របៀប​ដាំ​ដំណាំ​ស្ពៃ​ក្ដោប​បាន​ផល​ល្អ​របស់​កសិករ​នៅ​ខេត្ត​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2017-03-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចម្ការ​ស្ពៃក្ដោប​របស់​កសិករ​នៅ​ភូមិ​រហាលសួង ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
ចម្ការ​ស្ពៃក្ដោប​របស់​កសិករ​នៅ​ភូមិ​រហាលសួង ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

ប្រជា​កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង ចាប់​យក​ដំណាំ​ស្ពៃក្ដោប ធ្វើ​ជា​របរ​សំខាន់​ដើម្បី​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ឡើយ។ ដំណាំ​ប្រភេទ​នេះ ពួក​គាត់​ត្រូវ​ចំណាយ​ពេលវេលា​ប្រមាណ​ពី ៣​ខែ​កន្លះ​ទៅ​ជាង ៥​ខែ​ក្នុង​មួយ​រដូវ ទើប​ពួក​គាត់​ទទួល​បាន​ផល ហើយ​មាន​ផ្ទៃ​ដី​តូច​ល្មម​ក៏​អាច​ដាំ​ដំណាំ​នេះ​បាន។

ដំណាំ​ស្ពៃក្ដោប គឺ​ជា​ប្រភេទ​ដំណាំ​ដែល​ត្រូវ​ការ​ទឹក​ច្រើន​ដើម្បី​ស្រោចស្រព ហើយ​ត្រូវ​មាន​ការ​ថែទាំ​ឲ្យ​បាន​ជា​ប្រចាំ ទើប​វា​ផ្ដល់​ផល​បាន​ល្អ។

ប្រជា​កសិករ​ម្នាក់​រស់នៅ​ភូមិ​រហាលសួង ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក ប៊ន ជាង ថ្លែង​ថា លោក​ប្រកប​របរ​ដាំ​ស្ពៃក្ដោប​ជាង ២០​ឆ្នាំ​ហើយ ដោយ​ប្រើ​ផ្ទៃដី​ជាង​កន្លះ​ហិកតារ អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​បាន​រស់នៅ​ជុំ​គ្នា ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ៖ «ខ្ញុំ​មិន​ចំណាក​ស្រុក​ទៅ​ឆ្ងាយៗ​ទេ គឺ​នៅ​រក​ស៊ី​តែ​ស្រុក​ភូមិ​នេះ​ឯង សូម​ឲ្យ​តែ​តម្លៃ​ស្ពៃ​បាន​ថ្លៃ​ទៅ​បាន​ហើយ»

កសិករ​វ័យ ៤៣​ឆ្នាំ​រូប​នេះ​ពន្យល់​ពី​របៀប​ដាំ​ស្ពៃក្ដោប​ថា ការ​ដាំ​ស្ពៃក្ដោប​ចែក​ចេញ​ជា​ពីរ​ដំណាក់កាល​សំខាន់ គឺ​ការ​សាប​កូន និង​ការ​ដក​កូន​ស្ពៃ​យក​ទៅ​ដាំ។ លោក ប៊ន ជាង ពន្យល់​ថា ដំណាក់កាល​សាប​កូន មុន​ដំបូង​ត្រូវ​ភ្ជួរ​ដី​ហាល​ទុក​ពី ៣ ទៅ ៤​ដង ដោយ​ប្រើ​រយៈពេល​ពី ៣​សប្ដាហ៍​ទៅ ១​ខែ។ លោក​បន្ត​ថា នៅ​ពេល​សាប​កូន ត្រូវ​សាប​វា​នៅ​ពេល​រសៀល ដោយ​ធ្វើ​រង​ទទឹង​ប្រមាណ​ពី ៧​តឹក ឬ​ជិត​មួយ​ម៉ែត្រ ដើម្បី​ងាយ​ស្រួល​ដក​កូន​ស្ពៃ​យក​ទៅ​ដាំ។

