វិធី​ចិញ្ចឹម​កង្កែប​តាម​បែប​ធម្មជាតិ

0:00 / 0:00

មន្ត្រី​កសិកម្ម​បាន​ណែនាំ​កសិករ​កុំ​ឲ្យ​សម្លាប់​កង្កែប​នៅ​ដើម​រដូវ​វស្សា ពីព្រោះ​កង្កែប​ជា​ភ្នាក់ងារ​ដ៏​សកម្ម​ក្នុង​ការ​ជួយ​សម្លាប់​សត្វ​ចង្រៃ​ដែល​បំផ្លាញ​ដំណាំ​ស្រូវ។

កង្កែប​ជា​អាហារ​សាច់​ដែល​សំបូរ​វីតាមីន​ចិញ្ចឹម​រាងកាយ។ កង្កែប​មាន​ប្រយោជន៍​នៅ​ក្នុង​វិស័យ​កសិកម្ម ព្រោះ​វា​ជួយ​សំអាត​ដើម​ស្រូវ ដោយ​វា​ចាប់​ស៊ី​សត្វ​ដែល​រោម​ដើម​ស្រូវ រួម​មាន​មមាច និង​សត្វ​ក្រា​ជាដើម។

ដោយសារ​តែ​កង្កែប​មាន​ប្រយោជន៍ លោក សោម ហាក់ អ្នក​ជំនាញ​ជលផល បង្រៀន​ពី​វិធី​ចិញ្ចឹម​កង្កែប​ក្នុង​អាង ក្នុង​ស្រះ ក្នុង​ស្រែ ក្នុង​ស្បៃ​មុង។

លោក សោម ហាក់ រស់​នៅ​ភូមិ​ត្រពាំងកប្បាស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក​ថា វិធី​ចិញ្ចឹម​កង្កែប​មាន​ច្រើន​យ៉ាង​ដែល​អ្នក​ចិញ្ចឹម​ត្រូវ​អនុវត្ត​​ឲ្យ​បាន ទើប​ការ​ចិញ្ចឹម​បាន​ជោគជ័យ៖ «ចំណុច​ទី​១ គឺ​យើង​មាន​ការ​ជ្រើសរើស​ទីតាំង គឺ​ទីតាំង​ស្រឡះ មិន​ចិញ្ចឹម​ក្នុង​ព្រៃ​ពេក ឬ​ក៏​យើង​​ចិញ្ចឹម​នៅ​ក្នុង​ទឹក​ជ្រៅ​ពេក​ដែរ»។

​លោក​បន្ត​ថា រើស​ទីតាំង​ចិញ្ចឹម​កង្កែប​បាន​ហើយ ត្រូវ​គិត​ថា គួរ​ចិញ្ចឹម​វា​ក្នុង​ស្បៃ​មុង ឬ​ហៅ​ថា ហាប់ប៉ា ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ងត៍ ចិញ្ចឹម​ក្នុង​ស្រះ ឬ​ក្នុង​ស្រែ ឬ​ក៏​ចិញ្ចឹម​ក្នុង​ដី​គោក។

វិធី​ចិញ្ចឹម​ក្នុង​ស្បែ​មុង

លោក​ប្រាប់​ពី​វិធី​ចិញ្ចឹម​កង្កែប​ក្នុង​ស្បៃ​មុង​ថា ត្រូវ​យក​ស្បៃ​មុង​ដែល​ដេរ​ជា​រាង​បួន​ជ្រុង យក​ជម្រៅ​ស្បៃ​១​ម៉ែត្រ ចង​ជើង​មុង​ចង​ផ្ងារ​ឡើង​លើ ដូច​ថង់​ច្រក​អីវ៉ាន់​ដែរ។ នៅ​ខាង​បាត​ស្បៃ​មុង ឬ​បាត​ថង់ ត្រូវ​យក​ស្នោ​ដាក់​ពី​ខាង​ក្រោម​ស្បៃ​មុង ទើប​បញ្ចូល​ទឹក​ក្នុង​ស្បៃ​មុង​ឲ្យ​ជម្រៅ ២​តឹក នៃ​ទឹក​ស្រះ។

