កសិករខេត្តកំពង់ស្ពឺ ដាំដំណាំប៉េងប៉ោះ ក្នុងពេលអាកាសធាតុកំពុងប្រែប្រួលខ្វះទឹក។ តើហេតុអ្វីបានជាកសិករនោះ ជ្រើសរើសប៉េងប៉ោះយកទៅដាំ?
ការប្រែប្រួលអាកាសធាតុបានជំរុញឲ្យមន្ត្រីកសិកម្ម ណែនាំកសិករឲ្យជ្រើសរើសពូជដំណាំដែលមានអាយុខ្លី រហ័សប្រមូលផលដាំលើដីដែលទឹកមិនសូវសំបូរ ឬភ្លៀងក្រធ្លាក់។ បញ្ហានេះកសិករឈ្មោះ តូច សុភ័គ្រ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបង្ហាញពីបច្ចេកទេសដាំដុះនៅក្នុងការប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ និងដំណាំកសិកម្ម។
លោក តូច សុភ័គ្រ បន្តថា ដំណាំប៉េងប៉ោះវាមិនសូវត្រូវការទឹកច្រើនទេ ហើយរហ័សប្រមូលផល៖ «ដោយសារនៅខាងតំបន់ខ្ញុំអត់មានទឹកជំនន់ទេ ខែប្រាំងសឹងតែពេញមួយរដូវ ពេញ ១ឆ្នាំតែម្ដង។ និយាយទៅរដូវភ្លៀងវាលែងភ្លៀង រដូវភ្លៀងទៅជារាំង រដូវរាំងទៅជាភ្លៀង វាមិនទៀងទាត់ អ៊ីចឹងបើយើងអាចទប់ស្កាត់លើការបម្រែបម្រួលតាមរយៈការប្តូរពូជដាំដំណាំ គឺយើងអត់អាចទប់ស្កាត់បានទេ ដោយសារអី? ដំណាំដែលយើងបានធ្វើនៅរដូវវស្សាវាខូច ព្រោះគ្រោះរាំងស្ងួតខ្លាំង»។
លោក តូច សុភ័គ្រ បន្តថា ដោយសារតែនៅតំបន់ខេត្តកំពង់ស្ពឺ ខ្វះទឹកដាំដុះរាល់ឆ្នាំ សូម្បីតែដាំស្រូវស្ទើរតែមិនមានទឹករហូតបានផលស្រូវទុំទេ ទើបគាត់ជ្រើសរើសការដាំបន្លែមានអាយុខ្លី និងរហ័សប្រមូលផល គឺដំណាំប៉េងប៉ោះ។ លោកឲ្យដឹងថា គាត់ដាំពូជប៉េងប៉ោះផ្លែតូចៗ ជាពូជធន់នឹងដីស្ងួតមិនសូវត្រូវការទឹកច្រើន តែដុះល្អ ហើយផ្លែវានៅទីផ្សារលក់បានថ្លៃ។
បច្ចេកទេសដាំ គឺមុនដាំគាត់ត្រូវរៀបចំដីចម្ការ ឬដីស្រែ ឲ្យបានរាបស្មើដោយភ្ជួរដីឲ្យច្រើនសា បំបែកដីឲ្យម៉ត់ល្មម រួចបែងចែកមួយផ្នែកសម្រាប់សាបកូន និងមួយផ្នែកសម្រាប់លើកជារងសម្រាប់ដាំ៖ «យើងដាំនៅទីវាលស្រែ អ៊ីចឹងយើងត្រូវភ្ជួរដីទុកចោលសិន ១អាទិត្យ ទៅ ២អាទិត្យ មូលហេតុដើម្បីឲ្យស្មៅនៅទីនោះងាប់ ហើយដីផុស បន្ទាប់មកគឺយើងយកជីទៅដាក់ គឺជីអាចម៍គោ និងជីកំប៉ុសក្នុង ១ម៉ែត្រការ៉េយើងអាចដាក់ប្រហែល ២០ ទៅ ៣០គីឡូ ដោយសារវាជាអាចម៍គោ អ៊ីចឹងជីហ្នឹងនៅមានសុពលភាពបានយូរ។ បន្ទាប់ពីយើងយកជីដាក់ហើយ ត្រូវភ្ជួរដីលុបវិញភ្ជួរតែ១សាទេ លុបជីហ្នឹង»។
