នៅជំនួបកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធលើកទី២៨ និងលើកទី២៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃទី៦ ដល់ទី៨ កញ្ញា កន្លងទៅ គឺផ្ដោតសំខាន់ទៅលើការសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ដែលព្យាយាមផ្សារភ្ជាប់សេដ្ឋកិច្ច នយោបាយ និងសង្គម។ ការផ្សារភ្ជាប់នេះ នឹងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់ និងជាពិសេសអភិវឌ្ឍវិស័យឧស្សាហកម្ម។ យុវជនកម្ពុជា ដែលទៅចូលរួមកិច្ចប្រជុំនោះ សម្ដែងអារម្មណ៍វិជ្ជមានចំពោះការអភិវឌ្ឍរបស់យុវជនកម្ពុជា ស្របពេលដែលអ្នកវិភាគគិតថាមានការយឺតយ៉ាវច្រើន។
ការបង្កើនភាពតភ្ជាប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន នឹងជំរុញឲ្យប្រទេសជាសមាជិកបង្កើនសមត្ថភាពឧស្សាហកម្មរបស់ខ្លួន តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនផលិតកម្ម ពាណិជ្ជកម្ម គោលនយោបាយ ហើយទន្ទឹមនឹងនោះ គឺធនធានមនុស្ស។
ជំនួបប្រជុំកំពូលអាស៊ានលើកទី២៨ និងទី២៩ ផ្តល់ចំណាប់អារម្មណ៍ពិសេសទៅលើការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានអាស៊ានទៅជិតគោលដៅផ្សារភ្ជាប់ទៅជាសហគមន៍មួយនេះ។ វេទិកាមួយបានរៀបចំឡើងដើម្បីឲ្យយុវជន តំណាងប្រទេសជាសមាជិកទាំង ១០ បានបញ្ចេញយោបល់ទៅកាន់ថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន។
រដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយុវជនពីរនាក់ដើម្បីតំណាងឲ្យកម្ពុជា។ ក្នុងចំណោមពីរនាក់នោះ គឺលោក អ៊ុង រដ្ឋា ដែលជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា របស់លោក ហ៊ុន ម៉ានី។ លោក អ៊ុង រដ្ឋា សម្ដែងអារម្មណ៍វិជ្ជមានពីសមត្ថភាពយុវជនកម្ពុជា ដែលលោកថាជារឿងគួរឲ្យមានមោទនភាព បើមើលទៅលើប្រវត្តិសាស្ត្រកម្ពុជា កន្លងទៅ៖ « ខ្ញុំសុំបកក្រោយបន្តិចមើលប្រវត្តិសាស្ត្រយើងវិញ។ ប្រទេសយើងហួងហែងដោយសារសង្គ្រាមច្រើន វិបត្តិផ្ទៃក្នុង នយោបាយផង។ បើមើលមែនទែនទៅទើបតែឆ្នាំ១៩៩៨ ទេ ទើបយើងបំបាត់អស់អង្គការចាត់តាំងនយោបាយយោធា។ អ៊ីចឹងទើបតែពីឆ្នាំ១៩៩៨ មកទេ ដែលយើងមានលទ្ធភាពប្រហែលជាង ២០។ ប៉ុន្តែសមត្ថភាពយុវជនយើងនេះអាចដើរកៀកស្មាជាមួយយុវជនអាស៊ានបាន »។
ប្រទេសកម្ពុជា មានភាគរយយុវជនខ្ពស់ជាងគេនៅបណ្ដាប្រទេសសមាជិកអាស៊ាន។ ចំនួនប្រជាជននៅចន្លោះអាយុ ១៤ឆ្នាំទៅ ២៩ឆ្នាំ គឺមានរហូតទៅដល់ ៣០ភាគរយនៃប្រជាជនសរុបនៅឆ្នាំ២០១៤ ហើយរំពឹងថានឹងកើនឡើងរហូតដល់ ៤០ភាគរយនៅឆ្នាំ២០២០។
ចំនួនប្រជាជនក្មេងច្រើន គឺជារចនាសម្ព័ន្ធប្រជាសាស្ត្រដ៏ល្អសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ទៅជាប្រទេសឧស្សាហកម្ម ក៏ប៉ុន្តែវាក៏អាស្រ័យលើការរៀបចំធនធានមនុស្សនេះឲ្យបានត្រឹមត្រូវដែរ។
នៅឆ្នាំ២០១៥ អាស៊ានបានចេញស្ថិតិប្រជាសាស្ត្រមួយបង្ហាញថា កម្ពុជា មានអត្រាអ្នកចេះអក្សរ ៨០ភាគរយ ដែលជាតួលេខទាបជាងគេទីពីរនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ ដែលមាន ៧៩ភាគរយ។ ប្រទេសជាសមាជិក៨ ដទៃទៀតមានអត្រាអ្នកចេះអក្សរជាមធ្យម ៩៥ភាគរយ។
