របៀប​ផលិត​ថ្នាំ​ពុល​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ​បណ្ដេញ​សត្វល្អិត

ដោយ អ៊ុក សាវបូរី
2014.08.24

នៅ​ពេល​ដែល​រដូវ​រាំង​ស្ងួត​អូស​បន្លាយ​យូរ​ខែ ដំណាំ​ស្រូវ​តែងតែ​សំបូរ​សត្វ​ល្អិត​យាយី។ កសិករ​ជា​ច្រើន​នាំ​គ្នា​ទិញ​ថ្នាំ​គីមី​មក​បាញ់​សម្លាប់​សត្វ​ទាំង​នោះ​ចេញ​ពី​ដើម​ស្រូវ។ ប៉ុន្តែ​សារធាតុ​គីមី​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន​ដល់​ជីវចម្រុះ​ក្នុង​ដី និង​សត្វ​មាន​ប្រយោជន៍​ការពារ​ស្រូវ និង​បង្ក​កំណើត​ស្រូវ។ ដើម្បី​ឲ្យ​ដីស្រែ​ល្អ​មាន​ជីវចម្រុះ សត្វ​ល្អិត​មាន​ប្រយោជន៍​និង​ជួយ​ការពារ​ដើម​ស្រូវ​កសិករ​គួរ​ប្ដូរ​ទៅ​ប្រើ​ថ្នាំ​ពុល​ធម្មជាតិ​ជំនួស​វិញ។

កសិករ រស់ ម៉ៅ នឹង​បង្រៀន​ពី​របៀប​ផលិត​ថ្នាំ​ពុល​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ​បណ្ដេញ​សត្វល្អិត​មាន​ក្រា និង​ដង្កូវ​ពី​ដើម​ស្រូវ។

ជា​រឿយៗ​កសិករ​តែងតែ​ជួប​ការ​លំបាក​ដោយសារ​សត្វល្អិត​បំផ្លាញ​ស្រូវ​ក្នុង​ស្រែ នា​រដូវវស្សា ជាពិសេស​ក្នុង​ពេល​ដែល​អាកាសធាតុ​ផ្លាស់ប្ដូរ​ធ្វើ​អោយ​តំបន់​ធ្វើស្រែ​មួយ​ចំនួន​ខ្វះ​ទឹក និង​ស្រែ​តាម​តំបន់​មាត់​ទន្លេ​មួយ​ចំនួន​ត្រូវ​ទឹក​ជន់​លិច។

កសិករ រស់ ម៉ៅ នៅ​ភូមិ​ចមពល ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ស្ទាត់​ជំនាញ​ផលិត​ថ្នាំពុល​​ពី​ធម្មជាតិ បាន​ថ្លែង​លើក​ទឹក​ចិត្ត​កសិករ​កុំ​ឲ្យ​អស់​សង្ឃឹម​ត្រូវ​ខំ​ប្រមូល​វត្ថុ​ធាតុ​ដើម​ពី​ធម្មជាតិ មក​ផលិត​ថ្នាំ​បង្ក្រាប​សត្វ​ស៊ី​ស្រូវ៖ «ខ្ញុំ​ធ្លាប់​ពិសោធន៍​មើល បើ​យើង​ប្រើ​ថ្នាំពុល​គីមី​ច្រើន ប្រើ​ដល់​ណា​គឺ​អា​សត្វ​បំផ្លាញ​គី​វា​កើត​ដល់​ហ្នឹង។ បើ​ប្រើ​ច្រើន​ណាស់ សត្វ​នឹង​កាន់តែ​កើត​ច្រើន​​ណាស់ ដោយសារ​តែ​គេ​បញ្ចូល​សារធាតុ​គីមី​ចូល​ក្នុង​ហ្នឹង​ហើយៗ។ ឥឡូវ​បើ​មិត្ត​អ្នក​ស្ដាប់​មិន​ជឿ​ខ្ញុំ បើ​មាន​សំបក​កំប៉ុង​ថ្នាំ​ពុល​ប្រើ​ពី​យូរ​ហើយ កំប៉ុង​ដឺរ៉ា បើ​មាន​នៅ​សល់​បងប្អូន​ជីក​ដី​ត្រឹម ៣​តឹក រួច​​យក​ចំបើង ឬ​ស្រកីដូង​ដាក់​ចូល​ក្នុង​ហ្នឹង​ឲ្យ​ពេញ ចាក់​ទឹក​ចូល​បន្តិច ដាក់​ថ្នាំ​នឹង​បន្តិច ហើយ​លុប​ដី​​ទៅ ៥​ថ្ងៃ​ទៅ ១​អាទិត្យ ទៅ​កាយ​មើល​គឺ​ដង្កូវ​ពេញ​ទាំង​អស់។ អ៊ីចឹង​គេ​ធ្វើ​ឲ្យ​បាត់​មួយ​ភ្លែត​តែ​វា​ធ្វើ​ឲ្យ​កើត​ច្រើន បាន​ន័យ​ថា យើង​បាញ់​ភ្លាម គឺ​បាត់ ហើយ​ងាប់​អស់​រលីង ប៉ុន្តែ​បាញ់​ងាប់ ១​ប៉ុន្តែ​កើត​៧»។

