វេជ្ជបណ្ឌិតមានប្រសាសន៍ថា ដើម្បីកំណត់ថាប្រស្តេតរីកធំ មិនមែនសម្គាល់តែទៅលើការពិបាកបត់ជើងតូចតែមួយមុខប៉ុណ្ណោះទេ គឺគេត្រូវតែធ្វើតេស្តតាមវិធី២យ៉ាងគឺ ការធ្វើតេស្តឈាមដោយពិនិត្យមើលហៅថា Prostate Specific Antigen (PSA exam) និងធ្វើ Digital Rectal Exam (DRE)។
អង្គការសង្គមជំងឺមហារីកអាមេរិក (American Cancer Society) បានលើកឡើងថា DRE គឺវេជ្ជបណ្ឌិតអាចស្ទាបដឹងថា តើប្រស្តេតរីកធំប៉ុណ្ណា ឬក៏រកមើលថា តើក្រពេញប្រស្តេតមានភាពមិនប្រក្រតីយ៉ាងណា។ ជាទូទៅគឺគេធ្វើដូចជាទៅលើបុរសអាយុ៥០ឆ្នាំ ឬចាស់ជាងនេះ ហើយដែលគ្មានប្រវត្តិគ្រួសារធ្លាប់កើតមហារីកប្រស្តេត ឬប្រស្តេតរីកធំ។
លោកវេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានប្រសាសន៍ថា ៖ «ខ្ញុំចង់និយាយអំពីការពិនិត្យ។ ឥឡូវយើងអត់ទាន់ដឹងទេ គ្រាន់តែស្មានទេថា អ្នកជំងឺហ្នឹងកើតហើយ។ ការដែលពិនិត្យសំខាន់បំផុតគឺហៅថា Digital Rectal Examគឺសំខាន់។ ប្រូស្តាតដែលរីក គឺវាណែន វារីក វាណែន ហើយយើងចុចទៅវាអត់រឹងដូចថ្មទេ ប៉ុន្តែការពិនិត្យហ្នឹងគឺទាក់ទងនឹងបច្ចេកទេសត្រូវធ្វើម៉េចៗ ខ្ញុំមិនជម្រាបទេ ប៉ុន្តែតែអាហ្នឹងឯង គឺធ្វើឲ្យយើងដឹង»។
ឃឹម សារ៉ង ៖ ហ្នឹងគឺលូកតាមរន្ធគូទអ៊ីចឹង? វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ ៖ បាទ! អាហ្នឹងឯង គឺលេខ១ ហើយ Objective sign ស្ទាបទៅគឺដឹងតែម្តង ប៉ុន្តែទាល់តែអ្នកជំងឺដេកយ៉ាងម៉េចៗ ទាល់តែបច្ចេកទេស មិនជម្រាបទេ សំខាន់ណាស់។
ចំពោះការធ្វើតេស្តឈាមពិនិត្យមើល PSA វេជ្ជបណ្ឌិតឯកទេសមានប្រសាសន៍ថា ជានិច្ចកាលតែងតែមានបរិមាណ PSA តិចតួចលិចចូលទៅក្នុងសរសៃឈាម។ ក៏ប៉ុន្តែ តើបរិមាណប៉ុណ្ណាដែលគេរកឃើញនៅក្នុងឈាម ហើយគេកំណត់ថាអាចមានគ្រោះថ្នាក់ប្រស្តេតរីកធំ ឬក៏មហារីកប្រស្តេតនោះ?
លោកវេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ បានឲ្យដឹងដូច្នេះ ៖ «មួយទៀត បូមឈាមមើលគឺអាចឃើញឡើងដែរ ឡើងខ្លះដែរ គេហៅថា PSA (Prostate Specific Antigen) គឺឡើងដែរ ឡើងខ្លះដែរ។ នៅពេលហ្នឹងយើងច្បាស់ជាមនុស្សហ្នឹងកើតហើយ ប្រូស្តាតហ្នឹងរីក ហើយចាប់ព្យាបាល»។
លោកវេជ្ជបណ្ឌិត សាយម៉ុន ហល (Simon Hall) ឯកទេសម៉ូត្រសាស្ត្រ ប្រធានផ្នែកម៉ូត្រវិទ្យានៅមហាវិទ្យាល័យពេទ្យ Mount Sinaiនាបុរីញូវយ៉ក មានប្រសាសន៍នៅក្នុងឯកសារ Webmedicineថា ចំពោះបុរសសំខាន់ត្រូវយល់ថា ពិនិត្យ PSA មិនកំណត់ថា មានមហារីកនោះទេ វាគ្រាន់តែប្រាប់អ្នកថា តើភាពគ្រោះថ្នាក់កើនឡើងឬទេប៉ុណ្ណោះ។ លោកបន្តថា មានករណីបុរសខ្លះមានមហារីកប្រស្តេតរីកលឿនណាស់ តែកម្រិត PSA នៅធម្មតា។ ក៏ដូចគ្នានេះដែរ មានបុរសខ្លះមានកម្រិត PSA កើនឡើង ក៏ប៉ុន្តែគ្មានមហារីកឡើយ ហើយឥឡូវនេះគ្មាននរណាប្រាកដឡើយថា តើមូលហេតុអ្វីនោះ។ ហេតុនេះហើយបានជា ដើម្បីជួយដល់ការកំណត់អំពីគ្រោះថ្នាក់នេះ វេជ្ជបណ្ឌិតច្រើនតែធ្វើ DRE។ ក្នុងវិធីនេះ វេជ្ជបណ្ឌិតរកមើលភាពសមប្បមាណ ឬស៊ីមេទ្រី (Symmetry) ភាពរឹងនិងទំហំរបស់ប្រស្តេត។ បន្ទាប់ពីការកំណត់ធាតុពិតនៃជំងឺហើយ នោះទើបឈានដល់ការព្យាបាលប្រស្តេតរីកធំ។
លោកវេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ បានឲ្យដឹងដូច្នេះ ៖ «ព្យាបាលមាន២។ នៅកន្លែងខ្ញុំ យើងមានប្រើថ្នាំ។ ថ្នាំចែកជា២ ជាសំខាន់។ ទី១ គឺថ្នាំពេទ្យហ្នឹងឯង ទី២ គឺថ្នាំដែលផ្សំពីដើមឈើ ឫសឈើ។ នៅស្រុកខ្មែរយើងគឺសំបូរណាស់ ពាក្យអង់គ្លេសហៅថា Phytotherapy គឺ Plant therapy គេយកដើមឈើ សំបកឈើ ស្លឹកឈើ ឫសឈើ លម្អងផ្កាទាំងអស់ហ្នឹងយកមកផ្សំជាថ្នាំ គឺគេប្រើនៅអឺរ៉ុប នៅសហរដ្ឋអាមេរិកក៏គេប្រើដែរ។ ប៉ុន្តែសម្រាប់ប្រជាជនខ្មែរយើងដែលមានបញ្ហា ចំណាំមើលថា ស្លឹកឈើ បន្លែ ចំណីអាហារណាដែលញ៉ាំហើយនោមមកធូរ ចំណាំវាទុក គឺជួយយើង ព្រោះយើងខ្វះថ្នាំ បើមានថ្នាំអីគឺជួយណាស់។ ផ្លែឈើអីក៏ដោយ ដើមឈើអីក៏ដោយ ស្លឹកឈើអីក៏ដោយ ឫសឈើអីក៏ដោយ ផ្កាឈើអីក៏ដោយ ឬលម្អងផ្កាអស់ហ្នឹងឯងដែលយកមកធ្វើជាសម្លក៏ដោយ ឬក៏ធ្វើជាតែផឹកក៏ដោយ នោមមកបានធូរ ដាក់មកនោមឆតែម្តង ប្រើអស់ហ្នឹងទៅស្រួលហើយ។ ចៀសវាងអារឿងញ៉ាំខ្លាញ់ញ៉ាំអីៗហ្នឹងគឺអត់ល្អទេទាក់ទងនឹងរឿងធ្វើឲ្យអស់ហ្នឹងរីកហើយ ហ្នឹងមហារីក។ បើនិយាយថា ខ្ញុំស្គាល់ឈ្មោះថ្នាំអីៗនៅស្រុកខ្មែរ ខ្ញុំអត់ដឹងទេ។ ថ្នាំទាំងអស់ដែលខ្ញុំរៀន គឺថ្នាំចិននិងថ្នាំបស្ចឹម ម៉្លោះហើយខ្ញុំអត់ដឹងទេ ថ្នាំឫសឈើ សំបកឈើនៅស្រុកខ្មែរយើងច្រើនខុសគ្នា»។
អ្នកមានបញ្ហាប្រូស្តេតរីកធំម្នាក់នៅក្រុងភ្នំពេញ គឺលោក ស៊ឹម សារ៉ាក់ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងវប្បធម៌ទើបចូលនិវត្តន៍ អាយុ៦១ឆ្នាំមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់ដែលទទួលការព្យាបាលប្រូស្តេតរីកធំថា ៖ «ចុងក្រោយហ្នឹងចុកឃើញម៉ែឃើញឪតែម្តងហើយ បានទៅមើលទៅស្រាប់តែពេទ្យគេថា Hypertrophie ខ្ទង់ប៉ុន្មានទេ...ភ្លេចហើយ ៦០ប៉្លាយមីលីម៉ែត្រ ធំណាស់ វាមកជិតអារន្ធនោម។ គេថាវាហើមអាសាច់ក្រពីងប្រូស្តាតហ្នឹង។ ពេទ្យស្រុកខ្មែរដែលគេធានាវះ ដល់ពេលហ្នឹងគាត់ថា ទេ! អត់ហ៊ានវះទេ ជម្រាបត្រង់ខ្លាច មិនដែលមានធំអ៊ីចឹង។ ធើឲ្យឯងភ័យ។ រត់ទៅបាងកក គ្រាន់តែវះវាទារ ៨៥០០(ដុល្លារ)។ វាគិតលុយទាំងនៅកំដរ ទាំងនៅដេកស៊ីទៅខ្ទង់៣ម៉ឺន(ដុល្លារ)។ អេ! អត់ទេ វិលមកវិញ។ នៅស្រុកខ្មែរយើងតែ១ពាន់ហ្នឹង។ គេទើបនឹងមានAppareil ថ្មី។ គេធ្វើអាដាក់ទុយោចូលទៅ គេមានប្រដាប់គេវិល វ៉ៃបំបែក អាវិល...មិនដឹងយ៉ាងម៉េចទេ ឮសូរតែគេថា។ មើលនៅក្នុងទូរទស្សន៍អីទៀត។ គេដាក់ទូរទស្សន៍ឲ្យមើល គេដាក់ថ្នាំសន្លប់តែពាក់កណ្តាលទេ ចុះទៅក្រោមហ្នឹងនៅដឹងទាំងអស់ទេតើ! មុនដំបូងគេឲ្យមើល ដល់ក្រោយទៅបានគេខ្លាចយើងភ័យយើងអីផង គេទាញវាំងននបិទលែងឲ្យមើលទូរទស្សន៍ទៅ។ ២ម៉ោងឯណោះ»។
ចំពោះស្ថានភាពសុខភាពបន្ទាប់ពីការវះកាត់នោះវិញ លោក ស៊ឹម សារ៉ាក់ មានប្រសាសន៍ថា ៖ «រហ័សដែរតើ នៅសម្រាកពេទ្យតែ១អាទិត្យទេ។ ១អាទិត្យហ្នឹងដកសុងចេញបានដើរ ដើរហាត់ប្រាណអីធម្មតា អត់មានអីពិបាកទេ។ ការនោមហ្នឹង? ការនោម នោមធ្លាក់អស់ដំបូង។ អូ! ពេលផដែលរួចហើយហ្នឹងវាមានរឿងដូចកូនក្មេង ដូចកូនខ្ចីអ៊ីចឹង ព្រោះអាទឹកនោមវាមកអត់ដឹងខ្លួនទេ វាមករហូត អាវះរួចហើយហ្នឹង។ ប្រើអាស្អី ដូចកូនខ្ចីដាក់កុំឲ្យជុះអាចម៍ជុះនោមចេញ ហើយដល់៣ខែមកដាក់អាស្អីដូចស្រីៗមកខែថ្ងៃទៀត ដាក់អាហ្នឹង។ ព្រោះឈឺនោមវាមក។ កាលមុនអត់ឈឺទេ វាមកតែម្តងអត់ដឹង ដល់អា៣ខែមក តែឈឺមកហើយ ជោកៗខោ គិតៗទៅយូរដែរអាហ្នឹង ពិបាកដែរ ប៉ុន្តែឥឡូវធម្មតាហើយ»។
សូមរំឭកថា ប្រូស្តេតគឺជាក្រពេញមួយដែលស្ថិតនៅជុំវិញបំពង់បង្ហួរនោម វាស្ថិតនៅខាងក្រោមផ្លោកនោម ហើយនិងនៅចំពីមុខចុងពោះវៀនធំរបស់បុរស៕
