វិធី​ផលិត​ចំណី​ធម្មជាតិ​ដើម្បី​ចិញ្ចឹម​មាន់​យក​ស៊ុត

0:00 / 0:00

អ្នក​បច្ចេកទេស​ចិញ្ចឹម​សត្វ​មាន់​យល់​ថា សាច់​មាន់​ដែល​ចរាចរ​នៅ​លើ​ទីផ្សារ ភាគ​ច្រើន​ធំ​ធាត់​ដោយ​ប្រើ​ចំណី​គីមី ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ។ ទន្ទឹម​គ្នា​នេះ ដើម្បី​ឲ្យ​មុខ​របរ​ចិញ្ចឹម​សត្វ​មាន់​បន្ថយ​សារធាតុ​គីមី ឬ​អាច​ចៀស​បាន​ពី​ការ​ប្រើប្រាស់​សារធាតុ​គីមី​ច្រើន ក្នុង​ការ​ចិញ្ចឹម អ្នក​បច្ចេកទេស​សត្វ​ម្នាក់ បាន​បង្ហាញ​ពី​ការ​ផលិត​ចំណី​ធម្មជាតិ​ដើម្បី​ចិញ្ចឹម​សត្វ​មាន់​យក​ស៊ុត ឲ្យ​លក់​បាន​ថ្លៃ។

តើ​អ្នក​បច្ចេកទេស​ចិញ្ចឹម​សត្វ​មាន់​នៅ​ក្នុង​កសិដ្ឋាន ហ្គ្រែន ភ្នំពេញ ប្រើ​វត្ថុ​ធាតុ​ដើម​អ្វី​ខ្លះ ដើម្បី​ផលិត​ចំណី​ធម្មជាតិ​សម្រាប់​ចិញ្ចឹម​សត្វ​មាន់?

អ្នក​បច្ចេកទេស​ចិញ្ចឹម​សត្វ​មាន់​នៅ​ក្នុង​កសិដ្ឋាន ហ្គ្រែន ភ្នំពេញ អះអាង​ថា វិធី​ផលិត​ចំណី​ធម្មជាតិ​សម្រាប់​សត្វ​មាន់ គឺ​ងាយ​ផលិត និង​សុទ្ធតែ​ជា​វត្ថុ​ធាតុ​ដើម​ងាយ​ប្រមូល ហើយ​មិន​ប៉ះពាល់​សុខភាព។

បច្ចុប្បន្ន ពលរដ្ឋ ពិសេស​កសិករ​មួយ​ចំនួន និយម​ប្រើ​ចំណី​គីមី​ក្នុង​ការ​ចិញ្ចឹម​សត្វ​ផ្សេងៗ ហើយ​ការ​ប្រើ​ចំណី​គីមី​នេះ វា​អាច​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់។

លោក វ៉រ វ៉ាន់ដា អ្នក​បច្ចេកទេស​ចិញ្ចឹម​មាន់​នៅ​ក្នុង​កសិដ្ឋាន ហ្រ្គែន ភ្នំពេញ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​រៀបរាប់​ថា សត្វ​មាន់​ជា​ប្រភេទ​សត្វ​ដែល​ងាយ​ឆ្លង​ជំងឺ។ ដូច្នេះ ក្នុង​ការ​ចិញ្ចឹម​មាន់ ទាមទារ​ឲ្យ​អ្នក​ចិញ្ចឹម​ចេះ​ជ្រើស​រើស​ពូជ ទីតាំង​ចិញ្ចឹម ការ​រៀបចំ​ទ្រុង ការ​ថែទាំ និង​សម្អាត​អនាម័យ​ជា​ប្រចាំ ការ​រៀបចំ​សម្បុក ពិសេស​ការ​ជ្រើស​រើស​ចំណី​ប្រកប​ដោយ​គុណភាព។

