សារសំខាន់​នៃ​ការ​ចិញ្ចឹម​បង្កង​ក្នុង​ស្រែ

បង្កង​មាន​តម្លៃ​ខ្ពស់​ជាង​វារី​សត្វ​ដទៃ​ទៀត​នៅ​លើ​ទីផ្សារ ហើយ​បង្កង​ទឹក​សាប ឬ​បង្កង​ទន្លេ​សព្វថ្ងៃ​រក​ទិញ​ពុំ​សូវ​មាន​ឡើយ។

យោង​តាម​កាសែត​ក្នុង​ស្រុក​ជា​ភាសា​អង់គ្លេស​មួយ​ច្បាប់ កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ អ្នក​នេសាទ​នៅ​អ្នក​លឿង​ម្នាក់ៗ អាច​ចាប់​បង្កង​បាន​មួយ​ថ្ងៃ​យ៉ាង​តិច​ក៏​២០០​គីឡូក្រាម​ដែរ ដែល​ពេល​នោះ​បង្កង​ទឹក​សាប​១​គីឡូ គេ​ទិញ​ដូរ​ក្នុង​តម្លៃ​តែ​៥​ទៅ​៨​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

សព្វថ្ងៃ​នេះ អតិថិជន​ចាំ​បាច់​ត្រូវ​រក​ទិញ​បង្កង​ចិញ្ចឹម​មក​បរិភោគ​ហើយ ព្រោះ​បង្កង​ធម្មជាតិ​ក្នុង​បឹង ក្នុង​ទន្លេ ដូច​ជា​នៅ​អ្នកលឿង តាកែវ កណ្តាល​ឬ​ឆ្នុកទ្រូនោះ ​ពិបាករក​ណាស់។ ដូច្នេះ​ហើយ​ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ JICA ឬ​ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​​របស់​ជប៉ុន ទើប​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ធ្វើការ​បណ្តុះ​បណ្តាល​ពី​វិធី​ភ្ញាស់​និង​ចិញ្ចឹម​បង្កង​ទឹក​សាប​ជូន​ដល់​ប្រជាកសិករ​យ៉ាង​ទូលំ​ទូលាយ។

លោក ហាំង លាភ អនុ​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផល មាន​ប្រសាសន៍​ថា ការ​បណ្តុះ​បណ្តាល​នេះ កំពុង​ឋិត​នៅ​ក្នុង​ជំហាន​ចាប់​ផ្តើម​នៅ​ឡើយ​ទេ ៖ «ដើម្បី​បំពេញ​តម្រូវការ​សម្រាប់​ការ​ហូប​ចុក​នៅ​ក្នុង​ស្រុក ក៏​ដូច​តម្រូវការ​ដំណាក់​កាល​នាំ​ចេញ យើង​ត្រូវ​តែ​ជំរុញ​ការងារ​នេះ​ឲ្យ​បាន​ទៅ​មុខ ប៉ុន្តែ​ការ​ដំណើរការ​នេះ​វា​មិន​ទាន់​បាន​ផុសផុល​នៅ​ឡើយ​ទេ គឺ​ជា​ជំហាន​ចាប់​ផ្ដើម។ យើង​ចាប់​ផ្ដើម​ចិញ្ចឹម​នៅ​ឆ្នាំ​២០០៧ ហើយ​ភ្ញាស់​បង្កាត់​ក៏​យើង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០០៧ ដូច​គ្នា ប៉ុន្តែ​ឆ្នាំ​២០០៦ យើង​បញ្ជូន​មន្រ្តី​និង​កសិករ​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម ហើយ​មុន​នេះ​ក៏​យើង​បាន​បញ្ជូន​មន្រ្តី​ជំនួន​ពីរ​រូប​ទៅ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ នៅ​ឆ្នាំ​២០០៤»

លោក អ៊ូច ឡង់ មន្ត្រី​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​រដ្ឋបាល​ជលផល​មួយ​រូប​ទៀត រៀបរាប់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ចិញ្ចឹម​បង្កង​ថា ក្រៅ​ពី​តម្លៃ​ខ្ពស់​ហើយ កសិករ​ជា​ទូទៅ​មាន​លទ្ធភាព​អាច​ចិញ្ចឹម​បាន​យ៉ាង​ងាយ។

