ការ​ប្រើប្រាស់​ដី​​មិន​ត្រឹមត្រូវ អំពើ​ពុក​រលួយ​និង​បំណុល (ភាគ​១)

សេដ្ឋវិទូ​ដែល​អ្នក​រៀនសូត្រ​ផ្នែក​សេដ្ឋកិច្ច​ជំនាន់​ក្រោយៗ​មក ឲ្យ​ឈ្មោះ​ថា​ជា​បិតា​សេដ្ឋកិច្ច​បាន​កំណត់​យក​ដីធ្លី​ជា​កត្តា​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ នៃ​ប្រជាជាតិ​មួយ​រស់​នៅ​បង្កបង្កើន​ផល​សម្រាប់​ចិញ្ចឹម​ជីវិត​ផ្ទាល់​ខ្លួន​ផង និង​បង្កបង្កើន​ផល​សម្រាប់​ចែកចាយ​ដល់​សមាជិក​ឯ​ទៀត​ក្នុង​សង្គម ដែល​ធ្វើ​ឡើង​តាម​របៀប​ដោះ​ដូរ​លក់​ទិញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​មាន​ពិសោធន៍​ផ្ទាល់ គឺ​ថា​កសិករ​មាន​ដី​ធ្វើ​ស្រែ​គ្រប់គ្រាន់​ហើយ​បាន​ផល​ច្រើន គាត់​លក់​ឲ្យ​ពាណិជ្ជករ​ដែល​កិន​ជា​អង្ករ​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ដែល​មិន​ធ្វើ​ស្រែ មាន​មន្រ្តី​រាជការ​ជាដើម​។ល។ នៅ​ពេល​រដ្ឋ​យក​ដី​ជួល​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​អ្វី​មួយ មាន​ការ​រាវ​រ៉ែ​ជាដើម ដី​នោះ​នឹង​មិន​អាច​ធ្វើ​ស្រែ​បាន។ គេ​សួរ​ថា​បើ​ពលរដ្ឋ​កម្ពុជា មាន​កំណើន​រៀង​រាល់​ឆ្នាំ ខ្វះ​ដី​ធ្លី​បង្ក​បង្កើន​ផល តើ​គាត់​មាន​អ្វី​សំអាង​ដើម្បី​រស់? តើ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​លើ​ដី​ខ្មែរ​បង់​ពន្ធដារ​របៀប​ដូច​ម្តេច ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ជា​ម្ចាស់​ដី​នោះ?

សេដ្ឋវិទូ​ដ៏​ល្បី​ជន​ជាតិ​អេកូស (Scottish) ឈ្មោះ អាដាម ស្មីត (Adam Smith) សេរសេរ​សៀវភៅ​អំពី​សេដ្ឋកិច្ច​ជាតិ​នៅ​ឆ្នាំ​១៧៧៦ មាន​ចំណង​ជើង "ភោគទ្រព្យ​របស់​ប្រជាជាតិ​ទាំង​ឡាយ" (The Wealth of Nations) បាន​កំណត់​កត្តា​៣ គឺ ដីធ្លី ពលកម្ម​ការងារ ពោល​គឺ​មនុស្ស​យើង ហើយ​និង​ដើមទុន ថា​ជា​កត្តា​នៃ​ផលិតកម្ម និង​ជា​កត្តា​ចម្បង ធ្វើ​វិភាគទាន​ឲ្យ​ដល់​ភោគទ្រព្យ​របស់​ប្រជាជាតិ​នីមួយៗ។

តាម​ការ​សិក្សា​របស់​សេដ្ឋវិទូ Adam Smith ស្តី​អំពី​ធម្មជាតិ​និង​មូលហេតុ​នៃ​ភោគទ្រព្យ​របស់​ប្រជាជាតិ ពលកម្ម​ការងារ​ប្រចាំ​ឆ្នាំ​រាល់ៗ​ប្រជាជាតិ គឺ​ជា​ទុន​ដែល​ផ្គត់ផ្គង់​ពី​ដើម​ដំបូង​ជាមួយ​នឹង​អ្វីៗ​ចាំបាច់ និង​ងាយស្រួល​ក្នុង​ជីវិត​ដែល​ជីវិត​មនុស្ស​ត្រូវ​ទទួល​ទាន​និង​ប្រើប្រាស់​ប្រចាំ​ឆ្នាំ។