​ក្រោយ​ពី​លោក រស់ ម៉ៅ បង្ហាញ​ពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ការ​កម្ចាត់​សត្វ​ល្អិត​យាយី​ដំណាំ​ស្រូវ​មក លោក​ក៏បាន​ណែនាំ​ឲ្យ​ផលិត​ថ្នាំ​ពុល​ធម្មជាតិ ប្រើ​ក្នុង​ការ​បណ្ដេញ​សត្វ​ក្រា និង​ដង្កូវ​ពី​ដំណាំ​ស្រូវ៖ «ហើយ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​នេះ បើ​និយាយ​ទៅ​វា​មិន​មែន​ដាក់​ទៅ​បាត់​​ដូច​របស់​គេ​ទេ ប៉ុន្តែ​ដាក់​ទៅ​គេ​ហៅ​ថា បណ្ដេញ ដល់​ពេល​យូរ​ទៅ​គឺ​វា​លែង​ស៊ី​ហើយ។ ដូច​ខ្ញុំ​រាល់ថ្ងៃ​​នេះ មិន​មែន​ថា ត្រឹម​ដំណាំ​ស្រូវ​ទេ ដំណាំ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ​ទាំង​អស់ គឺ​អត់​មាន​ដង្កូវ​ស៊ី​ទេ អត់​មាន​ក្រា ហើយ​អត់​មាន កណ្ដាំ ចៃ នោះ​ទេ ដោយសារ​អី​ខ្ញុំ​អត់​ប្រើ​គីមី ដល់​យូរៗ​ទៅ​វា​បាត់​អស់ គឺ​វា​អត់​មាន»។

​លោក រស់ ម៉ៅ បន្ត​ថា វិធី​ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​សម្រាប់​ប្រើប្រាស់​លើ​ដំណាំ​ស្រូវ បណ្ដេញ​ដង្កូវ​មូរ​ស្លឹក សម្លាប់​ដង្កូវដួង​ក្នុង​ដើម​ឈើ បណ្ដេញ ចៃ ឬ​កណ្តាំ ឬ​ង៉ម ពី​បន្លែ និង​បណ្ដេញ​សត្វ​ទិច ផ្លែឈើ ត្រូវ​ប្រមូល​វត្ថុធាតុដើម​ពី​រុក្ខជាតិ​យក​មក​ផ្សំ ដូចជា សំបក​ស្តៅ ១​គីឡូ មើម​ល្មៀត ២​ខាំ មើម​ខ្ទឹម​ស ២​ខាំ ម្ទេស​ទុំ​២​ខាំ ទឹក​នោម​សត្វ ៥​លីត្រ លាមក​មេ​គោ​ស្រស់ ១​គីឡូ ទឹក ៥​លីត្រ៖ «វិធី​ធ្វើ យើង​យក​សំបក​ស្ដៅ ឬ​មួយ​ស្លឹក​ស្តៅ​បុក​វា​ឲ្យ​ម៉ត់​ទុក​មួយ​អន្លើ បន្ទាប់​មក​យើង​យក​ខ្ទឹម ល្មៀត ហើយ​និង​ម្ទេស គឺ​បុក​ឲ្យ​ម៉ត់ បុក​ហើយ​បាន​យើង​យក​សារធាតុ​ទាំង​អស់​ហ្នឹង​មក យក​មក​​ដាក់​ក្នុង​ធុង ទើប​យក​ទឹក ៥​លីត្រ ទឹក​នោម​គោ ៥​លីត្រ អាចម៍គោ ១​គីឡូ យើង​យក​ដល់​ដាក់​ចូល​គ្នា​ហើយ​បាន​យើង​កូរៗ បញ្ចូល​គ្នា​ហើយ ទុក​បាន​រយៈពេល ១៥​ថ្ងៃ ហ្នឹង​គឺ​ប្រើ​បាន​ហើយ»។

វិធី​ទី​១

ប្រើ​ទឹក​ថ្នាំពុល​ផ្សំ​បាន​បាញ់​បណ្ដេញ​ដង្កូវ​មូរ​ស្លឹក​ស្រូវ ​គឺ​យក​ទឹក​មេ​ថ្នាំ ១​លីត្រ លាយ​ទឹក​ធម្មតា ៣​លីត្រ បាញ់​បណ្ដេញ​សត្វល្អិត​ស៊ី​ស្រូវ មាន​ដង្កូវ​ស៊ី​ស្លឹក ដង្កូវ​មូរ​ស្លឹក ដង្កូវ​យោល​ដៃ ដង្កូវ​យោលទោង ជាដើម៖ «សុំ​បញ្ជាក់​ថា ដង្កូវ​មូរ​ស្លឹក​ហ្នឹង បើ​យើង​បាញ់​ដំណាំ​ស្រូវ​វិញ គឺ​យើង​ត្រូវការ​យក​រពាក់​ដូចជា​បន្លា​អី​ផ្សេងៗ យើង​យក​មក​អូស​វា​សិន ព្រោះ​អា​ហ្នឹង​វា​មាន​សំបុក​វា វា​មូរ​នៅ​ក្នុង​ហ្នឹង​ហើយ កាល​ណា​​យើង​បាញ់​ថ្នាំ វា​អត់​ចេញ គឺ​វា​អត់​ងាប់​ទេ។ អ៊ីចឹង​គឺ​យើង​ត្រូវ​អូស​វា​សិន អូស​ដើម្បី​ឲ្យ​វា​បែក​ចេញ​ពី​​សំបុក​វា​សិន ហើយ​បាន​យើង​បាញ់​ថ្នាំ។ បើ​បាញ់​ស្រូវ​ហ្នឹង គឺ​សុំ​ហាម​បន្តិច គឺ​ថា​ធ្វើ​ម៉េច​យើង​​ស្លៀក​ខោ​វែង ហើយ​ពាក់​ម៉ាស់​ផង ដោយសារ​អី? គឺ​វា​អត់​ប៉ះពាល់​អី​ទេ ប៉ុន្តែ​អា​ពពូក​ហ្នឹង​វា​សុទ្ធ​តែ​ជាតិ​ក្តៅ ដូចជា​ម្ទេស​អី​ហ្នឹង​តែ​ប៉ះ​ភ្លៅ​អី វា​រលាក អ៊ីចឹង​យើង​សុំ​ការពារ​ប៉ុណ្ណឹង»។

វិធី​ទី​២

ប្រើ​ទឹក​ថ្នាំពុល​ធម្មជាតិ​ផលិត​បាន​នេះ បាញ់​បណ្តេញ​សត្វ​ទិច​ដំណាំ​​លោក រស់ ម៉ៅ ឲ្យ​ដឹង​ថា សត្វ​ទិច​ដំណាំ​គឺ​វា​ធ្វើ​ឲ្យ​ដើម​ដំណាំ មាន​ពណ៌​អុច​ខ្មៅៗ ដើម​ស្រូវ​អន់ ហើយ​ខ្លោច​ដើម។  ​វិធី​ប្រើ​ត្រូវ​យក​ទឹក​មេ​ថ្នាំ ១​លីត្រ លាយ​ទឹក​ធម្មតា ៣​លីត្រ លាយ​បន្ថែម ស្លឹក​ក្រូចសើច ២ ទៅ ៣​ខាំ បុក​ឲ្យ​ម៉ត់ ច្រោះ​កាក​ចេញ យក​ទឹក​ក្រូច​សើច​ទៅ​លាយ​ជាមួយ​ទឹក​ល្បាយ​ថ្នាំពុល បាញ់​បណ្តេញ​​សត្វ​ទិច គឺ​សត្វ​ទិច​ចាញ់​ក្លិន វា​អត់​ទិច​ដំណាំ​ស្រូវ និង​បន្លែ​មាន​ផ្លែ​នោះ​ទៀត​ទេ។ ល្បាយ​ទឹក​ថ្នាំពុល មាន​លាយ​ស្លឹក​ក្រូចសើច​នេះ អាច​បាញ់​សម្លាប់​ដួង​ស៊ី​ដើម​ឈើ ដូចជា​ដង្កូវដួង​ក្នុង​ដើម​ធុរេន ដើម​ស្វាយ ដើម​ខ្នុរ គឺ​បាញ់​ទៅ​ដង្កូវដួង វា​ងាប់​ដែរ។

