបន់​គ្មាន​ដី​ក៏ដោយ ឲ្យ​តែ​មាន​ទឹក​ក៏​អាច​ដាំ​បន្លែ​​​បាន​ដែរ។

លោក ម៉ាន់ សុផល រស់​នៅ​ភូមិ​ថ្មី ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្ត​កណ្ដាល។ លោក​ជា​អ្នក​នាំចូល​នូវ​​​បច្ចេកទេស​ដាំ​បន្លែ​លើ​បំពង់​ទឹក​យក​មក​ពី​ប្រទេស​ថៃ ដោយ​មិន​មាន​ប្រើ​ដី​ក្នុង​ការ​ដាំដុះ​ឡើយ។
​លោក​ជម្រាប​ជូន​ថា ការ​ដាំ​បន្លែ​លើ​ទឹក មិន​រើស​ទីតាំង​សម្រាប់​ដាំ​ទេ។

​វត្ថុ​សម្រាប់​ដាំ​បន្លែ​លើ​ប្រព័ន្ធ​ទឹក ដូចជា​ទុយយោ​មាន​ចោះ​រន្ធ​ស្រាប់ អេប៉ុង កញ្ច្រែង​ជ័រ ជី​ឈ្មោះ​អាបេ ដែល​ផលិត​នៅ​ប្រទេស​ថៃ៖ «ការ​ដាំ​បន្លែ​លើ​ទឹក បើ​ប្រើ​ធៀប​ការ​ដាំ​បន្លែ​លើ​ដី គឺ​គ្រាន់តែ​វា​ងាយ​ស្រួល​ជាង​ការ​ដាំ​លើ​ដី។ ឧទាហរណ៍៖ បើ​សិន​ផ្ទះ​នៅ​ភ្នំពេញ ដែល​ចាក់​សាប រៀប​ការ៉ូ​អស់ អត់​មាន​ទីធ្លា អត់​មាន​ដី​សម្រាប់​ដាំ យើង​អាច​ដាំ​បន្លែ​បាន ដោយសារ​ការ​ដាំ​លើ​ប្រព័ន្ធ​ទឹក»។

​លោក​បន្ត​ថា ការ​ដាំ​បន្លែ​លើ​ប្រព័ន្ធ​ទឹក មុន​ដំបូង​ត្រូវ​រៀប​កន្លែង​ដាំ ដូចជា​ទិញ​ទុយយោ មាន​មុន​កាត់​ទំហំ ៧៥​សង់ទីម៉ែត្រ ទិញ​អេប៉ុង ដូច​អេប៉ុង​លាង​ចាន​ឆ្នាំង មក​កាត់​ជា​កង់ៗ រាង​បួន​ជ្រុង​ស្មើ យក​ទំហំ ២​សង់ទីម៉ែត្រ​ក្នុង​មួយ​កង់។ កាត់​រួច​យក​វា​ទៅ​ដាក់​ពី​លើ​ថាស​រាប​ស្មើ ចាក់​ទឹក​ក្នុង​ថាស​នោះ​ទុក​ឲ្យ​​អេប៉ុង​បឺត​យក​ទឹក​ពី​ថាស​ឲ្យ​សើម​ល្មម។ ចំណែក​ទុយយោ ត្រូវ​ចោះ​រន្ធ​យក​ទំហំ​ប៉ុន​ពែងតែ ទុក​គម្លាត​ពី​រន្ធ​មួយ​ទៅ​មួយ​ប្រវែង​ចំអាម។ បន្ទាប់​មក​យក​ទុយយោ​ទៅ​រៀប​ជា​ធ្នើរ ចង​ដូច​ស្នួ​ហាល​ខោអាវ ទើប​បញ្ចូល​ទឹក​ទៅ​ក្នុង​ទុយយោ ឲ្យ​ទឹក​វា​រត់​ស្មើ​ក្នុង​ទុយយោ​នោះ។