វត្ថុ​ធាតុ​ដើម​ដើម្បី​ផលិត​ចំណី​ធម្មជាតិ​សម្រាប់​ចិញ្ចឹម​មាន់​យក​ស៊ុត។ រូបថត​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥
វត្ថុ​ធាតុ​ដើម​ដើម្បី​ផលិត​ចំណី​ធម្មជាតិ​សម្រាប់​ចិញ្ចឹម​មាន់​យក​ស៊ុត។ រូបថត​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥ (RFA/Um Rainsey)

មក​ដល់​ត្រង់​ចំណុច​នេះ លោក វ៉រ វ៉ាន់ដា បាន​ឲ្យ​ដឹង​បន្ត​ថា សម្រាប់​មាន់​ដែល​ចិញ្ចឹម​ដោយ​ឲ្យ​ចំណី​ធម្មជាតិ​ក្នុង​កសិដ្ឋាន ហ្រែ្គន ភ្នំពេញ នេះ មាន់​ជាង ៥០០​ក្បាល​សុទ្ធតែ​ជា​ប្រភេទ​ពូជ​មាន់​នៅ​ក្នុង​ស្រុក សម្រាប់​ចិញ្ចឹម​យក​ស៊ុត។ លោក​បន្ត​ថា ដើម្បី​អាច​ផលិត​ចំណី​ធម្មជាតិ​សម្រាប់​មាន់​បាន ចាំបាច់​ត្រូវ​មាន​វត្ថុ​ធាតុ​ដើម​ដែល​ជា​ក្រុម​អាហារ​សម្បូរ​ជាតិ​វីតាមីន (ប្រភេទ​អាហារ​ការពារ) ដូចជា ស្លឹក​ម្រុំ ត្រកួន អង្គាដី កន្ធំថេត ប្រទាល​ត្រចៀក​ជ្រូក ប្រទាល​កន្ទុយ​ក្រពើ ស្លឹក​ស្ដៅ ស្លឹក​ខ្ទឹម ស្លឹក​គ្រៃ ចុង​អង្ករ កន្ទក់ និង​សម្បក​បង្គា ដើម្បី​ផលិត​ចំណី​មាន់​ប្រកប​ដោយ​សារធាតុ​ចិញ្ចឹម​ដល់​សត្វ​មាន់​ឲ្យ​ឆាប់​លូតលាស់ និង​ទទួល​បាន​ទិន្នផល​ស៊ុត​គុណភាព​ខ្ពស់៖ «មនុស្ស​សត្វ​ដូច​គ្នា យើង​ហូប​មាន​សត្វ​មាន​បន្លែ​ដូច​គ្នា ចឹង​សត្វ​វា​ក៏​ត្រូវ​ការ​បន្លែ ត្រូវ​ការ​សត្វ អាហារ​ប្លែកៗ​ដែរ ចឹង​ដូច​ស្លឹក​កន្ធំថេត ស្លឹក​ម្រុំ ស្លឹក​ស្ដៅ ស្លឹក​គ្រៃ គឺ​ជា​ថ្នាំ​មិន​ឲ្យ​មាន​មាន​ជំងឺ ធំ​ធាត់​លឿន»

នៅ​ពេល​ដែល​មាន​វត្ថុ​ធាតុ​ដើម​ទាំង​នេះ​រួច​ហើយ លោក វ៉រ វ៉ាន់ដា បាន​ឲ្យ​ដឹង​ពី​វិធី​ផលិត​ចំណី​ធម្មជាតិ​នេះ​ថា ដំបូង​ត្រូវ​យក​វត្ថុ​ធាតុ​ដើម​ពី​ប្រភេទ​បន្លែ​បៃតង (ដែល​ក្នុង​នោះ​រួម​មាន ត្រកួន ស្លឹក​អង្គាដី ប្រទាល​ត្រចៀក​ជ្រូក ប្រទាល​កន្ទុយ​ក្រពើ ស្លឹក​ស្ដៅ និង​ស្លឹក​ខ្ទឹម) ដោយ​គិត​ជា​បរិមាណ​ប្រហែល ២០% ហើយ​ប្រភេទ​បន្លែ​ស្លឹក​ដែល​មាន​ជាតិ​ម្សៅ​ជួយ​រំលាយ​អាហារ​ចំនួន ១០% (ដែល​មាន​ស្លឹក​ម្រុំ និង​ស្លឹក​កន្ធំថេត)។ លោក​ថា បន្ទាប់​មក​យក​វត្ថុ​ធាតុ​ដើម​ទាំងអស់​នេះ មក​ចិញ្ច្រាំ​ឲ្យ​ល្អិត រួច​យក​ទៅ​លាយ​ច្របល់​ចូល​គ្នា​ជាមួយ​ចុង​អង្ករ កន្ទក់ ដោយ​គិត​ជា​បរិមាណ ៤០% និង​សម្បក​បង្គា​ចំនួន ២០% និង​បន្ថែម​អំបិល ១​ខាំ ដើម្បី​បន្ថែម​រសជាតិ​លើ​ចំណី​នេះ​ជា​ការ​ស្រេច។