ការ​ចិញ្ចឹម​កង្កែប​ក្នុង​ស្បៃ​មុង​ពី​លើ​ទឹក​ស្រះ​នេះ គឺ​ការពារ​ការ​បាត់បង់ និង​ការ​លោត​ចេញ​របស់​​សត្វ​កង្កែប។ ចំពោះ​ការ​ដាក់​កូន​កង្កែប​ចិញ្ចឹម​ក្នុង​ស្បៃ​មុង ត្រូវ​ដាក់​កូន​តូចៗ ក្នុង​១​ម៉ែត្រ​ការ៉េ ៥០​ក្បាល ទី​ចិញ្ចឹម​វា​ស្រឡះ ទើប​កូន​កង្កែប​ឆាប់​ធំ​លឿន៖ «ដាក់​ចិញ្ចឹម​ក្នុង​មុង គឺ​យើង​ចង់​ដាក់​ដូច​ថា មុង​យើង​វា​មាន​ត្រចៀក​វា ៤ គឺ​យើង​ចង​ផ្ងារ​ជើង​ឡើង​លើ​អ៊ីចឹង​ទៅ ខាង​ខ្នង​វា​ពីក្រោម​ក៏​មាន​ត្រចៀក​ដែរ បើ​អ៊ីចឹង​ត្រចៀក​៤​ហ្នឹង យើង​ចង​ដោត​បង្គោល ហើយ​យើង​ចាប់​នៅ​ជ្រុង​ម្ខាងៗ ចង​ទៅ​ក្នុង​ទឹក ហើយ​យើង​ដាក់​ជម្រៅ​វា ២ ទៅ ៣​តឹក យើង​ដាក់​​ស្នោ​២ ពី​ក្រោម​បាត​ស្បៃ​មុង​យើង​ហៅ​ថា ហាប់ប៉ា ហ្នឹង។ មូល​ហេតុ​ដែល​ចាំបាច់​ត្រូវ​ការ​ដាក់​ស្នោ​ដើម្បី​ឲ្យ​វា​ឡើង​ហាល​ស្បែក ដូច​យើង​ចិញ្ចឹម​ក្នុង​អាង​ដែរ ព្រោះ​វា​ឡើង​ហាល​ស្បែក ពេល​ណា​​ត្រជាក់ វា​ឡើង​ហាល​ស្បែក ពេលណា​ក្ដៅ​វា​ចុះ​ត្រាំ​ទឹក»

លោក​ប្រាប់​ថា ការ​ចិញ្ចឹម​កង្កែប​មាន​វិធី​ចិញ្ចឹម​ក្នុង​ស្បៃ​មុង តែ​ដាក់​ក្នុង​ស្រះ ការ​ចិញ្ចឹម​លើ​គោក​តែ​ត្រូវ​ជីក​រណ្ដៅ​ពីក្រោម​ស្បៃ​មុង ២ ទៅ ៣​តឹក ដូច​ចិញ្ចឹម​ក្នុង​ស្រះ​ដែរ តែ​ជា​ស្រះ​រាក់។ ការ​ចិញ្ចឹម​ក្នុង​ស្រែ តែ​ព័ទ្ធ​ស្បៃ​មុង ការ​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ងត៍ ជាដើម៖ «ហើយ​ប្រភេទ​ទី​១​ទៀត គឺ​យើង​របៀប​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ងត៍ ហើយ​អាង​ស៊ីម៉ងត៍ ក៏​យើង​ធ្វើ​កន្លែង​វា ហាល​ស្បែក​ដែរ។ ក្នុង​នោះ​យើង​ធ្វើ​កម្ពស់​វា ៣​តឹក ហើយ​ជម្រៅ​ទឹក​នោះ ក៏ ៣​តឹក​ដែរ ងាយ​ស្រួល​កាលណា​វា​ក្តៅ​ទៅ​វា​ចុះ​ត្រាំ​ទឹក កាលណា​ត្រជាក់​វា​ឡើង​ហាល​ស្បែក​របស់​វា នោះ​ផ្នែក​លើ​អាង​ស៊ីម៉ងត៍ ហើយ​ជម្រៅ​អាង​ក៏ ១​ម៉ែត្រ​ដែរ កុំ​ឲ្យ​វា​លោត​រួច»

