វេជ្ជបណ្ឌិត​ណែនាំ​ពី​វិធី​ការពារ​ការ​ឆ្លង​មេរោគ​ផ្ដាសាយ​ធំ​នៅ​ដើម​រដូវ​វស្សា

ដោយ ខែ សុណង
2017.05.18
លី សូវ៉ាន់ ៨៥៥ ២០១៦ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ថ្លែង​ក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ជំងឺ​ហ្ស៊ីកា (ZIKA)នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​មេរោគ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​ធំ ព្រោះ​រដូវ​ភ្លៀង​ធ្លាក់​បាន​មក​ដល់​ហើយ ព្រោះ​ថា​គ្រាន់​តែ​ចូល​ដល់​ដើម​ខែ​ពិសាខ ភ្លាម គឺ​នៅ​ដើម​ខែ​ឧសភា នេះ ពលរដ្ឋ​ជាង ២០០​នាក់​នៅ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី បាន​ផ្ទុះ​ជំងឺ​ផ្ដាសាយ​ធំ។ មន្ត្រី​សុខាភិបាល​បាន​ចុះ​ទៅ​ទប់ស្កាត់​បញ្ហា​នេះ។

តើ​លោក​អ្នក​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ​ធំ?

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​រដូវ​ភ្លៀង គឺ​ជា​រដូវ​ដែល​នាំ​ឲ្យ​ឆ្លង​ជំងឺ​ផ្ដាសាយ​ច្រើន ដែល​បង្ក​ឡើង​ដោយ​មេរោគ​ផ្ដាសាយ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា ស៊ីសិនណល អិនហ្លូអិនសា (Seasonal Influenza)

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ រួម​មាន គ្រុន​ក្ដៅ​លើស​ពី ៣៨,៥​អង្សាសេ មាន​ក្អក ឬ​ឈឺ​ក និង​ករណី​ខ្លះ​អាច​វិវឌ្ឍន៍​ទៅ​ជា​ហត់​ធ្ងន់ធ្ងរ ជាដើម៖ «ត្រូវ​ហើយ​ខែ​នេះ គឺ​ជា​ខែ​ដែល​បង្ក​ឡើង​ដោយ​ផ្ដាសាយ​ធំ នៅ​តំបន់​ត្រូពិក នៅ​រដូវ​ធ្លាក់​ភ្លៀង​តែងតែ​បង្ក​ឡើង​ដោយ​មេរោគ​គ្រុន​ផ្ដាសាយ មាន​គ្រុន​ក្ដៅ​អ៊ីចឹង។ យើង​រក​ឃើញ​ដូច​ករណី​កោះញែក អ៊ីចឹង​ប៉ុណ្ណោះ​អត់​មាន​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទេ យើង​ព្យាបាល​បាន​ធូរ​ស្បើយ​ច្រើន ប៉ុន្តែ​យើង​នៅ​តែ​តាមដាន»

ទន្ទឹម​នឹង​គ្នា​នេះ លោក​វេជ្ជបណ្ឌិត​បាន​រៀបរាប់​ថា ជាទូទៅ ពលរដ្ឋ​តែង​មាន​ការ​ភាន់​ច្រឡំ​ថា ជំងឺ​ផ្ដាសាយ​បាន​កើត​មាន​ឡើង​តែ​ពេល​រដូវ​ត្រជាក់ គឺ​ពុំ​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ជំងឺ​ផ្ដាសាយ​នៅ​រដូវ​ត្រជាក់ គឺ​បណ្ដាល​មក​ពី​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ នាំ​ឲ្យ​រាងកាយ​ពុំ​មាន​ភាព​ស៊ាំ ឬ​ហៅ​ថា​ប្រតិកម្ម។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ដូច្នេះ៖ «យើង​តែង​មាន​ការ​យល់​ច្រឡំ​ថា​ផ្ដាសាយ​កើត​ឡើង​នៅ​ពេល​រងា តាម​ពិត​ការ​សិក្សា​របស់​នាយកដ្ឋាន គឺ​ផ្ដាសាយ​ដែល​បង្ក​មេរោគ គឺ​ភាគច្រើន​ក្នុង​រដូវ​ធ្លាក់​ភ្លៀង។ ចំពោះ​នៅ​រដូវ​ត្រជាក់​ដូចជា​នៅ​ក្នុង​ខែ​១២ ខែ​១ ខែ​ត្រជាក់​ហ្នឹង គឺ​យើង​ពុំ​ឃើញ​បង្ក​ឡើង​ដោយ​មេរោគ​ទេ គឺ​យើង​មិន​ត្រូវ​នឹង​អាកាសធាតុ​ទៅ​វិញ​ទេ»

ទាក់ទង​នឹង​ការ​ព្យាបាល​ជំងឺ​ផ្ដាសាយ​ធំ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ផ្ដល់​ឱវាទ​ថា ការ​ព្យាបាល គឺ​ត្រូវ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ ផឹក​ទឹក​ឲ្យ​បាន​ច្រើន សម្រាក​ឲ្យ​លក់​ស្កប់ស្កល់ កាត់​បន្ថយ​ការ​ហាត់​ប្រាណ ទទួល​ទាន​អាហារ​សម្បូរ​ជីវជាតិ ជាពិសេស​វីតាមីន​សេ (C)។ លោក​បញ្ជាក់​ថា ការ​ប្រើ​ថ្នាំ​ផ្សះ គឺ​គ្មាន​ប្រសិទ្ធភាព​ដើម្បី​សម្លាប់​មេរោគ​នេះ​ឡើយ ថែម​ទាំង​នាំ​ឲ្យ​សុខភាព​របស់​លោក​អ្នក​កាន់​តែ​ចុះ​ទ្រុឌទ្រោម និង​មិន​ងាយ​ជា​ពី​ជំងឺ​ផ្ដាសាយ​ថែម​ទៀត​ផង។ ក្រសួង​សុខាភិបាល មាន​ឱសថ​សម្រាប់​ព្យាបាល​សម្លាប់​មេរោគ​ផ្ដាសាយ​នេះ គឺ​មាន​ឈ្មោះ​ថា តាមីហ៊្លូ (Tamiflu)។ លោក​ថា បើ​ការ​ព្យាបាល ៣​ថ្ងៃ​មិន​ធូរស្រាល ឫ​វិវឌ្ឍន៍​ទៅ​ជា​ហត់​ខ្លាំង សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់៖ «ឱសថ​ដែល​ព្យាបាល​តាម​រោគ​សញ្ញា បញ្ចុះ​កម្ដៅ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឲ្យ​គាត់​គេង​ឲ្យ​បាន​ច្រើន បង្ការ​កុំ​ឲ្យ​ឆ្លង​ទៅ​អ្នក​ដទៃ។ អ្នក​ឈឺ​ត្រូវ​ពាក់​ម៉ាស់ លាង​ជាមួយ​សាប៊ូ បើ​ចាំបាច់​ត្រូវ​ផ្អាក​ពី​ការងារ​សម្រាក​នៅ​ផ្ទះ​សិន​ទៅ អ្នក​ដែល​មិន​ឈឺ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួក​គាត់​លើស​ពី​មួយ​ម៉ែត្រ សំណូមពរ​ឲ្យ​គាត់​សម្រាក​សិន​ចុះ បើ​សិន​ជា​ធ្វើ​ការ​សូម​ឲ្យ​គាត់​ពាក់​ម៉ាស់ ការពារ​កុំ​ឲ្យ​ក្អក កណ្ដាស់​ទៅ​អ្នក​ដទៃ ឧស្សាហ៍​លាង​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក ដើម្បី​បង្ការ​កុំ​ឲ្យ​គាត់​កាន់​បង្វិល​ទ្វារ ឬ​តុ អ្នក​ផ្សេង​ទៅ​កាន់​នឹង​ឆ្លង​មក​ដែរ»

មន្ត្រី​សុខាភិបាល​ដដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ ព្រោះ​រដូវ​ភ្លៀង​ធ្លាក់​បាន​មក​ដល់​ហើយ។ នេះ​ជា​ស្ពត​ពាណិជ្ជកម្ម​របស់​ក្រសួង​សុខាភិបាល អប់រំ​ពី​ជំងឺ​ផ្ដាសាយ។

«សំឡេង​ស្ពត»

នៅ​រដូវ​វស្សា ក្រសួង​សុខាភិបាល តែង​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​មូស​ខ្លា​ខាំ ខ្លាច​មាន​ជំងឺ​គ្រុន​ឈាម តែ​ពេល​នេះ​គឺ​ជា​ករណី​ថ្មី​ដែល​មន្ត្រី​សុខាភិបាល កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ។

ករណី​មាន​អាការ​ផ្ដាសាយ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ និង​ទទួល​ឱសថ ហើយ​បើ​មាន​ករណី​សង្ស័យ​ណា​មួយ សូម​ផ្ដល់​ព័ត៌មាន​បន្ថែម ឬ​រាយការណ៍​ពី​ជំងឺ​គ្រុន​ក្ដៅ​ច្រើន​ក្នុង​ភូមិ ក្នុង​សាលារៀន ឬ​កន្លែង​ធ្វើ​ការ សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​បន្ទាន់ ឬ​ហតឡាញ (Hotline) ១១៥ ដើម្បី​ផ្ដល់​ដំណឹង ឬ​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ជា​ប្រញាប់ ដែល​លេខ​ទូរស័ព្ទ​នេះ លោក​អ្នក​នឹង​មិន​អស់​សេវា​ហៅ​ចេញ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។