វិធី​បង្ការ​បញ្ហា​ពុល​ចំណី​អាហារ

ដោយ ខែ សុណង
2017-06-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សិស្ស​សាលា និង​ឪពុក​ម្ដាយ​ជាច្រើន​រយ​នាក់​នៅ​ក្នុង​ឃុំ​ពង្រលើ ស្រុក​ជីក្រែង ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប កំពុង​ព្យួរ​សេរ៉ូម​ដោយសារ​ពុល​ចំណី​អាហារ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៥។
សិស្ស​សាលា និង​ឪពុក​ម្ដាយ​ជាច្រើន​រយ​នាក់​នៅ​ក្នុង​ឃុំ​ពង្រលើ ស្រុក​ជីក្រែង ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប កំពុង​ព្យួរ​សេរ៉ូម​ដោយសារ​ពុល​ចំណី​អាហារ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ក្រសួង​សុខាភិបាល បាន​រក​ឃើញ​ថា បញ្ហា​ពុល​ចំណី​អាហារ​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ និង​ច្រើន​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ពេល​មាន​ពិធី​បុណ្យទាន​ផ្សេងៗ ឬ​មាន​ការ​ជួបជុំ​គ្នា។ ការ​ពុល​ចំណី​អាហារ​នេះ​ទៀតសោត ក្រៅ​អំពី​ការ​ប៉ះពាល់​ដល់​សុខភាព​ដែល​គេ​អាច​មើល​ឃើញ​ភ្លាមៗ ការ​ពុល​អាហារ​បាន​ប៉ះពាល់​ដល់​សុខភាព​យូរ​អង្វែង ដូចជា​រលាក​ក្រពះ ពោះវៀន តម្រង​នោម ថ្លើម និង​ឈាន​ដល់​ជំងឺ​មហារីក ជាដើម។

តើ​លោក​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជៀសវាង​ការ​ពុល​ចំណី​អាហារ?

ខ្វះ​អនាម័យ និង​ការ​មិន​យក​ចិត្ត​ទុក​ក្នុង​ការ​ទិញ​ម្ហូប​អាហារ​មក​ទទួល​ទាន គឺ​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ពុល​ចំណី​អាហារ​ជា​ញឹកញាប់។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ពន្យល់​ថា មាន​កត្តា​សំខាន់​បី​ដែល​ជា​មូលហេតុ​នៃ​ការ​ពុល​ចំណី​អាហារ។ លោក​ថា វត្ថុ​ធាតុ​ដើម ឬ​បន្លែ​ត្រី​សាច់​ខូច​គុណភាព អ្នក​លក់​ពុំ​មាន​អនាម័យ​ល្អ និង​ការ​រៀបចំ​ដាក់​លក់​មិន​បាន​គ្រប​ឲ្យ​ត្រឹមត្រូវ ជា​ដើម​បញ្ហា។ លោក​ពន្យល់​បន្ថែម​ដូច្នេះ«ការ​ទុក​ដាក់​រយៈពេល​យូរ​លើស​ពី​ពីរ​ម៉ោង បើ​ចង់​ដាក់​សីតុណ្ហភាព​ក្ដៅ ត្រូវ​ដាក់​ឲ្យ​លើស​ពី ៦០​អង្សា ផ្ងំ ឬ​កម្ដៅ​ឡើង​វិញ ទុក​ឲ្យ​ក្ដៅ​ជាប់​រហូត ហើយ​បើ​សិន​ជា​ក្នុង​សីតុណ្ហភាព​ត្រជាក់ ត្រូវ​ដាក់​ឲ្យ​វា​ស្ថិត​នៅ​ក្រោម ៤​អង្សា​សេ»

ឯកសារ​ស្ដីពី​បំណិន​ជីវិត​ជុំវិញ​សុខភាព និង​សុវត្ថិភាព​របស់​អង្គការ​ស៊ីប៉ា (Sipar) បាន​សរសេរ​ថា ចំណី​អាហារ​ខូច​គុណភាព មិន​ផ្ដល់​ជីវជាតិ និង​វីតាមីន​នោះ​ទេ។ លើស​ពី​នេះ វា​បង្ក​ជំងឺ​ផ្សេងៗ​ដូចជា រាក ចុក​ពោះ ក្អួត​ចង្អោរ និង​ឈឺ​ក្បាល​ថែម​ទៀត។

ឯកសារ​ដដែល​បាន​ណែនាំ​ថា កត្តា​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​ចំណី​អាហារ​ខូច​គុណភាព មាន​ជាអាទិ៍ អាកាសធាតុ​ក្ដៅ​ងាយ​ធ្វើ​ឲ្យ​អាហារ​ខូច។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​សីតុណ្ហភាព​ត្រជាក់ វា​អាច​បញ្ឈប់​ការ​រីក​លូតលាស់​នៃ​ពពួក​បាក់តេរី។ ការ​ប្រើប្រាស់​របស់​របរ​ដូចជា ឡាំង ប្រអប់ កាំបិត ចាន ឆ្នាំង ជ្រញ់ វែក ស្លាបព្រា​មិន​ស្អាត អាច​បង្ក​ឲ្យ​មាន​មេរោគ​ក្នុង​ចំណី​អាហារ និង​អាហារ​ដែល​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ គឺ​មាន​ពពួក​បាក់តេរី មេរោគ ដែល​ឆ្លង​មក​តាម​រយៈ​សត្វ​រុយ កន្លាត និង​កណ្ដុរ។

អ្វី​ដែល​គួរ​ឲ្យ​ជៀសវាង​បំផុត​នោះ គឺ​កុំ​ដាក់​អាហារ​ក្ដៅ​ខ្លាំង​ក្នុង​សម្ភារ​ដែល​ធ្វើ​ពី​ប្លាស្ទិក ឬ​ស្នោ ព្រោះ​វា​ធ្វើ​ឲ្យ​ចេញ​ជាតិ​គីមី​ចូល​ទៅ​ក្នុង​អាហារ​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​បង្ហាញ​ថា រោគ​សញ្ញា និង​អាការៈ​មួយ​ចំនួន​ដែល​អាច​សន្និដ្ឋាន​ថា​ជា​ការ​ពុល​ចំណី​អាហារ មាន​ដូចជា ក្អួត​ចង្អោរ ករណី​ខ្លះ​រាក តែ​ភាគច្រើន​មិន​មាន​អាការៈ​ក្ដៅ​ខ្លួន​ទេ បើ​សិន​ការ​ពុល​នោះ​ដោយសារ​ជាតិ​គីមី ឬ​មួយ​ដោយសារ​តុកស៊ីន (Toxin) ឬ​ហៅ​ថា​ជា​ជាតិ​ពុល​របស់​មេរោគ។

លី សូវ៉ាន់ ២០១៦ ៨៥៥
ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Kher Sonorng RFA/Kher Sonorng

ចំណែក​ករណី​ខ្លះ​ទៀត គឺ​អាច​ពុល​ដោយ​មាន​ក្ដៅ​ខ្លួន​ដែរ គឺ​បង្ក​ឡើង​ដោយ​ចំណី​អាហារ​មាន​ផ្ទុក​មេរោគ​ដែល​រីក​រាលដាល ក៏​អាច​បង្ក​ឲ្យ​ពុល​ដូច​គ្នា​ដែរ។ លោក​វេជ្ជបណ្ឌិត​ផ្ដល់​ឱវាទ​ថា បើ​កាលណា​មាន​អាការៈ ឬ​រោគ​សញ្ញា​បែប​នេះ គប្បី​លោក​អ្នក​ស្វែងរក​វិធី​ព្យាបាល ឬ​ជួយ​សង្គ្រោះ«ករណី​ក្អួត​រាក រង់ចាំ​ឈប់​ក្អួត​ឲ្យ​អស់​សិន បាន​ចាប់​ផ្ដើម​ផឹក​ទឹក​អូរ៉ាលីត្រ លាយ​ទៅ​តាម​ការ​ណែនាំ ផឹក​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញ​ជាតិ​ទឹក​មក​វិញ។ បើ​សិន​ជា​មិន​ធូរ​ទេ សូម​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដើម្បី​បញ្ចូល​ជាតិ​ទឹក។ សូម​កុំ​ប្រើ​ថ្នាំ​ផ្សះ​ដោយ​ខ្លួន​ឯង។ ភាគច្រើន​នៃ​ការ​ពុល​ចំណី​អាហារ វា​មិន​មែន​បណ្ដាល​មក​ពី​មេរោគ​សុទ្ធ​ទេ វា​បណ្ដាល​មក​ពី​ជាតិ​តុកស៊ីន (Toxin) ឬ​មួយ​មក​ពី​ជាតិ​គីមី ឬ​សារធាតុ​ដទៃ​ទៀត​បណ្ដាល​ឲ្យ​ពុល»

ដោយឡែក​នៅ​ពេល​សមាជិក​ក្នុង​គ្រួសារ​ជួប​ប្រទះ​ការ​ពុល​ចំណី​អាហារ​នោះ ក្នុង​គ្រួសារ​ខ្លះ​និយម​ឆុង​ទឹក​ឃ្មុំ​ក្រូចឆ្មារ​ឲ្យ​អ្នក​ជំងឺ​ទទួល​ទាន ដែល​ករណី​នេះ​មិន​ចោទ​ជា​បញ្ហា​អាហារ​នោះ​ទេ ព្រោះ​ជា​ការ​បំពេញ​ជាតិ​ទឹក ហើយ​ជាតិ​ស្ករ​ដែល​ទទួល​ទាន​ច្រើន ក៏​អាច​បង្ខំ​ឲ្យ​មាន​ការ​ច្រោះ​ទឹក​ដើម្បី​ឲ្យ​បត់​ជើង​តូច​ច្រើន ដែល​អាច​ជួយ​បញ្ចេញ​នូវ​ជាតិ​ពុល​ខ្លះ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ដំអក់​នោះ​ទេ បើ​សិន​ជា​អ្នក​ជំងឺ​ចុះ​ខ្សោយ​ខ្លាំង គឺ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម«បើ​សិន​ជា​គាត់​ដល់​ថ្នាក់​សន្លប់​ឈឹង និយាយ​រួម​គាត់​មិន​អាច​ញ៉ាំ​បាន​ទាល់​តែ​សោះ យើង​មិន​ត្រូវ​រង់ចាំ​ទេ ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព ដើម្បី​បញ្ចូល​តាម​សរសៃ​ឈាម​វិញ»

ចា៎! លោក​អ្នក​នាង​ជា​ទី​មេត្រី ដើម្បី​ឲ្យ​ចំណី​អាហារ​មាន​សុវត្ថិភាព និង​គុណភាព​ល្អ ឯកសារ​ស្ដីពី​បំណិន​ជីវិត​ជុំវិញ​សុខភាព និង​សុវត្ថិភាព​នៃ​អង្គការ​ស៊ីប៉ា (Sipar) បាន​ណែនាំ​ថា៖

  • កុំ​ប្រើប្រាស់​សម្ភារ​សម្រាប់​ដាក់​អាហារ​លាយឡំ​គ្នា​រវាង​អាហារ​ឆ្អិន និង​អាហារ​ឆៅ

  • ទុក​ដាក់ ឬ​រក្សា​ចំណី​អាហារ​ដែល​បាន​ចម្អិន ឬ​មិន​ទាន់​ចម្អិន​នៅ​ក្នុង​ទូ​ម្ហូប គ្រប​ចាន​អាហារ​ឲ្យ​ជិត​កុំ​ឲ្យ​រុយ​រោម

  • ប្រសិន​ជា​មាន​ធុង​ទឹកកក ឬ​ទូ​ទឹកកក ត្រូវ​រក្សា​ទុក ឬ​ក្លាសេ​ក្នុង​សីតុណ្ហភាព​ត្រជាក់ ជៀសវាង​ការ​ធុំ​ក្លិន​ស្អុយ ផ្អូម ឬ​ខូច​គុណភាព

  • លោក​អ្នក​ត្រូវ​លាង​សម្អាត​សម្ភារ​សម្រាប់​ដាក់​អាហារ និង​ជូត​សម្អាត​ផ្ទះបាយ ក្រោយ​ចម្អិន​ម្ហូប​អាហារ​រួច

  • នៅ​ពេល​លោក​អ្នក​ទិញ​អាហារ​វេច​ខ្ចប់ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា និង​ថ្ងៃ​ផុត​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ ទោះ​បី​ជា​ទិញ​ពី​ផ្សារ​ធម្មតា ផ្សារ​ទំនើប ឬ​ទិញ​ពី​ហាង​ក្ដី។

 

គេហទំព័រ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ផ្សព្វផ្សាយ​ថា ត្រូវ​ទិញ​អាហារ​បរិភោគ​នៅ​កន្លែង​ណា​ដែល​យើង​សន្និដ្ឋាន​ថា​ជា​កន្លែង​មាន​អនាម័យ មិន​ត្រូវ​ទិញ​អាហារ​ដែល​សង្ស័យ​មាន​សារធាតុ​គីមី ដើម្បី​ឲ្យ​ស្រស់​ស្អាត និង​ស្វិត​ល្អ មិន​ត្រូវ​ទិញ​អាហារ​ដែល​មាន​តម្លៃ​ទាប​ខុស​ធម្មតា ព្រោះ​អាច​សង្ស័យ​ថា​ជា​អាហារ​ខូច​គុណភាព ហួស​សុពលភាព និង​ដាក់​ជាតិ​គីមី​ដើម្បី​រក្សា​ទុក​បាន​យូរ ជាដើម។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ធ្វើ​ការ​ណែនាំ​ដូច​ត​ទៅ«ត្រូវ​រក​ចំណី​អាហារ​ស្រស់​ល្អ មិន​មែន​មាន​ន័យ​ថា​ស្រស់​អត់​ដង្កូវ​ចោះ​ទេ។ មាន​ន័យ​ថា រក​ចំណី​អាហារ​ណា​ដែល​មាន​ប្រភព​ច្បាស់លាស់ មាន​ការ​ទុក​ចិត្ត ត្រូវ​ពិនិត្យ​មើល​អាហារ​មាន​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ត្រូវ​រក្សា​អនាម័យ​ក្នុង​ការ​រៀបចំ​អាហារ ក៏ដូចជា​ការ​លក់ដូរ បើ​សិន​ជា​ចង់​ទុក​យូរ​ត្រូវ​កម្ដៅ ឬ​មួយ​ក្លាសេ​ឲ្យ​ត្រជាក់»

របាយការណ៍​ពី​គេហទំព័រ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មាន​ករណី​ផ្ទុះ​ជំងឺ​រាតត្បាត​ដោយ​ពុល​ចំណី​អាហារ បង្ក​ឡើង​ដោយ​ការ​បរិភោគ​គុយទាវ​ឆា បណ្ដាល​ឲ្យ​សិស្ស​ចំនួន ៦៥​នាក់​បាន​ឈឺ​នៅ​សាលា​សំបួរសាគរ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ជា​លទ្ធផល​បឋម រក​ឃើញ​ថា ការ​ពុល​គុយទាវ​ឆា​នោះ បណ្ដាល​មក​ពី​គុយទាវ​មាន​ជាតិ​គីមី និង​ខ្វះ​អនាម័យ។

ចំណែក​ករណី​មួយ​ទៀត​នោះ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៧ មនុស្ស​ចំនួន ៣៤​នាក់​រាក​ក្អួត​ដែល​បណ្ដាល​មក​ពី​ការ​ពុល ក្នុង​ពិធី​បុណ្យ​បច្ច័យ​បួន​នៅ​ភូមិ​ព្រៃកូនសេក សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​រក​ឃើញ​ថា ឆា​មឹក និង​ញាំ ជា​មូលហេតុ​បណ្ដាល​ឲ្យ​ពុល។

លោក​អ្នក​នាង​ជា​ទី​មេត្រី ដូច​លោក​អ្នក​បាន​ជ្រាប​ហើយ​អំពី​វិធី​បង្ការ​កុំ​ឲ្យ​ពុល​ចំណី​អាហារ ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​ឃើញ​មាន​ករណី រាក​ក្អួត​ខុស​ធម្មតា​ក្នុង​ភូមិ ក្នុង​សាលារៀន ឫ​កន្លែង​ធ្វើ​ការ សូម​ផ្ដល់​ព័ត៌មាន​បន្ថែម ឬ​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ ១១៥ ដើម្បី​ផ្ដល់​ដំណឹង​ជូន​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ជា​បន្ទាន់ ដើម្បី​អន្តរាគមន៍​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល