វិធី​ដាំ​និង​ប្រយោជន៍​នៃ​ដំណាំ​ល្ហុងខ្វង (ភាគ​១)

ពិភពលោក​សព្វថ្ងៃ កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​យ៉ាងខ្លាំង ។ តាម​ការប៉ាន់​ប្រមាណ​របស់​អ្នកវិភាគ​ទូទៅ ប្រេងកាត​ឆៅ​ដែល​គេ​បូម​ពី​អណ្តូង​លើ​ដី​និង​នៅ​បាត​សមុទ្រ​នោះ ថ្ងៃ​ណា​មួយ គង់តែ​រីង​ស្ងួត​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ពី​អនាគត​របស់​ថាមពល ។

0:00 / 0:00

លោក ព្រំ សៅរ៍នរ៉ា វិស្វករ​ខ្មែរ​-អាមេរិកាំង​ផ្នែក​ស្រាវជ្រាវ​ថាមពល​ពី​ប្រភព​ដែល​មិន​ចេះ​រីងស្ងួត​មាន​ប្រសាសន៍​ថា កសិករ​ខ្មែរ​គួរ​នាំគ្នា​ដាំ​ល្ហុង​ខ្វង​ឲ្យ​លើស​ពី​ការដាំ​ជា​របង​ជុំវិញ​ផ្ទះ ក៏​ប៉ន្តែ​គប្បី​ដាំ​តែ​មួយ​ភាគ​បី​នៃ​ផ្ទៃដី​បាន​ហើយ ៖ «ប្រេង​ឥឡូវ​វា​ឡើង​ថ្លៃ​ពេក ហើយ​យើង​ប្រេង​យើង​ដាំ​បាន ហេតុអ្វី​បាន​ជា​យើង​មិន​ធ្វើ ហើយ​ត្រាក់ទ័រ​ទាំងអស់​យើង​ប្រើ Diesel (ប្រេង​ម៉ាស៊ូត) អស់​ហើយ វា​ជួយ​បរិស្ថាន​យើង​ផង យើង​គួរ​តែ​ធ្វើ ប៉ុន្តែ ដូចខ្ញុំ​ថា អ៊ីចឹង​កុំធ្វើ​តែ​មួយ​មុខ គឺ​យក​១​ភាគ​៣»

ចំពោះ​បញ្ហា​ដាំ​ល្ហុងខ្វង​នេះ គាប់​ជួន​មិត្ត​អ្នកស្តាប់​មួយរូប គឺ​លោកគ្រូ អួន ស៊ីឡុត ពី​ខេត្ត​កំពង់ធំ បាន​ផ្ញើ​សម្តី​មក​សាកសួរ​អំពី​រឿង​នេះ​ដូច្នេះ ៖ «ខ្ញុំ​ឈ្មោះ អួន ស៊ីឡុត គ្រូបង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ខ្ញុំ​ចង់​សួរ​បន្ថែម​ទៅ​លើ​ការដាំ​ល្ហុងខ្វង ព្រោះ​ខ្ញុំ​មើល​ទស្សនាវដ្ដី​សេដ្ឋកិច្ច​លើក​មុន ខ្ញុំ​ឃើញ​ថា ក្រុមហ៊ុន​ជប៉ុន​បាន​បោះទុន​ចំនួន​៨០០​លាន​ដុល្លារ លើ​ដំណាំ​ល្ហុងខ្វង នៅ​ខេត្ត​ពីរ គឺ​នៅ​កំពង់ស្ពឺ និង​កំពង់ចាម លើ​ដី​ប្រហែល ៤៣០០​ហិកតា​ឯ​ណោះ ហើយ​ខ្ញុំ​អត់​ដឹង​ព័ត៌មាន​បន្ថែម​ទៀត​ទេ​អំពី​រឿងនេះ ។ ខ្ញុំ​ចង់​ដឹង​អំពី​របៀប​ដាំ ពីព្រោះ​ថា ខ្ញុំ​ក៏​មាន​ចំណាប់​អារម្មណ៍​លើ​ល្ហុងខ្វង​ដែរ ខ្ញុំ​ចង់​សួរ​ថា ដី​របៀប​ណា អាច​ដាំ​ល្ហុងខ្វង​បាន ហើយ​របៀប​ដាំ​នោះ យ៉ាង​ម៉េច​?»

ឆ្លើយតប​នឹង​សំណួរ​ទីមួយ ដែល​ថា​ដី​ប្រភេទ​ណា​អាច​ដាំ​ល្ហុងខ្វង​បាន លោក​វិស្វករ​ដែល​មាន​បទពិសោធន៍​រឿង​ដំណាំ​ផ្តល់​ប្រេង ប្រាប់​ថា ដី​ប្រភេទ​ណា​ក៏​ដាំ​ល្ហុង​ខ្វង​បាន​ដែរ កុំ​ឲ្យ​តែ​ដី​នោះ​លិច​ទឹក​ខួប​ប្រាំង​ខួប​វស្សា ៖ «តាម​ការពិត​ទៅ វា​អត់​រើស​ដី​ទេ គឺ​ថា វា​មិន​ងាប់​នៅ​ពេល​ដែល​អត់​ទឹក ។ ខ្ញុំ​សាក​មើល​របស់​ខ្ញុំ ៗ​ដាក់​ក្នុង​បន្ទប់​ទឹក ចោល​ប៉ុន្មាន​ខែ ដោយ​អត់​ស្រោច​ទឹក ដល់ [និទាឃ​រដូវ] មក​ដល់ ខ្ចប់​យក​ទៅ​ដាក់​ក្រៅ​ដុះ​ស្លឹក​ឡើង​វិញ ។ ដូច្នេះ​ហើយ ពេល​អត់​ទឹក វា​មិន​ងាប់ ។ អាហ្នឹង​វា​សំខាន់​អ៊ីចឹង ហើយ​ដី​ក៏​វា​មិន​រើស​ដែរ»