តាម​ទ្រឹស្តី​សេដ្ឋកិច្ច​របស់​លោក ដីធ្លី​ជា​ប្រភព​នៃ​ចំណូល​ថវិកា​ដល់​ឃ្លាំង​រដ្ឋ ជា​ពិសេស​ចំពោះ​ប្រទេស​ត្រូវ​ការ​បង្កបង្កើន​ផល​កសិកម្ម។ សម័យ​ក្រោយៗ​មក ចំណូល​ឃ្លាំង​រដ្ឋ​បាន​មក​ពី​ការ​ប្រមូល​ពន្ធដារ​ពី​មុខ​របរ​ជំនួញ ឬ​ពាណិជ្ជកម្ម និង​អាជីវកម្ម​នានា។

នៅ​អារ្យ​ប្រទេស​និង​ប្រទេស​កំពុង​អភិវឌ្ឍ គេ​សង្កេត​ឃើញ​ថា​មាន​មនុស្ស​មិន​បញ្ចេញ​ពលកម្ម​ការងារ​ទាល់​តែ​សោះ ច្រើន​សន្ធឹក​សន្ធាប់ ហើយ​ត្រូវ​ការ​ទទួល​ទាន និង​ប្រើប្រាស់​អ្វីៗ​លើស​អ្នក​បញ្ចេញ​ពលកម្ម​ការងារ​ផ្ទាល់ ១០​ដង ឬ ១០០​ដង​ក៏ដោយ ក៏​ផលិតផល​ដែល​ចេញ​មក​ពី​ពលកម្ម​ការងារ​ក្នុង​សង្គម​នោះ សំបូរ​ហូរហៀ​មិន​ខ្វះ សម្រាប់​សេចក្តី​ត្រូវការ​របស់​មនុស្ស​គ្រប់​រូប រហូត​ដល់​ពលរដ្ឋ​ស្រទាប់​ក្រោម​បំផុត​ទៀត​ផង។

ការ​ធ្វើ​សម្បទាន​ដីធ្លី ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ការ​ជួល​ដីធ្លី​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​អាជីវកម្ម ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម និង​អាជីវកម្ម​ផ្សេងៗ​នៅ​កម្ពុជា តើ​ក្រុមហ៊ុន​បង់​ពន្ធដារ​ឲ្យ​រដ្ឋ​ត្រឹម​ត្រូវ​គ្រប់​ចំនួន​តាម​ច្បាប់​កំណត់ ឬ​ទេ? តើ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ខ្លះ​ពោល​ដូច​ម្តេច​ក្រោយ​ពី​មាន​ក្រុមហ៊ុន​ជាច្រើន​ធ្វើ​អាជីវកម្ម​លើ​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ?

ប្រជាពលរដ្ឋ​ក្រីក្រ​ខ្មែរ​នៅ​ប៉ែក​ឦសាន​ប្រាប់​វិទ្យុ​អាស៊ីសេរី អំពី​សកម្មភាព​ក្រុមហ៊ុន​ដូច្នេះ ៖ «អ្នក​ភូមិ​ដឹង​ថា​គេ​មក​យក​ពាក់​កណ្ដាល​ភូមិ ហើយ​កំពុង​ព្រួយ​បារម្ភ​ថា​អត់​មាន​កន្លែង​ណា​នៅ​ទៀត​ទេ....។ ខាង​ឃុំ​អត់​យក​ចិត្ត​ទុក​ដាក់ អត់​មាន​ដោះស្រាយ​ទេ»។

មន្រ្តី​ពី​សង្គម​ស៊ីវិល​នៃ​អង្គការ​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ក៏​មើល​ឃើញ​ដូច្នោះ​ដែរ ៖ «បាន​សម្បទាន​បាន​ចុះ​ទៅ គឺ​មិន​បាន​ធ្វើ​ការ​សិក្សា​ផល​ប៉ះពាល់​ឲ្យ​បាន​គ្រប់គ្រាន់។ យើង​ក៏​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល សូម​ឲ្យ​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​អី​ហ្នឹង ពីព្រោះ​យើង​ឃើញ​ថា​នៅ​ក្នុង​ខេត្ត​រតនគិរី​ហ្នឹង ការ​បាត់​បង់​ព្រៃ​ឈើ​វា​អតិបរិមា ច្រើន​ណាស់​រាប់​ម៉ឺន​ហិកតារ»

ចំពោះ​ការ​ប្រើប្រាស់​ធនធាន ពោល​គឺ​ថវិកា​របស់​រដ្ឋ​វិញ តាម​ការ​សិក្សា​របស់​សេដ្ឋវិទូ Adam Smith លើ​វិស័យ​បំណុល​សាធារណៈ លោក​រក​ឃើញ​ទិដ្ឋភាព​មួយ ដែល​ថា​ពេល​មាន​អំពើ​ហិង្សា​កលិយុគ អសន្តិសុខ ឬ​អស្ថិរភាព​ក្នុង​សង្គម អ្នក​គ្រប់គ្រង​នគរ ឬ​អាណាចក្រ មាន​សេ្តច មន្រ្តី អ្នក​រាជការ​ធំៗ និង​ឧកញ៉ា​ជាដើម ដែល​បាន​ពូន​លុយ​ទុក​ដ៏​ក្រាស់ក្រែល​កន្លង​មក​យូរ​ហើយ​នោះ គិត​ថា​លុយ​ងាយ​ស្រួល​នឹង​យក​ជាប់​ជាមួយ​ខ្លួន​ដើម្បី​ទៅ​រក​រស់​នៅ​កន្លែង​សុខ។ អ្នក​ទាំង​នោះ គេ​ចាយ​វាយ​ទិញ​វត្ថុ​ប្រើប្រាស់​ដើម្បី​សម្រួល​ការ​រស់នៅ​របស់​គេ​មិន​សំចៃ​ដៃ​ទេ ទោះ​ជា​វត្ថុ​ខ្លះ​គ្មាន​ប្រយោជន៍​បាន​គ្រាន់​តែ​ល្អ​មើល​យ៉ាង​ណា​ក្តី។

គេ​សួរ​ថា​តើ​នៅ​ពេល​ស្រុក​ទេស​មាន​សន្តិភាព មាន​ស្ថិរភាព មនុស្ស​មាន​មុខ​នាទី មាន​អំណាច អាច​ប្រព្រឹត្ត​ដូច​សេដ្ឋវិទូ Adam Smith អធិប្បាយ​នោះ ឬ​ទេ?

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ ១៧ មិថុនា ក្នុង​ពិធី​បើក​បវេសនកាល​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល មិន​ទទួល​ស្គាល់​ឡើយ​នូវ​ការ​អះអាង​ពី​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល និង​ឯកអគ្គ​រដ្ឋទូត​បស្ចិម​ប្រទេស ដែល​ថា​កម្ពុជា​បាត់​ចំណូល​យ៉ាង​តិច ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដោយ​អំពើ​ពុក​រលួយ​ក្នុង​ជួរ​មន្រ្តី​រាជការ។ លោក​ថា បើ​កម្ពុជា​បាត់​លុយ​ត្រូវ​ចូល​ឃ្លាំង​រដ្ឋ​ចំនួន​ប៉ុណ្ណឹង​មែន នោះ​មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​ពិតជា​រក​ចំណូល​បាន​ក្នុង​ម្នាក់ៗ​យ៉ាង​តិច ១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទើប​មាន​លុយ​សូក​គេ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «ប្រហែល​ជា​តួលេខ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ឧទាហរណ៍​ឈ្មោះ "ក" ប្រព្រឹត្ត​អំពើ​ពុករលួយ​បាន​កន្លះ​លាន​ដុល្លារ ត្រូវ​ប្រកាស​ជូន​ទៅ​អង្គការ​ហ្នុង។ ៥០០​លាន​មួយ​ឆ្នាំ លេខ​គត់ ៥០០​លាន​មួយ​ឆ្នាំ។ ហើយ​មួយ​ឆ្នាំ ៥០០​លាន គិត​ទៅ ១០​ឆ្នាំ ៥​ពាន់​លាន។ ៥​ពាន់​លាន​ច្រើន​ណាស់ អ៊ីចឹង​ខ្មែរ​មាន​សម្បើម​ណាស់​បាន​ជា​អាច​មាន​លុយ​ពុក​រលួយ​ដល់​ទៅ ៥​ពាន់​លាន ខ្មែរ​មាន​សម្បើម​ណាស់។ GDP របស់​ប្រជាជន​កម្ពុជា ប្រហែល​ជា ១​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ ទើប​មាន​ប្រាក់​ពុករលួយ ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ»

អំពើ​ស៊ី​សំណូក អំពើ​សូក​ប៉ាន់ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ទទួល​ស្គាល់​ថា​មាន​មន្រ្តី​រាជការ​ក្រោម​បង្គាប់​ប្រព្រឹត្ត​ដែរ ដែល​ជា​រឿង​ពលរដ្ឋ​សាមញ្ញ​ដឹង​ស្ទើរ​គ្រប់​គ្នា​ទៅ​ហើយ​នោះ ៖ «យើង​មិន​មែន​មិន​ទទួល​ស្គាល់​ថា​មាន​អំពើ​ពុក​រលួយ​ទេ មាន! បាន​ជា​យើង​គ្រោង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ក៏ប៉ុន្តែ​តួលេខ​អ្នក​ឯង​បាន​មក តួលេខ​នរណា?»

ដោយ​ឡែក​ពី​ទ្រឹស្តី​និង​គោលការណ៍​សេដ្ឋកិច្ច ដែល​អ្នក​ប្រាជ្ញ​ខាង​សេដ្ឋកិច្ច​បាន​ពណ៌នា តើ​ស្ថានភាព​ពិត​នៃ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បំផុត ដែល​ជា​កសិករ​មាន​លក្ខណៈ​ខុស​ពី​ការ​រៀបរាប់​របស់​សេដ្ឋវិទូ​ទាំង​ស្រុង ឬ​ក៏​មិន​ខុស?

ក្នុង​សម័យ​បច្ចុប្បន្ន ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា ជា​ប្រទេស​ពឹង​ពាក់​លើ​វិស័យ​កសិកម្ម​នៅ​ឡើយ ដែល​ពលរដ្ឋ​ប្រទេស​នេះ​ដល់​ទៅ ៨០% ជា​កសិករ ដីធ្លី​ជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ស្រែ​ចម្ការ​បង្កបង្កើន​ផល និង​ដាំ​ដំណាំ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​ជីវិត ផ្គត់ផ្គង់​ដល់​សេចក្តី​ត្រូវការ​ក្នុង​ស្រុក ឬ​មួយ​ដើម្បី​នាំ​ចេញ​ទៅ​លក់​ឯ​បរទេស។ ក្នុង​សម័យ​បុរាណ សេ្តច មន្រ្តី ឧកញ៉ា សេដ្ឋី គហបតី​ជា​ម្ចាស់​ដីធ្លី ហើយ​ប្រជារាស្រ្ត​ត្រូវ​ស៊ី​ឈ្នួល​ធ្វើ​អាជីវកម្ម​លើ​ដីធ្លី​របស់​គេ ឬ​មួយ​ជួល​ដីធ្លី​ធ្វើ​អាជីវកម្ម ហើយ​បង់​ពន្ធដារ​ឲ្យ​ម្ចាស់​ដី។

នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ តាម​របាយការណ៍​ពី​អង្គការ គ្លបលវីនេស (Global Witness) ផ្សាយ​ខែ​កុម្ភៈ ឆ្នាំ​២០០៩ ផ្ទៃដី​ដែល​មិន​មែន​ជា​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​ក្នុង​ស្រុក ទាំង​ក្រៅ​ស្រុក​ធ្វើ​អាជីវកម្ម​រាវ​រ៉ែ​ត្បូង និង​លោហធាតុ មាន​រ៉ែ​មាស រ៉ែ​ដែក រ៉ែ​ស្ពាន់ ជាដើម ដែល​ក្រុមហ៊ុន​ទាំង​នោះ​មាន​មន្រ្តី​កំពុង​កាន់​ការងារ​សព្វថ្ងៃ​ធ្វើ​ជា​ម្ចាស់ ឬ​មួយ​ចូល​ហ៊ុន​រក​ស៊ី​នឹង​គេ។ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​រាវ​រ៉ែ​ទាំង​តូច​ទាំង​ធំ ទាំង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ផ្លូវការ ទាំង​គ្មាន​ឈ្មោះ​ផ្លូវការ មាន​ចំនួន​យ៉ាង​តិច ១០១​ក្រុមហ៊ុន៕