​វិធី​ថែទាំ​កង្កែប​និង​ការ​ផ្ដល់​ចំណី

​លោក សោម ហាក់ ឲ្យ​ដឹង​ថា កង្កែប​ចូល​ចិត្ត​ស៊ី​ចំណី​ដែល​មាន​ចលនា​នៅ​ក្នុង​ទឹក។ កសិករ​ក៏​អាច​ផលិត​ចំណី​ដោយ​ខ្លួន​ឯង ដូចជា​យក​សាច់​ខ្យង កូន​ក្ដាម កន្ទក់ ចុង​អង្ករ ម្សៅ​ត្រី យក​ទៅ​បបរ​​កូរ​ចូល​គ្នា​ឲ្យ​ស្អិតល្មួត យក​ទៅ​ហាល​ខ្យល់​ឲ្យ​វា​ត្រជាក់ រួច​ពូត​ជា​ដុំ​តូចៗ ចាំ​បោះ​ឲ្យ​វា​ស៊ី៖ «កាល​ណា​យើង​បោះ​ទៅ​អា​ដុំ​នោះ​វា​ប្រមៀល បើ​យើង​ចាប់​យក​ទៅ​ដល់​ដាក់​ស្ងៀម ដាក់​នឹង​តែម្ដង វា​អត់​ស៊ី​ទេ ព្រោះ​វា​អត់​ក្លិន។ បើ​អ៊ីចឹង វា​អត់​ក្លិន​យើង​បោះ​វា​ប្រមៀល​ទៅ​តាម​ក្បែរ​​ជញ្ជាំង​អាង​យើង​ហ្នឹង គឺ​វា​ឆក់​ចាប់។ បើ​ចំណី​ណា​ដែល​វា​មិន​បាន​ចាប់​ហ្នឹង គ្នា​ច្រើន​គឺ​វា​វារ​ទៅ ឬ​ក៏​វា​ធាក់​ទៅ បម្រះ​ទៅ វា​ពៀរ​អា​ចំណី​អត់​ឃើញ​នៅ​ហ្នឹង​កាល​មុន​នោះ ចំណី​ហ្នឹង​វា​ចលនា​ដែរ វា​រត់​ដែរ ចាប់​ដែរ អ៊ីចឹង​វា​ត្រូវ​ស៊ី​ចំណី​ហ្នឹង»

​លោក​បន្ត​ថា ក្រៅ​ពី​ចំណី​កែច្នៃ គឺ​មាន​ចំណី​ផ្សំ​រួច​លក់​នៅ​ទីផ្សារ​ដែល​បាច​ទៅ​លើ​ទឹក​វា​អណ្ដែត កង្កែប​វា​ចាប់​ស៊ី​ងាយ។ ប៉ុន្តែ​បើ​ប្រៀបធៀប​ការ​ឲ្យ​ចំណី​ផ្សារ​ផ្សំ​រួច កង្កែប​ស៊ី​ឆាប់​ធំ តែ​រស់​ជាតិ​​នៃ​សាច់​កង្កែប​អត់​ឆ្ងាញ់​ដូច​កង្កែប​ដែល​ស៊ី​ចំណី​កែច្នៃ​ពី​សាច់​ក្ដាម ខ្យង​កូន​ត្រី កន្ទក់ នោះ​ទេ៖ «ប្រសិន​ជា​យើង​មាន​ភ្លើង ចាប់​បំភ្លឺ​ឲ្យ​វា​ស៊ី​មមាច មេ​មមាច មេភ្លៀង ពេល​ដែល​វា​ហើរ ធ្លាក់​មក​គឺ​វា​ស៊ី ហើយ​បើ​មាន​ជន្លេន​ឲ្យ​វា​ស៊ី ឬ​ក៏​មាន​ត្រី​ងាប់ ត្រី​តូចតាច ត្រី​ស្អុយ​អី​នោះ វា​ស៊ី​រឹតតែ​​លឿន​ទៀត ព្រោះ​វា​ចូល​ចិត្ត​គឺ​វា​ស៊ី​ធំ​លឿន»

​ប៉ុន្តែ​បើ​ការ​ចិញ្ចឹម​កង្កែប​ក្នុង​ទីធ្លា​ធំ ស្ទើរ​តែ​មិន​អាច​ឲ្យ​ចំណី​វា​ស៊ី​ក៏​បាន​ដែរ ព្រោះ​វា​ចេះ​ចាប់​សត្វ​ដទៃ​ទៀត​ស៊ី​ជា​អាហារ ប៉ុន្តែ​អត្រា​លូតលាស់​វា​យឺត​ជាង​ការ​ចិញ្ចឹម​ដែល​ឲ្យ​ចំណី​ទៀង​ទាត់។ ដូច្នេះ ដើម្បី​ឲ្យ​កង្កែប​លូតលាស់​លឿន បើ​សិន​អាច​ចាប់​អំពូល​ភ្លើង​ពី​លើ​ស្បៃ​មុង ដើម្បី​ឲ្យ​សត្វ​ល្អិត​រោម​ភ្លើង វា​ជ្រុះ​ចូល​ទឹក​បាន​ច្រើន នោះ​ជា​ចំណី​កង្កែប​ដែល​អ្នក​ចិញ្ចឹម​មិន​ចាំបាច់​ទិញ​ចំណី​ផ្សំ​ឲ្យ​វា​ស៊ី​ក៏​បាន​ដែរ។

លោក សោម ហាក់៖ «ចាប់​ភ្លើង​អ៊ីចឹង​វា​មាន​មេ​មមាច មេភ្លៀង កណ្ដូប ឬ​សត្វ​អ្វី​នានា មក វា​ស៊ី​អា​ហ្នឹង វា​ធ្វើ​ឲ្យ​កង្កែប​នោះ​លូតលាស់​លឿន ហើយ​ធ្វើ​ឲ្យ​ការ​លូតលាស់​ដំណាំ​នៅ​ជិត​ខាង ​ក៏​ដូច​ជា​ស្រូវ ឬ​ដំណាំ​ផ្សេងៗ វា​អត់​មាន​សត្វ​ល្អិត​បំផ្លាញ វា​ជួយ​បាន​ត្រង់​ហ្នឹង ដែល​ខ្ញុំ​ថា វា​ជា​កម្មករ​ដែល​ជួយ​ធ្វើ​ការ​យើង​អត់​ទារ​កម្រៃ គឺ​មាន​ផលប្រយោជន៍​អ៊ីចឹង។ កង្កែប​ក៏​ធំ ផល​ដំណាំ​យើង​ក៏​បាន»

​លោក សោម ហាក់ ឲ្យ​ដឹង​ថា ចំណី​ដែល​ឲ្យ​កង្កែប​ស៊ី គឺ​១​ថ្ងៃ ២​ដង គ្រប់គ្រាន់ គឺ​ឲ្យ​វា​ស៊ី​ចំណី​នៅ​ពេល​ព្រលប់ និង​ពេល​ព្រលឹម ប៉ុន្តែ​ពេល​ថ្ងៃ​កង្កែប​មិន​សូវ​ស៊ី​ចំណី​ទេ។ ព្រោះ​ការ​ចាប់​ចំណី​នៅ​ពេល​ព្រលប់ និង​ពេល​ព្រលឹម កង្កែប​វា​ចាប់​ស៊ី​ចំណី​លឿន​ជាង​ពេល​ថ្ងៃ នេះ​បើ​តាម​លក្ខណៈ​ធម្មជាតិ​របស់​វា។ បើ​ឲ្យ​ចំណី​វា​ស៊ី​នៅ​ពេល​ថ្ងៃ កង្កែប​ច្រើន​ផ្អើល ទើប​អ្នក​ចិញ្ចឹម​ត្រូវ​ពិនិត្យ​ពេល​វេលា​នៃ​ការ​ស៊ី​ចំណី​ដល់​កង្កែប​ដែរ គឺ​ឲ្យ​វា​ស៊ី​ចំណី​ឲ្យ​ស្រប​ការ​រស់​នៅ​តាម​ធម្មជាតិ​របស់​វា។

