ចិន​និង​ប្រទេស​សមាជិក​អាស៊ាន​៥​ក្លាយ​ជា​ដៃគូ​អាជីវកម្ម​ឈើ​ខុស​ច្បាប់

តម្រូវ​ការ​ឈើ​របស់​ប្រទេស​ចិន បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​ដោយសារ​ ចំនួន​ប្រជាជន​ច្រើន កំណើន​សេដ្ឋកិច្ច​ខ្ពស់ រួម​ទាំង​​វប្បធម៌​​ពេញ​និយម​ចំពោះ​ការ​​ប្រើប្រាស់​សម្ភារៈ​ធ្វើ​ពី​ឈើ​ជា​ដើម។
ដោយ អាន ស៊ីថាវ
2013-02-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

កត្តា​នេះ​បាន​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ដូច​ជា​ថៃ កម្ពុជា ឡាវ ភូមា ឬ មីយ៉ាន់ម៉ា បាន​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​ឈើ​យ៉ាង​សំខាន់ ​សម្រាប់​ទីផ្សារ​ឈើ​ប្រណិត​របស់​ចិន ហើយ​ភាគ​ច្រើន ចិន​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​ដោយ​ខុស​ច្បាប់។

ប្រទេស​​ភាគ​ច្រើន​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​បាន​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​ផ្គត់ផ្គង់​ឈើ​ទៅ​ឲ្យ​ប្រទេស​ចិន​ ។ ហើយ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ ​បាន​​នាំ​ចេញ​ឈើ​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​ចិន ​ដើម្បី​បំពេញ​ ​តម្រូវ​ការ​ខ្ពស់​​របស់​ប្រទេស​នេះ​ ដែល​កើន​ឡើង​រៀង​រាល់​ឆ្នាំ។

ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ ដែល​ហៅ​កាត់​ថា អ៊ី​អាយ​អេ (EIA) ចេញ​ផ្សាយ​របាយការណ៍​​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ អំពី​មហិច្ឆតា​ធ្វើ​ឲ្យ​វិនាសកម្ម​អាជីវកម្ម​ឈើ​ប្រណិត​ខុស​ច្បាប់​របស់​ប្រទេស​ចិន ​បាន​បង្ហាញ​ថា ប្រទេស​ចិន ជា​ប្រទេស​ដែល​នាំ​ចូល​ឈើ​ខុស​ច្បាប់​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​ ដែល​​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៤​ពាន់​​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ការ​កើន​ឡើង​នាំ​ចូល​ឈើ​ខុស​ច្បាប់​ គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​ចិន កំពុង​រីក​លូត​លាស​ខ្លាំង​ ដែល​ជំរុញ​ឲ្យ​តម្រូវ​ឈើ​ខុស​​ប្រណិត​សម្រាប់​សាងសង់។ ម៉្យាង​វិញ​ទៀត​ ប្រទេស​ចិន ពេញ​និយម​យក​ឈើ​ប្រណិត​ទៅ​ធ្វើ​ជា​គ្រឿង​សង្ហារិម​ផ្សេងៗ ក្នុង​​នោះ​មាន​សាឡុង ធ្វើ​ពី​ឈើ​ប្រណិត​ដែល​មាន​តម្លៃ​​រាប់​ពាន់​ដុល្លារ​ ហើយ​ឈើ​ប្រណិត​​ទាំង​អស់​នាំ​ចូល​ដោយ​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា​ ថៃ និង​ប្រទេស​ឡាវ។

ទាក់​ទង​​នឹង​បញ្ហា​​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា បាន​ចេញ​សារាចរ​មួយ​ដើម្បី​បញ្ឈប់​ការ​ប្រើ​ប្រាស់​ឈើ​​ក្នុង​ប្រទេស និង​ការ​​នាំ​ចេញ​​ឈើ​ប្រណិត។ លោក​បញ្ជាក់​ទៀត​ថា ដើម្បី​អនុវត្ត​សារាចរ​នេះ គឺ​ត្រូវ​មាន​យន្តការ​ព្រមព្រៀង​គ្នា​រវាង​អ្នក​បញ្ចា​ទិញ​ឈើ​ពី​​ប្រទេស​ផ្សេង​​ផង​ដែរ។

