ស្ថានភាព​ជំងឺ​មហារីក​នៅ​ប្រទេស​កម្ពុជា

0:00 / 0:00

គ្រូពេទ្យ​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ជំងឺ​មហារីក និយាយ​ថា ជំងឺ​មហារីក គឺ​ជា​ជំងឺ​មួយ​ដែល​មនុស្ស​ទូទាំង​ពិភពលោក ត្រូវ​ប្រឈម​មុខ​ខ្លាំង​ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត។ ក្នុង​ចំណោម​នោះ ប្រជាពលរដ្ឋ​កម្ពុជា ក៏​ប្រឈម​មុខ​ខ្លាំង​ដែរ។

ក្នុង​នាទី​សុខភាព​ប្រចាំ​សប្ដាហ៍​នេះ លោក ឡេង ម៉ាលី មាន​សេចក្ដី​រាយការណ៍​ជុំវិញ​ស្ថានភាព​ជំងឺ​មហារីក​នៅ​កម្ពុជា។

គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​មហារីក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត លោក​វេជ្ជបណ្ឌិត គួយ សំណាង ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​មហារីក​នៅ​ប្រទេស​កម្ពុជា ក៏​រក​ឃើញ​ច្រើន​ដែរ។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​កន្លង​មក​នេះ ផ្នែក​ជំងឺ​មហារីក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រក​ឃើញ​ជំងឺ​មហារីក​ភាគ​ច្រើន​ដែល​នាំ​មុខ​គេ គឺ​ជំងឺ​មហារីក​មាត់​ស្បូន៖ «ខ្ញុំ​សូម​ជម្រាប​ប្រជាពលរដ្ឋ​ទាំងអស់​ថា នៅ​ក្នុង​ផ្នែក​ជំងឺ​មហារីក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត យើង​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក​ដល់​ពេល​នេះ គឺ ១១​ឆ្នាំ​ហើយ ហើយ​ស្អី​ដែល​យើង​ជួប​ច្រើន​ជាង​គេ​ក្នុង​រយៈពេល ១១​ឆ្នាំ​ហ្នឹង គឺ​ជំងឺ​មហារីក​មាត់​ស្បូន​ទី​១។ ទី​២ គឺ​មហារីក​សុដន់។ ទី​៣ គឺ​ជំងឺ​មហារីក​បំពង់​ក ច្រមុះ បាន​ន័យ​ថា​ឈឺ​នៅ​ក្នុង​រង្វង់​មាត់។ បន្ទាប់​មក គឺ​មហារីក​ថ្លើម មហារីក​ពោះវៀន មហារីក​សួត គឺ​វា​មាន​លំដាប់​រៀង​ត​មក។ អា​ហ្នឹង គឺ​ស្ថិតិ​ដែល​យើង​ជួប​ក្នុង​រយៈពេល ១០​ឆ្នាំ គឺ​យើង​ស្រង់​ពី​ឆ្នាំ​២០០៣ ដល់​២០១៣»

