ការ​បង្កើត​ច្បាប់​គាំពារ​សម្រាប់​វិស័យ​ឯកជន​​ នៅ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

0:00 / 0:00

អាស៊ាន​ទទួល​ស្គាល់​សារសំខាន់​​​នៃ​វិស័យ​ឯកជន​ គឺ​ជា​​ការ​ធានា​​​ភាព​​ជោគ​ជ័យ​លើ​​ការ​អនុវត្ត​កម្មវិធី​សហប្រតិបត្តិការ​ផ្សេងៗ​ នៅ​ក្នុង​តំបន់​អាស៊ាន។ វិស័យ​ឯកជន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្បាល​ម៉ាស៊ីន​ នៃ​​កំណើន​សេដ្ឋកិច្ច​អាស៊ាន និង​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ាន។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ហាក់​យក​ចិត្ត​ទុក​ដាក់​តិច​តួច​លើ​វិស័យ​នេះ។

ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ដែល​ផ្ដោត​លើ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ បាន​ក្លាយ​ជា ​កម្លាំង​​​មួយ​​សម្រាប់​ធានា​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​រង្វង់​អាស៊ាន និង​ការ​បង្កើត​ការងារ។ តាម​រយៈ​សក្ដានុពល​នេះ ប្រទេស​សមាជិក​ទាំង​អស់​បាន​កំពុង​ប្រឹង​ប្រែង​អភិវឌ្ឍ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដើម្បី​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​វិស័យ​ឯកជន។ បញ្ហា​នេះ​ក្រុម​អ្នក​ជំនួញ​​នៅ​ប្រទេស​សមាជិក​​អាស៊ាន​​ទាំង​អស់ បាន​ជួប​ប្រជុំ​ពិភាក្សា​ជា​ច្រើន​លើក​ដើម្បី​ស្វែង​ការ​គាំពារ​​ពី​ថ្នាក់​ដឹក​នាំ​ប្រទេស​នីមួយៗ និង​ជៀសវាង​ការ​ប្រកួតប្រជែង​​ដោយ​មិន​ស្មើ​ភាព​គ្នា។ ការ​ស្វែង​យន្តការ​ ការពារ​ចំពោះ​វិស័យ​ឯកជន​ គឺ​​ជា​គ្រឹះ​យ៉ាង​សំខាន់​ដើម្បី​​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​របស់​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ការ​អភិវឌ្ឍ​ទាប​ទៅ​ជា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ខ្ពស់ ស្រប​តាម​តាម​ផែន​ការ​នៃ សមាហរណកម្ម​សេដ្ឋកិច្ច ដែល​គ្រោង​​​នឹង​បង្កើត​ជា​សហគមន៍​តែ​មួយ​នៅ​ឆ្នាំ​២០១៥។

​​រដ្ឋលេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម​​និង​សិប្បកម្ម​​ លោក ហេង សុខគុណ ​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​សហគ្រាស​នៅ​ក្រោយ​ឆ្នាំ​២០១៥ នៅ​​ខេត្ត​សៀមរាប​ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ​​ថា ការ​បង្កើត​ពិភាក្សា​​នេះ គឺ​ជា​ការ​ស្វែង​រក​ការ​ឆ្លើយ​តប​របស់​វិស័យ​ឯកជន​ ដើម្បី​រៀប​ចំ​ផែន​ការ​ជាក់​លាក់​មួយ​ក្នុង​ការ​ការពារ​វិស័យ​ឯកជន​ នៅ​ពេល​ដែល​អាស៊ាន​បង្កើត​ជា​តំបន់​តែ​មួយ​នៅ​ឆ្នាំ​២០១៥។

