លោក ងឹម យ៊ន រស់នៅភូមិកណ្តាល ឃុំដូនយ៉យ ស្រុកឈូក បានចូលរួមប្រកួតពីវិធីយករុក្ខជាតិធម្មជាតិផ្សំជាថ្នំាសម្រាប់ព្យាបាលសត្វមាន់មកប្រឡង។
លោក ងឹម យ៊ន ឲ្យដឹងថា ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម។ លោកថា វិធីផ្សំរុក្ខជាតិសម្រាប់ធ្វើ ជាថ្នាំយកទៅព្យាបាលមាន់នោះ គាត់បានចេះតគ្នាពីដូនតា តមកឪពុកម្តាយគាត់ និងបន្តមកគាត់។លោកថា វត្ថុធាតុដើមដែលផ្សំជាថ្នាំព្យាបាលជំងឺមាន់នោះ មានដូចជា ៖ «ក្បាលខ្ជាយ ១០០ក្រាម ខ្ទឹមស ១០០ក្រាម ពន្លៃ ១០០ក្រាម និងសត្វក្អែប ជាសត្វពិស ១០០ក្រាម»។
លោកថា ក្រោយពីរកបានវត្ថុធាតុដើម មានខ្ទឹមស ខ្ជាយ ពន្លៃ និងសត្វមានពិសក្នុងមួយមុខៗ ឲ្យបាន ១០០ក្រាមមក ត្រូវរកស្រាស មានកម្រិត ៤០អង្សាចំនួនកន្លះលីត្រ យកមកច្រករួមគ្នាក្នុងដប រួចត្រាំជាមួយស្រាសនោះ។ ក្រោយពីត្រាំទុកឲ្យបានរយៈពេលកន្លះខែ កសិករអាចសម្រិតយកទឹកត្រាំរួចនោះ ដែលវាក្លាយជាថ្នាំ យកទៅច្រកមាត់មាន់សម្រាប់ព្យាបាលជំងឺមាន់។
លោក ងឹម យ៊ន បន្តថា ៖ «ត្រាំនឹងស្រា។ ត្រាំទុករយៈពេល ១៥ថ្ងៃបានអាចយកទៅប្រើបាន។ យកទៅឲ្យមាន់ផឹក ដោយបាញ់នឹងស៊ីរ៉ាំងតូចទំហំ ១សេសេ។ ការព្យាបាលមាន់ទម្ងន់ ៨ខាំ ខ្ញុំព្យាបាល ០,៤ ឬ ០,៥សេសេ នៃទឹកថ្នាំដែលខ្ញុំផ្សំនោះ»។
លោកបន្តថា ក្រោយការច្រកថ្នាំទៅ ជំងឺមាន់ក្អក និងតឹងដង្ហើមនោះ គាត់ឃើញថា មាន់បានដើររកចំណីរវិញ ៖ «ការប្រែប្រួលនៃសុខភាពមាន់ ពេលយើងច្រកហើយ ក្នុងរយៈពេលតែ ៣ម៉ោងទៅ ៤ម៉ោងយើងអាចដឹង តែវាស្រួលខ្លួន វានឹងអាចដើររកស៊ីចំណី។ សញ្ញាដែលវាស្រួលខ្លួន គឺវាដើររកចំណីឡើងវិញហើយ»។
លោក ងឹម យ៊ន បន្តថា ការអះអាងរបស់គាត់ខាងលើនេះ មកពីគាត់បានដកពិសោធន៍ព្យាបាលជំងឺមាន់តាំងពីឆ្នាំ២០០០មក ប៉ុន្តែទទួលបានជោគជ័យនៅឆ្នាំ២០០៧ រហូតមក ទើបគាត់ចូលខ្លួនមកបង្ហាញបច្ចេកទេសដែលរកឃើញនោះឲ្យអ្នកដទៃបានរៀនសូត្រតាម។
លោក ងឹម យ៊ន បានឲ្យដឹងដូច្នេះ ៖ «ក្រោយពីការរៀនសូត្ររបស់ខ្ញុំតាមរយៈអង្គការសេដាក់ ឲ្យខ្ញុំចេះរុករកគំនិតថ្មីមក បានឲ្យខ្ញុំនឹកឃើញមរតកពីឪពុកពីយូរហើយនោះ ដែលកប់ចោលបាត់យូរលង់នោះ ខ្ញុំបានស្រាវជ្រាវផ្សំយកមកព្យាបាលមាន់ឡើងវិញ។ គំនិតនេះបានគិត ហើយចេះតែពិសោធសាចុះឡើងទៅ ទើបតែ ២០០៧-២០០៨ យកជ័យជម្នះ»។
ចំណែកអ្នកស្រី ឡាយ ផល្លាង រស់នៅភូមិពេជ្រឥន្ទ្រា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ អះអាងថា គាត់បានផ្សំវល្លិបណ្ដូលពេជ្រ និងគល់ស្លឹកគ្រៃលាយក្នុងទឹកដាក់ឲ្យមាន់ផឹកពេលមេឃក្តៅខ្លាំង។
អ្នកស្រីប្រាប់អំពីការផ្សំថ្នាំធម្មជាតិបែបនេះ ៖ «ក្នុងទឹក១ដប២លីត្រនេះ ខ្ញុំដាក់បណ្តូលពេជ្រប៉ុនគ្រាប់ថ្នាំប៉ារ៉ា ហើយនិងដាក់គល់ស្លឹកគ្រៃ អាណាធំខ្ញុំដាក់មួយចំហៀង ត្រាំឲ្យមាន់ផឹក។ បើមើលថា វាផឹកអស់ហើយ យើងដួសទឹកដាក់ដបហ្នឹងថែមទៀតទៅ»។
ចំណែកលោក ណុប រ៉ាវុធ នៅភូមិពេជ្រឥន្រ្ទា ជាមួយអ្នកស្រី ឡាយ ផល្លាង ដែរ ឲ្យដឹងបន្ថែមតាមទូរស័ព្ទថា ថ្នាំរុក្ខជាតិផ្សំសម្រាប់ព្យាបាលជំងឺមាន់ត្រូវចេះផ្សំថ្នាំតាមរដូវកាល។ នៅរដូវប្រាំងគេផ្សំថ្នាំផ្សេង។ នៅរដូវវស្សាគេផ្សំថ្នាំផ្សេងទៀត។
លោកប្រាប់ពីវិធីផ្សំថ្នាំរុក្ខជាតិព្យាបាលជំងឺមាន់ក្នុងរដូវប្រាំងដូច្នេះ ៖ «អាហ្នឹងយើងត្រាំឲ្យវាផឹក ការពារកុំឲ្យមាន់វាក្តៅ សម្រាប់ឲ្យមាន់វាផឹកក្នុង១ថ្ងៃត្រូវប្តូរចោលៗ។ បើរដូវក្តៅយើងប្រើថ្នាំសំបកគ ហើយនិងបណ្តូលពេជ្រ និងគល់ស្លឹកគ្រៃយកមកត្រាំក្នុងទឹក។ ទឹកត្រូវដាក់ចំនួន ២លីត្រ សំបកគស្ទោះប៉ុន៣ធ្នាប់ ប្រវែង១ចង្អុលដៃ គល់ស្លឹកគ្រៃមួយចំហៀងគល់ បណ្តូលពេជ្រយកតិចទេ មួយចំណិតស្តើងតូច យកទៅញីវានៅក្នុងទឹកនោះឲ្យល្វីងក្នុងទឹកនោះតិចៗបានហើយ។ បន្ទាប់មកយើងដំគល់ស្លឹកគ្រៃឲ្យទក់ និងសំបកគដំឲ្យទក់ៗ ដាក់ចូលក្នុងទឹក រួចចាក់ទឹក ២លីត្រមកត្រាំដាក់ឲ្យមាន់ផឹកក្នុងរយៈពេលប្រហែល១ថ្ងៃហ្នឹង។ បើកាលណាយើងអស់ទឹក យើងអាចថែមទឹកបានទៀត ដោយថ្នាំយើងមិនចាំបាច់ថែមទេ ព្រោះវាចេញនៅក្នុងនោះខ្លះ ប៉ុន្តែកុំឲ្យតែអស់ទឹករលីងពីស្នូកពេក។ យើងដាក់ហ្នឹង យើងមើលមាន់ បើកាលណាវាផឹកមួយហ្វូង មួយក្រុមវាហ្នឹង បើមាន់ ២០ ទៅ ៣០ បើវាផឹកចង់គោក យើងអាចចាក់ថែមទឹកបាន»។
រីឯរដូវវស្សាវិញលោកប្រាប់ថា ត្រូវផ្សំថ្នាំការពារជំងឺមាន់ដោយរុក្ខជាតិប្រភេទនេះ ៖ «ដល់ពេលរដូវវស្សា រដូវដែលវាត្រជាក់មានភ្លៀងនោះ យើងត្រូវផ្សំខ្ទឹមស ហើយនិងខ្ញី។ វិធីធ្វើត្រូវយកខ្ទឹមស ហើយនិងខ្ញីឲ្យបាន៣ភាគ រួចយើងលាយស្ករត្នោតចំនួន ១ភាគ ហើយបុកខ្ញីជាមួយខ្ទឹមសឲ្យហ្មត់ហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ការពារពេលខែត្រជាក់»។
លោក ណុប រ៉ាវុធ មានណែនាំពីវិធីយកទឹកថ្នាំផ្សំបានទៅដាក់ឲ្យមាន់ផឹកត្រូវធ្វើបែបនេះ ៖ «យើងបានប្រហែលជា ១គីឡូចំណី អាចលាយទឹកថ្នាំជាត់ហ្នឹង១ស្លាបព្រាកាហ្វេ យកមកលាយជាមួយទឹកដើម្បីយកទៅដាក់ផ្សើមជាមួយចំណីដែលយើងលាយរួចនោះ ស្មានឲ្យតែល្មម សើមៗបានហើយ»។
លោក ណុប រ៉ាវុធ បានណែនាំបន្តថា នៅពេលធាតុអាកាសក្តៅមាន់តែងតែមានឈឺឆាប់ងាប់។ ព្រោះក្នុងខ្លួនមាន់មានកម្ដៅរួចទៅហើយ។ ឯធាតុអាកាសខាងក្រៅក្តៅខ្លាំងទៀត វារឹតតែធ្វើឲ្យមាន់ឆាប់ឈឺ និងរហ័សងាប់។ លោកថា ការបន្ថយជំងឺមាន់ក្នុងពេលមេឃ ឬធាតុអាកាសក្តៅខ្លាំងនោះ គឺគេអាចរកទីធ្លាធំទូលាយសម្រាប់ឲ្យមាន់ជ្រក ឬសម្រាក។ លោកថា ទីធ្លាសម្រាប់មាន់ជ្រកនោះជាដីខ្សាច់ និងមានសំណើម ហើយស្ថិតក្រោមម្លប់ត្រជាក់ផងដែរ៕