មូលហេតុ៖

ទាក់ទង​នឹង​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក លោក​វេជ្ជបណ្ឌិត គួយ សំណាង ពន្យល់​ថា គេ​មិន​អាច​កំណត់​ថា ជំងឺ​មហារីក​ជាទូទៅ​បណ្ដាល​មក​ពី​អ្វី​មួយ​ឲ្យ​ជាក់លាក់​ទេ គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ជំងឺ​មហារីក​នីមួយៗ៖ «ជំងឺ​របេង​វា​មក​ពី​មេរោគ​របេង អា​ហ្នឹង​គឺ​ពិត។ ជំងឺ​អេដស៍​មក​ពី​វីរុស​មួយ​គេ​ហៅ​ថា ហ៊ីវ (HIV)។ ប៉ុន្តែ​សម្រាប់​មហារីក គឺ​មហារីក​មួយ​វា​មាន​កត្តា​បង្ក​របស់​វា​មួយ​ពិត​ប្រាកដ។ វា​មាន​កើត​របស់​វា​មួយ​ពិត​ប្រាកដ។ អ៊ីចឹង យើង​មិន​អាច​និយម​ន័យ​មហារីក​រួម​បាន​ទេ។ យើង​និយាយ​បាន​ថា ឧទាហរណ៍​មហារីក​ស្បូន មហារីក​មាត់​ស្បូន មហារីក​ដៃ​ស្បូន គ្រាន់​តែ​ខ្ញុំ​លើក​ឧទាហរណ៍​ថា នៅ​ក្នុង​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី​ហ្នឹង មាន​បី​ខុស​គ្នា។ អ៊ីចឹង​និយម​ន័យ​រួម​ដែល​យើង​អាច​ឲ្យ​ហ្នឹង គឺ​យើង​មិន​អាច​ឲ្យ​បាន​ទេ។ ប៉ុន្តែ​ដោយ​ឡែក​នៅ​ក្នុង​នេះ ខ្ញុំ​លើក​យក​ជំងឺ​មហារីក​មាត់​ស្បូន ដែល​យើង​តែង​ជួប​ញឹកញាប់ ហើយ​ខ្ញុំ​គិត​ថា នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក៏​អ៊ីចឹង នៅ​ក្នុង​ស្រុក​យើង​ក៏​អ៊ីចឹង...»

រោគ​សញ្ញា៖

លោក​វេជ្ជបណ្ឌិត​ថ្លែង​ថា នៅ​ក្នុង​ដំណាក់​កាល​ដំបូង​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ឲ្យ​អ្នក​ជំងឺ​ដឹង​ទេ៖ «ខ្ញុំ​គិត​ថា អ្នក​ប្រាជ្ញ​ខ្មែរ​ដាក់​ឈ្មោះ​ថា មហារីក​ហ្នឹង គឺ​ត្រូវ​អត់​ខុស​ទេ។ ជំងឺ​ហ្នឹង​វា​រីក។ សួរ​ថា នៅ​ពេល​ដែល​វា​ចាប់​ផ្ដើម​រីក វា​មាន​រោគ​សញ្ញា ឬ​អត់? អត់​មាន​ទេ។ ខ្ញុំ​សុំ​ជម្រាប​ទៅ​សាធារណជន​ឲ្យ​ជ្រាប​ថា ជំងឺ​មហារីក បើ​សិន​ជា​យើង​ចាំ​ដល់​ពេល​វា​ឈឺ គឺ​វា​ហាក់​ដូចជា​ចង់​ហួស​ពេល​ហើយ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មហារីក គេ​មាន​ពាក្យ​មួយ គេ​មាន​ដំណាក់​កាល​មួយ​ដែល​គេ​ថា ត្រូវ​តែ​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​លើ​ជំងឺ​មហារីក នៅ​ដំណាក់​កាល​ភ្លាមៗ។ បាន​ន័យ​ថា យើង​រក​មើល​ជំងឺ​មហារីក​នៅ​ដំណាក់​កាល​តិច។ នៅ​ពេល​ហ្នឹង​យើង​អាច​ជួយ​អ្នក​ជំងឺ ព្យាបាល​ទៅ​តាម​បែបបទ​បច្ចេកទេស គឺ​អ្នក​ជំងឺ​អាច​ទទួល​បាន​លទ្ធផល​ជា»

