សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក (WHO) ចេញផ្សាយនៅថ្ងៃទី១៩ សីហា បង្ហាញតួលេខថា ចាប់តាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ សីហា មានករណីឆ្លងជំងឺគ្រុនឈាម អេបូឡា (Ebola Virus Disease) ថ្មី ចំនួន ១១៣នាក់។
ក្នុងរយៈពេល ៣ថ្ងៃនោះ មានសេចក្ដីរាយការណ៍ពីប្រទេសហ្គីណេ (Guinea) លីបេរីយ៉ា (Liberia) នីហ្សេរីយ៉ា (Nigeria) និងសេរ៉ាឡេអូន (Sierra Leone) នៅទ្វីបអាហ្វ្រិក (Africa) ថា មានមនុស្សចំនួន ៨៤នាក់ស្លាប់ ដោយសារជំងឺគ្រុនឈាម អេបូឡា នេះ។
ជំងឺគ្រុនឈាម អេបូឡា កំពុងរាតត្បាតនៅទ្វីបអាហ្វ្រិក ដោយឆ្លងពីសត្វព្រៃដែលមានផ្ទុកមេរោគ ដូចជា សត្វជ្រឹង សត្វស្វា សត្វឈ្លូស និងសត្វកាំប្រមា មកមនុស្ស។ របៀបឆ្លងរបស់មេរោគវីរុសអេបូឡា គឺតាមការប៉ះពាល់ឈាម ឬទឹកសរីរាង្គ ឬទឹករងៃសត្វព្រៃ និងមនុស្ស ដែលផ្ទុកមេរោគ។
រោគសញ្ញារបស់ជំងឺគ្រុនឈាម អេបូឡា គឺចាប់ផ្ដើមដោយគ្រុនក្ដៅភ្លាមៗ ឈឺក្បាល មានក្រហមភ្នែក មានក្អួត រាក ឈឺបំពង់ក អស់កម្លាំង ឈឺសាច់ដុំ និងចេញស្នាមកន្ទួលក្រហមនៅលើស្បែក។
គ្រូពេទ្យណែនាំដល់អ្នកដែលមកពីតំបន់អាហ្វ្រិក ហើយមានរោគសញ្ញាទាំងនេះ ប្រញាប់ទៅជួបគ្រូពេទ្យ។ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពាក់កណ្ដាលខែសីហា នេះ តួលេខករណីអ្នកឆ្លងមេរោគវីរុស អេបូឡា បានកើនឡើងដល់ជាង ១.២០០នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