លោក​បញ្ជាក់​ថា ភាព​រីក​ចម្រើន​នៃ​វិស័យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ​បាន​មក​បី​​បរិយាកាស​វិនិយោគ​មាន​ភាព​ប្រសើរ​ឡើង និង​ការ​កើន​ឡើង​នៃ​សមត្ថភាព​ផលិត។ ការ​អភិវឌ្ឍ​កត្តា​ទាំង​ពីរ​នេះ ​គឺ​ជា​ភាព​ចាំបាច់​របស់​សហគ្រាស​ផលិតកម្ម​ទាំង​អស់​ត្រូវ​ពង្រឹង​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រកួតប្រជែង​នៅ​កម្រិត​តំបន់។ ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹង​ផ្ដល់​​​ឱកាស​សម្រាប់​​ផ្នែក​ឯកជន និង​ឧស្សាហកម្ម​នៅ​តំបន់​នៅ​ឆ្នាំ​២០១៥។

​កិច្ច​ប្រជុំ​នោះ​បាន​សន្និដ្ឋាន​យុទ្ធសាស្ត្រ​សំខាន់ ៥ សម្រាប់​​រៀប​ចំ​ផែន​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​នៅ​ក្រោយ​ឆ្នាំ​២០១៥។ ទី​មួយ​ ការ​បង្កើន​ផលិតភាព​ផលិតកម្ម​បច្ចេកវិទ្យា និង​ការ​ស្រាវជ្រាវ​បង្កើត​​ផលិតផល​ថ្មី​ ទីពីរ​ ​លទ្ធភាព​​ទទួល​បាន​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទី​បី ការ​ពង្រីក​ទីផ្សារ​ ទី​បួន ការ​បង្កើន​ច្បាប់​ និង​គោលនយោបាយ​​ការពារ​វិស័យ​ឯកជន និង​​កត្តា​សំខាន់​​ទី​៥ គឺ​ការ​បង្កើន​​សហគ្រិនភាព ​រួម​ទាំង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

ប៉ុន្តែ​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា​ អាស៊ាន​មាន​ ​​ចំណុច​ប្រឈម​ជា​ច្រើន​ ​ចំពោះ​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​​ ដូច​ជា​​ការ​ទទួល​បាន​ឥណទាន កម្មវិធី​សម្រាប់​អភិវឌ្ឍ​ជំនាញ​ ព័ត៌មាន​អំពី​ឧកាស​វិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​​អាស៊ាន​ និង​ព័ត៌មាន​​នៃ​ការ​អភិវឌ្ឍ​សហគ្រិនភាព​រវាង​អាស៊ាន​ជា​ដើម។ ផ្ទុយ​ទៅ វិញ ​ការ​ស្រាវ​ជ្រាវ​ដដែល​​បាន​លើក​ឡើង​ថា ដើម្បី​​អភិវឌ្ឍ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នេះ ប្រកប​ដោយ​ភាព​ជោគ​ជ័យ គឺ​​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ចូល​រួម​ដោះ​ស្រាយ​បរិយាកាស​វិនិយោគ​ លទ្ធភាព​ទទួល​បាន​ឥណទាន និង​​ភាព​ងាយ​ស្រួល​នៃ​ចុះ​បញ្ជី​របស់​សហគ្រាស។

​ការ​រក​ឃើញ​របស់​​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ អំពី​ភាព​ប្រកួត​ប្រជែង​អាស៊ាន​ប្រចាំ​ឆ្នាំ​២០១២​ បាន​បង្ហាញ​ថា សហប្រតិបត្តិការ​អាស៊ាន​ក្នុង​ការ​បង្កើន​ភាព​ប្រកួត​ប្រជែង​សហគ្រាស​ធន​តូច​និង​មធ្យម​ គឺ​ត្រូវ​មាន​ផែន​ការ​សកម្មភាព​ជាក់​លាក់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​​ផ្នែក​នេះ តាម​រយៈ​ការ​បង្កើត​វិធានការ​ដែល​អាច​ទទួល​បាន​ឥណទាន​សម្រប​សម្រួល​​ពាណិជ្ជកម្ម ការ​ផ្សព្វ​ផ្សាយ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជា​ដើម ហើយ​ផែន​ការ​សកម្មភាព​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ការងារ​សហគ្រាស​ធន​តូច និង​មធ្យម​របស់​អាស៊ាន​ រួម​ទាំង​​ដំណាង​ប្រទេស​​សមាជិក​ និង​វិស័យ​ឯកជន​រវាង​តំបន់​អាស៊ាន។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ សហគ្រាស​ខ្នាត​តូច​និង​មធ្យម ជា​ឆ្អឹង​ខ្នង​សម្រាប់​កំណើន​សេដ្ឋកិច្ច​អាស៊ាន ដោយ​សារ​តែ​ជាង ៩៦% នៃ​សហគ្រាស​សរុប​របស់​អាស៊ាន បាន​ចូល​រួម​បង្កើត​ការងារ និង​ចូល​រួម​កំណើន​​សេដ្ឋកិច្ច​អាស៊ាន។ ម៉្យាង​វិញ​ទៀត​​ វិនិយោគិន​ជា​ច្រើន​ចង់​ធ្វើការ​វិនិយោគ​​ខ្នាត​តូច​នេះ ច្រើន​ជាង​​ការ​វិនិយោគ​ខ្នាត​ធំ ហើយ​ទិស​ដៅ​សំខាន់​ដែល​វិនិយោគិន​សម្លឹង​ឃើញ​នោះ គឺ​នៅ​ក្នុង​តំបន់​អាស៊ាន។

​ប្រធាន​​សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​កម្ពុជា​​ លោក​ឧកញ៉ា តែ តាំងប៉ មាន​ប្រសាសន៍​ថា កម្ពុជា​នៅ​មាន​​​​បញ្ហា​​លើ​​លទ្ធភាព​​បង្កើន​ភាព​ប្រកួតប្រជែង ​​នៅ​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បើក​ចំហ​​នៅ​ឆ្នាំ​២០១៥​នោះ។ លោក​បញ្ជាក់​ទៀត​ថា ការ​ជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​​លើ​វិស័យ​នេះ ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ធៀប​នឹង​សហគ្រាស​ខ្នាត​ធំ។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​បញ្ហា​នេះ រាជរដ្ឋាភិបាល​​កម្ពុជា ស្នើ​ឲ្យ​អាជីវករ​និង​អ្នក​ធុរកិច្ច​ទាំង​អស់​ ត្រូវ​តែ​បង្ហាញ​ភាព​ស្មោះត្រង់​ និង​​ការ​ទទួល​ខុស​​ត្រូវ​ចំពោះ​​ការ​បង់​ពន្ធ​ជូន​រដ្ឋាភិបាល។ បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​ធ្លាប់​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​មិន​មាន​សមត្ថភាព​លើ​​ការ​​ឧបត្ថម្ភ​ធន​ឡើយ ​ប៉ុន្តែ​​​អ្វី​ដែល​​​រាជរដ្ឋាភិបាល​​​អាច​​​ធ្វើ​បាន​នោះ គឺ​ការ​បង្កើត​​គោលនយោបាយ​គាំពារ​សហគ្រាស​​​​តាមរយៈ​​នីតិវិធី​បង្កើត​សហគ្រាស​ និង​​ការ​អនុគ្រោះ​​ការ​បង់ពន្ធ។

អ្នក​វិភាគ​សេដ្ឋកិច្ច​វិញ​បាន​លើក​ឡើង​ថា នៅ​បរិបទ​​ទីផ្សារ​កាន់​តែ​ធំ​ដែល​សម្បូរ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​នោះ និន្នាការ​នៃ​អ្នក​ធ្វើ​អាជីវកម្ម​​គឺ​ត្រូវ​​​​​ធានា​ឲ្យ​មាន​វិមាត្រ​សេដ្ឋកិច្ច មាន​ន័យ​ថា ត្រូវ​ធ្វើ​អាជីវកម្ម​ឲ្យ​​ពង្រីក​កាន់​តែ​ធំ​ដើម្បី​​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត និង​បង្កើត​ផលិតភាព។ បច្ចុប្បន្ន​ ​វិស័យ​ខ្នាត​តូច​និង​មធ្យម​ដែល​មាន​ផលិតភាព​ខ្ពស់​នៅ​តំបន់​អាស៊ាន​ គឺ​ប្រទេស​ថៃ និង​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។