បញ្ហា​ពលរដ្ឋ​ខ្វះ​ដី​សម្រាប់​បង្ក​បង្កើន​ផល

រាជ​រដ្ឋាភិបាល​បាន​បែង​ចែក​ដីធ្លី​ទៅ​តាម​ភូមិសាស្រ្ត ឲ្យ​ក្រុម​ហ៊ុន​រាវ​រ៉ែ ដែល​ក្រុមហ៊ុន​ខ្លះ​បាន​ទទួល​ដី​សម្បទាន​ជា​ច្រើន​ម៉ឺន​ហិកតារ​ដើម្បី​រុក​រក​រ៉ែ​នៅ​ក្នុង​ខេត្ត​ជា​ច្រើន។

0:00 / 0:00

ពលរដ្ឋខ្មែរ​មើល​ឃើញ​ថា ក្នុង​ពេល​រដ្ឋ​កំពុង​ធ្វើ​សម្បទាន​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើ​អាជីវកម្ម​ផ្សេងៗ អង្គការ World Food Program រាយការណ៍​ថា ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​កសិករ​ដល់​ទៅ​ប្រមាណ​ជាង ២១% មាន​ដី​មិន​គ្រប់គ្រាន់ ឬ​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ។

តាម​របាយការណ៍​ពី​អង្គការ​នានា មាន​ដូច​ជា អង្គការ Amnesty International ជាដើម នា​ដើម​ឆ្នាំ ២០០៩ កម្ពុជា មាន​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​រស់​នៅ និង​ធ្វើ​ស្រែ​ចម្ការ​ប្រមាណ​ជាង ១​ម៉ឺន​គ្រួសារ។ ថ្មីៗ​នេះ ធនាគារ​ពិភព​លោក​សហការ​នឹង​អង្គការ​អភិវឌ្ឍន៍​បច្ចេកទេស​អាល្លឺម៉ង់ បាន​ជួយ​ឩបត្ថម្ភ​ធនធាន​ដល់​កម្ពុជា ឲ្យ​ធ្វើ​យ៉ាង​ណា​រក​ដី​ធ្លី​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ។

យោង​តាម​ព្រឹត្តិបត្រ​ធនាគារ​ពិភព​លោក ផ្សាយ​ខែ​កក្កដា ឆ្នាំ ២០០៩ នេះ ប្រជាពលរដ្ឋ​ខ្មែរ​ក្រ​គ្មាន​ដី​ចំនួន ៥៤៩​គ្រួសារ ត្រូវ​ចេញ​ពី​ឃុំ​សំបុក និង​ឃុំ​កសាង ខេត្ត​ក្រចេះ ទៅ​រស់​នៅ​កន្លែង​ថ្មី​ចម្ងាយ ២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត តាម​ដង​ផ្លូវ​ជាតិ​លេខ​៧។ តាម​កម្មវិធី​បែងចែក​ដីធ្លី​សម្រាប់​អភិវឌ្ឍ​សង្គមកិច្ច​និង​សេដ្ឋកិច្ច គេ​ចែក​ដី​ព្រៃ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ២​ហិកតារ កាំបិត​ផ្គាក់ ពូថៅ ចប​កាប់ គ្រាប់​ពូជ និង​លុយ​សុទ្ធ ៥០​ដុល្លារ ហើយ​ត្រូវ​កាប់​ឆ្ការ​ដោយ​ខ្លួន​ឯង។ កម្មវិ ធី​សម្រាប់​រយៈ​ពេល ៤​ឆ្នាំ​នេះ កំពុង​អនុវត្ត​នៅ​ក្នុង​ខេត្ត​ក្រចេះ កំពង់ចាម និង​កំពង់ធំ។

