វិធី​ដាំ​​​ត្រឡាច

ដោយ អ៊ុក សាវបូរី
2014.12.28

ត្រឡាច​ជា​បន្លែ​សំបូរ​ទៅ​ដោយ​វីតាមីន​អា (A) វីតាមីន​អឺ (E) និង​វីតាមីន​សេ (C) ដែល​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​អុកសីតកម្ម។ បន្ថែម​លើ​នោះ ត្រឡាច​ជា​ប្រភព​សំបូរ​សារធាតុ​រ៉ែ ផ្តល់​នូវ​អាហារ​ប្រភេទ​សរសៃ​យ៉ាង​សំខាន់។ ជាង​នេះ​ទៅ​ទៀត អាហារ​ប្រភេទ​សរសៃ មាន​លទ្ធភាព​បន្ទាប​កម្រិត​សារធាតុ​ខ្លាញ់​នៅ​ក្នុង​ឈាម​បន្ថែម​ទៀត និង​ផ្តល់​អាហារូបត្ថម្ភ​មាន​កាឡូរី​ខ្ពស់។

វិធី​ដាំ​

ដី​ចម្ការ​មួយ​ចំនួន​នៅ​ជាប់ៗ​គ្នា ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល មាន​ដំណាំ​ត្រឡាច ផ្លែ​រដូករណែល​​នៅ​លើ​ដី​ចំការ។

ម្ចាស់​ចំការ​ក្នុង​ភូមិ​ក្តីកណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល លោក យឹម យឿន អាយុ ៦៨​ឆ្នាំ អះអាង​ថា គាត់​ដាំ​ត្រឡាច​ពូជ ឈ្មោះ​ត្រឡាច​ស្រូវ។ លោក​ឲ្យ​ដឹង​ថា ត្រឡាច​ស្រូវ ដាំ​លើ​ដី​ទឹក​លិច ជា​ដី​ល្បប់​សំបូរ​ជីជាតិ គឺ​មិន​ចាំ​បាច់​ថែម​ជី និង​ស្រោច​ទឹក​ទេ ព្រោះ​ជា​ពូជ​ដំណាំ​ដែល​ត្រូវ​ការ​ទឹក​តិច តែ​វា​លូតលាស់​នឹង​ទឹក​សន្សើម។

​លោក យឹម យឿន បន្ត​ថា ដី​គាត់​ដាំ​ត្រឡាច គឺ​ដាំ​ប្រដេញ​ទឹក ដែល​ស្រក​ជាប់​ទន្លេ​មេគង្គ។ លោក​បន្ត​ថា មុន​ដាំ ត្រូវ​បណ្ដុះ​គ្រាប់​ពូជ​ដែល​គាត់​បាន​ទុក​ពូជ​ត្រឡាច​ស្រូវ រើស​យក​ផ្លែ​ស្រឡូន រលូន​វែង ហើយ​ពុះ​យក​គ្រាប់​វា​យក​ទៅ​ហាល​ឲ្យ​ស្ងួត​ដើម្បី​ដាំ​បន្ត​ទៀត៖ «យើង​ចង់​យក​ពូជ​ធំ​ក៏​បាន យក​ត្រឡាច​ស្រូវ​ក៏​បាន បើ​វា​ទុំ​ហើយ​យក​មក​ទុកៗ គរ​វា​ហើយ​ដល់​ពេល​​ប្រមូល​បាន​ពូជ​ហើយ យើង​ពុះ​យក​គ្រាប់​វា​ទៅ​លាង​ទឹក​ឲ្យ​ស្អាត បាន​យក​មក​ហាល​ឲ្យ​ស្ងួត យើង​ត្រៀម​ទុក​ដាំ។ ហាល​ទាល់តែ​ស្ងួត អត់​គិត​ម៉ោង​ទេ គឺ​ហាល​លើ​កន្ទេល​កក់។ បើ​ហាល​លើ​​ស័ង្កសី វា​ក្តៅ​ពេក គឺ​វា​ខូច​កំពីង​វា​ខាង​ក្នុង បើ​កន្ទេលកក់​នឹង​វា​ត្រជាក់ ហើយ​វា​អត់​រលួយ​ក​ពីង​ខាងក្នុង​ទេ។ គ្រាប់​ពូជ​ហាល​រយៈពេល ២​ថ្ងៃ​បាន​ស្ងួត ឲ្យ​ស្ងួត​តែម្ដង គឺ​ស្ងួត​មែន​ទែន ហាល​ឲ្យ​ស្ងួត​​អត់​គិត​ម៉ោង​ទេ ​យើង​ហាល​ម៉ោង ៧​ព្រឹក ម៉ោង ៥​ល្ងាច​យើង​សារ​ទុក គឺ​ហាល​ពេញ​មួយ​ថ្ងៃ​វាស់ល្ងាច ហាល​ឲ្យ​ស្ងួត យើង​ចាក់​មក​លាស់​ច្រាវ​ដូច​អំបុក​អ៊ីចឹង ទាល់តែ​ស្ងួត​អ៊ីចឹង»