លោក ម៉ាន់ សុផល៖ «ការ​ដាំ​លើ​ទឹក ទី​១ ការ​សាប​ឬ​បណ្ដុះ។ មុន​ដំបូង​យើង​បណ្ដុះ​នៅ​លើ​ថាស​ប្រើ​អេប៉ុង យើង​ដាក់​​គ្រាប់​ពូជ​នៅ​ក្នុង​អេប៉ុង។ ក្នុង​អេប៉ុង​មួយ យើង​ដាក់ ១​គ្រាប់។ អេប៉ុង​កែច្នៃ បើ​សិន​នៅ​យើង គេ​អត់​​មាន​ម៉ាស៊ីន​កាត់ ប៉ុន្តែ​យើង​អាច​កែច្នៃ យក​មក​កាត់​ឲ្យ​ទំហំ​វា​អាច​ថា ១​ហ៊ុន​កន្លះ​បួន​ជ្រុង តែ​បើ​សិន​​អេប៉ុង​ទិញ​ពី​គេ​មក គេ​កាត់​ហើយ​ស្រាប់ យើង​គ្រាន់តែ​យក​មក​បេះ យើង​យក​ពូជ​សាលាដ​នឹង​​ដាក់​មួយ​គ្រាប់ៗ​ទៅ​ក្នុង​អេប៉ុង​ហ្នឹង ច្របាច់​ឲ្យ​វា​ជក់​ទឹក យើង​យក​ក្រណាត់​គ្រប ២​យប់​២​ថ្ងៃ​វា​ដុះ​​ហើយ យើង​បក​ក្រណាត់​ចេញ បន្ទាប់​ពី​ហ្នឹង​មក ១​ថ្ងៃ​ទៀត​យើង​យក​ទៅ​បង្ហាញ​ពន្លឺ​ថ្ងៃ ដើម្បី​ឲ្យ​វា​ឈ្នះ​កម្ដៅ​ថ្ងៃ កុំ​ឲ្យ​វា​ដាំ​ទៅ វា​ចាញ់​កម្ដៅ​ថ្ងៃ»

វិធី​បណ្ដុះ​គ្រាប់​ពូជ​ត្រូវ​យក​គ្រាប់​ពូជ​បន្លែ​ដែល​ចង់​ដាំ​ទៅ​កប់​ក្នុង​អេប៉ុង មាន​ទឹក​ជក់​ក្នុង​នោះ​ស្រាប់។ កប់​រួច​យក​​​ក្រណាត់​សើម​ទៅ​គ្រប​ពី​លើ ទុក​វា​ចោល ២​ថ្ងៃ។ បើ​ក្រណាត់​គ្រប​ពី​លើ​ស្ងួត ត្រូវ​បាញ់​ទឹក​ពី​លើ​​​ក្រណាត់ ដើម្បី​ឲ្យ​វា​សើម​ល្មម។ ក្រោយ​ពី​ផ្អាប់​គ្រាប់​ពូជ ក្នុង​អេប៉ុង​បាន ៤៨​ម៉ោង បើក​ក្រណាត់​​​គ្រប​ពី​លើ​វា​ចេញ មើល​គ្រាប់​ពូជ វា​ដុះ​ក្នុង​អេប៉ុង​នោះ ទើប​យក​វា​ទៅ​ហាល​ពន្លឺ​ថ្ងៃ នៅ​ពេល​ព្រលឹម ដើម្បី​ឲ្យ​កូន​បន្លែ​ទទួល​កាំរស្មី​ព្រះអាទិត្យ នៅ​ពេល​ព្រឹក។