លោក អ៊ូច ឡង់ បាន​រៀប​រាប់​ដូច្នេះ ៖ «អ្វី​ដែល​យើង​ផ្សព្វផ្សាយ​នេះ គឺ​ដោយសារ​ទី​១ បង្កង​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ណាស់​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​នេះ យើង​ដឹង​ស្រាប់​ហើយ បើ​ធៀប​ជាមួយ​នឹង​ត្រី ឬ​មួយ​ក៏​សាច់​ដទៃ​ទៀត គឺ​ថា​ខ្ពស់​ណាស់​នៅ​ស្រុក​ខ្មែរ​យើង នេះ​ជា​រឿង​មួយ។ រឿង​មួយ​ទៀត​ដែល​ជា​អត្ថប្រយោជន៍​ដែល​យើង​ចង់​ផ្សព្វផ្សាយ​ដល់​កសិករ​នោះ គឺ​ថា​កសិករ​ភាគ​ច្រើន ដែល​យើង​អាច​ថា សឹង​តែ​ទាំងអស់​តែម្ដង គាត់​អាច​ធ្វើ​បាន គឺ​ថា គាត់​អាច​ចិញ្ចឹម​នៅ​ក្នុង​ស្រែ ហើយ​ចិញ្ចឹម​ក្នុង​ស្រែ​ហ្នឹង គឺ​ថា​ជី​ដែល​យើង​ដាក់​ទៅ​ក្នុង​ស្រែ​ស្រូវ​ហ្នឹង គឺ​មិន​មែន​មាន​ប្រយោជន៍​តែ​ស្រូវ​ទេ គឺ​កើត​ចំណី​ធម្មជាតិ សត្វ​ល្អិត រុក្ខ​ជាតិ​ផ្សេងៗ​ដែល​បង្កង​អាច​ស៊ី​បាន»

លោក អ៊ូច ឡង់ គ្រូ​បណ្តុះ​បណ្តាល​ការ​ចិញ្ចឹម​ត្រី​និង​បង្កង នៃ​នាយកដ្ឋាន​វារីវប្បកម្ម ប្រាប់​ឲ្យ​ដឹង​ថា នៅ​ស្រុក​ខ្មែរ​គេ​និយម​ចិញ្ចឹម​បង្កង​ក្នុង​ស្រែ​ជាង​ចិញ្ចឹម​ក្នុង​ស្រះ ព្រោះ​កសិករ​ខ្មែរ​នៅ​ពឹង​លើ​ចំណី​ធម្មជាតិ​ជា​សំខាន់។

លោក អ៊ូច ឡង់ ឲ្យ​ដឹង​ដូច្នេះ ៖ «ទី​១​កសិករ​ភាគ​ច្រើន​គាត់​មិន​សូវ​មាន​ស្រះ ហើយ​ទី​២ បើ​សិន​ជា​មាន​ស្រះ​ហើយ ក៏​គាត់​ត្រូវ​ការ​ចំណាយ​ច្រើន​ណាស់ ជា​ពិសេស​គឺ​ទៅ​លើ​ចំណី​តែម្ដង ដោយសារ​ស្រះ​មាន​លក្ខណៈ​ទឹក​នឹង ហើយ​មិន​មាន​ជា​ចំណី​ធម្មជាតិ​អី​កើត​ឡើង​សំបូរ​បែប អ៊ីចឹង​យើង​ត្រូវ​ការ​ចំណី​បន្ថែម​ពី​ខាង​ក្រៅ​ជា​សំខាន់។ បើ​នៅ​ស្រុក​គេ គេ​ចូល​ចិត្ត​ចិញ្ចឹម​នៅ​ក្នុង​ស្រះ ដោយសារ​គេ​ពឹង​ផ្អែក​ទៅ​លើ​ចំណី​រោងចក្រ ដែល​យើង​ហៅ​ថា ចំណី​គ្រាប់ ចំណី​បាវ គេ​មាន​ប្រព័ន្ធ​ភ្លើង​អគ្គិសនី ឬ​មួយ​ក៏​ដី​ធ្លី​វា​ចង្អៀត​ជាង​យើង គេ​ចិញ្ចឹម​បែប​ជា​ឧស្សាហកម្ម​វិញ ដែល​មាន​លក្ខណៈ​ខុស​ពី​យើង។ យើង​ធ្វើ​អ្វី​ទៅ​តាម​លទ្ធភាព​កសិករ​ដែល​អាច​ធ្វើ​បាន ហើយ​និង​លក្ខខណ្ឌ​ដែល​មាន​ស្រាប់ អំណោយ​ផល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជាក់​ស្ដែង»

