សកម្មភាពក្នុងទីផ្សារជាផ្នែកមួយនៃវិសាលភាពសេដ្ឋកិច្ចជាតិទាំងមូល។ មានពលរដ្ឋខ្មែរជាច្រើន ទាំងក្នុងទាំងក្រៅប្រទេស ងឿងឆ្ងល់ហើយចោទសួរគ្នាថា ហេតុអ្វីបានជាពលរដ្ឋខ្មែរភាគច្រើននៅតែក្រមកទល់សព្វថ្ងៃ ហើយមានពលរដ្ឋរហូតដល់ជាង ៣៥% រកចំណូលបានតិចជាងមួយដុល្លារអាមេរិកក្នុងមួយថ្ងៃ ឬប្រមាណ ៤.០០០រៀល។
តាមប្រភពអ្នកនយោបាយជំទាស់វិញថា ប្រជាពលរដ្ឋក្រីក្រដែលរកចំណូលបានក្រោម ៤.០០០រៀលក្នុងមួយថ្ងៃមានដល់ទៅយ៉ាងតិច ៤០%។ សហគមន៍អន្តរជាតិសន្យាផ្តល់ជំនួយដល់កម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ពី៦០០ ទៅជិត ១.០០០លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយនឹងរបាយការណ៍អំពីភាពទីទ័លក្រនៃប្រជាពលរដ្ឋខ្មែរជាច្រើនទសវត្សរ៍កន្លងមកនេះ ក៏មានរបាយការណ៍អំពីកំណើនសេដ្ឋកិច្ចដែរក្នុងមួយឆ្នាំៗ ដែលចេញពីផលទុនសរុបក្នុងស្រុក ឬផលទុនក្នុងស្រុកសរុប ដែលហៅតាមអង់គ្លេសថា Gross Domestic Product [GDP]។
មន្រ្តីរាជរដ្ឋាភិបាលធ្លាប់ប្រកាសជារឿយៗកន្លងមកថា សេដ្ឋកិច្ចឆ្នាំនេះកើនប៉ុណ្ណេះភាគរយ ឆ្នាំនោះកើនប៉ុណ្ណេះភាគរយ ថ្វីបើអ្នកឃ្លាំមើលនិងអ្នកវិភាគសេដ្ឋកិច្ចសិក្សាស្រាវជា្រវឃើញថា ភាគរយនៃកំណើនដែលរដ្ឋាភិបាលប្រកាសនោះមិនដូចគ្នាក្តី។ កាលពីពេលថ្មីៗកន្លងទៅនេះ មន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបដិសេធមិនទទួលយកការព្យាករណ៍ទុកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០០៩ នេះ ស្ថិតនៅត្រឹម ២.៥% គឺក្រោមការទស្សន៍ទាយទុកពីពេលមុនដែលថាមានកំណើនយ៉ាងតិចពី ៥% ទៅ ៦% នោះ។
តាមការព្យាករណ៍របស់រាជរដ្ឋាភិបាលថា ឆ្នាំ២០០៩ សេដ្ឋកិច្ចជាតិនឹងកើន ៦.៥%។ តើសេដ្ឋកិច្ចកើន ឬមិនកើន សាធារណជនអាចដឹងបាន ឬមិនបាន?