វេជ្ជបណ្ឌិត ទៀ ផល្លា អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សង្កេត​ឃើញ​ថា បញ្ហា​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្លះ​ធ្វើការ​មួយ​ទាំង​បង្ខំ​ចិត្ត ក៏​មក​ពី​រឿង​គ្មាន​ដីធ្លី​នោះ​ដែរ ៖ «ខ្ញុំ​ឃើញ​ដាក់​នៅ​ក្នុង World Food Program គឺ ២១% នៃ​កសិករ​នៅ​តំបន់​ហ្នឹង គឺ​ពុំ​មាន​ដី​សម្រាប់​ធ្វើ​ស្រែ មាន​ដី​ស្រែ​តិច​ជាង​មួយ​ហិតការ គឺ​វា​ច្រើន​ជាង​ហ្នឹង​ទៅ​ទៀត។ យើង​មើល​ទៅ​ស្រុក​យើង​ស្រុក​កសិកម្ម ប៉ុន្តែ​ដល់​ទៅ​ដីធ្លី​យើង​វា​កាន់​តែ​រួញ​ទៅ គ្រួសារ​កាន់​តែ​ច្រើន​ឡើង ដូច្នេះ​វា​ធ្វើ​ឲ្យ​មាន​ការ​ដែល​ក្រីក្រ​ហ្នឹង​មាន​សន្ទុះ​ខ្លាំង បើ​សិន​ណា​យើង​គិត​ជា​ទូទៅ​យើង​ឃើញ​ថា​ភាព​ក្រីក្រ​មាន​ការ​ថយ​ចុះ តែ​កម្រិត​នៃ​ភាព​ក្រីក្រ​វា​ខ្លាំង​ក្លា»

រាជ​រដ្ឋាភិបាល​មិន​ត្រឹម​តែ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង Kenertec មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រាវ​រ៉ែ​ដែក​នៅ​រវៀង និង​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​ថ្ម ខេត្ត​ព្រះវិហារ ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​នេះ​បាន​ទទួល​ដី​សម្បទាន ៨​ទីតាំង​ទៀត​នៅ​កម្ពុជា ដែល​គិត​ជា​ផ្ទៃ​ដី​មាន​ទំហំ ១,៥២០​គីឡូម៉ែត្រ​ការ៉េ ដែល​គេ​ដឹង​ថា​មាន​រ៉ែ​ដែក ឬ រ៉ែ​មាស ឬ​ក៏​មាន​រ៉ែ​ទាំង​ពីរ។ នៅ​ការដ្ឋាន​រ៉ែ​នោះ គេ​សង្កេត​ឃើញ​មាន​ប្រើ​ទាហាន​យ៉ាង​តិច ១៥​នាក់ ដើម្បី​យាម​ល្បាត​ក្រោម​បញ្ជា​នាយ​ទាហាន​ស្រុក​ម្នាក់ ឈ្មោះ ឆៃ ដែល​ទទួល​បាន​ប្រាក់​ខែ​ប្រមាណ ១​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ក្រុមហ៊ុន Kenertec ដើម្បី​ចែក​ចាយ​ដល់​ពលទាហាន​យាម​ការពារ។

នៅ​តំបន់​មួយ​ចំនួន​ក្នុង​ស្ទឹង​ត្រែង វិញ មាន​ក្រុមហ៊ុន​រាវ​រ៉ែ​មួយ​ទៀត​គេ​មិន​សូវ​ឮ​ឈ្មោះ គឺ​ក្រុមហ៊ុន រ៉ែ ហុងហ៊្វូ ទ្រីភាព ដែល​គេ​សង្ស័យ​ថា ជា​សហគ្រាស​ក្នុង​ស្រុក​ឈ្មោះ​ក្រុមហ៊ុន រ៉ែ​អភិវឌ្ឍន៍ សំណង់ ហុងហ៊្វូ ទ្រីភាព។ ថៅកែ​ក្រុមហ៊ុន​នេះ​ឈ្មោះ​ឩកញ៉ា ទ្រី ភាព ហើយ​មាន​ដៃគូ​ចុះ​ក្នុង​បញ្ជី​ជា​នាយក​គ្រប់គ្រង​មាន​ឈ្មោះ​ឩកញ៉ា​សមាជិក​ព្រឹទ្ធសភា ឡៅ ម៉េងឃិន ដែល​ជា​នាយក​ក្រុមហ៊ុន​កាប់​ឈើ ភាពីម៉ិច (Pheapimex)។

ក្រុមហ៊ុន​រ៉ែ ហុងហ៊្វូ ទ្រីភាព ប្រើ​កម្លាំង​យោធា​នៃ​កង​យោធពល​ខេមរភូមិន្ទ បោះ​ទីតាំង​នៅ​ភូមិ​អន្លង់​ជ្រា ភូមិ​មោង និង​ភូមិ​ឆ្វេង ដើម្បី​ការពារ​ការដ្ឋាន​រ៉ែ​ដែក ក្នុង​ឃុំ​អន្លង់​ភេ ស្រុក​ថាឡាបរិវ័ត។ សារ​ព័ត៌មាន​យៀកណាម និង​រដ្ឋការ​ក្រុង​ហាណូយ ឲ្យ​ដឹង​ថា ក្រុមហ៊ុន ទ្រីភាព ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ខែ​កក្កដា ឆ្នាំ​២០០៧ រួម​សហការ​នឹង​ក្រុមហ៊ុន​ឧស្សាហកម្ម​ធ្យូង​ថ្ម និង​រ៉ែ​យៀកណាម ព្រមទាំង​ក្រុមហ៊ុន​ខ្មែរ​ឈ្មោះ ក្រុមហ៊ុន​រ៉ែ ម៉ុម មាន​លាភ ឈ្មោះ​តាម​អង់​គ្លេស​ថា Mom Good Luck Mining។

ពលរដ្ឋ​ខ្មែរ​សួរ​ថា តើ​ធនធាន​ធម្មជាតិ​ក្នុង​ទឹក​ដី​ខ្មែរ ជា​លោហធាតុ​មាន​តម្លៃ ប្រជារាស្រ្ត​តូច​តាច​ក្នុង​សហគមន៍​បាន​ទទួល​ផល​អ្វី​ខ្លះ ឬ​ទេ?

ទន្ទឹម​ពេល​ដែល​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ឯកជន ទាំង​ក្នុង​ស្រុក ទាំង​ក្រៅ​ស្រុក​ធ្វើ​អាជីវកម្ម​រាវ​រ៉ែ ក្រុម​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​និយាយ​អំពី​ការ​រក​មធ្យោបាយ​ផ្សេងៗ ដើម្បី​ជួយ​កសិករ​ខ្មែរ។

លោក ចាន់ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ ប្រាប់​វិទ្យុ​អាស៊ី​សេរី អំពី​ទស្សនៈ​របស់​លោក​តាម​ការ​សិក្សា​ស្រាវជ្រាវ ៖ «រដ្ឋាភិបាល​អាច​ជួយ​សម្រាល​វិបត្តិ​ទៅ​លើ​ប្រជាជន​មួយ​ចំនួន​ទៅ​តាម​ការ​ពង្រីក​គម្រោង​របស់​ខ្លួន​ដែល​មាន​ស្រាប់ ពីព្រោះ​គម្រោង​ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ប្រជាពលរដ្ឋ​ក្រីក្រ ឲ្យ​ពួកគាត់​មាន​ការងារ​ធ្វើ។ គម្រោង​រដ្ឋាភិបាល​មាន​ច្រើន​ណាស់ ប៉ុន្តែ​គ្រាន់​តែ​ថា​កម្រិត​មូលនិធិ​សម្រាប់​គម្រោង​នីមួយៗ​ហ្នឹង នៅ​មាន​កម្រិត​ទាប។ ដូច្នេះ​បើសិនជា​រាជ​រដ្ឋាភិបាល​បង្កើត​មូលនិធិ​ជួយ​ដល់​កសិករ​ឲ្យ​ទទួល​បាន​ជី ក្នុង​ថ្លៃ​តែ​ពាក់​កណ្ដាល ហើយ​ជំពាក់​ទៀត។ ដូច​គម្រោង​រាជ​រដ្ឋាភិបាល​កំពុង​ដំណើរការ​កន្លង​មក នៅ​៧ ខេត្ត ជុំវិញ​បឹង​ទន្លេសាប​នោះ គម្រោង​នោះ​បាន​ផ្ដល់​ស្រូវ​ពូជ​ដែល​មាន​គុណភាព​ល្អ បញ្ចុះ​ថ្លៃ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ»

តាម​របាយការណ៍​ស្រាវជ្រាវ​ពី​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ ២០០៧ ដែល​ផ្សាយ​សម្រាប់​ខែ កក្កដា និង​ខែ​កញ្ញា វិនិយោគ​ទុន​ឯកជន​ខាង​វិស័យ​កសិកម្ម គិត​ជា​ទឹក​ប្រាក់​មាន ៥១៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក រី​ឯ​វិស័យ​ឧស្សាហកម្ម​មាន​ទឹក​ប្រាក់ ៩៥៤​លាន​ដុល្លារ ប៉ុន្តែ​ការងារ​សម្រាប់​ពលរដ្ឋ​ធ្វើ​ក្នុង​វិស័យ​កសិកម្ម​មាន​ដល់ ៧០%។

បើ​ប្រជាពលរដ្ឋ​ជា​កសិករ​មាន​ដី​គ្រប់គ្រាន់​បង្ក​បង្កើន​ផល ដាំ​ដុះ​បាន​ផល​ដូច​ប្រាថ្នា តើ​ពួក​គាត់​អាច​ដោះស្រាយ​ជីវភាព​បាន​កម្រិត​ណា?

លោក ឡាង សេងហ៊ុង នាយក​សហគ្រាស​នៃ​អង្គការ​សេដាក អង្គការ​លោក​កំពុង​តែ​ជួយ​រក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ដែល​កសិករ​ខ្មែរ​ផលិត​បាន​ដើម្បី​លក់ ៖ «អង្គការ​សេដាក​យើង​បាន​បង្កើត​ផ្នែក​ទីផ្សារ​ដើម្បី​យើង​ធ្វើ​ម៉េច​ឲ្យ​ភ្ជាប់​ផលិតផល​កសិករ​យក​មក​លក់​នៅ​លើ​ទីផ្សារ ជួយ​រក​ទីផ្សារ​ឲ្យ​គាត់។ កន្លង​មក​យើង​បាន​ធ្វើ​កិច្ចការ​ហ្នឹង​តាំង​ពី​ឆ្នាំ ២០០៤ តាម​រយៈ​ទីផ្សារ យើង​សង្កេត​ឃើញ​ថា​វា​ជួយ​ដល់​កសិករ​អាច​ឲ្យ​គាត់​រក​ប្រាក់​ចំណូល​បាន​បន្ថែម កសិករ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​អ្វី​ដែល​គាត់​អត់​មាន​ការ​សហការ​ជាមួយ​យើង​ទាក់​ទង​ទីផ្សារ។ ជា​រួម​យើង​សង្កេត​ឃើញ​ថា គាត់​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពី ១០ ទៅ ១៥% បើ​ធៀប​ទៅ​នឹង​កសិករ​នៅ​តំបន់​ផ្សេង ដែល​អត់​មាន​ការ​អន្តរាគមន៍​រឿង​ទីផ្សារ​ហ្នឹង។ ទាក់​ទង​ជាមួយ​រដ្ឋាភិបាល ខ្ញុំ​គិត​ថា ជា​កត្តា​សំខាន់​ដែល​យើង​ធ្វើ​ម៉េច ទី​១​ទាក់​ទង​រឿង​គោល​នយោបាយ​រដ្ឋាភិបាល យើង​ធ្វើ​ម៉េច​ជំរុញ និង​លើក​ទឹក​ចិត្ត​ទៅ​លើ​ផលិតផល​ក្នុង​ស្រុក យើង​ពិនិត្យ​មើល​ផលិតផល​ដែល​អាច​ផលិត​បាន គឺ​យើង​ជំរុញ​ឲ្យ​កសិករ​ផលិត និង​បែង​ចែក​ផលិតផល​ក្នុង​ស្រុក។ ថវិកា​របស់​រដ្ឋាភិបាល ឬ​ក៏​ថវិកា​របស់​ជំនួយ​ផ្សេងៗ យើង​ផ្ដោត​សំខាន់​ទាក់​ទង​រឿង​ការងារ​ពង្រឹង​សមត្ថភាព​កសិករ»

វេជ្ជបណ្ឌិត ទៀ ផល្លា បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ ឃ្លាត​គ្នា​ឆ្ងាយ គឺ​អ្នក​មាន​កាន់​តែ​មាន អ្នក​ក្រ​កាន់​តែ​ក្រ៕