"តំបន់​អាស៊ាន​ជា​ទី​តាំង​ស្តុក​ឈើ​ប្រណិត​និង​នាំ​ចេញ​ទៅ​​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់"

0:00 / 0:00

ការ​ជួញ​ដូរ​ឈើ​ប្រណិត​នៅ​​បណ្ដា​ប្រទេស​អាស៊ាន​ មាន​ការ​កើន​ឡើង​ខ្លាំង​​នៅ​ពេល​បច្ចុប្បន្ន ដែល​ភាគ​ច្រើន​នៃ​អាជីវកម្ម​ឈើ​​​ទាំង​នោះ ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។ ប្រទេស​​សមាជិក​អាស៊ាន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឈើ​ប្រណិត​នេះ រួម​មាន​ប្រទេស​​​​​​កម្ពុជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ឡាវ និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា។

ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ គឺ​បញ្ហា​​ធ្ងន់ធ្ងរ​ដែល​អាច​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ជីវភាព​ប្រជាពលរដ្ឋ។ តែ​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់ ថ្នាក់​ដឹក​នាំ​អាស៊ាន​​នីមួយៗ ហាក់​មាន​ឆន្ទៈ​តិចតួច​ក្នុង​ការ​ទប់​ស្កាត់។ បញ្ហា​នេះ​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​អន្តរជាតិ​​​នានា បាន​ចំណាយ​​ពេល​វេលា​យ៉ាង​ច្រើន​ដើម្បី​​ធ្វើ​ការ​សិក្សា​អំពី​ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​តាម​បណ្ដា​ប្រទេស​​ជា​ច្រើន​នៅ​ក្នុង​តំបន់​និង​​លើ​​ពិភពលោក។

ការ​រក​ឃើញ​នា​ពេល​​បច្ចុប្បន្ន​បង្ហាញ​ថា ប្រទេស​នៅ​តំបន់​​អាស៊ី ជា​ពិសេស​​បណ្ដា​ប្រទេស​​​​​អាស៊ាន គ្រោង​នឹង​បង្កើត​តំបន់​តែ​មួយ​នៅ​ឆ្នាំ​២០១៥ ​នោះ​​ មាន​ការ​​កាប់​បំផ្លាញ​ព្រៃឈើ​ធ្ងន់ធ្ងរ​ សម្រាប់​នាំ​ចេញ​​ខុស​ច្បាប់។ ​មូល​ហេតុ​ដែល​ធ្វើ​ជំរុញ​ឲ្យ​មាន​ការ​បំផ្លាញ​ព្រៃឈើ​ដោយ​សារ​តែ​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច​ អភិវឌ្ឍ​​​វិស័យ​កសិកម្ម​ដែល​ប្រទេស​នោះ​បាន​ផ្ដល់​ទៅ​ក្រុមហ៊ុន​ឯកជន​ទាំង​ស្រុក​និង​បរទេស។ ម៉្យាង​វិញ​ទៀត ​តម្លៃ​ឈើ​ប្រណិត​បាន​កើន​ឡើង​ខ្ពស់​ជា​រៀងរាល់​ឆ្នាំ។ ហេតុផល​ទាំង​នេះ បាន​ជំរុញ​ឲ្យ​ធនធាន​ព្រៃឈើ​បាត់​បង់​យ៉ាង​ហោច​ណាស់​ចំនួន​​ពាក់​កណ្ដាល​នៅ​ក្នុង​តំបន់​អាស៊ាន។

ការ​ស្រាវជ្រាវ​របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​​​រក​ឃើញ​ថា ប្រទេស​សមាជិក​​អាស៊ាន​​​​ណា​មួយ​ដែល​ចាប់​យក​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ការ​អភិវឌ្ឍ​​នោះ ប្រឈម​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធ្ងន់ធ្ងរ​នៅ​​រយៈ​ពេល ១០​ឆ្នាំ​ចុង​​ក្រោយ​នេះ។ ការ​បាត់​បង់​ព្រៃ​ឈើ​នោះ​ កើត​មាន​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​​កំពុង​អភិវឌ្ឍ ដូច​ជា​កម្ពុជា ឡាវ វៀតណាម និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា។

ក្នុង​ចំណោម​ប្រទេស​​ទាំង​នោះ មាន​តែ​ប្រទេស​ភូមា​មួយ​ទេ ដែល​រង​ការ​បំផ្លាញ​ព្រៃឈើ​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន។ តាម​ការ​ប៉ាន់ស្មាន​ប្រទេស​នេះ​មាន​ព្រៃ​ឈើ​គ្រប​ដណ្ដប់​​ប្រមាណ ៥០% នៃ​ផ្ទៃ​ដី​សរុប ​​តែ​បច្ចុប្បន្ន​ប្រទេស​នេះ​​នៅ​សល់​ព្រៃ​ឈើ​គ្រប​ដណ្ដប់​ប្រមាណ ២៥% ប៉ុណ្ណោះ។

ដោយ​ឡែក​​ឥណ្ឌូនេស៊ី​វិញ ដែល​ជា​ប្រទេស​ដែល​សម្បូរ​ធនធាន​ព្រៃឈើ​ជាប់​ចំណាត់​ថ្នាក់​លេខ​បី​នៅ​លើ​ពិភពលោក បាន​រាយការណ៍​ថា​មាន​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​រហូត​ដល់ ៨០% នៃ​ផ្ទៃ​ដី​ដែល​គ្រប​ដណ្ដប់​ដោយ​ព្រៃឈើ​របស់​ប្រទេស​នេះ។

ម៉្យាង​វិញ​ទៀត ប្រទេស​សមាជិក​អាស៊ាន​​ចំនួន​បី​​ផ្សេង​ទៀត​​រួម​មាន​ប្រទេស​កម្ពុជា ឡាវ និង​ប្រទេស​វៀតណាម ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ឈើ​ប្រណិត​ប្រមាណ ១០​ម៉ឺន​ដើម​បាន​កាប់​​​ទុក​ចោល​នៅ​ក្នុង​ព្រៃ​​ រួច​ជា​ស្រេច​​នៅ​ពេល​បច្ចុប្បន្ន​ ដែល​ឈើ​ទាំង​នោះ​​ឈ្មួញ​​រង់ចាំ​ឱកាស​​ល្អ ដឹក​ជញ្ជូន​យ៉ាង​ស្ងប់ស្ងាត់​ទៅ​លក់​នៅ​លើ​ទីផ្សារ​​អន្តរជាតិ​ ​ដែល​​ការ​ចរាចរ​ឈើ​ប្រណិត​​ទាំង​នោះ គឺ​នៅ​តាម​ព្រំដែន​កម្ពុជា-​វៀតណាម។

បន្ថែម​លើ​នេះ​របាយការណ៍​របស់​​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស​និង​ព្រៃឈើ​ដែល​បាន​ចំណាយ​​ពេល ១៨​ខែ ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ព្រៃឈើ​ក្នុង​ប្រទេស​ចំនួន ១៤ នៅ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាន​បាត់​បង់​ព្រៃឈើ​ចំនួន​ជាង ២​លាន​ហិកតារ​​​ដោយ​គិត​ពី​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​២០១២។

ការ​កើន​ឡើង​នៃ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​ ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​ច្រើន​បាន​ចាត់​វិធានការ​ក្នុង​ការ​រក្សា​ព្រៃឈើ ប៉ុន្តែ​វិធានការ​ហាក់​មាន​ប្រសិទ្ធភាព​តិចតួច ​ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​ផង។

ជាក់​ស្ដែង ដើម្បី​ទប់ស្កាត់​ពាណិជ្ជកម្ម​ឈើ​ប្រណិត​​ដោយ​ខុស​ច្បាប់​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​​ធ្លាប់​បាន​ចេញ​សារាចរ​មួយ​ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​ឈើ​ក្នុង​ប្រទេស និង​ការ​នាំ​ចេញ​ឈើ​ប្រណិត។ លោក ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា ដើម្បី​អនុវត្ត​សារាចរ​នេះ​ទៅ​បាន គឺ​ត្រូវ​មាន​យន្តការ​ព្រមព្រៀង​គ្នា​រវាង​អ្នក​ទិញ និង​អ្នក​លក់​ឈើ​ប្រណិត។

ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ដូច្នេះ ប៉ុន្តែ​អាជីវកម្ម​ឈើ​ដោយ​ខុស​ច្បាប់​នេះ នឹង​មិន​ថយ​ចុះ​ឡើយ ដោយសារ​តែ​មូលហេតុ​សំខាន់​ពីរ។ ទី​មួយ តម្រូវ​ការ​ឈើ​ខ្ពស់​របស់​ចិន និង​មាន​តម្លៃ​ខ្ពស់ និង​ទី​ពីរ​ការ​អនុវត្ត​ច្បាប់​នៅ​អន់​ខ្សោយ​ចំពោះ​អាជីវកម្ម​ឈើ​ប្រណិត។ ក្រៅ​ពី​នេះ ប្រទេស​ចិន និង​ប្រទេស​សមាជិក​អាស៊ាន មួយ​ចំនួន​ដូច​ជា ប្រទេស​ឥណ្ឌូនេស៊ី និង​ភូមា ឬ​មីយ៉ាន់ម៉ា បាន​ចុះ​កិច្ច​ព្រមព្រៀង​រួច​ជាស្រេច លើ​ពាណិជ្ជកម្ម​ឈើ​ប្រណិត។

របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​​បាន​បង្ហាញ​ថា តម្លៃ​ឈើ​ប្រណិត​រំពឹង​នឹង​កើន​ឡើង​ខ្ពស់​នៅ​ពេល​អនាគត។ តាម​ការ​ប៉ាន់ស្មាន​តម្លៃ​គ្រឿង​សង្ហារិម​ដែល​ផលិត​ពី​ឈើ​ប្រណិត​ បាន​កើន​ឡើង​ប្រមាណ ២៥% រៀង​រាល់​ឆ្នាំ។

អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជា​ច្រើន​បាន​​អះអាង​ថា ការ​ជួញ​ដូរ​ឈើ​ប្រណិត​​ដោយ​ខុស​ច្បាប់​នេះ​ដោយសារ​ច្បាប់​នៅ​អន់​ខ្សោយ និង​​ភាព​មិន​អើពើ​​ឆន្ទៈ​របស់​អ្នក​អនុវត្ត​​ច្បាប់​នៅ​ប្រទេស​នីមួយ។

ក្រៅ​ពី​បញ្ហា​នេះ ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ ក៏​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​គាំទ្រ​ដល់​​អាជីវកម្ម​ឈើ​ប្រណិត​ដោយ​ខុស​ច្បាប់។ ជាក់​ស្ដែង​​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស​​ប្រមាណ ១២០​ក្រុមហ៊ុន​ ដែល​មាន​ផ្ទៃដី​សរុប​ជិត ២​លាន​ហិកតារ​​ចាប់​តាំង​​ពី​ឆ្នាំ​១៩៩៦ ​រហូត​ដល់​បច្ចុប្បន្ន។

ការ​ផ្ដល់​ដី​សម្បទាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ តែង​កើត​មាន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត​នៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ដូចជា​ ឡាវ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ជាដើម។ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​​ជា​ឫសគល់​ឈាន​ដល់​ការ​ជួញដូរ​ឈើ​ប្រណិត​ដោយ​ខុស​ច្បាប់​នៅ​លើ​ទីផ្សារ​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។