ការចេះអក្សរជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ឲ្យយុវជនចាប់យកវិជ្ជាជីវៈ ហើយក្លាយជាធនធានមនុស្សមានជំនាញ។ ក្រៅពីការចេះអក្សរ ការរៀបចំកម្មវិធីសិក្សាឲ្យមានប្រសិទ្ធភាព ក៏មិនអាចមើលរំលងដែរក្នុងការផ្លាស់ប្ដូរប្រទេសកម្ពុជា ទៅជាប្រទេសឧស្សាហកម្ម។
ប្រធានអង្គការសភាយុវជនខ្មែរ និងអនុបណ្ឌិតផ្នែកនយោបាយការបរទេស និងច្បាប់អន្តរជាតិ លោក ឡុង គឹមឃន ឲ្យដឹងថា ការរៀបចំធនធានមនុស្សដើម្បីតម្រូវទៅតាមការលូតលាស់នៃឧស្សាហកម្ម គឺទាមទារឲ្យមានការពង្រឹងការសិក្សារបស់យុវជនទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា ស្ទេម (STEM) ដែលលោកថាកម្ពុជា មានការយឺតយ៉ាវក្នុងការអនុវត្ត៖ « ការពិត ប្រព័ន្ធអប់រំបែបស្ទេមដែលគេផ្ដោតទៅលើគណិតវិទ្យា បច្ចេកវិទ្យា វិទ្យាសាស្ត្រហ្នឹង ពួកបណ្ដាប្រទេសអ្នកមានក្នុងអាស៊ានគេអនុវត្តតាំងពី ១០ - ១៥ឆ្នាំមុនមកម្ល៉េះ ព្រោះគេត្រៀមកម្លាំងពលកម្មរបស់គេទៅលើឧស្សាហកម្ម។ សម្រាប់កម្ពុជា វិញ ប្រព័ន្ធអប់រំបែបស្ទេម យើងទើបតែធ្វើកំណែទម្រង់ ហើយដាក់អនុវត្តនៅឆ្នាំ២០០៥ ទេ។ ដូចនេះ ឥឡូវនេះ យើងកំពុងប្រឈមមុខនឹងការខ្វះធនធានមនុស្សដែលមានជំនាញបម្រើនៅក្នុងវិស័យឧស្សាហកម្ម។ អ៊ីចឹងបានយើងពិបាកប្រកួតប្រជែងជាមួយគេ គឺដោយសាររឿងហ្នឹង »។
កន្លងមក គេសង្កេតឃើញថារដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមស្ទុះស្ទាក្នុងការផ្សព្វផ្សាយពីសារសំខាន់នៃការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬក៏ស្ទេមនេះ។ ពិធីពិព័រណ៍ផ្សេងបានរៀបចំឡើងដើម្បីបង្កើនចំណាប់អារម្មណ៍របស់យុវជនទៅលើមុខវិជ្ជាទាំងនេះ។ កំណែទម្រង់ប្រព័ន្ធអប់រំកន្លងទៅ បានសម្រេចយកមុខវិជ្ជាវិទ្យាសាស្ត្រសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបំបាត់ចោលនូវមុខវិជ្ជាសង្គម។ ការលើកកម្ពស់នេះ នៅតែជួបបញ្ហាដោយសារកង្វះខាតមន្ទីរពិសោធន៍ជាច្រើននៅតាមសាលារៀន សម្រាប់សិស្សអនុវត្តផ្ទាល់។
សម្រាប់ការផ្លាស់ប្ដូរទៅឧស្សាហកម្ម ការអភិវឌ្ឍធនធានមនុស្ស ត្រូវធ្វើឡើងស្របទៅនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលលោក ឡុង គឹមឃន ថាកម្ពុជា នៅមិនទាន់រួចរាល់នៅឡើយ។ ដោយសារបញ្ហានេះហើយ បានជាលោកសម្ដែងអារម្មណ៍អវិជ្ជមានចំពោះផែនការតភ្ជាប់របស់អាស៊ាន ដែលលោកថា ប្រទេសដែលមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ឧស្សាហកម្មដូចកម្ពុជា នឹងមិនអាចទាញយកផលបានច្រើនដូចប្រទេសសមាជិកដែលជាអ្នកមានឡើយ។
តែទោះជាយ៉ាងនេះក្តី លោក ឡុង គឹមឃន អះអាងថា ផែនការតភ្ជាប់នេះនៅតែជាជម្រើសល្អបំផុតមួយដែលកម្ពុជា មាននៅពេលបច្ចុប្បន្ន។ លោកថា រដ្ឋាភិបាលត្រូវពន្លឿនការរៀបចំខ្លួន ទើបយុវជនខ្មែរ និងប្រទេសកម្ពុជា ទាំងមូលអាចទាញផលប្រយោជន៍ពេញលេញពីការផ្សារភ្ជាប់អាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