ការ​ថែទាំ

លោក​ប្រាប់​ថា កង្កែប​ច្រើន​មាន​កើត​ជំងឺ​ស្បែក​នៅ​ពេល​ដែល​ទឹក​ចិញ្ចឹម​វា​នោះ​កខ្វក់។ ទឹក​កខ្វក់​បណ្ដាល​មកពី​សំណល់​នៃ​ចំណី​ដែល​កង្កែប​ស៊ី​សល់​វា​ស្អុយ​រលួយ​ក្នុង​ទឹក។ ម្យ៉ាង​ទៀត ការ​ចិញ្ចឹម​កង្កែប​ក្នុង​អាង​ស៊ីម៉ងត៍ ក៏​នាំ​ឲ្យ​ស្បែក​កង្កែប​មាន​បញ្ហា​ដែរ ដើម្បី​ថែទាំ​វា​ត្រូវ​ឧស្សាហ៍​ប្ដូរ​ទឹក​ចេញ៖ «គឺ​ថា​យើង​មើល​ទឹក តាម​ជាក់ស្ដែង បើ​ទឹក​នោះ​វា​មាន​ពណ៌​បៃតង​ចាស់​ពេក ​ទឹក​ខាប់​ពេក យើង​ត្រូវ​បង្ហូរ​ទឹក​នោះ​ចេញ ត្រូវ​ដាក់​ទឹក​ថ្មី។ ទឹក​នេះ​គឺ​យើង​មិន​អាច​ទុក​ដល់ ១​ខែ ​ឬ​ក៏​កន្លះ​ខែ​ទេ ជា​ទូទៅ​ខ្ញុំ​ចិញ្ចឹម​តែ ១​អាទិត្យ គឺ​ខ្ញុំ​ប្ដូរ​ទឹក​ម្ដង។ ការ​ប្ដូរ​ទឹក​នេះ គឺ​វា​មាន​ប្រយោជន៍​ត្រង់​ថា ធ្វើ​ឲ្យ​កង្កែប​យើង​លូត​សាល់​លឿន កាលណា​មាន​ទឹក​ថ្មី គឺ​សត្វ​វា​រស់​នៅ​ក្នុង​ទឹក​វា​សប្បាយ វា​អត់​មាន​មេរោគ វា​អត់​មាន​ជំងឺ អ៊ីចឹង​ការ​លូតលាស់​វា​លឿន។ ឧទាហរណ៍​ថា យើង​ឲ្យ​កង្កែប​ស៊ី​ក្នុង​រយៈពេល ៤​ខែ​ហ្នឹង កង្កែប​យើង​បាន ៣​ខាំ​ជា​មធ្យម តែ​បើ​សិន​យើង​ដូរ​ទឹក​បាន​ជា​ប្រចាំ​ដោយ​ទៀង​ទាត់ មិន​ឲ្យ​ទឹក​នោះ​ស្អុយ ទឹក​នោះ​កខ្វក់ កង្កែប​នោះ​អាច​ឡើង​ដល់ ៤​ខាំ ឬ​ក៏ ៥​ខាំ​ទៅ​ទៀត»

ការ​ប្រមូល​ផល​កង្កែប

លោក សោម ហាក់ ឲ្យ​ដឹង​ថា គេ​ចាប់​ផ្ដើម​ចិញ្ចឹម​កង្កែប​ពេល​ធ្លាក់​ភ្លៀង​ដំបូង។ ការ​ចិញ្ចឹម ៤​ខែ​ក្រោយ​មក កង្កែប​អាច​ចាប់​លក់​បាន​ទាន់​រដូវ​បិទ​នេសាទ ដែល​ការ​លក់​ដូរ​ត្រី​វា​ខ្សត់។ ការ​ចិញ្ចឹម​កង្កែប​ក្នុង​រយៈពេល ៤​ខែ ទៅ ៥​ខែ កង្កែប​មួយ​ក្បាល​មាន​ទម្ងន់ ៤​ខាំ ទៅ​កន្លះ​គីឡូ។ បច្ចុប្បន្ន​ការ​ជួញដូរ​កង្កែប​អាច​មាន​តម្លៃ ១៦.០០០​រៀល ប្រហែល ៤​ដុល្លារ​ក្នុង​១​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។