សន្មត​ថា កសិករ​មួយ​រូប​ចង់​ចិញ្ចឹម​បង្កង តើ​ត្រូវ​គិត​ពី​អ្វី​មុន​គេ?

ដើម្បី​ចិញ្ចឹម​បង្កង​ក្នុង​ស្រែ លោក អ៊ូច ឡង់ មាន​ប្រសាសន៍​ថា លក្ខខណ្ឌ​សំខាន់ គឺ​កសិករ​ត្រូវ​មាន​ប្រភព​ទឹក ៖ «ប្រភព​ទឹក​សំខាន់​ណាស់ បើ​គាត់​អាច គាត់​រក​កន្លែង​ណា​ដែល​ជិត​ប្រភព​ទឹក អាច​ផ្លាស់​ប្ដូរ​ទឹក​បាន​ជា​ប្រចាំ​នៅ​រៀង​រាល់​យ៉ាង​ហោច​ណាស់​កន្លះ​ខែ​ម្ដង​អី​អ៊ីចឹង។ ការ​ផ្លាស់​ប្ដូរ​ទឹក​នេះ គឺ​យើង​ចូល​លក្ខខណ្ឌ​ថ្មី​ជា​និច្ច​ក្នុង​ការ​រស់​នៅ មាន​ន័យ​ថា បញ្ចូល​អុកស៊ីសែន ទឹក​ហ្នឹង​វា​ថ្លា​ល្អ ស្រួល​រស់​នៅ អ៊ីចឹង​ការ​លូត​លាស់​របស់​វា វា​លឿន​តាម​ហ្នឹង។ បើ​អ៊ីចឹង​ខ្ញុំ​និយាយ​ឲ្យ​ខ្លី​ថា ប្រភព​ទឹក​និង​ការ​ផ្លាស់​ប្ដូរ​ទឹក​ថ្មី​បាន​ទៀង​ទាត់ ជា​ប្រការ​មួយ​សំខាន់​ចាំបាច់​បំផុត សឹង​ថា​ជាង​ចំណី​ទៅ​ទៀត ព្រោះ​បង្កង​កាលណា​យើង​គ្រប់គ្រង​ទឹក​បាន​ល្អ មាន​ន័យ​ថា យើង​រួច​ផុត​ពី​ការ​ចំណាយ​ទៅ​លើ​ចំណី​ហើយ បើ​សិន​ជា​យើង​ចិញ្ចឹម​តាម​បែប​លក្ខណៈ​គ្រួសារ​ដូច្នេះ»

ម្យ៉ាង​ទៀត​តាម​ការ​សង្កេត​របស់​លោក ចិញ្ចឹម​បង្កង ចិញ្ចឹម​ត្រី​ក្នុង​ស្រែ មាន​ប្រយោជន៍​បន្ថែម​ទៀត គឺ​វា​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​កាន់​តែ​កើន ៖ «ក្រោយ​ពេល​ដែល​យើង​ដាក់​បង្កង ឬ​ត្រី​ក៏ដោយ ចិញ្ចឹម​នៅ​ក្នុង​ស្រែ​ហ្នឹង ធ្វើ​ឲ្យ​ស្រូវ​កាន់​តែ​ល្អ​ជាង​មុន ទិន្នផល​វា​អាច​កើន​ឡើង​លើស​ពី​ធម្មតា​ក្រោយ​ពី​ដាក់​បង្កង​ចិញ្ចឹម​ទៅ មូលហេតុ​ត្រង់​ថា បង្កង​វា​ស៊ី​ចំណី​ពួក​សត្វ​ល្អិត​ហ្នឹង​ដែល​វា​មាន​ផល​ប៉ះពាល់​ដល់​ស្រូវ។ សត្វ​ល្អិត​ហ្នឹង​ភាគ​ច្រើន​ពពួក​រស់​នៅ​ក្នុង​ទឹក រី​ឯ​សត្វ​ហើ​ពី​ខាង​ក្រៅ​វិញ វា​អាច​ស៊ី​ចំណី​របស់​ត្រី​វិញ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ដាក់​បង្កង យើង​មិន​ដែល​ចោល​ត្រី​ទេ យើង​តែង​តែ​ចម្រុះ​ជាមួយ​ត្រី​ដែរ ដើម្បី​ប្រើ​ប្រាស់​ចំណី​នៅ​ក្នុង​ធម្មជាតិ​នោះ​ឲ្យ​អស់​លទ្ធភាព»