លោក រស់ ម៉ៅ៖ «អ៊ីចឹង​បើ​វា​ស៊ី​ស្វាយ ស៊ី​ខ្នុរ ដួង​ស៊ី យើង​ធ្វើ​ម៉េច​យើង​ចោះ យើង​យក​កាំបិត​កាប់​វា​ឲ្យ​ឃើញ​រន្ធ​វា​ហ្នឹង​ហើយ យើង​យក​អា​ថ្នាំ​យើង​ បាញ់​មាន​សឺរ៉ាំង មាន​អី​ហ្នឹង បាញ់​បញ្ចូល​ក្នុង​ហ្នឹង​ហើយ បាន​យើង​យក​អាចម៍គោ​ស្រស់ និង​ភក់​លាយ​ទឹក​តិចៗ ហើយ​យក​មក​ប៉ាត​វិញ​មក គឺ​វា​ងាប់​អស់​ហើយ ដួង​ហ្នឹង ហើយ​ដើមឈើ​វា​ដុះ​សាច់​ជិត​វិញ។ បទពិសោធន៍​នេះ គឺ​ខ្ញុំ​ធ្វើ​ទៅ​បាន​ជោគជ័យ​ច្រើន​ណាស់»។

វិធី​ទី​៣

ប្រើ​ទឹក​ថ្នាំពុល​បណ្ដេញ​ចៃ ឬ​កណ្តាំ ឬ​ង៉ម និង​ទាកគូ។ លោក រស់ ម៉ៅ ឲ្យ​ដឹង​ថា សត្វល្អិត​ទាំង​នេះ​វា​មាន​ស្រោម​ការពារ​ខ្លួន​វា បើ​ថ្នាំពុល​ធម្មតា​បាញ់​សម្លាប់​វា គឺ​មិន​ងាយ​មាន​ប្រសិទ្ធភាព​ទេ។ ដើម្បី​ឲ្យ​ការ​បាញ់​ថ្នាំ​បំពុល​សត្វ​ទាំង​នោះ មាន​ជោគជ័យ លោក​ឲ្យ​យក​ទឹក​ថ្នាំ​ពុល​១​លីត្រ លាយ​ទឹក​ធម្មតា ៣​លីត្រ លាយ​សាប៊ូម្សៅ ១​ស្លាបព្រា​បាយ។ កូរ​ចូល​គ្នា​ឲ្យ​សព្វ យក​ទៅ​បាញ់​សត្វ​នោះ នៅ​ពេល​មេឃ​មិន​មាន​កម្ដៅ​ថ្ងៃ​ទើប​ទឹក​ល្បាយ​មាន​​ប្រសិទ្ធភាព​លើ​សត្វល្អិត​យាយី​ដំណាំ។

លោក រស់ ម៉ៅ៖ «ក្នុង​ស្រូវ ១​ហិកតារ ត្រូវ​បាញ់ ៤០០​លីត្រ​ថ្នាំ​ពុល បើ​យើង​លាយ​១ និង ៣ វា​ឡើង ១.២០០​លីត្រ​ហើយ នេះ​បាញ់​ក្នុង ១​ហិកតារ។ បើ​បងប្អូន​ចង់​បែងចែក​ជា​អារ ជា​ការ៉េ​អី គឺ​បែងចែក​តាម​នោះ​ទៅ ហើយ​​បាញ់​តាម​រូបមន្ត​ហ្នឹង។ ៤០០​លីត្រ​លីត្រ គឺ​យើង​បាញ់​មួយ​អាទិត្យ​មិន​មែន​បាញ់​ម្តង​ទេ គឺ​បាញ់​​មួយ​អាទិត្យ។ ១​អាទិត្យ​នេះ​គឺ​បាញ់​ឲ្យ​បាន ២ ទៅ ៣​ដង ព្រោះ​ថា ថ្នាំ​នេះ​កាលណា​យើង​បាញ់​ហើយ ស្រាប់តែ​អត់​បាត់ បងប្អូន​យក​ទៅ​បាញ់​កន្លះ​ខែ​អី បាន​បាញ់​ម្តង ហើយ​លែង​ប្រើ​ទៀត អា​ហ្នឹង​គឺ​អត់​មាន​ប្រសិទ្ធភាព​ទេ យើង​ធ្វើ​ម៉េច​ព្យាយាម​ឧស្សាហ៍ ហើយ​បើ​មិន​បាត់​ទេ អា​ហ្នឹង​ជួយ​ថ្នាំ​មួយ​​ទៀត​បាន​វា​ឆាប់ គឺ​បាតដៃ​យើង​ហ្នឹង ជួយ​បេះ​ផង ជួយ​បូត​អី​ផង​ទៅ អា​ហ្នឹង​វា​បាត់​ហើយ»។

លោក​ណែនាំ​ពី​វិធី​បាញ់ថ្នាំ​ពុល​លើ​ដំណាំ​ស្រូវ ត្រូវ​មើល​ទឹក​ក្នុង​ស្រែ បើ​មាន​ទឹក​ច្រើន ត្រូវ​បង្ហូរ​ទឹក​នោះ​ចេញ​សិន ចាំ​បាញ់​ថ្នាំ​ពុល​នោះ​ទៅ ទើប​មាន​ប្រសិទ្ធភាព។ ​វិធី​ផ្សំ​ថ្នាំពុល​កម្ចាត់​ក្រា វត្ថុធាតុដើម​ផ្សំ គឺ​ប្រេងកាត កន្លះ​ស៊ី មើម​ខ្ទឹម​ស ២​ខាំ ម្សៅ​សាប៊ូ ១​ស្លាបព្រា៖ «វិធី​ធ្វើ​គឺ​យើង​យក​ខ្ទឹម​ហ្នឹង​បក​សំបក​វា​ចេញ ហើយ​បុក​ឲ្យ​ម៉ត់ បន្ទាប់​មក​យើង​យក​ប្រេង​កាត​កន្លះ​ស៊ី​ហ្នឹង យក​ខ្ទឹម​ទៅ​ញាត់​ចូល​ដប​ទឹក​សុទ្ធ កូរ​ក្រឡុក ធ្វើ​ម៉េច​ឲ្យ​សព្វ។ ក្រឡុក​ឲ្យ​បាន ៥​នាទី ហើយ​កូរ​ឲ្យ​បាន ៥​នាទី កូរ​ទៀត​ទៅ ធ្វើ​ម៉េច​ឲ្យ​សព្វ ព្រោះ​ថា ជាតិ​ប្រេង​និង​ទឹក​វា​អត់​ងាយ​ចូល​គ្នា​ទេ យើង​ទុក​វា​ឲ្យ​បាន​រយៈពេល ២៤​ម៉ោង​ប្រើ​បាន​ហើយ»។

វិធី​ប្រើ​ថ្នាំ​ពុល​កម្ចាត់​ក្រា

ត្រូវ​យក​វត្ថុ​ផ្សំ​បាន​ទៅ​ច្រោះ​នឹង​ក្រណាត់​ស យក​ទឹក​នោះ​លាយ​ទឹក​ធម្មតា ១​លីត្រ ហើយ​ថែម​សាប៊ូម្សៅ ១​ស្លាបព្រា​បាយ​ទៀត។ កូរ​ចូល​គ្នា​ឲ្យ​សព្វ មិន​មាន​ថែម​ទឹក​ទៀត​ទេ ទើប​យក​ទៅ​បាញ់​​​លើ​ដំណាំ​ដែល​មាន​ស្លឹក​ក្រាស់ ដូចជា​ទៀប ក្រូច មៀន ដែល​មាន​ក្រា​ស៊ី។ យក​ទឹក​នោះ​ទៅ​បាញ់ សត្វ​ក្រា​ឆាប់​ងាប់ ព្រោះ​ចាញ់​ក្លិន​ប្រេងកាត និង​ខ្ទឹម ហើយ​ពុល​នឹង​សាប៊ូ។ ប៉ុន្តែ​បើ​យក​ទឹក​ថ្នាំពុល​បាញ់​លើ​ស្លឹក​សណ្ដែកកួរ ម្ទេស ជាដើម យក​ទឹក​ថ្នាំពុល​នោះ​ទៅ​លាយ​ទឹក​ធម្មតា ៥​លីត្រ​ទៀត ទើប​​​យក​ល្បាយ​នោះ​ទៅ​ចាញ់​បន្ថើរៗ​ពី​លើ​សត្វ​ក្រា​កំពុង​រោម។ លោក​ថា ថ្នាំ​ពុល​លាយ​ប្រេងកាត និង​សាប៊ូ ហាម​បាញ់​លើ​បន្លែ​ហូប​ស្លឹក ដូចជា​ស្ពៃ ស្លឹក​ខ្ទឹម ជាដើម នាំ​ឲ្យ​ស្លឹក​វា​ខ្លោច និង​មិន​អាច​
​ទទួល​ទាន​បាន។

​ប្រសិន​បើ​លោក​អ្នក​នាង​ចង់​ចេះ​បន្ថែម សូម​ទាក់ទង​លោក រស់ ម៉ៅ តាម​ទូរស័ព្ទ​ដៃ​គាត់​មាន​លេខ ០១៧ ៦៥ ៩៧ ៧៥ និង​លេខ ០៩៧ ៥២ ៩៥ ២៨៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។