វិធី​ដែល​អាច​ការពារ​ជំងឺ​មហា​រីក​សួត

0:00 / 0:00

ការ​ជក់​បារី គឺ​អាច​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ជក់​ផ្ទាល់ និង​អ្នក​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ ប្រឈម​មុខ​នឹង​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន និង​ជំងឺ​កាច​សាហាវ​ជាង ១០០​មុខ​ផ្សេង​ទៀត។ គ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​ពន្យល់​ថា ដើម្បី​អាច​ការពារ​ជំងឺ​មហា​រីក​សួត និង​ជំងឺ​ដទៃ​ផ្សេង​ទៀត​បាន​នោះ គឺ​ត្រូវ​តែ​ឈប់​ជក់​បារី។

ការ​ជក់​បារី អាច​បណ្ដាល​ឲ្យ​លោក​អ្នក​ប្រឈម​មុខ​នឹង​ការ​រលាក​សួត ជំងឺ​មហា​រីក​សួត ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន អាច​បណ្ដាល​ឲ្យ​រលាក​បំពង់​អាហារ និង​ប្រឈម​មុខ​នឹង​ជំងឺ​មហា​រីក​បំពង់​អាហារ។

នាយក​អង្គការ​ចលនា​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត ម៉ុំ គង់ ពន្យល់​ថា ៩០​ភាគរយ​នៃ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​មហា​រីក​សួត គឺ​បណ្ដាល​មក​ពី​ការ​ជក់​បារី។ ការ​ជក់​បារី មិន​ត្រឹម​តែ​មាន​ផល​ប៉ះពាល់​ចំពោះ​ផ្លូវ​ដង្ហើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្សែង​បារី​អាច​បណ្ដាល​ឲ្យ​សរីរាង្គ​ដទៃ​ទៀត ប្រឈម​មុខ​នឹង​ជំងឺ​កាច​សាហាវ​ជាច្រើន​ដែល​នឹក​ស្មាន​មិន​ដល់៖ «»។

ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​ការ​ជក់​បារី​នេះ​ដែរ ប្រធាន​គ្លីនិក ជា គឹមហោ និង​ជា​អតីត​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ចំការមន មាន​ឯកទេស​ជំងឺ​កុមារ និង​ផ្លូវ​ចិត្ត លោក​វេជ្ជបណ្ឌិត ជា គឹមហោ មាន​ប្រសាសន៍​ថា លោក​អ្នក​កំពុង​ផ្ទុក​មេរោគ​សួត និង​មាន​ជំងឺ​ផ្លូវ​ដង្ហើម នៅ​ពេល​ស្រូប​ផ្សែង​បារី​ហើយ​នោះ មុខងារ​របស់​សួត​នឹង​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង។ ឪពុក​ម្ដាយ​ដែល​ជក់​បារី គឺ​អាច​បណ្ដាល​ឲ្យ​កុមារ​កើត​ជំងឺ​ហឺត ហើយ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​ផ្លូវ​ដង្ហើម។

លោក​វេជ្ជបណ្ឌិត​សង្កត់​ធ្ងន់​ថា អ្នក​ដែល​ស្រូប​ផ្សែង​ពី​គេ អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ភ្លាមៗ ដូចជា ហៀរ​ទឹក​ភ្នែក ឈឺ​ក្បាល ក្អក ឈឺ​បំពង់​ក វិល​មុខ និង​រក​កល​នឹង​ក្អួត ជាដើម។ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ការ​ស្រូប​ផ្សែង​បារី​ពី​គេ ក៏​អាច​ប្រឈម​មុខ​នឹង​ជំងឺ​គាំង​បេះដូង៖ «»។

រីឯ​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​បាន​បង្ហាញ​ទៀត​ថា ការ​ជក់​បារី​ច្រើន​ដើម​ក្នុង​មួយ​ថ្ងៃ គឺ​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​មហា​រីក​ប្លោក​នោម។

ទាក់ទង​នឹង​ជំងឺ​នេះ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​វះ​កាត់​ប្រព័ន្ធ​បំពង់​បង្ហូរ​ទឹក​នោម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​បាន​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​បារាំង លោក​វេជ្ជបណ្ឌិត អ៊ុក ពិសី ពន្យល់​ថា ការ​ជក់​បារី​ច្រើន​ឆ្នាំ ហើយ​ច្រើន​ដើម​ក្នុង​មួយ​ថ្ងៃ គឺ​បណ្ដាល​ឲ្យ​បុរស​អសមត្ថភាព​ផ្លូវ​ភេទ និង​ប្រឈម​មុខ​នឹង​ការ​លំបាក​មាន​កូន ហើយ​ក៏​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​មហា​រីក​ក្រពេញ​ប្រូស្តាត​ផង​ដែរ៖ «»។

ស្ថានភាព​នៃ​ការ​ជក់​បារី​នៅ​កម្ពុជា

ការ​សិក្សា​មួយ​បង្ហាញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ ដូចជា ប៉ូលិស ទាហាន រហូត​ដល់​ជាង ៧០% ចេះ​ជក់​បារី។ អ្នក​ធាក់​ស៊ីក្លូ អ្នក​រត់​តាក់ស៊ី កម្មករ កសិករ អ្នក​គ្មាន​ការងារ​ធ្វើ និង​សិស្ស​និស្សិត ជា​អ្នក​ចេះ​ជក់​បារី​បន្ទាប់​បន្សំ។

គិត​ជា​មធ្យម​នៃ​មនុស្ស​ពេញ​វ័យ ១,៦៤​លាន​នាក់​ដែល​ជា​អ្នក​ជក់​បារី ពួក​គេ​ជក់​បារី ១៥,៤​ដើម​ក្នុង​មួយ​ថ្ងៃ ក្រោយ​ភ្ញាក់​ពី​ដំណេក​បាន ១៥​នាទី នេះ​បើ​តាម​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល នៃ​ការ​អង្កេត​ថ្នាក់​ជាតិ​លើ​មនុស្ស​ពេញ​វ័យ​ស្ដីពី​ថ្នាំ​ជក់​ឆ្នាំ​២០១៤ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៅ​ថ្ងៃ​ទី​២៨ តុលា ក្រុង​ភ្នំពេញ។

ផល​ប៉ះពាល់​ចំពោះ​សុខភាព​ទូទៅ

នាយក​អង្គការ​ចលនា​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត ម៉ុំ គង់ ពន្យល់​ថា ការ​ជក់​បារី​អាច​បណ្ដាល​ឲ្យ​លោក​អ្នក​ពិបាក​ដក​ដង្ហើម ហើយ​ផ្សែង​បារី​ធ្វើ​ឲ្យ​មាត់ និង​ខ្យល់​ដក​ដង្ហើម​មាន​ក្លិន​មិន​ល្អ ធ្វើ​ឲ្យ​ឈឺ​សាច់​ដុំ ភាព​រស់​រវើក​ចុះ​ខ្សោយ និង​រំខាន​ដល់​ការ​ទទួល​ទាន​ដំណេក។ សម្រាប់​ការ​ប៉ះពាល់​រយៈពេល​វែង​វិញ ការ​ជក់​បារី​អាច​បណ្ដាល​ឲ្យ​ឆ្អឹង និង​សន្លាក់​រង​ផល​ប៉ះពាល់ ដែល​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង ការ​បាក់​ឆ្អឹង រលាក​ឆ្អឹង និង​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​ឈឺ​ចង្កេះ៖ «»។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ការ​ជក់​បារី​អាច​បណ្ដាល​ឲ្យ​សរសៃ​ឈាម​រួម​ត្បៀត ព្រោះ​សារធាតុ​ពុល​របស់​បារី​អាច​ទប់ស្កាត់​អុកស៊ីហ្សែន និង​អាច​ទប់ស្កាត់​សារជាតិ​ចិញ្ចឹម​នៃ​បន្លែ​ផ្លែ​ឈើ និង​ចំណី​អាហារ​ផ្សេងៗ​ក្នុង​ការ​ផ្គត់ផ្គង់​សរីរាង្គ​កាយ និង​កោសិកា​របស់​ស្បែក ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​លោក​អ្នក​មាន​សុខភាព​មិន​ល្អ និង​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង។ ម្ល៉ោះ​ហើយ​មាន​តែ​ការ​ផ្តាច់​ទេ ទើប​អាច​រក្សា​សុខុមាលភាព​របស់​លោក​អ្នក​ល្អ​ប្រសើរ។

គន្លឹះ​នៃ​ការ​ផ្តាច់​ការ​ជក់​បារី

ជា​ការ​កត់​សម្គាល់ ការ​ផ្តាច់​បារី​អាច​បណ្ដាល​ឲ្យ​លោក​អ្នក​ធ្លាក់​ទឹក​ចិត្ត ជូរ​មាត់ មាន​អារម្មណ៍​តប់​ប្រមល់ អស់​កម្លាំង ហេវហត់​អស់​កម្លាំង ជាដើម។ ដើម្បី​សុខភាព គឺ​ទាមទារ​ឲ្យ​លោក​អ្នក​មាន​ការ​តាំង​ចិត្ត​ខ្ពស់ និង​ជឿជាក់​ចំពោះ​ខ្លួន​ឯង។

ត្រង់​ចំណុច​នេះ លោក​វេជ្ជបណ្ឌិត ជា គឹមហោ ពន្យល់​ថា លោក​អ្នក​ត្រូវ​កំណត់​ពេល​ឲ្យ​បាន​ជាក់លាក់ ក្នុង​ការ​ផ្តាច់​បារី និង​មិន​ត្រូវ​សាកល្បង​ជក់​វិញ​នោះ​ទេ។ លោក​អ្នក​អាច​ពិសា​ទឹក​ជំនួស​នៅ​ពេល​ចង់​ជក់​បារី និង​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​ផ្តាច់​គ្រឿង​ញៀន៖ «»។

មធ្យោបាយ​មួយ​ទៀត គឺ​ធ្វើ​កិច្ចការ​ផ្សេងៗ​ដើម្បី​បន្លប់ ដូចជា​ការ​លេង​កីឡា ឬ​កិច្ចការ​ផ្ទះ។ នៅ​ពេល​លោក​អ្នក​ចង់​ជក់​បារី​ខ្លាំង ការ​និយាយ​លេង​ជាមួយ​មិត្តភ័ក្ដិ ក៏​ជា​ជម្រើស​ល្អ​សម្រាប់​ជួយ​លោក​អ្នក​ក្នុង​ការ​ផ្តាច់​បារី​បាន​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។