លោក ហ៊ុន សែន៖ «ហើយ​ត្រូវ​ទាក់​ទង​ប្រទេស​ដែល​សម្រាប់​តែ​ចរាចរណ៍​ឈើ​គ្រញូង​ទៅ​កាន់ គឺ​សុំ​ឲ្យ​ប្រទេស​នោះ​ឈប់​ទទួល​ទិញ​តែ​ម្ដង។ វា​ទាល់​តែ​មាន​វិធី​ហ្នឹង បើ​មិន​អ៊ីចឹង​វា​នៅ​តែ​មក​ទៀត។ ការ​កែច្នៃ​គ្រឿង​គ្រញូង គឺ​ត្រូវ​បាន​បញ្ចប់។ … ព្រោះ​កន្លង​ទៅ​យើង​ចេះ​តែ​ថា សម្រួល​ស្អី​ហ្នឹង ចេះ​តែ​ឆ្លង​កាត់​មក ហើយ​ឆ្លង​កាត់​មក​យើង​ចេះ​តែ​ទៅ​ទៀត។ កាប់​របស់​គេ​ផងៗ។ អ៊ីចឹង​បាន​ជា​ខ្ញុំ​បាន​​ចុះ​ហត្ថលេខា​​លើ​សារាចរ​ពី​ម្សិល​មិញ ហើយ​សារាចរ​ហ្នឹង​យើង​ត្រូវ​អនុវត្ត​ទាំង​អស់​គ្នា។ បើ​មិន​អ៊ីចឹង​ទេ​ នៅ​តែ​មាន​អ្នក​ប្រើប្រាស់ នៅ​តែ​មាន​អ្នក​ផ្គត់ផ្គង់»

ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ដូច្នេះ​ អ្នក​វិភាគ​សង្គម​វិញ​យល់​ថា កត្តា​ជំរុញ​​​សំខាន់​នាំ​ឲ្យ​មាន​ការ​​កាប់​ឈើ​ដោយ​ខុស​ច្បាប់ គឺ​ទីផ្សារ​ធំ​របស់​ចិន បញ្ហា​ច្បាប់​ដែល​អនុវត្តន៍​នៅ​ក្នុង​ប្រទេស​ដែល​មាន​ឈើ​ប្រណិត​​នៅ​ទន់​ខ្សោយ រួម​ទាំង​តម្លៃ​ឈើ​​ប្រណិត​មាន​តម្លៃ​ខ្ពស់​​ជា​ដើម។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក អ៊ូ វីរៈ បាន​ស្វាគមន៍​ចំពោះ​ ការ​ចេញ​ចរាចរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​​​លោក​រំលឹក​ថា ការ​ហាម​ប្រាម​​​​​រយៈ​កាល​កន្លង​មក គឺ​​ហាក់​ដូច​ជា​មិន​មាន​ប្រសិទ្ធភាព​​ឡើយ។ លោក​បញ្ជាក់​ថា ភាព​មិន​មាន​ប្រសិទ្ធភាព​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន ដូច​ជា​​ច្បាប់ ឆន្ទៈ​អនុវត្តន៍​​ប្រឆាំង​ទៅ​នឹង​ការ​កាប់​ឈើ​ខុស​​ច្បាប់ និង​ការ​នាំ​ចេញ​ជាដើម។

លោក អ៊ូ វីរៈ៖ «តាម​ជាក់​ស្ដែង យើង​ចង់​ដឹង​មាន​ប្រសិទ្ធភាព ឬ​មិន​មាន​ប្រសិទ្ធភាព ឈើ​វា​ស្រួល វា​អត់​ចេះ​ដើរ​ទៅ​ណា​ខ្លួន​ឯង​ទេ។ អ៊ីចឹង​នៅ​ពេល​ដែល​មាន​ព្រៃ​ឈើ​ច្រើន​ ក្លាយ​ទៅ​ជា​ប្រទេស​ដែល​អត់​សូវ​មាន ដែល​បាត់​បង់​ព្រៃ​ឈើ បាន​ន័យ​ថា មាន​អ្នក​កាប់។ ដល់​អ៊ីចឹង សំណួរ​សួរ​ថា ហេតុ​អ្វី​បាន​រដ្ឋាភិបាល​អត់​មាន​វិធានការ​ការពារ​ព្រៃ​ប្រកប​ដោយ​ប្រសិទ្ធភាព? ចម្លើយ​វា​អាច​ទាក់​ទង​រឿង​ឆន្ទៈ ឬ​មួយ​សមត្ថភាព ប៉ុន្តែ​​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មើល​ទៅ​មាន​ទាំង​ពីរ គឺ​ទាក់​ទង​រឿង​ឆន្ទៈ​ផង និង​រឿង​សមត្ថភាព​ផង»

លោក​បញ្ជាក់​ទៀត​ថា ភាព​ខ្វះ​ខាត​សមត្ថភាព​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់ គឺ​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​តាម​រយៈ​ជំនួយ​បច្ចេកទេស​របស់​ស្ថាប័ន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា។ ប៉ុន្តែ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​នោះ​ គឺ​ភាព​ខ្វះ​ខាត​ឆន្ទៈ ដែល​បាន​ក្លាយ​ជា​​ហានិភ័យ​យ៉ាង​អាក្រក់​​មួយ​ដល់​​ព្រៃឈើ​នៅ​កម្ពុជា។

ក្រៅ​ពី​កត្តា​នេះ​ កត្តា​ទាក់​ទាញ​ពី​​អ្នក​បញ្ជា​ទិញ​ឈើ​ប្រណិត​វិញ​ គឺ​​ការ​ឲ្យ​តម្លៃ​ខ្ពស់​របស់​​ប្រទេស​ចិន។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បន្ថែម​ថា តម្លៃ​ឈើ​នៅ​ប្រទេស​កម្ពុជា មាន​​តម្លៃ​ទាប​ជា​ប្រទេស​ជិត​ខាង និង​ប្រទេស​ចិន ដែល​​ធ្វើ​មាន​ការ​ចរាចរ​ឈើ​ប្រណិត​ទៅ​ប្រទេស​ជិត​ខាង ឬ​ផ្គត់ផ្គង់​​ផ្ទាល់​ដល់​ប្រទេស​ចិន។

លោក អ៊ូ វីរៈ៖ «កម្ពុជា​រក​ស៊ី​គ្រញូង​ច្រើន តែ​រត់​ពន្ធ​ទៅ​ប្រទេស​វៀតណាម និង​ទៅ​ប្រទេស​ចិន ហើយ​បើ​យើង​មើល​មែន​ទែន គឺ​គ្រញូង​នៅ​ប្រទេស​វៀតណាម គឺ​ថ្លៃ​ជាង​ប្រទេស​កម្ពុជា ១​ជា​៥។ គ្រញូង​នៅ​ប្រទេស​ចិន គឺ​ថ្លៃ​ជាង​ប្រទេស​កម្ពុជា ១​ជា​១០។ ដោយសារ​អ៊ីចឹង​ហើយ បាន​ជា​អ្នក​រក​ស៊ី​គ្រញូង​ចេះ​តែ​នាំ​ឈើ​ទៅ​ប្រទេស​ចិន»

បញ្ជាក់​អំពី​បញ្ហា​នេះ របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ដដែល​បាន​បង្ហាញ​ថា ប្រទេស​ឡាវ ជា​ទី​កន្លែង​ដែល​មាន​ឈើ​ប្រណិត​ដ៏​កម្រ ដែល​មាន​តម្លៃ​រហូត​ដល់​ ១៨.០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រគីប ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត។

ការ​ចង់​បាន​​ឈើ​ប្រណិត​របស់​ប្រទេស​ចិន​នេះ កំពុង​រុញ​ច្រើន​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​ឈើ​​ខុស​ច្បាប់ ជាពិសេស​នៅ​អាស៊ី ហើយ​​បញ្ហា​នេះ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​រវាង​ប្រជាជន សកម្មជន​ការពារ​ព្រៃឈើ​ផង​ដែរ។ ហើយ​ការ​នាំ​ចូល​ឈើ​​ប្រណិត​នៅ​ប្រទេស​ចិន បាន​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​ផលិត​ផល​ពី​ឈើ​របស់​ចិន កើន​ឡើង​ខ្ពស់​ រួម​មាន​គ្រឿង​សង្ហារិម សម្ភារៈ​ប្រើប្រាស់​ និង​ផលិតផល​ធ្វើ​ពី​ក្រដាស​ជា​ដើម ដែល​តាម​ការ​ប៉ាន់​ មាន​តម្លៃ​ប្រមាណ ៣៤​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

របាយការណ៍​របស់​ទីភ្នាក់ងារ​​​ស៊ើបអង្កេត​បរិស្ថាន​បាន​បង្ហាញ​ថា ការ​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​ច្រើន​ពី​ការ​លក់​ឈើ​ខុស​ច្បាប់​ បាន​បង្ក​ជា​ជម្លោះ​​ប្រដាប់​អាវុធ​នានា​​នៅ​ប្រទេស​មួយ​ចំនួន​ ក្នុង​នោះ​មាន​ប្រទេស​សមាជិក​អាស៊ាន​​ដែរ ដូច​ជា​ប្រទេស​កម្ពុជា​ និង​ភូមា ឬ​មីយ៉ាន់ម៉ា ជា​ដើម។ ហើយ​អំពើ​ហិង្សា និង​ឃាតកម្ម​ តែង​តែ​ជាប់​ទាក់ទង​នឹង​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​រវាង​សកម្មជន​ការពារ​ព្រៃឈើ​នៅ​តាម​មូលដ្ឋាន និង​អ្នក​សារព័ត៌មាន​ជា​ដើម។

ប្រទេស​ចិន​បាន​នាំ​ចូល​ឈើ​ខុស​ច្បាប់​មាន​ចំនួន​ជាង ១៣​លាន​ម៉ែត្រគីប ស្មើ​នឹង​ទឹក​ប្រាក់ ១.៦០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០០០។ ប៉ុន្តែ​​ចំនួន​នេះ​បាន​កើន​ឡើង​រហូត​ដល់​ ៤២​លាន​ម៉ែត្រគីប ស្មើ​នឹង​ជាង ៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១ ក្នុង​នោះ​បាន​នាំ​ចូល​ឈើ​ដោយ​ខុស​ច្បាប់​យ៉ាង​ហោច​ណាស់​ជាង ១៨​លាន​ម៉ែត្រគីប ស្មើ​នឹង​ទឹក​ប្រាក់​ជិត ៤​ពាន់​លាន​ដុល្លារ​​អាមេរិក។ ហើយ​ប្រទេស​ដែល​នាំ​ចេញ​ឈើ​ប្រណិត​ខុស​ច្បាប់​​វិញ ភាគ​ច្រើន​មក​ពី​អាស៊ី និង​អាហ្វ្រិក​ បាត់​បង់​​ថវិកា​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ​ តាម​រយៈ​ការ​បង្កើត​ចំណូល និង​ពន្ធដារ។ ក្នុង​នោះ​ដែរ ​មាន​​ប្រទេស​សមាជិក​អាស៊ាន​​៥ បាន​រាយការណ៍​ថា បាន​នាំ​ចេញ​ឈើ​ដោយ​ខុស​ច្បាប់​​ទៅ​បរទេស រួម​មាន​ប្រទេស​ថៃ វៀតណាម ឡាវ ភូមា ឬ​មីយ៉ាន់ម៉ា និង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល