ភាព​ស៊ាំ​នៃ​ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា

ទន្ទឹម​នឹង​មាន​បញ្ហា​ស៊ាំ​ថ្នាំ​គ្រុនចាញ់​នៅ​ក្នុង​ប្រទេស​នា​ទ្វីប​អាហ្វ្រិក នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រឹង​ប្រែង​កម្ចាត់​ជំងឺ​គ្រុនចាញ់ ក៏​កំពុង​តែ​ប្រឈម​នឹង​ការ​ដែល​ប៉ារ៉ាស៊ីត​ស៊ាំ​នឹង​ថ្នាំ​គ្រុនចាញ់​ដែរ។

0:00 / 0:00

អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា គ្រុនចាញ់​បង្ក​ឡើង​ដោយសារ​ប៉ារ៉ាស៊ីត ដែល​មាន​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លង ហើយ​ខាំ​ស្បែក​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ នៅ​ទូទាំង​សកល​លោក ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង ១​លាន​នាក់​ក្នុង​១​ឆ្នាំៗ។

អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ទៀត​ថា ថ្នាំ​មួយ​ប្រភេទ​ដែល​សម្រាប់​ប្រឆាំង​គ្រុនចាញ់​អាច​ចុះ​ថយ​ប្រសិទ្ធភាព។ ហើយ​គេ​បាន​ឃើញ​មាន​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា ប៉ារ៉ាស៊ីត​គ្រុនចាញ់​កំពុង​តែ​កើន​ការ​ស៊ាំ​ថ្នាំ​កាន់តែ​ខ្លាំង​ឡើងៗ។

លោក​វេជ្ជបណ្ឌិត នង សៅគ្រី អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុន​ចាញ់ មាន​ប្រសាសន៍​ថា គេ​បាន​ស្រាវជ្រាវ​ឃើញ​ភាព​ស៊ាំ​នោះ​នៅ​ម្តុំ​ព្រំដែន​កម្ពុជា-​ថៃ ៖ «បើ​នៅ​ប្រទេស​គេ​នៅ​អាហ្រ្វិក មាន​ភាព​ស៊ាំ​ដែរ ប៉ុន្តែ​មិន​លឿន​ដល់​យើង​ទេ។ មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ដែរ»

ជាមួយ​នេះ​លោក​វេជ្ជបណ្ឌិត ដួង សុជាតិ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ក៏​បាន​ឲ្យ​ដឹង​ដែរ​អំពី​ថ្នាំ​គ្រុន​ចាញ់​ដែល​ស៊ាំ​នោះ ៖ «ដោយសារ​ឱសថ Arteminisinin ឱសថ​ថ្មី ហើយ​ចាប់​ផ្តើម​ស៊ាំ»។

ចំណែក​លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ បាន​លើក​ឡើង​អំពី​ករណី​ប៉ារ៉ាស៊ីត​ស៊ាំ​នឹង​ថ្នាំ​នោះ​ថា ៖ «ឥឡូវ​នេះ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហាញ​ដែល​ឃើញ​ថា​មាន​មេរោគ​គ្រុនចាញ់​ខ្លះ​បាន​ស៊ាំ​ទៅ​នឹង​ថ្នាំ ជា​ពិសេស​ថ្នាំ Artesunate សម្រាប់​យក​មក​ធ្វើ​ការ​ព្យាបាល​ហ្នឹង គឺ​កម្មវិធី​ជាតិ​មាន​គម្រោង​ទប់​ស្កាត់​ជំហាន​ដំបូង​នៅ​លើ​បណ្តា​ខេត្ត​ទាំង​១០ ជាប់​នឹង​ព្រំប្រទល់​ដែន​ថៃ។ ពីព្រោះ​ការ​បង្ហាញ​ថា​មាន​ភាព​ស៊ាំ​ហ្នឹង គឺ​យើង​បាន​រក​ឃើញ​ចេញ​ពី​ខេត្ត​ប៉ៃលិន ដែល​ជាប់​នឹង​ទល់​ដែន​ថៃ»

លោក​វេជ្ជបណ្ឌិត ដួង សុជាតិ មាន​ប្រសាសន៍​ទៀត​ថា រដ្ឋាភិបាល​មាន​ការ​បារម្ភ​កាន់​តែ​ច្រើន​ឡើង​ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​គ្រុនចាញ់​ដោយ​ប្រើ​ថ្នាំ នោះ​គឺ​កាល​ពី​មុន​រយៈពេល​តែ ៤៨​ម៉ោង គឺ​ថ្នាំ​គ្រុនចាញ់​អាច​សម្លាប់​ប៉ារ៉ាស៊ីត​គ្រុន​ចាញ់​បាន ក៏ប៉ុន្តែ​ឥឡូវ​ក្នុង​ករណី​ខ្លះ​ត្រូវ​ការ​ដល់ ៨០​ម៉ោង​ ទើប​អាច​កម្ចាត់​ប៉ារ៉ាស៊ីត​នេះ​បាន។

លោក​វេជ្ជបណ្ឌិត នង សៅគ្រី មាន​ប្រសាសន៍​ដែរ​ថា កត្តា​មួយ​ក្នុង​ចំណោម​កត្តា​នានា ដែល​អាច​នាំ​មក​នូវ​ការ​ស៊ាំ​ថ្នាំ​នោះ គឺ​ការ​ប្រើ​ថ្នាំ​មិន​គ្រប់​កម្រិត​ដូស ៖ «ឃើញ​ថា​លេប​តែ ១​លេប ២​លេប តាម​ទឹក​លុយ​គាត់​អត់​គាត់​អី​ទៅ ហើយ​លេប​ទៅ​វា​ធូរ​ស្រាល អត់​ទាន់​ដាច់​ទេ គាត់​ឈប់​លេប​បាត់​ទៅ។អាហ្នឹង​ដែល​ធ្វើ​ឲ្យ​ការ​កើន​ឡើង​នៃ​ភាព​ស៊ាំ​ជាមួយ​នឹង​ថ្នាំ​នៅ​ប្រទេស​កម្ពុជា»

មន្ត្រី​សុខាភិបាល​មួយ​រូប​នៅ​សំឡូត ខែត្រ​បាត់ដំបង បាន​ឲ្យ​ដឹង​ថា កាល​ជំនាន់​ខ្មែរ​ក្រហម មាន​គ្រុនចាញ់​ច្រើន​នៅ​សំឡូត ចំណែក​បច្ចុប្បន្ន​នេះ​អ្នក​ជំងឺ​គ្រុនចាញ់​ខ្លះ​មិន​បាន​លេប​ថ្នាំ​តាម​កាល​កំណត់​របស់​មន្ត្រី​ពេទ្យ​ទេ គឺ​អាច​ដោយសារ​តែ​ក្លិន​ថ្នាំ​គ្រុនចាញ់ ឬ​ចំពោះ​អ្នក​ខ្លះ​ទៀត​អាច​ដោយសារ​បញ្ហា​ថ្នាំ​ធ្វើ​ទុក្ខ​ពិបាក​ទ្រាំ ហើយ​អ្នក​ជំងឺ​នោះ​ក៏​ឈប់​លេប​ថ្នាំ​នៅ​ពាក់​កណ្តាល​ទី គឺ​លេប​មិន​គ្រប់​កំណត់។ ហើយ​ចេញ​ពី​បញ្ហា​នោះ នាំ​ឲ្យ​លេច​ចេញ​នូវ​បញ្ហា​ធ្ងន់ធ្ងរ ៖ «មានៗៗ អ្នក​ជំងឺ​ខ្លះ​គាត់​ហូប​ថ្នាំ​ទៅ​ខ្លាច​ថ្នាំ​ធ្វើ​ទុក្ខ​អីអ៊ីចឹង​ទៅ»

មាន​សេចក្តី​រាយការណ៍​ថា នៅ​ស្រុក​ខ្មែរ​មាន​កន្លែង​ជា​ច្រើន​មិន​មែន​ជា​ឱសថ​ស្ថាន​ស្រប​ច្បាប់​នោះ​ទេ ក៏ប៉ុន្តែ​ជា​រាន ជា​គ្រែ ជា​តូប​តូចៗ ដែល​មាន​ដាក់​លក់​គ្រឿង​ទេស​បន្តិច​បន្តួច ​លក់​ស្រា ស្រា​បៀរ សាប៊ូ ម្សៅ​កក់​សក់​ជាដើម ។ល។ ហើយ​ទី​នោះ​ក៏​មាន​ការ​ផ្សំ​ថ្នាំ លក់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​នៅ​ជនបទ​ផង​ដែរ ដូចជា​ករណី​មួយ​នៅ​ស្រុក​សំឡូត គ្រួសារ​អ្នក​ជំងឺ ឬ​អ្នក​ជំងឺ​ទិញ​ថ្នាំ​គ្រុន​ចាញ់​នៅ​តាម​តូប តាម​គ្រែ គ្មាន​អនាម័យ ថ្នាំ​ត្រូវ​កម្ដៅ​ថ្ងៃ ថ្នាំ​ត្រូវ​សំណើម​ទឹក​ភ្លៀង​ជាដើម។

នៅ​ក្បែរ​ផ្លូវ​មួយ​ដែល​មាន​ដី​ហុយ អ្នក​លក់​ម្នាក់​នៅ​ស្រុក​សំឡូត​មាន​ប្រសាសន៍​ថា ៖ «ថ្នាំ​ហ្នឹង​វា​អ៊ីចេះ បើ​អា​ថ្នាំ​ខ្លះ​ទៀត ដូច​ថា​វា​អត់​សូវ​មាន​លក់​តាម​កន្លែង​អ៊ីចឹង»

គាត់​បន្ត​ថា គេ​អាច​រក​ទិញ​ថ្នាំ​គ្រុនចាញ់​បាន​ស្ទើរ​នៅ​គ្រប់​កន្លែង។

បណ្ឌិត​ឱសថការី ច្រឹង សុខន អនុ​ប្រធាន​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សំអាង នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​អំពី​វិធានការ​ខ្លះៗ​របស់​រដ្ឋាភិបាល ក្នុង​ការ​ទប់​ការ​ស៊ាំ​ថ្នាំ​ពេទ្យ។

ឱសថការី ច្រឹង សុខន មាន​ប្រសាសន៍​ដូច្នេះ ៖ «ទាក់​ទង​បញ្ហា​ភាព​ស៊ាំ​នៃ​ជំងឺ​គ្រុនចាញ់​ហ្នឹង ថ្មីៗ​ហ្នឹង​ក្រសួង​បាន​ចេញ​សារាចរ​លេខ​១៤៥ ដើម្បី​ណែនាំ​ឲ្យ​ឈប់​លក់ ឈប់​ចែក​ចាយ ឈប់​នាំ​ចូល​ឱសថ​ព្យាបាល​ជំងឺ​គ្រុនចាញ់​តែ​មួយ​មុខ ជា​ពិសេស​ពួក​ឱសថ​ដែល​នៅ​ក្នុង​ពពួក Hydro artemisinin ហើយ​ថ្ងៃ​មុខ​នឹង​ប្តូរ​ព្យាបាល​តាម​រូបមន្ត​ថ្មី គឺ​ឱសថArtemisinin បូក​ជាមួយ​នឹង​អាស៊ីពីរ៉ាស៊ីន ដែល​គេ​ហៅ​ឈ្មោះ​កាត់​ថា Artequin នោះ»

ចំពោះ​ការ​ឆ្លង បើ​គិត​តែ​តួលេខ​ដែល​មាន​ក្នុង​បញ្ជី​ប៉ុណ្ណោះ លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ មាន​ប្រសាសន៍​ថា នៅ​ស្រុក​ខ្មែរ តាម​ការ​ចុះ​ស្ថិតិ គឺ​ក្នុង ៦​ខែ​ដើម​ឆ្នាំ​នេះ​មាន ៖ «ស្ថិតិ​អ្នក​ឈឺ​គ្រុនចាញ់​នៅ​ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០០៩ មាន​ចំនួន ៣៦,៩៥២​នាក់។ បើ​ប្រៀប​ធៀប​ទៅ​នឹង ៦​ខែ​ដើម​ឆ្នាំ​ដូច​គ្នា ២០០៨ គឺ​មាន​តែ ៣២,៥៦២​នាក់​ទេ។ ដូច្នេះ​ឃើញ​ថា ៦​ខែ​ដើម​ឆ្នាំ​២០០៩ ជំងឺ​គ្រុនចាញ់​មាន​ការ​កើន​ឡើង​ជាង ៦​ខែ​ដើម​ឆ្នាំ​ ២០០៨។ ចំពោះ​អ្នក​ស្លាប់​ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០០៩ នេះ គឺ​មាន​ចំនួន ៩៨​នាក់ ហើយ​យើង​ប្រៀបធៀប​ទៅ ៦​ខែ​ដើម​ឆ្នាំ​២០០៨ អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់ ក៏​មាន​ការ​កើន​ឡើង​ដែរ ដោយ​នៅ​ឆ្នាំ​២០០៨ យើង​ឃើញ​មាន​តែ ៥៨​នាក់​ទេ»

ហើយ​ថា​ករណី​គ្រុនចាញ់ ច្រើន​មាន​នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា-​ថៃ។

ហើយ​លោក​វេជ្ជបណ្ឌិត ដួង សុជាតិ មាន​ប្រសាសន៍​ថា កំណើន​អ្នក​កើត​គ្រុនចាញ់​ទំនង​ជា​ដោយសារ​ភ្លៀង​ឆាប់​ធ្លាក់​ពេក​នា​ឆ្នាំ​នេះ ហើយ​អាច​ដោយសារ​ថា​សកម្មភាព​ក្នុង​ការ​ចែក​មុង​ជ្រលក់​ថ្នាំ ជូន​ប្រជាពលរដ្ឋ​មាន​ការ​យឺតយ៉ាវ៕