​លោក យឹម យឿន បន្ត​ថា ពេល​ហាល​គ្រាប់​ត្រឡាច​ទុក​ពូជ​រួច​ហើយ ត្រូវ​យក​វា​ទៅ​ច្រក​ក្នុង​ស្បៃ ឬ​ស្មុគ និង​ត្រូវ​ការពារ​កណ្ដុរ មាន់ ទា កុំ​ឲ្យ​វា​ស៊ី​គ្រាប់​ពូជ។ នៅ​ពេល​យក​គ្រាប់​ពូជ​ទៅ​ដាំ​ជា​ថ្មី ត្រូវ​យក​គ្រាប់​ពូជ​ហាល​ស្ងួត​នោះ​ទៅ​ត្រាំ​ទឹក ២៤​ម៉ោង ដើម្បី​ឲ្យ​សំបក​គ្រាប់​ពូជ​ឆាប់​រីក៖ «បណ្ដុះ យើង​ត្រាំ​ទឹក​រយៈពេល​១​យប់​១​ថ្ងៃ យើង​ស្រង់​មក​ដាក់​រុំ​នឹង​ក្រណាត់ ហើយ​យក​ទៅ​កប់​ក្នុង​ដី។ ក្រណាត់​វាទ​ទឹក ដល់​រុំ​វា​ទៅ​ឲ្យ​វា​ត្រជាក់ វា​ឆាប់​ដុះ។ ដល់​កប់​ក្នុង​ដី​រយៈពេល ១​យប់​១​ថ្ងៃ កប់​ក្នុង​ដី ២៤​ម៉ោង ដើម្បី​ឲ្យ​វា​ស្រូប​ជាតិ​ដី បាន​វា​ឆាប់​ដុះ»

​លោក យឹម យឿន បន្ត​ទៀត​ថា ក្រោយពី​កប់​គ្រាប់​ពូជ​ក្នុង​ដី ២៤​ម៉ោង​មក គាត់​ជីក​វា​មើល​បើ​ឃើញ​​មាន​ពន្លក​ដុះ​ចេញ​មក គាត់​យក​គ្រាប់​នោះ​ទៅ​កប់​ក្នុង​កន្ទោង​ស្លឹក​ចេក​ដែល​មាន​ដាក់​ដី​ម៉ត់ ជា​ដី​មុខ​លើ មាន​ជីជាតិ ទុក​ឲ្យ​វា​ដុះ​ក្នុង​កន្ទោង​នោះ​រហូត​បែក​សន្លឹក​៣ ទើប​យក​ទៅ​ដាំ។ លោក​បន្ត​ថា ការ​ដាំ​ត្រឡាច គឺ​ដាំ​លាត​នៅ​លើ​ដី​ឲ្យ​វា​វារ​ប្រដេញ​ទឹក​នៅ​តំបន់​មាត់​ទន្លេ។

លោក​បន្ត​ថា ដី​លិច​ទឹក មាន​ល្បប់​ច្រើន ដី​សំបូរ​ជីជាតិ ទើប​ដំណាំ​គាត់​មិន​បាន​ប្រើ​ជី​បំប៉ន​តែ​ត្រូវ​ដាក់​ជី​ទ្រាប់​បាត គឺ​លាមក​ប្រជៀវ​ដាក់​ក្នុង​១​រណ្តៅ​មួយ​ស្លាបព្រា​បាយ រួច​កាយ​សំរាម​ស្លឹក​ឈើ​ដាក់​ពី​លើ​លាមក​ប្រជៀវ​នោះ ទើប​យក​កន្ទោង​មាន​កូន​ត្រឡាច​ទៅ​កប់​ដាំ៖ «ដល់​ពេល​ទឹក​ស្រក​ទៅ​យើង​ភ្ជួរ​មួយ​សា រាស់​ឲ្យ​ម៉ត់​ហើយ​ភ្ជួរ​មួយ​សា​ទៀត ប្រែ​មួយ​សា​ទៀត រាស់​ឲ្យ​រាប​ស្មើ​ហើយ បាន​យើង​ជីក​រណ្តៅ»

​លោក​ពន្យល់​ថា ការ​ភ្ជួរ​និង​រាស់​នេះ ដើម្បី​ឲ្យ​ដី​ស្រស់​ទឹក​បន្តិច និង​ធ្វើ​ឲ្យ​ដី​ធូរ។ គាត់​ហាល​ដី​១​ថ្ងៃ​ទើប​ភ្ជួរ​លុប​និង​ឆូត​ជា​រង​ដាំ។ មុន​ដាំ​គាត់​កាយ​រណ្តៅ​ទំហំ ១​តឹក​បួន​ជ្រុង ជម្រៅ​ក៏​មួយ​តឹក​ដែរ ដើម្បី​ឲ្យ​ទងត្រឡាច​វារ​បាន​ឆ្ងាយ​និង​បែក​ទង​ច្រើន។
លោក​ថា ដំណាំ​ត្រឡាច​នៅ​ក្នុង​ស្រុក​ល្វាឯម ដាំ​មិន​លើក​រង និង​ដាក់​ទ្រើង​ទេ ព្រោះ​ព្រៃ​មិន​សំបូរ ហើយ​រក​ទិញ​កូន​ឈើ​ធ្វើ​ទ្រើង​មិន​បាន។

​ឯកសារ​ក្រសួង​កសិកម្ម ប្រាប់​ពី​របៀប​ដាំ​បន្លែ​ត្រឡាច។ ត្រូវ​សំអាត​ដី និង​រើស​ស្មៅ​ចេញ​ពី​ចំការ​ដោយ​ការ​ភ្ជួរ​រាស់ បំបែក​ដី​ឲ្យ​ម៉ត់​ឲ្យ​បាន​ជម្រៅ​ចុះ​ក្រោម ២០​ស.ម រួច​ហើយ​ត្រូវ​ហាល​ដី​ឲ្យ​បាន ១០​ទៅ ១៥​ថ្ងៃ។ ដំណាំ​ត្រឡាច​ត្រូវ​លើក​រង​ដាំ ទើប​ផ្លែ​ស្រឡូន​ល្អ ប្រមូល​ផល​ផ្លែ​វា​បាន​ច្រើន។

ទទឹង​រង​យក ១​ម៉ែត្រ បណ្ដោយ ១៥​ម៉ែត្រ ព្រោះ​ជា​ដំណាំ​ត្រូវ​ការ​ថែទាំ បោច​ស្មៅ និង​ស្រោច​ទឹក។ កម្ពស់​រង​ត្រូវ​លើក ២០ ទៅ ៣០​ស.ម នៅ​រដូវ​ប្រាំង តែ​បើ​នៅ​រដូវ​វស្សា ត្រូវ​លើក​ខ្ពស់​ជាង​នោះ គឺ ៣០​ស.ម ទៅ ៥០ស.ម។ លើក​រង​រួច ត្រូវ​ដាក់​ជី​លាមក​សត្វ​ស្ងួត ឬ​ជីកំប៉ុស ២​គីឡូក្រាម ក្នុង​១​ម៉ែត្រ​ការ៉េ កប់​​លាយ​ជាមួយ​ដី​បាត​រង ជ្រំ​ចូល​គ្នា​ឲ្យ​សព្វ។ បន្ទាប់​មក​ត្រូវ​យក​ប្លាស្ទិក​ដែល​មាន​ពណ៌​ទឹក​ប្រាក់​ដាក់​គ្រប​ពី​លើ​រង ឯ​ពណ៌​ខ្មៅ​ដាក់​ផ្កាប់​ចុះ​ក្រោម ហើយ​ត្រូវ​សង់​ទ្រើង​គ្រប​ពី​លើ​រង និង​ប្លាស្ទិក​ទៀត។

ការ​គ្រប​ប្លាស្ទិក​ពី​លើ​រង​ដំណាំ គឺ​ទប់ស្កាត់​ការ​ហូរ​ច្រោះ​ដី ការពារ​សំណើម និង​បន្ថយ​ការ​ដុះ​ស្មៅ។ បន្ទាប់​មក​ត្រូវ​ទាញ​ខ្សែ​ដាក់​ពី​លើ​បណ្ដោយ​រង ដើម្បី​ចោះ​រណ្ដៅ​ដាំ​កូន។ រណ្ដៅ​ត្រូវ​ចោះ​ក្បែរ​ទម្រ​ទ្រើង ដើម្បី​ឲ្យ​កូន​ត្រឡាច​តោង​វារ​ឡើង។ គម្លាត​ពី​រង​មួយ​ទៅ​មួយ​ត្រូវ​មាន​ចម្ងាយ ១​ម៉ែត្រ។ ចំណែក​ចោះ​រណ្ដៅ​ដាំ​កូន ត្រូវ​ទុក​គម្លាត​ពី​គុម្ព​មួយ​ទៅ​មួយ​ចម្ងាយ​កន្លះ​ម៉ែត្រ។

ការ​លើក​រង​មួយ​បែប​ទៀត គឺ​ដាំ​លាត​លើ​ដី​ដោយ​យក​កូន​ត្រឡាច​កប់​ដាំ ហើយ​ត្រូវ​យក​កំណាត់​ចំបើង​ទៅ​គ្រប​ពី​លើ។ ប៉ុន្តែ​ការ​ដាំ​កូន​ត្រឡាច​លាត​លើ​ដី​មិន​ប្រើ​ទ្រើង ត្រូវការ​ទុក​គម្លាត​រង​ពី​រង​មួយ​ទៅ​មួយ​ចម្ងាយ ៥​ម៉ែត្រ រី​ឯ​ចន្លោះ​ដាំ​កូន​ត្រឡាច ពី​គុម្ព​មួយ​ទៅ​មួយ​គឺ ១​ម៉ែត្រ ទៅ ១.៥០​ម៉ែត្រ។

ការ​លាយ​ល្បាយ​ដី​សម្រាប់​បណ្ដុះ​គ្រាប់​ត្រឡាច គឺ​យក​ដី​ធម្មតា ២​ភាគ ជីលា​មក​គោ ១​ភាគ ផេះ​អង្កាម ៤ ទៅ ៦​ភាគ ត្រាំ​ទឹក ៣ ទៅ ៤​យប់​សិន ចាំ​យក​ទៅ​លាយ​ក្នុង​ល្បាយ​នោះ។ ឬ​អាច​លាយ​មមោក​ព្រៃ ឬ​លាយ​ស្រកីដូង​១​ភាគ ចិញ្ច្រាំ​ឲ្យ​ល្អិត ច្របល់​ចូល​គ្នា​ឲ្យ​សព្វ ហើយ​យក​ទៅ​លីង​ឲ្យ​ក្តៅ​ល្បាយ។ ការ​ធ្វើ​បែប​នេះ គឺ​សម្លាប់​មេរោគ​ក្នុង​ល្បាយ​សម្លាប់​គ្រាប់​ស្មៅ​ដែល​នឹង​ដុះ​ដណ្ដើម​ជី​ពី​កូន​ត្រឡាច​សម្លាប់​ពង​សត្វ និង​សត្វ​ចង្រៃ​ក្នុង​ដី​បំផ្លាញ​គ្រាប់​ពូជ។ ល្បាយ​លីង​នោះ​ធ្វើ​គ្រាប់​ពូជ ងាយ​ដុះ​ឬ​ស​ល្អ និង​ស្រូបយក ជីជាតិ​បាន​គ្រប់គ្រាន់​។ លីង​រួច​ត្រូវ​ទុក​ឲ្យ​ល្បាយ​នោះ​ត្រជាក់​សិន ទើប​ច្រក​ក្នុង​កន្ទោង ឬ​ថាស​បណ្ដុះ​គ្រាប់។ យក​គ្រាប់​ពូជ​១​គ្រាប់ ទៅ​កប់​បន្ថើរ​ក្នុង​កន្ទោង ឬ​១​ប្រលោះ​នៃ​ថាស​បណ្ដុះ ស្រោច​ទឹក​ឲ្យ​ជោក ទើប​យក​ទៅ​ទុក​ក្នុង​រោង​បណ្ដុះ​គ្រាប់។ ទឹក​ត្រូវ​ស្រោច​បន្ថែម​រាល់​ព្រឹក​ឲ្យ​វា​ជោក​​ទើប​គ្រាប់​ពូជ​ឆាប់​ដុះ។

នៅ​ពេល​កូន​ត្រឡាច​ដុះ​ទៅ​ដាំ ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ត្រូវ​ពន្លឺ​ថ្ងៃ ២ ទៅ ៣​ថ្ងៃ​សិន ដើម្បី​ឲ្យ​ដើម​វា​រឹង។ កូន​ត្រឡាច​អាច​ដាំ​ផ្ទាល់​ដី​ក្នុង​រង​ដែល​បាន​ត្រៀម​ទុក​នោះ គឺ​នៅ​ពេល​វា​ដុះ​បាន ៧​ថ្ងៃ ទៅ ១០​ថ្ងៃ ទើប​ការ​ដាំ​ទៅ​ធ្វើ​ឲ្យ​វា​ឈ្នះ​ជំងឺ។ មុន​កប់​កូន​ត្រឡាច​ក្នុង​រង​ត្រូវ​ស្រោច​ទឹក​រង​ឲ្យ​ជោគ​ទើប​យក​​កូន​ត្រឡាច​កប់​ក្នុង​ដី​នៅ​ពេល​មេឃ​ត្រជាក់។ ការ​កប់​កូន​ត្រឡាច​ក្នុង​រង​ត្រូវ​កប់​ត្រឹម​ដី​បណ្ដុះ​វា ឬ​ហៅ​ថា ដី​កំណើត។ ហាម​ដាំ​កូន​ត្រឡាច​កប់​ជ្រៅ​ជាង​ដី​កំណើត​នាំ​ឲ្យ​កូន​ត្រឡាច​រលួយ។

នៅ​ពេល​ដាំ​កូន​ត្រឡាច​បាន ២០ ទៅ ២៥​ថ្ងៃ​ហើយ ត្រូវ​ដើរ​កាត់​ខ្នែង​បែក​ចេញ​ពី​ដើម។ ចំពោះ​ស្លឹក​ត្រូវ​កាត់​ពី​ថ្នាំង​ទី​១ ទៅ​ដល់​ទី​៨ ទុក​តែ​ដើម​មួយ​ដោយ​គ្មាន​ខ្នែង។ ស្លឹក​ចាប់ពី​ទី​៩​ទៅ ទើប​ឲ្យ​វា​បែក​ខ្នែង​តាម​ចិត្ត​បាន។ ខ្នែង​ត្រឡាច ត្រូវ​កាត់​ចេញ​រវាង ៧​ថ្ងៃ​ម្តង។ ផល​ប្រយោជន៍​នៃ​ការ​កាត់​ខ្នែង​ក្រោម​ចេញ ដើម្បី​ឲ្យ​ដើម​វា​លូត​ល្អ ផ្ដល់​ផ្លែ​ធំ​ស្មើ។

ដំណាំ​ត្រឡាច​មាន​ជំងឺ​លឿង​ស្លឹក​មាន​អុច​ពណ៌​លឿង​រាង​ជ្រុងៗ ហើយ​ប្រែ​ទៅ​ជា​ពណ៌​ត្នោត​ពេល​ទុក​វា​យូរ​ថ្ងៃ។ វិធី​បង្ការ​កុំ​ឲ្យ​រាលដាល ត្រូវ​ដើរ​បេះ​ស្លឹក​នោះ​ចេញ កប់ ឬ​ដុត​ចោល​ឲ្យ​ឆ្ងាយ​ពី​ចំការ យក​ថ្នាំ មេតាឡាកសីល (Metalakxil) បាញ់​ដោយ​ឆ្លាស់​ជាមួយ​ថ្នាំ​ម៉ង់កូសិប (mancozeb)។ ហាម​ស្រោច​ទឹក​ជោកជាំ​ពេក។ វិធី​មួយ​បែប​ទៀត ពង្រីក​ជួរ​រង និង​គុម្ព​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​លើស​ពី ៤​ម៉ែត្រ ឯ​គុម្ព​លើស​ពី ១​ម៉ែត្រ។ តំបន់​មាន​សំណើម​ខ្លាំង ត្រូវ​បាញ់​ថ្នាំ មេតាឡាកសីល ឬ​ហ្វូសេទីល អាល់មីញ៉ូម (Fosetyl-Al)។

ការ​ប្រមូល​ផល​ផ្លែ​ត្រឡាច លោក យឹម យឿន អះអាង​ថា ត្រឡាច​បេះ​ផ្លែ​វា​បាន​ជាង ១០០​ថ្ងៃ ទើប​ងាប់​ដើម។ លោក​បន្ត​ថា ត្រឡាច​មិន​ត្រូវ​បេះ​ដោយ​ដៃ​ទេ ត្រូវ​យក​កាំបិត ឬ​កន្ត្រៃ​កាត់​ឲ្យ​វា​នៅ​សល់​ទង​បន្តិច ទើប​ទុក​បាន​យូរ​ថ្ងៃ បើ​ប្រឡេះ​វា​ដល់​ក្បាល គឺ​ត្រឡាច​ឆាប់​ស្ពោត និង​មិន​នៅ​ស្រស់​ទេ។

ត្រឡាច​គេ​ម៉ៅ​ដល់​ចំការ​គឺ ១០​ផ្លែ ឲ្យ​ថ្លៃ​ចាប់​ពី ៥​ពាប់ ទៅ ១​ម៉ឺន​រៀល តាម​រដូវ​សំបូរ និង​មិន​សំបូរ។ លោក​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ ខាង​មុខ ត្រឡាច​លែង​លក់ ១០​ផ្លែ​ទៀត​ហើយ គឺ​ថ្លឹង​គីឡូ ដូច​ផ្លែ​ស្វាយ​ដែរ ទើប​អ្នក​ដាំ​បាន​ចំណេញ​ខ្លះ និង​ត្រូវ​តាម​ការ​ជួញដូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។