លោក​បន្ថែម​ថា មុន​នឹង​សាប​កូន ត្រូវ​ដាក់​ជី​លាមក​គោ​រោយ​នៅ​លើ​ថ្នាល ហើយ​ជ្រោយ​វា​ឲ្យ​សប់ រួច​យក​គ្រាប់​ស្ពៃ​ទៅ​សាប​ម្ដង​មួយ​គ្រាប់​នៅ​ថ្នាល ដោយ​ទុក​ចន្លោះ​ឃ្លាត​ពី​គ្នា​ប្រមាណ ៣​ថ្នាំង​ដៃ។ នៅ​ពេល​សាប​គ្រាប់​ស្ពៃ​ហើយ ត្រូវ​ចាក់​ទឹក​ពី​លើ​ឲ្យ​សើម រួច​គ្រប​ចំបើង ឬ​សំពត់​ស្បៃ​ចំនួន ១​សប្ដាហ៍។ លោក​បន្ត​ថា នៅ​អំឡុង​ពេល​សាប​នេះ ត្រូវ​ចាក់​ទឹក​វា​ឲ្យ​បាន​រៀង​រាល់​ថ្ងៃ ហើយ​ត្រូវ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ឲ្យ​បាន​ពី ៣ ទៅ ៤​ដង​រហូត​ដល់​ដក​កូន​ស្ពៃ​យក​ទៅ​ដាំ​រយៈពេល​ប្រមាណ ១​ខែ៖ «វិធីសាស្ត្រ គឺ​យើង​ស្រោច​ទឹក​ឲ្យ​ជោក​នៅ​លើ​រង​កូន​ស្ពៃ ដើម្បី​ងាយ​ស្រួល​ដក​មក​បាន​ល្អ វា​មិន​ដាច់​ឫស​ស្ពៃ ហើយ​ពេល​យក​វា​ទៅ​ដាំ​បាន​វា​មិន​សូវ​សន្លប់ ហើយ​វា​ដុះ​បាន​ល្អ»

ចម្ការ​ស្ពៃក្ដោប បាត់ដំបង​២០១៧ ១៤៤០
ចម្ការ​ស្ពៃក្ដោប​របស់​កសិករ​នៅ​ភូមិ​រហាលសួង ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hum Chamroeun RFA/Hum Chamroeun

លោក​បន្ត​ថា នៅ​ពេល​ដក​កូន​ស្ពៃ​យក​ទៅ​ដាំ ត្រូវ​ភ្ជួរ​ដី​ហាល​វា​ពី ៣ ទៅ ៤​ដង​ក្នុង​មួយ​ខែ ហើយ​ត្រូវ​ធ្វើ​រង​ទទឹក​ប្រមាណ ១​ម៉ែត្រ ដោយ​ទុក​ចន្លោះ​ផ្លូវ​ដើរ​ពី​រង​មួយ​ទៅ​រង​មួយ​ប្រមាណ ៧​តឹក ឬ ៧០​សង់ទីម៉ែត្រ។ លោក​ពន្យល់​អំពី​របៀប​ដាំ​ស្ពៃ​ក្ដោប​ថា ត្រូវ​ដាំ​វា​នៅ​ពេល​រសៀល​ទើប​ល្អ ព្រោះ​អាកាសធាតុ​មិន​ក្ដៅ​ខ្លាំង​ពេក ដោយ​ជីក​រណ្ដៅ​តូច​ល្មម​អាច​ដាក់​កូន​ស្ពៃ​បាន ហើយ​ទុក​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ប្រវែង ៤០​សង់ទីម៉ែត្រ រួច​យក​លាមក​គោ​លាយ​ជាមួយ​ជីអ៊ុយរ៉េ ដាក់​នៅ​ក្នុង​បាត​រណ្ដៅ ហើយ​ចាក់​ទឹក​ឲ្យ​បាន​សើម។ លោក​បន្ត​ថា ក្រោយ​ពី​ដាំ​ស្ពៃ​ហើយ ត្រូវ​ចាក់​ទឹក​ឲ្យ​បាន​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ស្ពៃ​លូតលាស់​បាន​ល្អ៖ «វិធីសាស្ត្រ គឺ​បាញ់​ថ្នាំ​ដាក់​ទឹក ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សត្វ​ល្អិត​ចូល​ស៊ី​ដំណាំ​យើង ហើយ​យើង​ថែ​វា ២​ថ្ងៃ ឬ​៣​ថ្ងៃ យើង​បាញ់​ថ្នាំ​ម្ដង ទៅ​តាម​មាន​សត្វ​ល្អិត​តិច ឬ​ច្រើន និយាយ​រួម​យើង​ត្រូវ​ថែ​វា​ដិតដល់​ណាស់»

លោក​បន្ថែម​ថា ក្រោយ​ពី​ដាំ​ស្ពៃ​បាន ១៥​ថ្ងៃ ត្រូវ​កប់​ជី​ដោយ​យក​លាមក​សត្វ​លាយ​ជាមួយ​ជី​កែង​ក៏​បាន ឬ​ជី​ផ្លែ​ក៏​បាន ចំណុះ​ប្រមាណ​មួយ​ក្ដាប់​កូន​ក្មេង​ដាក់​ក្នុង​មួយ​រណ្ដៅ ហើយ​ដាក់​ចម្ងាយ​ពី​គុម្ព​ស្ពៃ​ប្រវែង​ប្រមាណ​មួយ​ចំអាម។