ចំណុច​ល្អ​មួយ​ទៀត គឺ​គេ​អាច​ប្រមូល​ផល​បង្កង​បាន​២​ដង។ សម្រាប់​រឿង​ប្រមូល​ផល​នេះ លោក​ហាំង លាភ អនុ​ប្រធាន​វារីវប្បកម្ម​មាន​ប្រសាសន៍​ដូច្នេះ ៖ «សូម​ជម្រាប​ជូន​ថា រយៈពេល​ចិញ្ចឹម គឺ​យើង​ចិញ្ចឹម​ពី​ចាប់​ផ្ដើម​ទៅ​ដល់​ខែ​ទី​៤ គេ​អាច​ប្រមូល​ផល​រំលោះ បង្កង​ណា​ដែល​ធំ​មុន​គេ​យើង​អាច​យក​លក់​បាន ព្រោះ​បើ​ទុក​ទៅ​ក៏​វា​អត់​សូវ​ធំ​ដែរ​ទី​១ ទី​២ បើ​ទុក​អាច​ដណ្ដើម​ចំណី​ជាមួយ​អា​តូច អ៊ីចឹង​យើង​លក់​អាធំ។ ដល់​ខែ​ទី​៦ យើង​អាច​ប្រមូល​ផល​ទាំង​ស្រុង ឬ​ក៏​អាច​ខែ​ទី​៨។ មិន​អាច​ចិញ្ចឹម​លើស​ពី​៨​ខែ​ទៀត​បាន​ទេ យើង​ចិញ្ចឹម​បាន ប៉ុន្តែ​ខាត​ចំណី​អត់​ប្រយោជន៍ វា​លូត​លាស់​នៅ​លូត​លាស់​តិច អ៊ីចឹង​ត្រឹម​តែ​ខែ​ទី​៨ បច្ចេកទេស​ត្រូវ​ប្រមូល​លក់​ឲ្យ​អស់ ប៉ុន្តែ​ជា​ទូទៅ​៦​ខែ​គេ​ប្រមូល​លក់​ហើយ មិន​ទុក​ដល់​ខែ​ទី​៨​ទេ យូរ​បំផុត​ខែ​ទី​៨ ត្រូវ​តែ​លក់​ឲ្យ​អស់»

សរុប​សេចក្តី​មក ការ​ចិញ្ចឹម​បង្កង​ក្នុង​ស្រែ​ជា​រឿង​ដែល​អាច​ធ្វើ​បាន។ ក៏​ប៉ុន្តែ​កត្តា​សំខាន់ ស្រែ​របស់​កសិករ​ចាំបាច់​ត្រូវ​មាន​ទឹក​សម្រាប់​ចិញ្ចឹម​វារី​សត្វ​ទាំង​នេះ។

តើ​គេ​ចិញ្ចឹម​បង្កង​ក្នុង​ស្រែ​ដោយ​វិធី​ណា? គ្រាន់​តែ​បូម​ទឹក​ដាក់​ស្រែ​ហើយ​រក្សា​កម្ពស់​ទឹក​កុំ​ឲ្យ​រីង​ស្ងួត ឬ​ត្រូវ​ជីក​ប្រឡាយ ជីក​ស្រះ​ក្នុង​ស្រែ​ថែម​ទៀត​ផង?