កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ក្រៅ​តំបន់​អាស៊ាន

ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ចង់​តភ្ជាប់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​គ្នា និង​ចង់​ឲ្យ​តំបន់​អាស៊ាន​មាន​លំហូរ​ទំនិញ​ដោយ​សេរី។ ប៉ុន្តែ​អាស៊ាន​ក៏​កំពុង​រៀបចំ​កសាង​ការ​តភ្ជាប់​អាស៊ាន​ទៅ​នឹង​បណ្ដាញ​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ ដូច​ប្រទេស​ចិន សហរដ្ឋ​អាមេរិក កាណាដា និង​សហភាព​អឺរ៉ុប​ជាដើម។

0:00 / 0:00

ចំពោះ​កិច្ចព្រមព្រៀង​ក្រៅ​តំបន់​អាស៊ាន​នេះ អ្នកវិភាគ​នានា​យល់​ឃើញ​ថា ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ដែល​មាន​ការ​អភិវឌ្ឍ​ខ្ពស់ ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច។

អ្នកវិភាគ​នានា​បាន​អះ​អាង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​អាស៊ាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដែល​មិន​ទាក់ទង​នឹង​ពន្ធគយ។ បញ្ហា​ទាំងនោះ​រួមមាន​ដូចជា គុណភាព ឬ​បរិមាណ​នាំ​​ចូល​ទំនិញ បច្ចេកទេស​ផលិត និង​អនាម័យ​ជាដើម ដែល​អាច​ធ្វើឲ្យ​ប្រទេស​នីមួយៗ​ពិបាក​នឹង​គ្រប់គ្រង​រវាង​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ។

អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតសូវ៉ាន់ (Surin Pitsuwan) មាន​ប្រសាសន៍​ថា នៅ​ពេល​ប្រទេស​អាស៊ាន​ទាំងអស់​កាត់​បន្ថយ​ពន្ធគយ​នៅ​តំបន់​អាស៊ាន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ប៉ុន្តែ​ប្រទេស​នីមួយៗ​មិន​ត្រូវ​បង្ក​បញ្ហា​ផ្សេង​ដែល​រាំងស្ទះ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន​ឡើយ។

លោក ស៊ូរិន ពិតសូវ៉ាន់៖ «នៅ​ពេល​ដែល​យើង​កាត់​បន្ថយ​ពន្ធ​រវាង​ប្រទេស​អាស៊ាន ប៉ុន្តែ​យើង​មិន​គួរ​បង្កើន​កត្តា​ទាំងឡាយ​ណា​ដែល​មិន​មែន​ជា​ពន្ធគយ។ ឧបសគ្គ​មិន​មែន​ជា​ពន្ធគយ មាន​ច្រើន​ណាស់​នៅ​តំបន់​អាស៊ាន ដូចជា​ការគ្រប់គ្រង​លើ​គុណភាព​ផលិតផល គ្រប់គ្រង​បរិមាណ​នាំ​ចូល​ទំនិញ​របស់​ប្រទេស​នីមួយៗ រួម​ទាំង​តម្លៃ​ប៉ុន្មាន​ដែល​ត្រូវ​ទិញ និង​ផ្គត់ផ្គង់​រវាង​ប្រទេស​អាស៊ាន បញ្ហា​រាំងស្ទះ​នៅ​តាម​ព្រំដែន ឬ​ការ​ពន្យារ​ពេល​ទំនិញ​ជាដើម។ ទាំងអស់​ជា​បញ្ហា​ដែល​មិន​ទាក់ទង​នឹង​ពន្ធគយ ដែល​យើង​ត្រូវ​គ្រប់គ្រង បើសិនជា​អាស៊ាន​ចង់​ធ្វើ​សមាហរណកម្ម​តំបន់​នៅ​ឆ្នាំ២០១៥»

លោក​បញ្ជាក់​ទៀត​ថា ក្រោយ​ឆ្នាំ​២០១៥ គឺ​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​ត្រូវ​ជឿជាក់​ថា រវាង​តំបន់​អាស៊ាន គឺ​មិន​ត្រូវ​មាន​វិធានការ​ទាំងឡាយ​ណា​ដែល​ដាក់​កំហិត​ចំពោះ​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត នូវ​កត្តា​ទាំង​ឡាយ​ណា​ដែល​មិន​ទាក់ទង​នឹង​ពន្ធគយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រៅពី​ប្រទេស​សមាជិក​អាស៊ាន​កំពុង​កាត់បន្ថយ​បញ្ហា​ទាំង​នោះ ដើម្បី​កសាង​អាស៊ាន​មួយ​ដោយ​រឹងមាំ ប៉ុន្តែ​ប្រទេស​អាស៊ាន​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​សហប្រតិបត្តិការ​ជា​មួយ​តំបន់​ផ្សេងៗ​នៅ​លើ​ពិភពលោក។ ជាក់ស្ដែង​កន្លង​មក​អាស៊ាន​មាន​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​រួច​ហើយ សម្រាប់​ជួយ​សម្រួល​ឲ្យ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ រវាង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​ប្រទេស​សំខាន់ៗ​ផ្សេង​ទៀត​លើ​ពិភពលោក។

យ៉ាងណាក៏ដោយ អាស៊ាន​បាន​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាច្រើន ដែល​អាច​ជួយ​លើក​កម្ពស់​លទ្ធភាព​នាំ​ចេញ​របស់​ប្រទេស​សមាជិក​​អាស៊ាន​ទាំងអស់។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​នោះ​មាន​ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន ដែល​ប្រទេស​ចិន បាន​ផ្ដល់​ជាង ៩០% នៃ​មុខ​ផលិតផល​ជាប់​ពន្ធគយ​របស់​អាស៊ាន ៦ និង​ចិន អាច​ជួញដូរ​គ្នា​បាន​ដោយ​មិន​ជាប់​ពន្ធគយ។

តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​កូរ៉េ រវាង​អាស៊ាន ៥ និង​កូរ៉េ បាន​លុបបំបាត់​ពន្ធគយ​លើ​ជិត ១០០% នៃ​មុខ​ផលិតផល។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ធ្លាប់​មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន បាន​ផ្ដល់​ប្រយោជន៍​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន ៦​តំបន់​ដោយ​នាំ​ចូល​ទៅ​ប្រទេស​ចិន​ដោយ​រួច​ពន្ធ ឬ​ពន្ធ​ចាប់ផ្ដើម​ធ្លាក់​ដល់ ០% ប៉ុន្តែ​ចំពោះ​ប្រទេស​សមាជិក​អាស៊ាន​ថ្មី ដូចជា​វៀតណាម ឡាវ កម្ពុជា ភូមា ឬ​មីយ៉ាន់ម៉ា នឹង​ធ្លាក់​ដល់​សូន្យ​នៅ​ឆ្នាំ​២០១៥ ដោយ​ឡែក​ប្រទេស​កម្ពុជា បាន​ទទួល​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ជា​បណ្ដើរ​ផង​ដែរ ចំពោះ​ការ​នាំ​ចេញ​ទំនិញ​ទៅ​លក់​នៅ​ប្រទេស​ចិន។

លោក ចម ប្រសិទ្ធ មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​កិច្ច​ព្រមព្រៀង​អាស៊ាន និង​កូរ៉េ និង​ទំនិញ​របស់​អាស៊ាន នឹង​រួច​ពន្ធ​នៅ​ឆ្នាំ​២០១៥ ខាងមុខ​ដែរ។ លោក​បញ្ជាក់​ថា ចំពោះ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន និង​ជប៉ុន ឬ ឥណ្ឌា មិន​ទាន់​មាន​កិច្ចព្រមព្រៀង​បាន​ឯកភាព​គ្នា​គ្រប់​លក្ខខ័ណ្ឌ​នៅឡើយ​ទេ។

យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​បណ្ដុះបណ្ដាល​ដើម្បី​អភិវឌ្ឍ​កម្ពុជា (CDRI) ឆ្នាំ​២០១២ បាន​បង្ហាញ​ថា ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​អូស្ត្រាលី ញ៉ូវហ្សឺឡែន គឺ​បាន​អនុវត្ត​ក្នុង​ឆ្នាំ២០១២ គឺ​ជា​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​ជាងគេ ដែល​បាន​អនុវត្ត​រហូត​ដល់​ពេល​នេះ។

កត្តា​នេះ​បញ្ជាក់​ថា ក្របខ័ណ្ឌ​អាស៊ាន​សម្រាប់​ភាព​ជា​ដៃគូ​ផ្នែក​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ គឺ​សំដៅ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​អាស៊ាន​ជាមួយ​នឹង​ដៃគូ​ពី​ខាងក្រៅ​ផ្សេង​ទៀត ដែល​មិន​គ្រប​ដណ្ដប់​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន ដោយ​បាន​ដាក់​បញ្ចូល​នូវ​ពាណិជ្ជកម្ម សេវាកម្ម វិនិយោគ និង​វិស័យ​ផ្សេង​ទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច។

យ៉ាង​ណា​ក៏ដោយ ភាព​ជា​ដៃគូ​ផ្នែក​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​ជប៉ុន និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​ឥណ្ឌា បាន​ចែង​វិធានការ​ជាច្រើន​សម្រាប់​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​សេវាកម្ម និង​វិនិយោគ។ តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ គឺ​អាច​ផ្ដល់​នូវ​យន្តការ​មួយ​សម្រាប់​ឲ្យ​អាស៊ាន​ និង​ពួក​ដៃគូ​ពី​ខាងក្រៅ ដោះស្រាយ​បញ្ហា​ខាង​ពាណិជ្ជកម្ម និង​វិនិយោគ​ឲ្យ​មាន​ការ​កើន​ឡើង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អាស៊ាន​បាន​ព្យាយាម​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត​កិច្ច​ព្រមព្រៀង​នានា​នៅ​ក្រៅ​តំបន់​អាស៊ី​ផង​ដែរ ដើម្បី​សំដៅ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​នោះ មាន​ដូចជា ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​កាណាដា និង​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​លើ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ២០០៦ និង​ទំនាក់ទំនង​រវាង​អាស៊ាន​ជាមួយ​សហភាព​អឺរ៉ុប​ជាដើម។

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​បច្ចុប្បន្ន​អាស៊ាន​បាន​ចាប់​ផ្ដើម​កិច្ច​សន្ទនា​ជាមួយ​ប្រទេស​រុស្សី ដែល​នៅ​ឆ្នាំ​២០១១ បាន​ធ្វើ​ឡើង​ដើម្បី​រៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​គ្រប់​ជ្រុងជ្រោយ​មួយ សម្រាប់​ពង្រីក​ទំនាក់ទំនង​ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​រុស្សី។

តាមរយៈ​កិច្ច​ព្រមព្រៀង​ទាំងនោះ ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ដូចជា សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ ថៃ ហ្វីលីពីន ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម ក្រៅពី​អាស៊ាន​នេះ​ច្រើន​ ជាង​សមាជិក​អាស៊ាន​ដទៃ​ទៀត ដូចជា ការ​មិន​យក​ពន្ធ​នាំ​ចូល​​ទំនិញ ប៉ុន្តែ​ប្រទេស​ឡាវ កម្ពុជា វៀតណាម ភូមា ឬ​មីយ៉ាន់ម៉ា ធ្វើ​ពាណិជ្ជកម្ម​ជាប់​ពន្ធគយ​ចន្លោះ​ពី ៦០% ទៅ ៩៧% នៃ​មុខទំនិញ​ជាប់​ពន្ធ​នា​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។