កម្ពុជា​​មាន​ភាព​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស​​អន់​ខ្សោយ​នៅ​តំបន់​អាស៊ាន

កម្ពុជា​ជា​ប្រទេស​​​ដែល​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស​លេខ​៨ នៅ​តំបន់​អាស៊ាន ដែល​មាន​ប្រទេស ១០ ជា​សមាជិក។ ប្រទេស​​ដែល​ទាក់​ទាញ​ខ្លាំង គឺ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង វៀតណាម។

0:00 / 0:00

ភាព​អន់​ខ្សោយ​​របស់​កម្ពុជា គឺ​ដោយសារ​មាន​អំពើ​ពុករលួយ ចោរកម្ម និង​បញ្ហា​នានា ដែល​មិន​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​​​បរទេស​ទាំង​នោះ។ ក្រៅ​ពី​បញ្ហា​នេះ ​ម្ចាស់​អាជីវកម្ម​​​​ខ្លះ​ក៏​បាន​ត្អូញត្អែរ​ថា ការ​បង់​កម្រៃ​ក្រៅ​ផ្លូវ​កា​ជា​​ឧបសគ្គ​ធ្ងន់ធ្ងរ​បន្ថែម​​ទៀត​ដែល​អាច​ឈាន​​ទៅ​រក​ការ​ក្ស័យធន​ចំពោះ​អាជីវកម្ម​​​ដែល​​បាន​បង្កើត​ហើយ។

តំបន់​អាស៊ាន​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ថា ជា​តំបន់​មិន​ងាយ​​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ឬ​បញ្ហា​សកល​ផ្សេងៗ​ខ្លាំង​ឡើយ។ ​វិបត្តិ​សេដ្ឋកិច្ច​សកល​នៅ​ឆ្នាំ​២០០៨ បាន​ប៉ះពាល់​ដល់​ប្រទេស​ជា​ច្រើន​​នៅ​លើ​ពិភពលោក ប៉ុន្តែ​ចំពោះ​ទំហំ​សេដ្ឋកិច្ច​អាស៊ាន​វិញ នៅ​តែ​កើន​ឡើង​រៀង​រាល់​ឆ្នាំ។ សក្ដានុពល​នេះ​​​បាន​ទាក់​ទាញ​អ្នក​វិនិយោគ​ច្រើន​មក​បង្កើត​អាជីវកម្ម​នៅ​តំបន់​អាស៊ាន ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​ទី​កន្លែង​សមស្រប និង​ទទួល​បាន​សក្ដានុពល​សម្រាប់​ពួក​គេ​នៅ​ពេល​អនាគត។

តែ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ មិន​ទទួល​បាន​​ភាព​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស និង​ទំហំ​វិនិយោគ​ស្មើ​គ្នា​ឡើយ។ មាន​ប្រទេស​ខ្លះ​ទទួល​បាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ច្រើន និង​ប្រទេស​ផ្សេង​ទៀត ទទួល​បាន​តិច ដោយសារ​តែ​​កត្តា​សំខាន់​​ពីរ​យ៉ាង គឺ​បរិយាកាស​លើក​ទឹក​ចិត្ត វិនិយោគ​បរទេស និង​អំពើ​ពុករលួយ ដែល​​​មាន​ច្រើន​លើសលុប​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

​ប្រទេស​សមាជិក​អាស៊ាន​បី​ដែល​ទទួល​បាន​ភាព​ទាក់​ទាញ​​វិនិយោគ​លើ​ផ្នែក​អាជីវកម្ម​ខ្លាំង​ជាង​គេ គឺ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​វៀតណាម។ អ្នក​វិនិយោគ​ទុន​ធំ និង​មាន​រយៈ​ពេល​យូរ​អង្វែង ដូចជា​ ប្រទេស​អូស្ត្រាលី (Australia) ប្រេស៊ីល (Brazil) អាល្លឺម៉ង់ (German) និង​ជប៉ុន (Japan) បាន​ចាត់​ទុក​ប្រទេស​សិង្ហបុរី ជា​ទី​កន្លែង​វិនិយោគ​ល្អ​បំផុត​សម្រាប់​ពួក​គេ។ ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត​ មាន​ភាព​ទាក់​ទាញ​​​ តែ​អ្នក​វិនិយោគ​មិន​មាន​គោល​ដៅ​ច្បាស់​លាស់ ឬ​ការ​វិនិយោគ​​ដែល​អាច​ប៉ះពាល់​ដល់​សង្គម​និង​បរិស្ថាន​ជា​ដើម។

ប្រទេស​កម្ពុជា បាន​ទាក់​ទាញ​អ្នក​វិនិយោគ​ទុន​បរទេស​មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ ១.៥០០​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១២ ដែល ៥០​ភាគរយ មក​ពី​ប្រទេស​ចិន។ ចំនួន​គម្រោង​វិនិយោគ​របស់​ចិន នៅ​កម្ពុជា ចងក្រង​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC) នៅ​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ មាន​ប្រមាណ ៣០០​គម្រោង សមាមាត្រ​នឹង​ទឹក​ប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អាមេរិក។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត ហង្ស ជួនណារ៉ុន មាន​ប្រសាសន៍​ថា នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​មុន ចំនួន​អ្នក​វិនិយោគ​ជប៉ុន នៅ​កម្ពុជា មាន​ចំនួន​តិច​តួច​ប្រាកដ​មែន​ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​គួរឲ្យ​កត់សម្គាល់។ តាម​ការ​​ប៉ាន់​ស្មាន ទឹក​ប្រាក់​ដែល​ជប៉ុន​វិនិយោគ​ នៅ​កម្ពុជា មាន​ចំនួន ៣០% នៃ​ទំហំ​ទឹក​ប្រាក់​​វិនិយោគ​​បរទេស​សរុប ដែល​កើន​ឡើង​​ចាប់​ពី​ចំនួន ២០​លាន​ដុល្លារ​​នៅ​ឆ្នាំ​២០១០​ ដល់ ៥០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២។

ទោះ​ជា​​ការ​វិនិយោគ​នេះ​កើន​ឡើង​ក៏​ដោយ ប៉ុន្តែ​​​ប្រទេស​កម្ពុជា នៅ​តែ​ជា​ប្រទេស​មាន​​លំដាប់​ថ្នាក់​លេខ ៨ ក្នុង​ការ​ទាក់​ទាញ​​​អ្នក​វិនិយោគ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ដែល​លើ​តែ​ប្រទេស​​ប្រ៊ុយណេ និង ភូមា ឬ មីយ៉ាន់ម៉ា តែ​ប៉ុណ្ណោះ។

របាយការណ៍​​ស្ដី​ពី​ស្ថានភាព​ប្រកួត​ប្រជែង​អាជីវកម្ម​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ដែល​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា មាន​កត្តា​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស រួម​មាន ហេដ្ឋារចនាសម្ព័ន្ធ​ ពន្ធដារ ច្បាប់​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ជាដើម។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ អំពើ​ពុករលួយ និង​ចោរកម្ម ក៏​ជា​កត្តា​រារាំង​ដែរ។

អ្នក​ប្រកប​អាជីវកម្ម​យល់​ស្រប​ទៅ​នឹង​របាយការណ៍​នេះ ដោយ​អះ​អាង​ថា មាន​បញ្ហា​ជា​ច្រើន​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

លោក ប៉េង សុភា ដែល​​បើក​សិប្បកម្ម​ទឹក​សុទ្ធ និង​បើក​ភោជនីយដ្ឋាន​​​នានា​​នៅ​ភ្នំពេញ បាន​រៀប​រាប់​បទពិសោធន៍​​កន្លង​មក​ថា ជា​រឿយៗ​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​ផ្នែក ជា​ច្រើន​ស្ថាប័ន តែង​មក​គំរាម​កំហែង​​ការ​ធ្វើ​អាជីវកម្ម​របស់​លោក ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​កម្រៃ។ ការ​បង់​កម្រៃ​ក្រៅ​ផ្លូវ​ការ​ទៅ​ស្ថាប័ន​ទាំង​នោះ រួម​មាន​ស្ថាប័ន​ប៉ូលិស ពន្ធដារ និង​បរិស្ថាន​ជា​ដើម។

លោក ប៉េង សុភា៖ «ទី​មួយ ខាង​នោះ​គឺ​និយាយ​បំភ័យ​ប្រជាជន។ លើក​លែង​តែ​ក្រុមហ៊ុន​ធំ ដែល​បង់​ពន្ធ ការ​ប្រកាស​ពន្ធ តែ​បើ​ខ្នាត​តូច​និង​​មធ្យម​គាត់​អត់​យល់​ពី​ពន្ធ។ គេ​យក​ត្រឹម​នេះ គាត់​មើល​ទៅ​ដូច​ជា​តិច​ដែរ ចេះ​តែ​នេះ​ទៅ។ ហើយ​មួយ​ទៀត សេដ្ឋកិច្ច​ក្រសួង​ទៅ សេដ្ឋកិច្ច​ក្រុង​ទៅ ទៅ​កោសរូស​ទៅ​អី ទៅ​ដាក់​ខែ​ដាក់​ឆ្នាំ គេ​វៃ​តម្លៃ គេ​គុណ​មើល។ អូ! ច្រើន​ណាស់»។

លោក​បាន​បញ្ជាក់​ទៀត​ថា បញ្ហា​នេះ​បាន​ជះ​ឥទ្ធិពល​ផ្ទាល់​ដល់​ការ​លើក​កម្ពស់​អាជីវកម្ម​នៅ​កម្ពុជា។

ផ្ទុយ​ទៅ​វិញ នាយក​ប្រតិបត្តិ​នៃ​ភោជនីយដ្ឋាន ផាក កាហ្វេ (Park Cafe) លោក គុយ វ៉ាត មាន​ប្រសាសន៍​ថា មិន​បាន​បង់​កម្រៃ​ក្រៅ​ផ្លូវ​ការ​នានា ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ហើយ​ឧកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា មាន​ច្រើន​ជាង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ដែល​​អាច​ពង្រីក ឬ​​មាន​សក្ដានុពល​សម្រាប់​បង្កើត​អាជីវកម្ម​បាន៖ «យើង​ប្រៀប​ធៀប​​ប្រទេស​គេ ជាមួយ​ប្រទេស​យើង។ យើង​នៅ​មាន​សក្ដានុពល​​ក្នុង​ការ​អភិវឌ្ឍន៍​ច្រើន​ណាស់។ យើង​ឃើញ​បណ្ដា​ប្រទេស​​មួយ​ចំនួន​ហ្នឹង ឧកាស​នៃ​ការ​វិនិយោគ បើ​ប្រៀប​ធៀប​ទៅ​វា​រាង​ចង្អ្រៀត។ បក​មក​ប្រទេស​យើង​វិញ នៅ​មាន​ឧកាស​ពង្រីក ឬ​ទៅ​ពង្រឹង​អាជីវកម្ម»

លោក​បញ្ជាក់​ថែម​ទៀត​ថា បញ្ហា​ប្រឈម​​ដែល​​​លោក​ជួប​ប្រទះ​កន្លង​មក គឺ​ការ​លទ្ធភាព​រក​ប្រភព​ទុន​មក​ពង្រីក​អាជីវកម្ម។

រដ្ឋាភិបាល​បាន​កាត់​បន្ថយ​​បញ្ហា​ទាំង​នេះ​នា​ពេល​​បច្ចុប្បន្ន។ ប៉ុន្តែ​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា នៅ​តែ​ស្មុគស្មាញ និង​ប្រើ​ពេល​យូរ និង​មាន​បន្ទុក​ចំណាយ​ខ្ពស់ បើ​ធៀប​​ទៅ​នឹង​ប្រទេស​​សមាជិក​អាស៊ាន​ផ្សេង​ទៀត។ ការ​ចាប់​ផ្ដើម​ធ្វើ​ជំនួញ ឬ​បង្កើត​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា​ ត្រូវ​ការ​​​បំពេញ​ឯកសារ​ចំនួន ៩ និង​រយៈ​ពេល ៨០​ថ្ងៃ ហើយ​ប្រទេស​សមាជិក​អាស៊ាន ត្រូវ​ការ​តែ​ពេល​ពាក់​កណ្ដាល​នៃ​ចំនួន​ថ្ងៃ​​នៅ​កម្ពុជា ប៉ុណ្ណោះ។

ចំពោះ​ការ​ធ្វើ​ជំនួញ​ក្រៅ​ផ្លូវ​ការ​វិញ ក៏​ប្រឈម​នឹង​​កម្រៃ​ក្រៅ​ផ្លូវ​ការ​​នានា​ដែរ។ ក្រុមហ៊ុន​​ប្រមាណ ៦០% បាន​​អះអាង​​ថា បាន​ជួន​អំណោយ​ដល់​មន្ត្រី​ពន្ធដារ ឬ​ការ​​ជូន​​អំណោយ​ដល់​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ ដើម្បី​ទទួល​បាន​​កិច្ចសន្យា ឬ​ដើម្បី​ដោះ​ស្រាយ​កិច្ច​ការ​អ្វី​មួយ។

​របាយការណ៍​​ស្ដី​ពី​ស្ថានភាព​ប្រកួត​ប្រជែង​អាជីវកម្ម​របស់​អាស៊ាន បាន​បង្ហាញ​​ទៀត​ថា ក្នុង​ចំណោម​សហគ្រាស​ចំនួន ៤០០​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ១០ ដែល​បាន​សម្ភាស មាន​តែ ២១ សហគ្រាស​​តែ​ប៉ុណ្ណោះ​ដែល​ចង់​មក​វិនិយោគ ឬ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​សហគ្រាស​ទាំង​នោះ​បាន​អះអាង​​ទៀត​ថា ឧបសគ្គ​​​ចម្បង​របស់​គេ​ គឺ​ទាក់​ទង​នឹង​ពន្ធដារ​អំពើ​ពុក​រលួយ ឧក្រិដ្ឋកម្ម និង​ចោរកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។