លោក ម៉ាន់ សុផល៖ «ទី​១ បើ​សិន​ជា​កូន​បន្លែ​វា​ខ្ចី យើង​អាច​គ្រាន់​តែ​បង្ហាញ ពេលព្រឹក​១​ម៉ោង ឬ ២​ម៉ោង​អ៊ីចឹង ពេល​ដែល​ក្តៅ​ខ្លាំង​យើង​យក​មក​ចូល​ម្លប់​វិញ ឲ្យ​កូន​ហ្នឹង​វា​បាន​អាយុ ៥​ថ្ងៃ​មាន​កម្លាំង​ហើយ ពេល​ហ្នឹង​ចាំ​យើង​​ដាក់​ពី​ព្រឹក​ដល់​ល្ងាច ហើយ​គ្រាន់តែ​បាញ់​ទឹក​ឲ្យ​សើម​ធម្មតា​ទៅ។ អាយុ​វា​គ្រប់ ៧​ថ្ងៃ ទៅ ១០​ថ្ងៃ មើល​ឫស​វា​ចេញ​ផុត​ពី​អេប៉ុង​មក ពេល​នោះ​យើង​ចាប់​អេប៉ុង​មួយ​ទៅ​ដាក់​ក្នុង​កញ្ច្រែង​ខ្មៅ​សម្រាប់​ដាំ ហើយ​ពេល​នោះ​បាន​យើង​រៀបចំ​ប្រព័ន្ធ​ទឹក​នៅ​លើ​ទុយយោ​នោះ​ហើយ​បាន​យើង​ដាំ​នៅ​ពី​លើ​ប្រព័ន្ធ​ទឹក​នោះ​ជា​ការ​ស្រេច។ បំពង់​ទុយយោ​ដែល​យើង​រៀបចំ​ហើយ យើង​អាច​និយាយ​ថា​ថ្នាល។ ប្រភេទ​កញ្ច្រែង​ត្រូវ​ដាំ​ហ្នឹង គឺ​វា​ធ្លុះៗ​និយាយ​ទៅ​មាន​សាច់​ខ្លះ​សម្រាប់​តែ​ទប់​អេប៉ុង​ទេ តាម​ពិត​អាច​ថា ឲ្យ​វាល​នៅ​បាត​កញ្ច្រែង»

នៅ​ពេល​ដែល​ឫស​បន្លែ​ដុះ​កាត់​អេប៉ុង​វែង ហើយ​ការ​ដុះ​ឫស​របស់​វា​បាន​អាយុ​ពី ៧ ទៅ ១០​ថ្ងៃ គេ​លើក​អេប៉ុង​ទៅ​ដាក់​ក្នុង​កញ្ច្រែង​ជ័រ​ដែល​ធ្លុះ​បាត ទើប​យក​កញ្ច្រែង​ជ័រ​នោះ​ទៅ​ដាក់​ចូល​ក្នុង​​ទុយយោ​ទឹក​ដែល​បាន​រៀបចំ​ទុក​រួច​នោះ៖ «ពី​ថ្ងៃ​បណ្ដុះ​ប្រភេទ​សាលាដ​ពូជ​យក​មក​ពី​បរទេស ពី​ថ្ងៃ​បណ្ដុះ​រហូត​ដល់​ប្រមូល​ផល អាយុ​វា​៤០ ទៅ ៤៥​ថ្ងៃ យើង​ប្រមូល​ផល​ហើយ។ បើ​សិន​ប្រភេទ​ស្ពៃ​ខ្មៅ ស្ពៃ​ក្រញាញ់​របស់​ខ្មែរ​យើង ពី​ថ្ងៃ​បណ្ដុះ​មក​ប្រមូល​ផល អាយុ​វា ២៥ មិន​លើស ៣០​ថ្ងៃ​ទេ ហើយ​ការ​បណ្ដុះ​ពី​ថ្ងៃ​ទី​១ ដល់​យើង​​ដាំ​ហ្នឹង មួយ​អាទិត្យ​ទៅ ១០​ថ្ងៃ ពេល​នោះ​យើង​អត់​មាន​ប្រើ​សារធាតុ​ជី​ចិញ្ចឹម​អី​ទេ យើង​គ្រាន់តែ​​បណ្ដុះ​ជាមួយ​ទឹក​ស្អាត​យើង​ធម្មតា។ បន្ទាប់​មក​ពេល​យើង​ដាំ​បាន​លាយ​ជាមួយ​ជី​ឈ្មោះ អាបេ។ យើង​លាយ​ដាក់​ក្នុង​ធុង ហើយ​យើង​ប្រើ​ម៉ូទ័រ​មួយ​ឲ្យ​វា​បូម​ទៅ​បូម​មក​នៅ​ក្នុង​ប្រព័ន្ធ​ទុយយោ​ទឹក​ហ្នឹង គិត​ពី​ថ្ងៃ​យើង​ដាំ​មក​ដល់​ប្រមូល​ផល​វា ១​ខែ បូក​យើង​បណ្ដុះ ១០​ថ្ងៃ​ទៀត​វា​៤០​ថ្ងៃ»

ការ​ថែទាំ​ត្រូវ​ដាក់​ជី​អាបេ ក្នុង​ទឹក​ទុយយោ បើ​ទឹក ១០​លីត្រ ត្រូវ​លាយ​ជី​អាបេ ៣០​សេសេ អាច​ដាក់​ជី​ទៅ​តាម​ទំហំ​ថ្នាល និង​ចំនួន​គុម្ព​ដែល​មាន​ក្នុង​ទុយយោ​នោះ។ ចំពោះ​ការ​ដាក់​ជី​ចិញ្ចឹម​ដើម​សាលាដ គឺ​ដាក់​តែម្ដង ចាប់​ពី​សាលាដ​ដុះ​បាន ១៥​ថ្ងៃ រហូត​ដល់​ពេល​ប្រមូល​ផល ៤០ ទៅ ៤៥​ថ្ងៃ។

ការ​ថែទាំ​សត្វ​បំផ្លាញ គឺ​ការ​ដាក់​មុង​ដែល​ការពារ​កុំ​ឲ្យ​សត្វ​ចូល​ទៅ​ទិច​ស្លឹក​សាលាដ និង​ការពារ​ស្រមោច​កុំ​ឲ្យ​វា​ស៊ី​គ្រាប់​ពូជ​កំពុង​បណ្ដុះ​ជា​ការ​ស្រេច៖ «និយាយ​ទៅ​ការ​ដាំ​បន្លែ​អត់​ប្រើ​ដី​នេះ ទី​១ យើង​រាង​ពិបាក​ថែ​កូន ពេល​ដែល​យើង​បណ្ដុះ​បន្តិច។ ពេល​ដែល​យើង​បណ្ដុះ​ហើយ យើង​យក​ទៅ​ដាំ​ក្នុង​ប្រព័ន្ធ​ទុយយោ ការ​ថែទាំ​វា​ងាយ ដោយសារ​​ការ​ដាំ​បន្លែ​អត់​ប្រើ​ដី​នេះ ទី​១ យើង​អត់​ស្រោច​ទឹក ទី​២ អត់​មាន​សត្វ​ល្អិត យើង​អត់​ភ័យ​ព្រួយ​រឿង​បាញ់​គីមី​សម្លាប់​សត្វ​ល្អិត ហើយ​ទី​៣ ពេល​ដែល​យើង​ប្រមូល​ផល​ហើយ យើង​គ្រាន់តែ​សំអាត​ថ្នាល​ឲ្យ​ស្អាត ប្ដូរ​ទឹក​ជី​រាល់​ពេល​ដាំ​ម្ដង យើង​ត្រូវ​ដូរ​ទឹក​ចោល លាង ហើយ​លាយ​ជី​សា​ថ្មី។ ដើម្បី​ឲ្យ​មាន​អុកស៊ីហ្សែន​ខ្លះ នៅ​ក្នុង​បំពង់​ទុយយោ​ដាំ​ហ្នឹង ទី​១ បើ​សិន​បណ្ដោយ​ថ្នាល​ត្រឹម​តែ ៨​ម៉ែត្រ មិន​ចាំបាច់​បង្កើត​អុកស៊ីហ្សែន​ទេ។ បើ​សិន​បណ្ដោយ​លើស ១២​ម៉ែត្រ យើង​ត្រូវ​បង្កើត​អុកស៊ីហ្សែន តាម​ទុយយោ ហើយ​មួយ​ទៀត​ដើម្បី​ឲ្យ​បន្លែ​​ធំធាត់​លឿន ខ្ញុំ​មាន​ធ្វើ​ដេវ៉ូ​នៅ​កន្លែង​ទឹក​ចេញ»

​ចំពោះ​ការ​កម្ចាត់​សត្វ​ស្រមោច​ពី​បន្ថែ​សាលាដ ត្រូវ​យក​ថ្នាំជក់ ១​គីឡូ លាយ​ទឹក ២០​លីត្រ យក​ទៅ​ស្ងោ​ឲ្យ​ពុះ ចេញ​ជ័យ​ថ្នាំ​ច្រើន ទើប​ទុក​ឲ្យ​វា​ត្រជាក់ ច្រោះ​វា​ឲ្យ​ស្អាត​យក​ទឹក​នោះ​ទៅ​បាញ់​ពី​ក្រោម​ស្លឹក​សាលាដ។ បើ​មាន​ស្រមោច​រោម​លើ​ស្លឹក បាញ់​ពីលើ​ស្លឹក​សាលាដ ក៏​វា​មិន​ខូច​សាលាដ​ទេ គឺ​ថ្នាំ​នោះ​វា​បណ្ដេញ​សត្វ និង​មិន​ប៉ះពាល់​សុខភាព​អ្នក​ទទួល​ទាន​សាលាដ​នោះ​ទេ។

លោក ម៉ាន់ សុផល៖ «តាម​ធម្មតា​សត្វល្អិត មិន​ជា​មាន​អី​ទេ បើ​សិន​មាន​ដូច​ជា​ស្រមោច។ វិធី​កម្ចាត់​ងាយៗ ដូចជា​ថ្នាំ​ជក់ បារី​អី ខ្ញុំ​បញ្ជាក់​ថា ក្នុង​១​គីឡូ​ថ្នាំជក់​ យើង​លាយ​ទឹក ២០​លីត្រ យក​ទោ​ដាំ​ឲ្យ​ពុះ​មែន​ទែន ហើយ​​យើង​យក​មក​ទុក​ឲ្យ​ត្រជាក់ ដល់​ពេល​ទុក​ឲ្យ​ត្រជាក់​ហើយ យើង​ត្រង​វា​ឲ្យ​ស្អាត យក​ទៅ​បាញ់​​នៅ​លើ​ថ្នាល​ហ្នឹង បាញ់​ឲ្យ​សព្វ កម្ចាត់​ប្រភេទ​សត្វ​ល្អិត ដូចជា​ស្រមោច​បាន​រយៈពេល​១​ខែ។ ហើយ​ថ្នាំជក់ យើង​អត់​គីមី​ដោយសារ​ចាស់ៗ គាត់​យក​មក​ហូប​បារី យើង​អាច​បាញ់​ភ្លាម​ទៅ ដក​ហូប​បាន​ភ្លាម អត់​ពាក់ព័ន្ធ​គីមី​អី​ទេ ហើយ​ការ​ថែទាំ បើ​សិន​យើង​ដាក់​ដាំ​​នៅ​ក្នុង​ថ្នាល​ហើយ ​យើង​ព្យាយាម​យ៉ាងម៉េច​ឲ្យ​ទឹក​ក្នុង​ទុយយោ​ត្រជាក់ ហើយ​និង​កាត់​បន្ថយ​កម្ដៅ​ពេល​ដែល​វា​ក្តៅ»

ប្រសិន​បើ​លោក​អ្នក​នាង មាន​ចំណាប់​អារម្មណ៍​ចង់​ដាំ​បន្លែ​លើ​ប្រព័ន្ធ​ទុយយោ​ទឹក ឬ​ចង់​ចេះ​បន្ថែម សូម​ទាក់ទង​លោក ម៉ាន់ សុផល តាម​រយៈ​ទូរស័ព្ទ​លេខ ០១១ ៩៩ ៩៨ ៨០ និង​លេខ ០៩៧ ៣៣ ៤០ ៩៩៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។