ក៏ប៉ុន្តែ ចំពោះ​ជំងឺ​មហារីក​មាត់​ស្បូន​វិញ អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​នៅ​ពេល​ដែល​ជំងឺ​នេះ​មាន​ស្ថានភាព​ធ្ងន់​បន្តិច៖ «ជា​ធម្មតា វា​ប្រាកដ​ជា​មាន​ធ្លាក់​ឈាម​ហើយ ដែល​ជា​រោគ​សញ្ញា​មាន​ច្រើន​ជាង​គេ​បំផុត។ បន្ទាប់​មក​វា​អាច​មាន​ឈឺ​ចង្កេះ វា​អាច​ពិបាក​នោម វា​អាច​ធ្លាក់​ទឹក​ស ឬ​ទឹក​ស្អី​តាម​ទ្វារ​មាស។ ប៉ុន្តែ​រោគ​សញ្ញា​ទាំងអស់​ហ្នឹង​យើង​សួរ​ថា បើ​សិន​ជា​យើង​ឃើញ​អ៊ីចឹង យើង​សង្ឃឹម​ថា យើង​អាច​ព្យាបាល​អ្នក​ជំងឺ​បាន​ជា​មួយ​រយ​ភាគ​រយ ឬ​អត់? ខ្ញុំ​ឆ្លើយ​ថា​អត់​ទេ បាន​ន័យ​ថា គឺ​ជា​ដំណាក់​កាល​មួយ ខ្ញុំ​អាច​ថា​ត្រឹម​ពាក់​កណ្ដាល​ចុះ។ មហារីក​មាត់​ស្បូន ខ្ញុំ​ចែក​វា​ជា​ដំណាក់​កាល​ទី​១ ទី​២ ទី​៣ និង​ទី​៤ ហើយ​នៅ​ពេល​ដែល​មាន​រោគ​សញ្ញា​ទាំងអស់​ដែល​ខ្ញុំ​បាន​និយាយ​ហ្នឹង គឺ​មិន​តិច​ជាង​ដំណាក់​កាល​ទី​ពីរ​ទេ ហើយ​ដំណាក់​ទី​២ យើង​ព្យាបាល​អាច​ជា អាច​អត់ គ្រាន់​តែ​លទ្ធភាព​ជា​វា​នៅ​មាន​ច្រើន។ បើ​សិន​ជា​ដំណាក់​កាល​ទី​៣ លទ្ធភាព​ជា​វា​តិច​ទៀត។ ដំណាក់​កាល​ទី​៤ លទ្ធភាព​ជា គឺ​អត់»

ការ​រក​ឲ្យ​ឃើញ​ជំងឺ​មហារីក៖

ដើម្បី​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ គឺ​ចាំបាច់​ត្រូវ​ធ្វើតេស្ត ឬ​ពិនិត្យ​ស្បូន​ឲ្យ​បាន​ទាន់​ពេល ដែល​នៅ​ដំណាក់​កាល​ដំបូងៗ។

ការពារ​ព្យាបាល៖

រីឯ​ការ​ព្យាបាល​វិញ លោក​វេជ្ជបណ្ឌិត គួយ សំណាង មាន​ប្រសាសន៍​ថា ផ្នែក​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មាន​វិធី​ព្យាបាល​មហារីក​ដោយ​ថ្នាំ ការ​វះ​កាត់ និង​បាញ់​កាំរស្មី។ ការ​ព្យាបាល​ជំងឺ​នេះ​មាន​វិធីសាស្ត្រ​ចម្រុះ៖ «នៅ​ក្នុង​ផ្នែក​ជំងឺ​មហារីក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត គឺ​យើង​មាន​ផ្នែក​សម្រាក យើង​មាន​ផ្នែក​ពិគ្រោះ​ជំងឺ ហើយ​មួយ​ទៀត គឺ​យើង​មាន​ផ្នែក​ព្យាបាល​ដោយ​កាំរស្មី។ អា​ហ្នឹង គឺ​ជា​ផ្នែក​សំខាន់​ដែល​គ្រប់​កន្លែង​ដែល​បើក​ព្យាបាល​ជំងឺ​មហារីក បើ​សិន​ជា​អត់​មាន​ម៉ាស៊ីន​ព្យាបាល​កាំរស្មី ហាក់​ដូចជា​ខ្វះ​ដៃ​មួយ ព្រោះ​អី​ការ​ព្យាបាល​ហ្នឹង គឺ​ជា​វិធី​មួយ​បន្ទាប់​ពី​ការ​វះ​កាត់។ ខ្ញុំ​សូម​ជម្រាប​ថា ការ​ព្យាបាល​ជំងឺ​មហារីក មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​ការ​ព្យាបាល​តែ​មួយ​មុខ​ទេ គឺ​ត្រូវ​ព្យាបាល​ច្រើន​មុខ ឬ​ក៏​ច្រើន​ឯកទេស​រួម​គ្នា។ ខ្ញុំ​សូម​ជម្រាប​ថា ការ​ព្យាបាល​ជំងឺ​មហារីក​ជា​គោល​ធំៗ ត្រូវ​មាន​ការ​ព្យាបាល​ដោយ​មាន​ការ​វះ​កាត់ ត្រូវ​មាន​ការ​ព្យាបាល​ដោយ​កាំរស្មី ត្រូវ​មាន​ការ​ព្យាបាល​ដោយ​ការ​ចាក់​ថ្នាំ យើង​ហៅ​ថា ចាក់​ថ្នាំ​គីមី ហើយ​ក៏​មាន​ការ​ព្យាបាល​សម្រន់។ ពាក្យ​ថា​សម្រន់​ហ្នឹង គឺ​យើង​ព្យាបាល​អ្នក​ជំងឺ​ហ្នឹង​ទទួល​បាន​ផាសុកភាព​នៅ​ក្នុង​ជីវិត​ជំងឺ​របស់​គាត់។ អា​ហ្នឹង​ចៀស​អត់​ផុត គឺ​ត្រូវ​តែ​មាន»

ការ​បង្ការ៖

ចំពោះ​វិធី​បង្ការ​ជំងឺ​មហារីក លោក​វេជ្ជបណ្ឌិត គួយ សំណាង បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ថ្នាំ​សម្រាប់​ចាក់​បង្ការ​ជំងឺ​មហារីក​មួយ​ប្រភេទ គឺ​មហារីក​មាត់​ស្បូន។ លោក​បន្ត​ថា ថ្នាំ​បង្ការ​នេះ គឺ​សម្រាប់​តែ​យុវនារី​នៅ​ក្មេង ដែល​មិន​ទាន់​មាន​ការ​រួម​ភេទ និង​មិន​ទាន់​ឆ្លង​មេរោគ៖ «គឺ​គេ​សិក្សា​នៅ​ស្រុក​គេ​ជឿន​លឿន គេ​ថា​ចាក់​ពី​ក្មេង​អាយុ ៩​ឆ្នាំ​ទៅ​ដល់ ១៤​ឆ្នាំ ដោយសារ​គេ​ថា ពេល​គេ​ចាក់​ហ្នឹង គឺ​គេ​ចង់​ចាក់​ទៅ​លើ​ស្ត្រី ឬ​យុវនារី​មិន​ទាន់​មាន​ការ​រួម​ភេទ។ នៅ​ពេល​មិន​មាន​ការ​រួម​ភេទ បាន​ន័យ​ថា គេ​គិត​ថា​អត់​មាន​ការ​ឆ្លង អត់​មាន​ការ​ប៉ះពាល់​វីរុស។ ប៉ុន្តែ​បើ​យើង​មើល​មក​ស្រុក​ខ្មែរ​យើង​វិញ យើង​ឃើញ​ថា​ក្មេង​ណាស់ ៩​ឆ្នាំ​នេះ។ អ៊ីចឹង​គ្រូពេទ្យ​នៅ​ស្រុក​យើង​ហ្នឹង​ប្រហែល​ជា​មាន​ការ​ច្នៃ​ប្រឌិត​ខ្លះ អាច​ដល់​ទៅ​អាយុ​ច្រើន​ជាង​បាន​គាត់​ចាប់​ផ្ដើម​ចាក់»

ទោះ​ជា​ដូច្នេះ​ក្ដី លោក​ថា គ្រូពេទ្យ​អាច​ចាក់​ថ្នាំ​បង្ការ​នេះ​ដល់​ស្ត្រី​រៀបការ​ហើយ​ដែរ នៅ​ពេល​ណា​ពិនិត្យ​ទៅ​ឃើញ​ថា ស្បូន​ស្ត្រី​នោះ​មិន​ទាន់​ឆ្លង​មេរោគ។ ក៏ប៉ុន្តែ ស្ត្រី​ដែល​មាន​វ័យ​ចំណាស់​ចាប់​ពី ៥០​ឆ្នាំ​ទៅ គ្រូពេទ្យ​នឹង​មិន​ចាក់​ថ្នាំ​បង្ការ​នេះ​ទេ ពីព្រោះ​សកម្មភាព​បង្កើត​ភាព​ស៊ាំ​ចុះ​ខ្សោយ ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ទាប៖ «ទី​២ សួរ​ថា នៅ​ពេល​ដែល​យើង​ចាក់ ទម្រាំ​តែ​យើង​ហ្វ័រម៉ាស្យុង អង់ទីក័រ (Formation anticorps = បង្កើត​អង្គ​បដិបក្ខ) នៅ​ក្នុង​ខ្លួន​យើង​សម្រាប់​ទប់​របស់​ស្អី​ចូល​ទៅ​ក្នុង​ខ្លួន​យើង​បាន​ឬ​អត់? យើង​ឆ្លើយ​ថា​អាច​បាន អាច​អត់។ មួយ​ទៀត បើ​សិន​ជា​គាត់​ឆ្លង​មេរោគ​ហ្នឹង​ចូល​ក្នុង​អាយុ​៥០ បើ​សិន​ជា​សុខភាព​គាត់​ល្អ ទម្រាំ​ឈាន​ទៅ​ដល់​គាត់​ឈឺ គឺ​គាត់​ត្រូវ​ការ​ពី ១០ ទៅ ១៥​ឆ្នាំ។ សួរ​ថា ក្នុង​រយៈពេល​ហ្នឹង​យើង​ចំណេញ​ឬ​អត់? ខ្ញុំ​ឆ្លើយ​ថា ប្រាកដ​ជា​អត់​ចំណេញ​ទេ។ អ៊ីចឹង​ហេតុផល​បី​បួន​ហ្នឹង​ហើយ ទើប​គេ​មិន​ចូល​ចិត្ត​ចាក់​ទៅ​លើ​ស្ត្រី​ដែល​មាន​វ័យ​ចំណាស់​ហើយ ដោយសារ​ផល​ដែល​យើង​ចាក់​ហ្នឹង វា​អត់​បាន​ផល​អី​គួរ​ឲ្យ​កត់​សម្គាល់​ទេ។ អា​ហ្នឹង​គ្រាន់​តែ​ជា​ការ​វិភាគ​របស់​គ្រូពេទ្យ​ទាំងអស់​ទេ។ ប៉ុន្តែ​បើ​តាម​ច្បាប់​ទម្លាប់ អាំងឌីកាស្យុង (Indication) ដែល​គេ​ប្រាប់​មក​ហ្នឹង គឺ​គេ​បាន​ប្រាប់​យើង​តាំង​ពី​មុន​ហើយ គឺ​ចាក់​ទៅ​ស្ត្រី​ណា ដែល​អត់​ទាន់​មាន​ការ​រួម​ភេទ ហើយ​នៅ​ក្មេង»

ដំបូន្មាន៖

លោក​វេជ្ជបណ្ឌិត គួយ សំណាង ណែនាំ​ថា ស្ត្រី​គ្រប់​រូប​គួរ​ទៅ​ពិនិត្យ​ឲ្យ​ទាន់​ពេល ឬ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង កាល​ណា​ទុក​ដល់​ដំណាក់​កាល​ទី​៣ ទី​៤ គឺ​យឺត​ពេល។ លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​សុខាភិបាល នៅ​ឆ្នាំ​២០១៧ អាច​នឹង​ដាក់​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន ដូច​កម្មវិធី​ជាតិ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ដទៃ​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។