ឯកសារកសិកម្មណែនាំថា បច្ចេកទេសសំខាន់ក្នុងការប៉េងប៉ោះមាន៖
-រៀបចំថ្នាលសាប ដោយមានលាយលាមកគោពុកផុយ អង្កាមដុត ដើម្បីឱ្យដីធូរងាយស្រួលដកកូនយកទៅដាំ
-សាបគ្រាប់ពូជស្តើងៗ (កុំឱ្យញឹក) ដើម្បីឱ្យកូនលូតលាស់ល្អ
-រៀបចំរណ្ដៅដាំ ដោយដាក់លាមកសត្វ និងអង្កាមដុត ហើយភ្ជួរលុប
-ថែទាំស្រោចទឹក និងដោតឈើទប់ ដើមកុំឱ្យដើមដួលពេលមានផ្លែ
បច្ចេកទេសបណ្ដុះកូនប៉េងប៉ោះ៖
-រៀបចំដីដាក់កន្ទោងស្លឹក ឬថាសបណ្ដុះកូន។ យកគ្រាប់ពូជ ១គ្រាប់ ដាក់១កន្ទោង ឬ១ប្រឡោះថាស បណ្ដុះ១គ្រាប់។ ពីលើថ្នាលបណ្ដុះកូន ត្រូវយកស្លឹកដូង ធ្វើដំបូល ឬសំណាញ់កាត់ពន្លឺ។ បន្ទាប់មក យកចំបើង គ្របពីលើថាសបណ្ដុះកូន ឬកន្ទោងបណ្ដុះនោះ។ ៣ថ្ងៃក្រោយកប់គ្រាប់ពូជត្រូវរើចំបើងចេញដើម្បីឲ្យពន្លកវាដុះល្អ។ ការរៀបចំដីដាំប៉េងប៉ោះ ត្រូវភ្ជួរដី២ ទៅ ៣ដង ក្នុងជម្រៅ ២៥ ទៅ ៣០ស.ម ហើយរាស់បំបែកដីឲ្យរាបស្មើ រួចហាលដីឲ្យស្ងួត។ ក្រោយការគាស់ដីជាង ១០ថ្ងៃ ត្រូវលើករង បណ្ដោយមិនកំណត់ ឯទទឹងរងត្រូវយក ១ម៉ែត្រ កម្ពស់រង ២តឹក ទៅ ៣តឹក ពីបាតដីតាមខែប្រាំង ឬខែវស្សា។ ទុកចន្លោះពីរងមួយទៅរងមួយទៀត កន្លះម៉ែត្រ។ កម្ពស់រងនៅរដូវប្រាំងត្រូវលើក ២តឹក កាយឲ្យមានកំពែង ដើម្បីទប់ទឹកកុំឲ្យហូរចេញ។ បើនៅរដូវវស្សា កម្ពស់រងត្រូវលើក ៣តឹក កាយជារាងខ្នងអណ្ដើក ទុកឲ្យមានចង្អូរ បង្ហូរទឹកចេញ។
ការយកកូនប៉េងប៉ោះទៅដាំត្រូវមានអាយុពី ២០ ទៅ ២៥ថ្ងៃ បន្ទាប់ពីសាបគ្រាប់។ ត្រូវបន្ថយទឹកស្រោច ៣ថ្ងៃ មុនយកកូនប៉េងប៉ោះទៅដាំ ដើម្បីឲ្យដីរឹងមាំ តែមុនយកកូនទៅដាំ ត្រូវស្រោចកូនប៉េងប៉ោះនៅពេលព្រឹកឲ្យជោក ទើបបកកន្ទោងយកកូនទៅដាំក្នុងរងនៅពេលល្ងាចត្រជាក់។ ការដាំក្នុង១រង អាចដាំកូនប៉េងប៉ោះបាន ២ជួរ ទុកចន្លោះពីជួរមួយទៅជួរមួយទៀត គឺ ៦តឹក។ រីឯចន្លោះពីគុម្ពមួយទៅមួយ គឺ ៥តឹក ក្នុង១រណ្ដៅ គឺដាំកូនប៉េងប៉ោះតែ១ដើមទេ។ ដាំកូននោះរួច ត្រូវយកចំបើងស្ងួតទៅគ្របឲ្យក្រាស់ពីលើកូននោះ ដើម្បីឲ្យដីនៅមានសំណើម។
ងាកមកកសិករ តូច សុភ័គ្រ វិញ ការដាំកូនប៉េងប៉ោះរបស់គាត់ ក្រោយពីរៀបចំដីត្រៀមសម្រាប់ដាំរួច គាត់យកគ្រាប់ពូជប៉េងប៉ោះ ដែលមានតម្លៃពេញនិយមនៅទីផ្សារ មានគ្រាប់តិច សំបកក្រាស់ ឬហៅថា ប៉េងប៉ោះហាវ៉ៃ គាត់យកគ្រាប់ពូជ១គ្រាប់ទៅកប់ក្នុងកន្ទោង ដោយក្នុងនោះមានល្បាយដីមានជីជាតិ ដើម្បីបណ្ដុះវាឲ្យដុះសិន៖ «បើសិនជាល្អបំផុត គឺយើងធ្វើជាកន្ទោង។ នៅក្នុងហ្នឹងយើងមានលាយដីដំបូក អាចម៍គោ អាចម៍មាន់អីយើងលាយទៅ ៣០% នៃដីទាំងអស់។ និយាយទៅក្នុងដី ១០០% ជីដាក់តែ ៣០% ទេ សម្រាប់ការបណ្ដុះ។ បើសិនជាពូជយើងល្អ វាដុះស្មើ អ៊ីចឹងត្រឹម ១អាទិត្យ ទៅ ២អាទិត្យ យកវាទៅដាក់ថ្នាល ដែលយើងរៀបចំដាំព្រោះវាទទួលផលតែ១ខែកន្លះទេ»។
ចំពោះការដាំកូនប៉េងប៉ោះ នៅពេលកូនប៉េងប៉ោះ ដុះបាន ២សប្ដាហ៍ ត្រូវមុនវាយវាទៅដាំត្រូវ ទៅជ្រំដីរងដែលត្រៀមសម្រាប់ដាំនោះ ឲ្យត្រសុលល្អ ទើបកាយរណ្ដៅជម្រៅ ២ថ្នាំងដៃ ហែកស្លឹកកន្ទោងចេញយកដី និងកូនប៉េងប៉ោះទៅដាក់ដាំ៖ «បកកន្ទោងចេញ ដោយសារកន្ទោងហ្នឹងយើងធ្វើវាមានក្រាលអីចេះ។ មុនបកកន្ទោងត្រូវស្រោចទឹក ព្រោះដីហ្នឹងវាស្ងួត អ៊ីចឹងយើងស្រោចទឹកមិនឲ្យជោកពេកទេ គឺស្រោចល្មមមិនឲ្យវារបេះ យើងយកទៅដក់ក្នុងបង្គីក៏បាន ក្នុងចានធុនក៏បាន ហើយយកទៅដាក់ដាំ អាច ២តឹកកន្លះ ទៅ ៣តឹក ព្រោះដើមប៉េងប៉ោះក៏វាធំដែរ ចម្ងាយពីដើមមួយទៅដើមមួយ គឺយើងដាំនៅពេលល្ងាច បើសិនយើងដាំនៅពេលព្រឹក ថ្ងៃឡើងឫសវានៅខ្ចី អ៊ីចឹងវាអាចសន្លប់ ឬធ្វើឲ្យងាប់រងកម្ដៅ និយាយទៅពេលល្ងាចយើងអាចដាំទៅយើងអាចទទួលផលបានច្រើន អ៊ីចឹងយើងដាំហើយ គឺយើងគ្រប»។
លោក តូច សុភ័គ្រ បន្តថា ក្រោយការដាំត្រូវតាមដានដើមប៉េងប៉ោះនីមួយៗ បើវាងាប់យកដើមថ្មីមកដាំជួស បើវាអន់ជាងគេត្រូវគ្របវាបន្ថែម។ ការថែទាំកូនប៉េងប៉ោះក្រោយដាំត្រូវប្រើជីកំប៉ុស្តទឹកស្រោច និងត្រូវមើលក្នុងដី ក្រែងមានស្រមោចវាស៊ីកូនប៉េងប៉ោះដែលនៅខ្ចី។ នៅពេលប៉េងប៉ោះ ដុះស្លឹកបន្ថែម ភាគច្រើនវាមានដង្កូវយាយីដំណាំ។ បន្ទាប់ពីដាំកូនប៉េងប៉ោះរួច ត្រូវស្រោចទឹក២ដងក្នុង១ថ្ងៃ៖ «បើសិនយើងមានពេលវេលាគ្រប់គ្រាន់ គឺយើងត្រូវមើលវារាល់ថ្ងៃចៀសវាងសត្វស្រមោចវាទៅមូរត្រួយវា បើវាមូរត្រួយ មូរស្លឹក វាធ្វើឲ្យរួញវានឹងឡើងពណ៌ក្រហម អ៊ីចឹងវាអាចងាប់បាន យើងមើល ជាពិសេសគឺដីយើងត្រូវមានកូនចបជីកជ្រំដីហ្នឹងឲ្យទន់ កុំឲ្យវារឹងកាលណាដីក្តាំង ដំណាំយើងក៏វាអត់ល្អដែរ ហើយបើដីយើងធ្វើហ្នឹងរាក់ពេក ក៏វាអាចធ្វើឲ្យឫសវាចាក់អត់បានជ្រៅ អ៊ីចឹងក៏វាឆាប់ងាប់ដូចគ្នា ហើយទឹកដែលយើងស្រោចទៅ ក៏វាអត់សូវចូលទៅស៊ីជម្រៅដែរ គឺដីវាអត់ផុស»។
ឯកសារកសិកម្មផ្សព្វផ្សាយឆ្នាំ២០១៣ ប្រាប់ពីការប្រើប្រាស់ជីលើដំណាំប៉េងប៉ោះ អាចជីគីមីនិងជីធម្មជាតិ។ ដាក់ជីទ្រាប់បាត ត្រូវយកជីគីមីនិងជីធម្មជាតិពង្រាយលើរង ទើបកាប់ច្របល់ជីទាំងនោះជាមួយដីសើៗទើបកាយរណ្តៅដាំកូន។ ដាក់ជីលើកទី២ នៅក្នុងរណ្ដៅ ហើយលាយច្របល់ជាមួយដី បន្ទាប់មកយកកូនប៉េងប៉ោះទៅកប់ដាំ ទុកចម្ងាយប្រមាណ ៥ស.ម ពីជីច្របល់នោះ។ ត្រូវបន្ថែមជីបំប៉នក្រោយពីដាក់កូនដំណាំ ដាំក្នុងដីបាន ២អាទិត្យ។ ជីបំប៉នត្រូវជីកដីកប់នៅសងខាងរណ្ដៅ ឬចន្លោះគុម្ព ហាមដាក់ជីជាប់នឹងគល់ដំណាំ គួរជីកដាក់ជីចម្ងាយ ៥ស.មពីគល់ដំណាំ។
បន្ទាប់ពីដាំបាន ៤ ទៅ ៥អាទិត្យ ត្រូវដាក់ជីតាមគុម្ព ចម្ងាយ ១០ស.ម ពីគល់ដំណាំ។ លើសពី៥អាទិត្យ ជីបំប៉នត្រូវជីកដីកប់ចម្ងាយ ១៥ស.ម ពីគល់ដំណាំ។ ចំពោះការថែទាំក្រោយការដាំបាន ២សប្ដាហ៍ ត្រូវពូនគល់ ជ្រោយដី និងដកស្មៅចេញ។ នៅពេលដើមប៉េងប៉ោះ ដុះបានជាង ២០ថ្ងៃ វាមានចេញផ្កាខ្លះៗ ត្រូវយកកូនឈើ ឬចម្រៀកឫស្សីទៅដោតលើរង ប្រមាណ ១ចំអាម ពីដើមប៉េងប៉ោះ ហើយចងខ្សែដើមប៉េងប៉ោះ ភ្ជាប់ទៅចម្រៀកឫស្សី ដើម្បីឲ្យដើមប៉េងប៉ោះ តោងឡើង ឬធ្វើជាជន្ទល់វា កុំឲ្យដើមវាដួលនៅពេលវាមានផ្លែច្រើន។ ពេលផ្លែកាន់ច្រើន ត្រូវបេះផ្លែណាដែលតូចជាងគេចេញ ទុកផ្លែក្នុងមួយចង្កោមតែ ៥ ទៅ ៦ផ្លែ ទើបផ្លែវាថ្លោស និងមានទំហំស្មើគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
