ផល​ប៉ះពាល់​សុខភាព​បណ្ដាល​មក​ពី​ទឹក​កខ្វក់

ដោយ ខែ សុណង
2016.12.15
សំរាម ភ្នំពេញ ២០១៦ ៨៥៥ គំនរ​សំរាម​ដែល​គេ​បោះ​ចោល​នៅ​ច្រាំង​ទន្លេ ស្ថិត​នៅ​ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ឥរិយាបថ​នៃ​ការ​ចោល​សំរាម ឬ​កាក​សំណល់​ទឹក នៅ​តែ​ចោទ​ជា​បញ្ហា​នៅ​ឡើយ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន។ តើ​ផល​ប៉ះពាល់​ដោយ​ការ​ចោល​កាក​សំណល់​ចូល​ទៅ​ក្នុង​ទឹក​មាន​អ្វី​ខ្លះ? ហើយ​មាន​កត្តា​អ្វី​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ?

បើ​ឈរ​ពី​ត្រើយ​ម្ខាង​នៃ​ច្រាំង​ទន្លេ​បាសាក់ គឺ​ស្ថិត​នៅ​ភូមិ​ដើមស្លែង ក្នុង​សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​មានជ័យ គេ​នឹង​ឃើញ​គំនរ​សំរាម​នៅ​តាម​ច្រាំង​ទន្លេ ដែល​គេ​បោះ​ចោល​ជា​ពំនូក និង​ធ្លាក់​ចូល​ទៅ​ក្នុង​ដង​ទន្លេ។

ប្រជាពលរដ្ឋ​មួយ​រូប​វ័យ ៥៣​ឆ្នាំ លោក សុត ធី រស់នៅ​ក្នុង​សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​មានជ័យ បាន​ត្អូញត្អែរ​អំពី​ការ​ចោល​កាក​សំណល់​ពាសវាលពាសកាល ពិសេស​នៅ​តាម​ដង​ទន្លេ​នេះ។ លោក​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ពលរដ្ឋ​បាន​យក​សំរាម​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន មក​បោះ​ចោល​នៅ​តាម​ច្រាំង​ទន្លេ​បែប​នេះ។ លោក​ថា ថ្វីត្បិតតែ​មាន​បម្រាម​ពី​សាលា​រាជធានី​ភ្នំពេញ ពី​ក្រសួង​មហាផ្ទៃ ក្ដី ក៏​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដែរ និង​ថែម​ទាំង​មាន​លូ​បង្ហូរ​ចូល​ទន្លេ​ទៀត​ផង ក្រៅ​អំពី​ក្លិន​ស្អុយ លោក​បារម្ភ​អំពី​ការ​បំពុល​ទឹក​ទន្លេ ដែល​ពលរដ្ឋ​រក​ត្រី​បរិភោគ​ប្រចាំ​ថ្ងៃ។

លោក សុត ធី មាន​ប្រសាសន៍​ថា៖ «យើង​ហូប​ហ្នឹង​ទឹក​ស្អាត ដល់​តែ​យើង​បោះ​ស្បោង​អី​មក បោះ​អា​ជាតិ​គីមី​អ៊ីចឹង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ព្រោះ​ម្នាក់ៗ​កែលំអ​ទាំងអស់​គ្នា​ទៅ​វា​មាន​សុខភាព​ទាំងអស់​គ្នា។ ដល់​ម្នាក់ៗ​យក​មក​បោះ​អ៊ីចឹង យើង​ពិបាក​មើល​ឃើញ​ស្រាប់​ហើយ ចាក់​ចោល​អ៊ីចឹង​ទៅ ម៉ូតូ​ជិះ​មក​បោះ​ចោល​អ៊ីចឹង​ទៅ។ យើង​មាន​តួនាទី​អី​ទៅ​ប្រាប់​គេ បើ​ម្នាក់ៗ​មាន​ស្មារតី​ទាំងអស់​គ្នា ចង់​កែលំអ​ដង​ទន្លេ​យើង​កុំ​យក​សំរាម​មក​បោះ​ចោល​អ៊ីចឹង វា​អាក្រក់​មើល ខូច​ដល់​សុខភាព​យើង​ទៀត»

ពលរដ្ឋ​រស់នៅ​ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​មានជ័យ លោកស្រី ស៊ូ ផល្លី ថ្លែង​ថា នៅ​តំបន់​លោកស្រី​ក៏​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី (CINTRI) មក​ប្រមូល​សំរាម​ដែរ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​យក​សំរាម​ទៅ​ដាក់​នៅ​ទី​ប្រមូល​ដោយ​ក្រុមហ៊ុន​នោះ​ទេ។ ក្នុង​នាម​អ្នក​ប្រើប្រាស់​ទឹក​ទន្លេ​មួយ​រូប លោកស្រី​មាន​ក្ដី​បារម្ភ​ខ្លាច​ប៉ះពាល់​សុខភាព និង​ស្នើ​ឲ្យ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចូលរួម​ពិនិត្យ​មើល​បញ្ហា​នេះ៖ «ពី​មុន​អត់​ទាន់​មាន​ទឹក​ស្អាត ខ្ញុំ​យក​ទឹក​ហ្នឹង​មក​កូរ​សាច់ជូរ។ ឥឡូវ​មាន​ទឹក​ស្អាត ខ្ញុំ​ដាក់​គេ​មួយ​ពាង ២​ពាន់ បើ​រក​មិន​បាន​ប្រើ​ទឹក​ហ្នឹង​ខ្លះ​ទៅ ខ្លាច​ណា​មួយ​សុខភាព​យើង​អត់​ល្អ ឈឺ​ថ្កាត់​អី យើង​វា​ក្រ​វា​អត់​លុយ​ទៅ​ពេទ្យ។ ក្មេង​ខ្លះ​វា​មាន​ឈឺ​ថ្កាត់​អ៊ីចឹង​ដែរ។ ជួន​វា​កើត​រមាស់​កើត​អ៊ីចឹង​ទៅ មក​ពី​គេ​បោះ​សំរាម​ចូល​ក្នុង​ទឹក ព្រោះ​ទឹក​ទន្លេ​ទឹក​ល្អ​ដែរ បើ​យើង​ចេះ​ថែ​គ្នា​ក៏​ល្អ​ដែរ គេ​ពី​ឆ្ងាយ​គេ​ចេះ​តែ​មក​បោះ យើង​ថា​ឲ្យ​គេ​អត់​បាន។ រដ្ឋាភិបាល​ក៏​ឲ្យ​គាត់​ជួយ​អប់រំ​ណែនាំ​ឲ្យ​គាត់​ដឹង​ខ្លួន​ខ្លះ»

គំនរ​សំរាម​ដែល​គេ​បោះ​ចោល​នៅ​ច្រាំង​ទន្លេ ស្ថិត​នៅ​ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
គំនរ​សំរាម​ដែល​គេ​បោះ​ចោល​នៅ​ច្រាំង​ទន្លេ ស្ថិត​នៅ​ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ប៉ុន្តែ​ពលរដ្ឋ​វ័យ​ជាង ៨០​ឆ្នាំ​មួយ​រូប គឺ​លោកស្រី អុង អេង ជា​អតីត​អ្នក​ភូមិ​ច្រាំងបាក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដើមស្លែង មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ប្រមូល​សំរាម​មិន​បាន​ចូល​ទៅ​ដល់​កន្លែង​ពួក​គាត់​រស់នៅ​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ងាយ​បំផុត គឺ​មាន​តែ​វិធី​បោះ​កាក​សំណល់​ចូល​ទៅ​ក្នុង​ទន្លេ ដែល​ជា​ទម្លាប់​ទៅ​ហើយ​របស់​អ្នក​ភូមិ​ជាច្រើន​រស់នៅ​តាម​ដង​ទន្លេ​នេះ។

មាន​ប្រសាសន៍​បណ្ដើរ ដៃ​ចង្អុល​ទៅ​បន្ទប់​ឈើ​ដែល​បិទ​បាំង​ដោយ​ផ្ទាំង​ក្រណាត់ ដែល​គេ​ធ្វើ​នៅ​លើ​មាត់​ទន្លេ លោកស្រី​អះអាង​ថា នោះ​គឺ​ជា​បន្ទប់​ងូត​ទឹក និង​ជា​ទី​កន្លែង​បន្ទោបង់​ផង ដូច្នេះ​ពួក​គាត់​គ្មាន​ជម្រើស​ដោយ​ប្រើប្រាស់​ទឹក​ទាំង​ញញើតញញើម៖ «បត់​ជើង​បន្ទប់​ហ្នឹង ចោល​ដាក់​ថង់។ យើង​បោះ​ចូល​ទន្លេ​ទៅ ដល់​ហើយ​ទឹក​ក៏​យើង​ប្រើ​ហ្នឹង​ដែរ។ ទៅ​វា​ណា​អត់​ភ្លៀង វា​ចំហាយ​ក្ដៅ​ចេញ​មក​ឈួល​មក។ អត់​មាន​បង្គន់​អត់​មាន​អី​អ៊ីចឹង​បោះ​ចោល ជុះ​ទៅ ដល់​ពេល​ស្ងួត​ទៅ​វា​មិន​ចំហាយ​យើង មិន​ដឹង​និយាយ​ថា​ម៉េច។ គេ​ធ្វើ​បន្ទប់​សុទ្ធតែ​ទឹក​ទេ​នុះ ហើយ​ខ្ញុំ​ធ្វើ​បង្គន់​តែ​វា​ទាប​ពេក ពេល​ណា​ទឹក​ភ្លៀង​អី​មក​វា​ចាល់ យើង​អត់​បាន​បត់​ជើង​ទេ។ យើង​បត់​ចោល​នុះ​គ្រប់​គ្នា​អ៊ីចឹង​ទៅ វា​អត់​មាន​បង្គន់​អាយុ ៥៤ ឥឡូវ​អាយុ ៨៩ ហើយ​តា! អ៊ីចឹង​បើ​គេ​ធ្វើ​អ៊ីចឹង​ដែរ យើង​ធ្វើ​អ៊ីចឹង​នឹង​គេ​ដែរ​ទៅ»

អ្នក​ណា​ក៏​ដឹង​ដែរ​ថា មនុស្ស​អាច​រស់​បាន​ច្រើន​ថ្ងៃ​ដោយ​គ្មាន​អាហារ ប៉ុន្តែ​មិន​អាច​រស់​បាន​ដោយ​គ្មាន​ទឹក​នោះ​ទេ។

ជុំវិញ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ អ្នក​ជំនាញ​ទឹក​ស្អាត​សម្ដែង​ក្ដី​បារម្ភ​អំពី​ផល​ប៉ះពាល់​សុខភាព​ដោយ​ការ​បំពុល​ទឹក។

អ្នក​ឯកទេស​ទឹក​ស្អាត និង​អនាម័យ​នៃ​អង្គការ​ភ្លែន​អន្តរជាតិ-កម្ពុជា (Plan International) លោក ហង់ ហ៊ីប៊ុណ្ណា មាន​ប្រសាសន៍​ថា ដោយ​មាន​អាកប្បកិរិយា​ចោល​កាក​សំណល់​រឹង​រាវ​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ដូច្នេះ វា​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដូចជា បង្ក​ឲ្យ​ទឹក​មាន​ភាព​កង្វក់ ប៉ះពាល់​សុខភាព​មនុស្ស​ដែល​ប្រើប្រាស់ បង្ក​ឲ្យ​មាន​ជំងឺ​រាករូស ជំងឺ​ក្រពះ​ពោះវៀន ដោយសារ​ទឹក​សម្បូរ​ដោយ​មេរោគ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​បំពុល​ទឹក​នេះ ក៏​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​ដែរ។ ទឹក​ដែល​យក​ពី​ទន្លេ​ទៅ​ស្រោចស្រព​ដំណាំ ក៏​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដែរ ដោយសារ​មាន​កាក​សំណល់​រឹង ប្លាស្ទិក​កប់​នៅ​ក្នុង​ដី និង​ត្រាំ​ក្នុង​ទឹក ហើយ​បាន​រលាយ​បន្តិច​ម្ដងៗ​បញ្ចេញ​សារធាតុ​គីមី។ ចំណែក​ផល​ប៉ះពាល់​បរិស្ថាន​វិញ បាន​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ និង​ឡើង​កម្ដៅ។

របាយការណ៍​ស្រាវជ្រាវ​របស់​កម្មវិធី​អនាម័យ​ទឹក (WSP) នៃ​ធនាគារ​ពិភពលោក (World Bank) ឆ្នាំ​២០០៨ ឲ្យ​ដឹង​ថា មាន​កាក​សំណល់​រឹង​ប្រមាណ ២៣៥​តោន កាក​សំណល់​រាវ ២.៣៥០​ម៉ែត្រ​គូប និង​កាក​សំណល់​ផ្សេង​ទៀត​ប្រមាណ ៨​ពាន់​ម៉ែត្រ​គូប ដែល​បាន​បោះ​ចោល​ទៅ​ក្នុង​ទន្លេ បឹង ស្រះ និង​អណ្ដូង​ជា​រៀង​រាល់​ថ្ងៃ។

របាយការណ៍​នេះ​ក៏​ឲ្យ​ដឹង​ដែរ​ថា នៅ​កម្ពុជា មាន​មនុស្ស​ស្លាប់​ប្រមាណ ១​ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ខ្វះ​ទឹក​ស្អាត ក្នុង​នោះ ១០​លាន​ករណី​បាន​រងគ្រោះ​ដោយ​ជំងឺ​រាក។ ថវិកា​ចំនួន ៤៤៨​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ត្រូវ​បាន​បាត់បង់​ដោយ​បញ្ហា​សុខភាព ធនធាន​ទឹក បរិស្ថាន និង​ទេសចរណ៍។

គំនរ​សំរាម​ដែល​គេ​បោះ​ចោល​នៅ​ច្រាំង​ទន្លេ ស្ថិត​នៅ​ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
គំនរ​សំរាម​ដែល​គេ​បោះ​ចោល​នៅ​ច្រាំង​ទន្លេ ស្ថិត​នៅ​ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ អគ្គនាយក​រង​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ក្រសួង​បរិស្ថាន លោក ស៊ុម សុខម្ភូ ថ្លែង​ថា រដ្ឋាភិបាល​ដែល​មាន​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន គឺ​ក្រសួង​បរិស្ថាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណការ កំពុង​ធ្វើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​ទឹក​លូ​សាធារណៈ ដើម្បី​ជា​ការ​ចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​អនុវត្ត​ក្នុង​ការ​ទុក​ដាក់​កាក​សំណល់ ដែល​មាន​ចែង​រហូត​ដល់​ការ​ដាក់​ពិន័យ​ជា​ប្រាក់​ផង។ លោក​ថា អនុក្រឹត្យ​នេះ ក្រសួង​កំពុង​ពន្លឿន និង​អាច​ចេញ​រួច​នៅ​ដើម​ឆ្នាំ​២០១៧៖ «ប៉ុន្តែ​វា​មិន​ផ្ដោត​តែ​លើ​ករណី​ថង់​ប្លាស្ទិក​ទេ យើង​ផ្ដោត​ទៅ​លើ​ការ​គ្រប់គ្រង​ការ​បំពុល​ទឹក​ជា​រួម ដែល​ចេញ​ដោយ​ទឹក​លូ​សាធារណៈ ឬ​ក៏​បង្ហូរ​ចេញ​ពី​ប្រភព​រោងចក្រ ឬ​ក៏​អី​ផ្សេងៗ អាជីវកម្ម​ផ្សេងៗ ផ្ទះ​សម្បែង​ក៏​មាន​ដែរ។ ឧទាហរណ៍​ជា​កាតព្វកិច្ច​រៀបចំ​អាង​ប្រព្រឹត្តិកម្ម សម្អាត ឬ​ក៏​រៀប​អាង​សិបទិច​ចេញ​ពី​ផ្ទះ​មុន​បង្ហូរ​ចូល​ទៅ​មាន​កាតព្វកិច្ច​ទុក​ដាក់​សំណល់​អី​ផ្សេងៗ។ ដោយសារ​អី​បាន​យើង​មាន​អនុក្រឹត្យ​ហ្នឹង​ចែង​ត្រឹម​ប្រាក់​ពិន័យ ដោយសារ​លក្ខខណ្ឌ​ច្បាប់​ទេ ធម្មតា​ទោស​ពន្ធនាគារ​ត្រូវ​មាន​ច្បាប់​ចែង អនុក្រឹត្យ​មិន​អាច​ពី​ទោស​ពន្ធនាគារ​ទេ ព្រោះ​អី​យើង​មិន​ចង់​ឲ្យ​វា​ប្រាសចាក​ពី​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​របស់​យើង ព្រោះ​យើង​មាន​ច្បាប់​ជា​គោល។ យើង​ផ្ទៀង​ឡើង​វិញ ហើយ​មួយ​ទៀត ក៏​យើង​កំពុង​តែ​ថ្លឹងថ្លែង​ដែរ បើ​សិន​ជា​វា​ស្រាល​ពេក វា​ទៅ​ជា​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដាក់​ឲ្យ​អនុវត្ត គេ​យក​ប្រាក់​ពិន័យ​ហ្នឹង​គ្រាន់​តែ​ជា​ឈ្នាន់​ដើម្បី​អនុវត្ត ក៏ដូចជា​ការ​មិន​អនុវត្ត​ច្បាប់​ទៅ​ទៀត ក៏​វា​មិន​ល្អ​ដែរ»

ជុំវិញ​ការ​បោះ​ចោល​សំរាម​នេះ ខណ្ឌ​ចំនួន​បួន​ក្នុង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ស្ដីពី​កាលវិភាគ​នៃ​ការ​ប្រមូល​សំរាម​ថ្មី​ជាមួយ​ក្រុមហ៊ុន ស៊ីនទ្រី នៅ​ថ្ងៃ​ទី​៧ ធ្នូ។ កាលវិភាគ​ដែល​ត្រូវ​ប្រមូល​សំរាម និង​ការ​ដាក់​ទោស​ទណ្ឌ​ថ្មី ចំពោះ​ការ​ទុក​ឲ្យ​មាន​សំរាម​រាយប៉ាយ។ មន្ត្រី​សង្កាត់​នឹង​ត្រូវ​មាន​ភ្នាក់ងារ​ចំនួន​ពីរ​ដែល​ទទួល​បន្ទុក​ធ្វើ​ការងារ​អប់រំ​ប្រជាជន អំពី​ការ​ចាក់​ចោល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​តាមដាន​សកម្មភាព​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។