កសិករ​រស់នៅ​ឃុំ​ព្រែកហ្លួង ម្នាក់​ទៀត លោក ក្រៃ ឃន ថ្លែង​ថា ដំណាំ​ស្ពៃ​ក្ដោប​ត្រូវការ​ថែទាំ​ខ្ពស់​តាំង​ពី​ថ្ងៃ​ដាំ​រហូត​ដល់​ប្រមូល​ផល។ លោក​បន្ថែម​ថា បើ​ទោះ​ដំណាំ​មួយ​នេះ​ត្រូវការ​ថែទាំ​នឿយ​ហត់​ខុស​ពី​ដំណាំ​ផ្សេងៗ​ក្ដី ក៏ប៉ុន្តែ​ចំណាយ​ផ្ទៃ​ដី​តូច​ល្មម ហើយ​ទទួល​បាន​ផល​ច្រើន។ លោក​បន្ត​ថា លោក​ដាំ​ស្ពៃ​ក្ដោប​លើ​ផ្ទៃដី​ជាង​កន្លះ​ហិកតារ ដាំ​បាន​ចំនួន ៣​ម៉ឺន​កូន ហើយ​ចំណាយ​អស់​ដើមទុន​ប្រមាណ ៥​លាន​រៀល ដោយ​មិន​គិត​ពី​ការ​ចំណាយ​កម្លាំង​មនុស្ស ៣​នាក់​នោះ​ទេ។ ចំណែក​ទិន្នផល​ដែល​ទទួល​បាន​ក្នុង​ផ្ទៃដី​ជាង​កន្លះ​ហិកតារ​នេះ គិត​ជា​មធ្យម​ប្រមាណ​ពី ៣០ ទៅ ៤០​តោន ចំពោះ​រដូវ​ត្រជាក់៖ «ពេល​ដែល​នឿយហត់​ខ្លាំង គឺ​ចាប់​ពី​យើង​ដាំ​ទៅ​មាន​រយៈ​ប្រហែល​ជា​មួយ​ខែ​កន្លះ​ដែល​យើង​ហត់។ ដល់​ពេល​ស្ពៃ​ក្ដោប​វា​រាង​ណែន​ល្មម​ហើយ យើង​អាច​បន្ថយ​ទឹក និង​ការ​បាញ់​ថ្នាំ​វា​បាន គឺ​យើង​អាច​ដាក់​ទឹក​ពង្រេច​វា​ទុក​បាន​យូរ​ថ្ងៃ»

លោក ក្រៃ ឃន បន្ត​ថា រដូវ​ដែល​ដាំ​ស្ពៃ​បាន​ផល​ល្អ គឺ​នៅ​រដូវ​ត្រជាក់ ចន្លោះ​ពី​ចុង​ខែ​វិច្ឆិកា ដល់​ខែ​មីនា ក៏ប៉ុន្តែ​លោក​ថា​នៅ​រដូវ​នេះ ភាគច្រើន​ជួប​បញ្ហា​ស្ពៃ​ចុះ​ថោក ហើយ​លក់​ទូទាត់​ស្ទើរ​មិន​បាន​ប្រាក់​កម្រៃ​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ស្ពៃ​ក្ដោប​មាន​តម្លៃ​សមរម្យ គឺ​តម្លៃ​ចាប់​ពី ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ឡើង​ក្នុង​ផ្ទៃដី​ជាង​កន្លះ​ហិកតារ​នេះ លោក​អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ពី ២.៥០០​ដុល្លារ​ទៅ ៣​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​រដូវ ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ឡើយ៖ «ដល់​ពេល​ខែ​ក្ដៅ​មិន​សូវ​មាន​អ្នក​ធ្វើ​ទេ ព្រោះ​ពិបាក​ថែទាំ ហើយ​ធ្វើ​មិន​សូវ​កើត ប៉ុន្តែ​ទិន្នផល​បាន​ថ្លៃ ព្រោះ​សត្វ​ល្អិត​ក៏​សម្បូរ ហើយ​ក្ដៅ​ខ្លាំង ហើយ​មាន​ភ្លៀង​កក់​ខែ​ទៀត ហើយ​ដី​ទំនាប​ដាំ​អត់​កើត​ទេ បាន​តែ​ដី​ទួល គឺ​មាន​បញ្ហា​ច្រើន​ខែ​ក្ដៅ»

ទោះ​ជា​យ៉ាង​ណា បញ្ហា​ទីផ្សារ គឺ​ជា​កត្តា​សំខាន់​របស់​ប្រជា​កសិករ។ សព្វថ្ងៃ ស្ពៃ​ក្ដោប​កំពុង​ចុះ​ថោក​ខ្លាំង ដោយ​តម្លៃ​លក់​ដុំ​ប្រមាណ ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ តម្លៃ​នេះ​កសិករ​លក់​មិន​បាន​ប្រាក់​ចំណេញ​ឡើយ។ កសិករ​នៅ​ឃុំ​ព្រែកហ្លួង ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ស្ពៃ​ក្ដោប​ក្នុង​តម្លៃ​សមរម្យ ដើម្បី​ពួក​គាត់​បាន​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាក​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល