ទឹកដីនៃតំបន់អាស៊ានសម្បូរទៅដោយធនធានធម្មជាតិ និងប្រកបដោយសក្ដានុពលលើការវិនិយោគ និងពាណិជ្ជកម្ម។ ជាងនេះទៅទៀតជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងរវាងប្រទេសចិន ជាមួយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ក៏ជាកត្តាសំខាន់ដែលជំរុញអោយសហរដ្ឋអាមេរិក ងាកមកចូលរួមក្នុងបញ្ហាតំបន់អាស៊ីអាគ្នេយ៍អោយកាន់តែសកម្ម។
អាស៊ានបង្កើតឡើងក្នុងគោលបំណងសំខាន់បី។ ទីមួយ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទីពីរ ការពារស្ថិរភាពនយោបាយ និងពាណិជ្ជកម្មទល់នឹងប្រទេសមហាអំណាច និងទីបី សម្រាប់បម្រើជាវេទិកាមួយដោះស្រាយការខ្វែងយោបល់គ្នានៅក្នុងតំបន់។ ម៉្យាងវិញទៀត អាស៊ានគ្មានសិទ្ធិជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកណាមួយឡើយ។
ប៉ុន្តែប្រទេសសមាជិកអាស៊ាននីមួយៗអាចបែកបាក់គ្នា ដោយសារតែនិន្នាការនយោបាយគាំទ្រ ដោយប្រទេសមហាអំណាច។ ឥទ្ធិពលខ្លាំងក្លារបស់ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងផ្ដោតលើ តំបន់អាស៊ាន តាមរយៈគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយការបរទេស។
ប្រទេសមហាអំណាចទាំងពីរ បានប្រឹងប្រែងបង្កើនឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងបង្កើតតំបន់តែមួយនៅឆ្នាំ២០១៥ ដែលគេចាត់ថា ជាតំបន់មួយសម្បូរទៅដោយធនធានធម្មជាតិ និងជាទីកន្លែងសម្រាប់ពង្រីកមហិច្ឆតារបស់ខ្លួន។ ទាំងប្រទេសចិន និងសហរដ្ឋអាមេរិកបានប្រើគ្រប់មធ្យោបាយដើម្បីមានឥទ្ធិពលលើតំបន់ដែលមានប្រជាជនប្រមាណ ៦០០លាននាក់។ ចំពោះប្រទេសសមាជិកអាស៊ាននីមួយៗវិញ ក៏បានប្រឹងប្រែង ទទួលយកអត្ថប្រយោជន៍ពីប្រទេសមហាអំណាចដែលផ្ដល់ឲ្យ ទោះជាតាមវិធីណាក៏ដោយ។
ប្រទេសសមាជិកអាស៊ានបច្ចុប្បន្នភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍ និងមូលដ្ឋានសេដ្ឋកិច្ចខ្លាំងពឹងលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ ប្រទេសអាស៊ាននីមួយៗបានទទួលយកគម្រោងវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែច្រើន ដោយគ្មានគិតអំពីទស្សនៈវិស័យនៅពេលអនាគតឡើយ។ មានន័យថា ការទទួលបានទំហំពាណិជ្ជកម្ម និងវិនិយោគកាន់តែធំនឹងធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនរីកចម្រើនបានយ៉ាងឆាប់រហ័ស។
ប្រទេសមួយធានាបាននូវមហាអំណាចលើពិភពលោកបាន ត្រូវទាមទារកត្តាបីសំខាន់។ ទីមួយ អំណាចយោធា ទីពីរ អំណាចការទូត និងទីបី អំណាចខាងសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះដែរ ប្រទេសមហាអំណាចសម្លឹងមកអាស៊ាន ដោយសារតែហេតុផលសំខាន់បួនគឺ ទីមួយ គឺធនធានធម្មជាតិនៅក្នុងដី និងសម្បត្តិធម្មជាតិនៅក្នុងទឹក ទីពីរ នាវាចរណ៍ ទីបី ការរក្សាស្ថិរភាពនយោបាយនៅក្នុងតំបន់និងទីបួន គឺជាទីកន្លែងសមស្របមួយសម្រាប់ពង្រីកឥទ្ធិពលមហាអំណាច និងការពង្រីកទីផ្សាររបស់ខ្លួន។
របាយការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ស្ដីពីពាណិជ្ជកម្មបានបង្ហាញថា ក្រៅពីទំហំពាណិជ្ជកម្មផ្ទៃក្នុងរវាងប្រទេសសមាជិកអាស៊ានមានប្រមាណ ២៥% នោះ។ ការធ្វើពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសចិនមានប្រមាណ ១១% ហើយការធ្វើពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកវិញមានចំនួន ៩% នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ានតែប៉ុណ្ណោះ។
ទោះបីជាតួលេខនៃការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក មានទាបជាងចិន បន្តិចមែនសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានខឿនសេដ្ឋកិច្ចទំនើប និងជឿនលឿនបំផុតមួយនៅលើពិភពលោក។ ការប្រើប្រាស់លុយដុល្លារអាមេរិកជាមធ្យោបាយក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ក៏ជាកត្តាមួយទៀត ដែលធ្វើអោយសហរដ្ឋអាមេរិកនៅតែមានប្រៀបជាងប្រទេសចិន។ បន្ថែមលើនេះ សហរដ្ឋអាមេរិកគឺជាទីផ្សារសំខាន់មួយរបស់អាស៊ាន ហើយទំហំនៃការបណ្ដាក់ទុនផ្ទាល់របស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ី ក៏នៅតែមានចំនួនទឹកប្រាក់សរុបច្រើនជាងប្រទេសចិន និងឥណ្ឌាដែរ។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកនៅតែរក្សាបាននូវឧត្ដមភាពផ្នែកបច្ចេកវិជ្ជារបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅទូទាំងពិភពលោក។
ចំពោះបញ្ហានយោបាយអន្តរជាតិវិញ សហរដ្ឋអាមេរិកបានប្រឹងប្រែងសម្របសម្រួលជម្លោះសមុទ្រ ចិនខាងត្បូងរវាងប្រទេសសមាជិកអាស៊ានមួយចំនួន។ ប៉ុន្តែការដោះស្រាយបញ្ហានេះ ហាក់ដូចជាលំបាក។ ការលំបាកនៅត្រង់ថា ការចង់បានខុសគ្នារបស់ប្រទេសមហាអំណាចទាំងពីរ។ ឧទាហរណ៍ សហរដ្ឋអាមេរិកចង់រក្សាមហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោក ចំណែកប្រទេសចិនចង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីមួយដែរនៅឆ្នាំ២០១៥។
ប្រទេសជាសមាជិកបួនក្នុងចំណោមប្រទេសអាស៊ានទាំងដប់គឺ ប្រទេសប្រ៊ុយណេ (Brunei) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (the Philippines) និងប្រទេសវៀតណាម (Vietnam) រួមទាំងកោះតៃវ៉ាន់ផង កំពុងមានទំនាស់ជាមួយប្រទេសចិន ទាក់ទងនឹងទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង។
បច្ចុប្បន្នតំបន់អាស៊ានអាចចាត់ទុកថា ទីតាំងភូមិសាស្ត្រនយោបាយសម្រាប់ឲ្យប្រទេសធំប្រយុទ្ធគ្នា ដើម្បីក្លាយជាមហាអំណាចពិភពលោក។
ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ាន សហរដ្ឋអាមេរិកបានបង្ហាញជំហររបស់ខ្លួនថា គ្រោងនឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការចូលជាតិអាស៊ានមួយនៅកោះហាវ៉ៃនាឆ្នាំ២០១៤ ដើម្បីស្វែងរកវិធីទប់ទល់នឹងឥទ្ធិពលរបស់ចិនដែលកំពុងតែរីករាលដាលនៅក្នុងតំបន់។
ការបង្កើតកិច្ចប្រជុំនោះ ដែលរៀបចំដោយសហរដ្ឋអាមេរិកនេះ នឹងអនុញ្ញាតឲ្យអ្នកមុខអ្នកការទាំងអស់ចែករំលែកអោយគ្នាទៅវិញទៅមកនូវចក្ខុវិស័យរួមមួយ សម្រាប់នាំអោយមានអនាគតប្រកបទៅដោយសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។
ប្រទេសអាស៊ានតូចៗដទៃទៀតមាន កម្ពុជា និងឡាវជាដើមកំពុងទទួលឥទ្ធិពលចិនទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ចំណែកឯសហរដ្ឋអាមេរិកវិញ បានខិតខំរកវិធានការណ៍មួយចំនួន ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនទៅលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អាស៊ាន និងតំបន់ដទៃទៀតនៅលើពិភពលោក។
កត្តាដែលញ៉ាំងអោយប្រទេសចិនអាចមានប្រៀបជាងសហរដ្ឋអាមេរិកនោះ គឺប្រការដែលចិនអាចមានទំនាក់ទំនងល្អលើផ្នែកពាណិជ្ជកម្មជាមួយអាស៊ាន។ ប្រទេសចិនអាចផលិតទំនិញលក់ឲ្យប្រជាពលរដ្ឋអាស៊ានត្រង់តម្លៃមួយថោក ស្របទៅតាមចំណូលពួកគេអាចរកបានប្រមាណ ៣ពាន់ដុល្លារក្នុងមួយឆ្នាំ។ ឯសហរដ្ឋអាមេរិកគិតថា ការផលិតទំនិញលក់ត្រង់តម្លៃមួយថោកគឺជារឿងខាតពេល និងមិនចំណេញច្រើន។ ភាពខ្លាំងរបស់ចិនមួយទៀតគឺការផ្ដល់ជំនួយ និងកម្ចីដោយមិនគិតអំពីគោលបំណង។ ផ្ទុយទៅវិញ សហរដ្ឋផ្ដល់ជំនួយដោយគិតអំពីរបៀបប្រើប្រាស់ជំនួយនោះប្រកបដោយប្រសិទ្ធភាព ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