សួរថា​តើ​ល្ហុងខ្វង​ដាំ​លើ​ដី​ធុន​អន់​គ្មាន​ជីជាតិ វា​មិន​ងាប់​មែន តែ​វា​នឹង​ផ្តល់​ផល​ច្រើន​ដែរ​ឬ ? លោក ព្រំ សៅរ៍នរ៉ា អធិប្បាយ​ដូច្នេះ ៖ «បើ​យើង​មិន​ដាក់​ជី ដាក់​អី​ឲ្យ​វា វា​មិន​ងាប់ ប៉ុន្តែ​ក៏​វា​មិន​ឲ្យ​ផល​ច្រើន​ដែរ ។ រឿង​សំខាន់​គឺ​ថា ឫស​របស់​វា​មាន​តិច ដល់​កាលណា​ដី​ហ្នឹង​វា​មិន​ធូរ​មិន​អី​ទៅ វា​បាន​ឫស​ហ្នឹង​គ្រាន់​ចិញ្ចឹម​ដើម​ហ្នឹង​កុំ​ឲ្យ​វា​ងាប់ យក​សារធាតុ​អាហារ​វា យក​ទៅ​បណ្ដុះ​ឲ្យ​មាន​ផ្កា​មាន​ផ្លែ»

ស្តីពី​វិធី​ដាំ​ល្ហុងខ្វង​គឺ​គ្មាន​អ្វី​ស្មុគស្មាញ​ទេ ។ ល្ហុងខ្វង​អាច​ដាំ​បាន​ដោយ​បណ្តុះ​គ្រាប់​ក្នុង​ស្បោង​ប្លាស្ទីក ឬ​ក៏​កាច់​មែក​យកទៅ​សាក​ដាំ​ក្នុង​ថ្នាល​បណ្តុះ ។

ល្ហុងខ្វង១
គ្រាប់​ល្ហុងខ្វង (Jatropha Curcas Seeds) ។ (Photo: wikipedia.org)

លោក​វិស្វករ​ខ្មែរ​-អាមេរិកាំង ណែនាំ​ថា មុន​នឹង​យក​កូន​ល្ហុងខ្វង​ទៅ​ដាំ គេត្រាំ Root Hormone ឬ ថ្នាំ​អ័រម៉ូន បណ្តុះ​ឫស្ស​ឲ្យ​ច្រើន​ជាមុន​សិន ដំណាំ​នឹង​បាន​ផល​ល្អ ហើយ​មាន​ផ្លែ​ធំ​ៗ ៖ «ដល់​គេ​ត្រាំ Root Hormone ហ្នឹង​ទៅ ស្រាប់​តែ​ឫស​ហ្នឹង វា​ចេញ​មក​ច្រើន ដល់​ដាំ​ទៅ បាន​ផ្លែ​ច្រើន ។ មួយ​ដើម​ទៀត គេ​អត់​ត្រាំ​ទេ គ្មាន​ឫស​ច្រើន​ទេ ហើយ​វា​អត់​ងាប់ ប៉ុន្តែ​អត់​មាន​ផ្លែ»

មាន​សំណួរ​ថា ដាំ​ល្ហុង​ខ្វង​លើ​ផ្ទៃដី​ប៉ុន្មាន​ហិកតា ទើប​បាន​គ្រាប់​ល្ហុង​ប្រមាណ ១​ពាន់​តោន ក្នុង​មួយ​ឆ្នាំ ចម្លើយ​គឺ​ត្រូវ​យក​ចំនួន​ដើម​មក​គុណ​នឹង​បរិមាណ​ផលិត​ដែល​កសិករ​អាច​ទទួល​យក​បាន​ពី​ដើម​ល្ហុងខ្វង​នីមួយ​ៗ ។

ឧទាហរណ៍ បើ​គេ​ដាំ​ឃ្លាត​គ្នា​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ២​ម៉ែត្រ គេ​នឹង​បាន​ល្ហុងខ្វង​ទាំងអស់ ២.៥០០​ដើម​ក្នុង​១​ហិកតា ។ បើ​មួយ​ដើម​ៗ​ផ្តល់​គ្រាប់​ជា​មធ្យម ៣​គីឡូក្រាម គេ​នឹង​បាន​ផល​សរុប ៧.៥០០​គីឡូ​ ស្មើ​នឹង ៧,៥ តោន ក្នុង ១​ហិកតា ។ ដូច្នេះ គេ​ត្រូវ​ដាំ ១៣៣​ហិកតា ទើប​បាន ១​ពាន់​តោន ។ តែ​បើ​ពូជ​ល្អ ផ្តល់​គ្រាប់​មួយ​ដើម ៥​គីឡូ ធ្វើ​លេខ​គុណ​និង​ចែក​ទៅ នឹង​ឃើញ​ថា ដាំ​តែ​លើ​ផ្ទៃដី ៨០​ហិកតា ក៏​នឹង​អាច​ប្រមូល​ផល​បាន ១​ពាន់​តោន​ហើយ ។ ម្យ៉ាងទៀត បើ​ដាំ​ឲ្យ​ញឹក​ជាង​នេះ លទ្ធផល​ក៏​នឹង​ផ្លាស់​ប្តូរ​ទៅតាម​នោះ​ដែរ ។

លោក​វិស្វករ​ផ្នែក​ថាមពល​មិន​ចេះ​រីង​ស្ងួត​មាន​ប្រសាសន៍​ថា កសិករ​ចាំបាច់​ត្រូវ​ថ្លឹងថ្លែង​មើល​ថា​តើ​គួរដាំ​ដំណាំ​អ្វី ដែល​ឲ្យ​ផល​ច្រើន​ជាង​គេ តែ​ទោះ​ជា​យ៉ាងណា​ក្តី ល្ហុងខ្វង​ក៏​គឺ​ជា​ដំណាំ​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ៖ «ដី​ដែល​យើង​យក​មក យើង​ម្ចាស់​ដី​ត្រូវ​គិត​មើល យើង​ធ្វើ​លេខ​បូក​លេខ​សង​មើល​ទៅ ថា មួយ​ណា​វា​ឲ្យ​យើង​ច្រើន​ជាង ប៉ុន្តែ​បើ​តាម​ប្រេង​សព្វថ្ងៃ គឺ​ថា វា​បាន​ផល​ច្រើន​ណាស់ ច្រើន​គួរ​ជា​ទី​គាប់​ចិត្ត»

មាន​សំណួរ​ថា ហេតុអ្វី​នៅ​កម្ពុជា បាន​ជា​កសិករ​តូចតាច​មិន​អាច​ជួប​នឹង​ជោគជ័យ​ក្នុង​ការធ្វើ​កសិកម្ម​ដាំ​ដំណាំ​ទោល ដូចជា ដាំ​ល្ហុងខ្វង ឬ​ដាំ​កៅស៊ូ ដាំដំឡូង​ជាដើម លោក ព្រំ សៅរ៍នរ៉ា អធិប្បាយ​ថា ទាំង​នេះ​ព្រោះតែ​ពុំ​សូវ​មាន​អន្តរាគមន៍​ពី​ខាង​រដ្ឋាភិបាល ។

លោក​ប្រៀបធៀប​ការផ្តល់​សម្បទាន​នៅ​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត​នៃ​សមាគម​អាស៊ាន ដូច្នេះ ៖ «សំខាន់​គឺ​រឿង​ថា ពួក​អ្នកស្រុក​ដែល​គ្មាន​បច្ចេកទេស បើ​យើង​គ្រាន់​តែ​ឲ្យ​ដី​ទទេ ហើយ​ប្រាប់​ឲ្យ​ដាំ គ្នា​ធ្វើ​មិន​បាន​ទេ ។ ចំណុច​ខ្សោយ​របស់​យើង គឺ​នៅ​ត្រង់​ហ្នឹង គឺ​ថា អ្នកដែល​គេ​ដាំ​នៅ​ម៉ាឡេស៊ី គេដាំ​កៅស៊ូ គេ​ដាំ​ដូង​ប្រេង គឺ​ថា គេ​ដាំ​រួច​ហើយ បាន​គេ​ចែក​ឲ្យ​អ្នកស្រុក បើ​យើង​ចង់​ធ្វើ Program (កម្មវិធី​ហ្នឹង) គឺ​ថា World Bank និង ADB គេ​អាច​ជួយ​យើង​បាន ប៉ុន្តែ​វា​ទាស់​តែ​រដ្ឋាភិបាល​យើង​គាត់​អត់​ធ្វើ គាត់​អត់​ធ្វើ​យ៉ាង​ម៉េច គាត់​យក concession (សម្បទាន) ទៅ​ឲ្យ​គ្នា​គាត់​ទៅ គាត់​មិន​ឲ្យ​ concessions ទៅ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បើ​ម៉ាឡេស៊ី គេ​យក Federal Land Administration ហ្នឹង ធ្វើ​ជា​អ្នកដឹកនាំ​ជួយ​រដ្ឋាភិបាល​ធ្វើ គេ​យក​ដី​សម្បទាន​ដែល​សម្រាប់​ឲ្យ​ទៅ​អ្នកដទៃ មក​ធ្វើ concession មួយ​ដ៏ធំ​របស់​រដ្ឋ រួចហើយ​គេ​យក​មក​ចែក​ឲ្យ​ប្រជារាស្ត្រ​តែ​ម្ដង»