អាជីវករថ្នាក់តូចឈ្មោះ សាឡេះ រី ដែលមានហាងលក់ដូរនៅជ្រោយចង្វារ ក្រុងភ្នំពេញ ពោលថា ទាល់តែអ្នកក្រីក្រ ឬអ្នករកស៊ីតូចតាចទើបឆាប់ដឹងអំពីវិជ្ជមាន ឬអវិជ្ជមាននៃកំណើនសេដ្ឋកិច្ច។
លោក សាឡេះ រី បានឲ្យដឹងដូច្នេះ ៖ «ចំពោះប្រជាពលរដ្ឋក្រីក្រគ្នាអត់ ដូចថាប៉ះបន្តិចបន្តួចមកវាហាក់ដូចជាធ្ងន់ធ្ងរណាស់ ចំពោះគេអ្នកធូរធារគេគិតថាមិនមែនបញ្ហារបស់គេទេ។ ម្នាក់ៗចេះតែថ្ងូរពិបាករកណាស់ៗ ពិបាកៗអ៊ីចឹងទៅ បាត់អត់ឃើញទៅលក់ដូរ ហ្នឹងអ្នកលក់ដូរដូចខ្ញុំ។ វាបាត់ចំណូល យើងធ្លាប់លក់មួយថ្ងៃ ២០-៣០ម៉ឺន ឥឡូវរក ៥ម៉ឺនមិនឃើញ។ វាជាការពិតជាក់ស្ដែងណាស់ ខ្លួនខ្ញុំផ្ទាល់ក៏រកស៊ីមិនបានដែរ អ្នកដែលគាត់ធ្លាប់ធ្វើការគាតមិនបានប្រឡូកជាមួយប្រជារាស្រ្ដ រកស៊ីជាមួយប្រជារាស្រ្ដលក់ដូរកំប៉ិកកំប៉ុក គាត់មិនសូវដឹងទេពីបញ្ហា ប៉ុន្តែជាការពិតណាស់»។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក គាត ឈន់ មានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី មិនអាចធ្វើជាហោរាទស្សន៍ទាយទេ។ លោកថាសេដ្ឋកិច្ចជាតិនឹងកើន ៦% បើគេគិតទាំងកំណើនផលិតផលក្នុងវិស័យកសិកម្ម និងក្នុងវិស័យអាជីវកម្មក្រៅប្រព័ន្ធ ឬហៅតាមអង់គ្លេសថា Informal sector economy។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ ២៤ មីនា បានសំដែងនូវការគ្មានជំនឿលើអ្វីដែលសេដ្ឋវិទូព្យាករណ៍ទុក យោងទៅតាមចរន្តសេដ្ឋកិច្ចពិភពលោកសព្វថ្ងៃនេះ ដោយបញ្ជាក់ថា លោកមើលមិនឃើញមានបញ្ហាអ្វីឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ៖ «នៅអាមេរិកនិងអឺរ៉ុបហ្នឹងតែម្ដង គ្នាបាត់បង់ការងារធ្វើ ដល់បាត់បង់ការងារធ្វើ តម្រូវការដូចជាការកាត់ដេរសម្លៀកបំពាក់នៅប្រទេសរបស់យើង តែកាលណាគេលក់ក្នុងទីផ្សាររបស់គេមិនសូវដាច់ គេក៏កាត់បន្ថយការបញ្ជាទិញពីប្រទេសយើង ឬពីប្រទេសដទៃគ្រប់តែប្រទេសហ្នឹង កាត់បន្តិចៗម្នាក់។ បញ្ហាទេសចរណ៍ កុំមើលស្រាលទេសចរណ៍ផ្ទៃក្នុង អត់ធម្មតាទេ ខ្មែរនេះចាយអាក្រក់ណាស់កុំលេង! ប៉ុន្មានអាទិត្យមុននេះ ទៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ងាប់ហើយ! ដើរនោះដើរ ឆ្នេរអូរឈើទាល។ ទេសចរខាងក្រៅយើងបានទទួលតម្លៃទិដ្ឋាការ ពន្ធព្រលានយន្តហោះ និងសេវាសណ្ឋាគារខ្នាតធំៗមួយចំនួន ប៉ុន្តែទេសចរក្នុងស្រុក ជនជាតិកម្ពុជាយើងក៏មានប្រាក់ដេកអូតែល»។
មានមនុស្សខ្លះឆ្ងល់ថា ហេតុអ្វីចាំបាច់ចង់ដឹងរឿងសេដ្ឋកិច្ច? អ្នកខ្លះទៀតថា រឿងសេដ្ឋកិច្ចវាស្មុគស្មាញពេក ពិបាកយល់ណាស់ ដូច្នេះមិនចាំបាច់ចង់ដឹងធ្វើអ្វីទេ។
តាមឯកសារគ្រប់កន្លែងស្តីអំពីសេដ្ឋកិច្ច ការគិតគូរអំពីសេដ្ឋកិច្ចមានកំណើតនៅក្នុងអារ្យធម៌បុរាណៗ ក្នុងអាណាចក្រធំៗ នៃប្រវត្តិសាស្រ្តមនុស្សជាតិរាប់ពាន់ឆ្នាំ តាំងពីមុនគ្រិស្តសករាជទៅទៀត។ មនុស្សគ្រប់ជាតិសាសន៍ចេះគិតអំពីសេដ្ឋសាស្រ្ត ដែលអង់គ្លេសហៅថា Economics។
តាមឯកសារ អ្នកប្រាជ្ញខាងសេដ្ឋកិច្ចតាំងពីសម័យបុរាណមានជនជាតិក្រិក Aristotle, ជនជាតិចិន អធិរាជ គិន ស្ហ៊ីហ្វាង (Qin Shi Huang), ជនជាតិឥណ្ឌា ច័ណ្ណៈគិយា (Chanakya), ជនជាតិអ៊ីតាលី Thomas Aquinas, ជនជាតិអារ៉ាប់ អ៊ីប៊ិន ខាល់ទូន (Ibn Khaldun), រហូតដល់សេដ្ឋវិទូសតវត្សរ៍ទី១៩ និងទី២០ មានជនជាតិអេកូស្ស Adam Smith, ជនជាតិអង់គ្លេស Thomas Robert Malthus, ជនជាតិអាល្លឺម៉ង់ដ៍ កាល់ ម៉ាក្ស (Karl Marx), ជនជាតិអង់គ្លេស John Maynard Keynes, ជនជាតិអាមរិកាំង Milton Friedman ជាដើម សុទ្ធតែគិតពិចារណាឃើញជាទូទៅដូចគ្នាថា សេដ្ឋកិច្ចគេយកទៅវិភាគសម្រាប់ប្រើការបានគ្រប់វិស័យក្នុងសង្គមជាតិទាំងមូល ទាំងមុខរបរនិងហិរញ្ញវត្ថុ ទាំងឧក្រិដ្ឋកម្ម ទាំងខាងវិស័យអប់រំ ទាំងក្នុងរង្វង់គ្រួសារ ខាងសុខាភិបាល នយោបាយ សាសនា ស្ថាប័នសង្គម សង្រ្គាម និងវិទ្យាសាស្រ្ត។
សេដ្ឋកិច្ចជាវិទ្យាសាស្រ្តសង្គមម្យ៉ាងរៀនអំពីផលិតកម្ម (Production) ការចែកចាយ (Distribution) និងការប្រើប្រាស់វត្ថុនិងសេវា (Consumption of goods and services)។ គេរៀនចាត់ចែងគ្រប់គ្រងធនធានដែលមានក្នុងផ្ទះ ឬក្នុងស្រុកឲ្យនៅក្នុងប្រព័ន្ធផលិតកម្ម ការបែងចែក និងការប្រើប្រាស់ឲ្យប្រព្រឹត្តទៅតាមក្បួនខ្នាត និងប្រកបដោយប្រសិទ្ធភាព ហៅថា សេដ្ឋកិច្ច ឬ សេដ្ឋកម្ម ឬ អង់គ្លេសហៅថា Economy។ ពាក្យនេះមានឫសគល់ពីពាក្យ ក្រិក គឺមានន័យថា ក្បួនចាត់ចែងផ្ទះ ពោលគឺរបៀប ឬក្បួនខ្នាតរៀបចំចាត់ចែងផ្ទះ ឬគ្រួសារ ឬប្រទេសជាតិ។ សេដ្ឋកិច្ចជាភាសាខ្មែរមានន័យថា មុខការ ឬមុខរបរប្រសើរឧត្តម ពោលគឺការងារដែលមានប្រយោជន៍ធ្វើឲ្យមនុស្សចម្រើនជឿនលឿនល្អប្រពៃ ចាប់ពីគ្រួសារដល់សហគមន៍ ដល់សង្គម ឬប្រទេសជាតិមួយទាំងមូល។
លោក ច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បកស្រាយអំពីរឿងសេដ្ឋកិច្ចតាមបែបងាយយល់ជាទីបំផុត ៖ «បញ្ហាសេដ្ឋកិច្ច ជាបញ្ហាសំខាន់ គឺវាពាក់ព័ន្ធដោយផ្ទាល់នឹងចំណូលរបសគ្រួសារនីមួយៗ គឺនិយាយឲ្យចំទៅគេហៅបញ្ហាពាក់ព័ន្ធហ្នឹង ពាក្យសាមញ្ញគេហៅថា ឆ្នាំងបាយរបស់គ្រួសារនីមួយៗ»៕