ក្រោយ​ផលិត​ចំណី​ធម្មជាតិ​នេះ​រួច លោក​ថា សម្រាប់​មាន់​ចិញ្ចឹម​យក​ស៊ុត ទាមទារ​មើល​ថែ​ឲ្យ​បាន​ដិតដល់ និង​ទាមទារ​ត្រូវ​ផ្តល់​ចំណី ១​ថ្ងៃ ៣​ដង គឺ​ពេល​ព្រឹក​ចន្លោះ​ពី​ម៉ោង ៧ ទៅ ៨​កន្លះ ពេល​ថ្ងៃ​ចន្លោះ​ពី​ម៉ោង ១២ ទៅ​ម៉ោង ១​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច​ចន្លោះ​ពី​ម៉ោង ៣ ទៅ​ម៉ោង ៤ ប៉ុន្តែ​លោក​ថា មុន​ឲ្យ​ចំណី​មាន់ ត្រូវ​ធានា​ថា ស្នូក​ចំណី​ត្រូវ​តែ​ស្អាត និង​ស្ងួត​ជា​ប្រចាំ៖ «រឿង​ចំណី​ក៏​យើង​ត្រូវ​ចេះ​ជ្រើស​រើស​ចំណី​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ឲ្យ​វា​ខ្វះ​សារធាតុ​មួយ​ចំនួន​នោះ​ឡើយ ព្រោះ​អី​បើ​មាន់​លែង វា​អាច​ដើរ​ស៊ី​សត្វ​ល្អិត ចឹង​វា​អត់​សូវ​ខ្វះ​ទេ តែ​បើ​ដូច​ក្នុង​កសិដ្ឋាន​នេះ យើង​ចិញ្ចឹម​អត់​លែង​ចឹង ទាមទារ​ឲ្យ​មាន​ចំណី​ទៀងទាត់ ត្រូវ​ឲ្យ​ស៊ី​មួយ​ថ្ងៃ ៣​ដង ហើយ​ក្នុង​ចំណី​មួយ​ពេល​នេះ ត្រូវ​មាន​សារធាតុ​ចិញ្ចឹម និង​បន្លែ​បៃតង បន្ថែម​សារធាតុ​រ៉ែ និង​អាហារ​ធម្មជាតិ​ដើម្បី​បំប៉ន​ឲ្យ​វា​ធំ​ធាត់»

ឯកសារ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ស្ដីពី​បច្ចេកទេស​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ បាន​បង្ហាញ​ដែរ​ថា ដើម្បី​ចិញ្ចឹម​មាន់​បាន​ល្អ និង​ទទួល​បាន​ទិន្នផល​ខ្ពស់ ចាំបាច់​ត្រូវ​អនុវត្ត​ដូចជា ជ្រើស​រើស​ពូជ​មាន់​ល្អ​មិន​ធ្លាប់​កើត​ជំងឺ​ឆ្លង ព័ន្ធ​ទ្រុង​របង​ជុំវិញ​ទីធ្លា ធ្វើ​ទ្រុង​សម្រាប់​មាន់​ដេក និង​ធ្នើរ​សម្រាប់​មាន់​ក្រាប​ពង ធ្វើ​ទ្រើង​ដំណាំ​ក្នុង​ទីធ្លា​ចិញ្ចឹម​មាន់ ដើម្បី​បង្កើត​ម្លប់​ក្នុង​រដូវ​ក្តៅ ធ្វើ​អនាម័យ​ទ្រុង​ជា​ប្រចាំ ពិសេស​ត្រូវ​ផ្តល់​ចំណី​ធម្មជាតិ​ចម្រុះ​ដល់​មាន់ ដើម្បី​ឲ្យ​មាន់​ឆាប់​ធំ។

ជាង​នេះ​ទៀត ឯកសារ​ស្រាវជ្រាវ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រុម​អាហារ​ការពារ​ដែល​មាន​ក្នុង​ចំណី​ធម្មជាតិ ដូចជា ស្លឹក​ម្រុំ ត្រកួន អង្គាដី កន្ធំថេត និង​រុក្ខជាតិ​បៃតង​ផ្សេង​ទៀត នឹង​ផ្តល់​វីតាមីន​សំខាន់ៗ​សម្រាប់​មាន់ មាន​ដូចជា វីតាមីន​អា (A) វីតាមីន​ដេ (D) វីតាមីន​អឺ (E) និង​វីតាមីន​សេ (C)។ ជាតិ​វីតាមីន​ទាំង​នេះ នឹង​ជួយ​បង្កើន​ភាព​រឹងមាំ ប្រឆាំង​នឹង​មេរោគ ជួយ​ក្នុង​ការ​រំលាយ​អាហារ ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ជួយ​ដល់​ការ​បន្ត​ពូជ ពិសេស​ជួយ​បង្កើន​គុណភាព​ស៊ុត​មាន់​ខ្ពស់។

លើស​ពី​នេះ ប្រភេទ​អាហារ​ជាតិ​រ៉ែ​ដែល​មាន​ក្នុង​សម្បក​បង្គា ខ្យង លៀស គ្រុំ អំបិល នឹង​ជួយ​បង្កើត​ឆ្អឹង ឈាម រោម និង​សម្បក​ស៊ុត។ ដោយឡែក កន្ទក់ ពោត ស្រូវ និង​ក្រុម​អាហារ​ទ្រទ្រង់​ដទៃ​ទៀត នឹង​ជួយ​បង្កើត​កម្ដៅ​ឲ្យ​រាង​កាយ​សត្វ​មាន់​កក់ក្តៅ និង​សម្រួល​ដល់​ចលនា​សកម្មភាព​ផ្សេងៗ​របស់​សត្វ​មាន់។

អ្នក​បច្ចេកទេស​ចិញ្ចឹម​សត្វ​មាន់ លោក វ៉រ វ៉ាន់ដា នៅ​ក្នុង​កសិដ្ឋាន ហ្គ្រែន ភ្នំពេញ ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីពី​វិធី​ផលិត​ចំណី​ធម្មជាតិ​សម្រាប់​ចិញ្ចឹម​មាន់​យក​ស៊ុត កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥។
អ្នក​បច្ចេកទេស​ចិញ្ចឹម​សត្វ​មាន់ លោក វ៉រ វ៉ាន់ដា នៅ​ក្នុង​កសិដ្ឋាន ហ្គ្រែន ភ្នំពេញ ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីពី​វិធី​ផលិត​ចំណី​ធម្មជាតិ​សម្រាប់​ចិញ្ចឹម​មាន់​យក​ស៊ុត កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥។ (RFA/Um Rainsey)

ទោះ​ជា​បច្ចុប្បន្ន សាច់​មាន់ និង​ស៊ុត​មាន់ កំពុង​ពេញ​និយម​ក្នុង​ការ​ជួញ​ដូរ​ដ៏​សកម្ម​ក្នុង​ទីផ្សារ​នៅ​កម្ពុជា ហើយ​ខណៈ​ពលរដ្ឋ​មួយ​ចំនួន និយម​ប្រើ​ចំណី​គីមី ឬ​ចិញ្ចឹម​បែប​ឧស្សាហកម្ម ដើម្បី​ឲ្យ​មាន់​ធំ​លូតលាស់​លឿន និង​ទទួល​បាន​ទិន្នផល​ស៊ុត​ឆាប់​រហ័ស​នោះ អ្នក​បច្ចេកទេស​ចិញ្ចឹម​មាន់​ម្នាក់​នេះ មិន​ប្រាថ្នា​បែប​នេះ​ឡើយ។ អ្នក​បច្ចេកទេស​រូប​នេះ​យល់​ថា ទោះ​ជា​ការ​ចិញ្ចឹម​មាន់​ដោយ​ផ្តល់​ចំណី​ធម្មជាតិ​លូតលាស់​យឺត បើ​ប្រៀបធៀប​នឹង​ការ​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​គីមី​ក៏ដោយ តែ​វា​ផ្តល់​ឲ្យ​មាន​សុខភាព​ល្អ​ដល់​អ្នក​បរិភោគ ចំណាយ​ថវិកា​តិច។ លើស​ពី​នេះ សាច់​មាន់ និង​ស៊ុត​របស់​វា លក់​បាន​តម្លៃ​ថ្លៃ។

ជាក់ស្តែង លោក វ៉រ វ៉ាន់ដា អះអាង​ថា សម្រាប់​កសិដ្ឋាន​លោក​ដែល​មាន់​ជាង ៥០០​ក្បាល សព្វថ្ងៃ​បាន​ផ្គត់ផ្គង់​ទៅ​ឲ្យ​ទីផ្សារ​សេដាក (CEDAC) នៅ​រាជធានី​ភ្នំពេញ ហើយ​ក្នុង​មាន់ ១​ក្បាល​មាន​តម្លៃ​ជិត ៣​ម៉ឺន​រៀល ១​គីឡូ ហើយ​ចំណែក​ស៊ុត​វិញ ១​គ្រាប់​តម្លៃ​ជាង ១​ពាន់​រៀល៖ «ខ្ញុំ​ជ្រើស​រើស​យក​ចំណី​ធម្មជាតិ​ហ្នឹង ដោយ​បើ​យើង​វិភាគ​សេដ្ឋកិច្ច​វា​ចំណាយ​តិច ព្រោះ​វត្ថុ​ធាតុ​ដើម​ដែល​យើង​យក​មក​ផលិត​ជា​ចំណី វា​ងាយ​ស្រួល​រក ងាយ​ស្រួល នៅ​ជិត​ផ្ទះ​ស្រាប់ តែ​បើ​យើង​យក​ចំណី​គីមី​មក​ចិញ្ចឹម បើ​យើង​ប្រៀបធៀប​នឹង​ប្រាក់​ចំណេញ​វា​បាន​តិច»

ជាង​នេះ​ទៀត អ្នក​បច្ចេកទេស​ចិញ្ចឹម​សត្វ​មាន់​រូប​នេះ បាន​ណែនាំ​ដល់​កសិករ​ដែល​ចាប់​អារម្មណ៍​ការ​ចិញ្ចឹម​មាន់​បែប​ធម្មជាតិ ត្រូវ​តែ​ចាប់​ផ្ដើម​ពី​អ្វី​ដែល​ខ្លួន​មាន និង​ត្រូវ​គិត​ពី​វត្ថុ​ធាតុ​ដើម​ធម្មជាតិ​នៅ​ក្បែរ​ខ្លួន ក្បែរ​របង​ផ្ទះ​ជា​មុន​សិន មុន​នឹង​ចាប់​យក​វិធីសាស្ត្រ​ចិញ្ចឹម​ដោយ​ចំណី​គីមី ហើយ​លោក​ចង់​ឃើញ​រដ្ឋាភិបាល លើក​ទឹក​ចិត្ត​ការ​ចិញ្ចឹម​មាន់​បែប​ធម្មជាតិ និង​ស្វែងរក​ទីផ្សារ​នៅ​ពេល​ដែល​កសិករ​ចិញ្ចឹម​បាន​ជោគជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។