លោកស្រីវេជ្ជបណ្ឌិត ខេង ស៊ីម អនុប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាលបានសង្កេតឃើញមានកត្តាមួយចំនួន ដែលអាចរួមចំណែកនាំឲ្យមានការស៊ាំនេះ ៖ «មូលហេតុពិតប្រាកដដែលបញ្ជាក់ថា មានភាពស៊ាំទៅនឹងថ្នាំគ្រុនចាញ់នោះ គឺពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ក៏ប៉ុន្តែ វាមានកត្តាជាច្រើនដែលជំរុញឲ្យមានភាពស៊ាំនេះ ដូចជាទី១ អ្នកជំងឺមិនគោរពវេជ្ជបញ្ជាគ្រូពេទ្យ គឺថាអ្នកជំងឺគ្រុនចាញ់មិនបានលេបថ្នាំគ្រប់កម្រិតដូស ទៅតាមការណែនាំរបស់គ្រូពេទ្យ។ កត្តាទី២ គឺជ្រើសរើសការព្យាបាលដោយខ្លួនឯង គឺពេលមានជំងឺគ្រុនចាញ់ អ្នកជំងឺតែងតែទៅរកទិញថ្នាំនៅកន្លែងលក់ឱសថដោយខ្លួនឯង ដែលទៅនោះអាចប៉ះចំលើអ្នកលក់ឱសថដែលមិនមានជំនាញ ឬក៏ផ្តល់នូវឱសថអន់គុណភាព ឬក៏ទិញឱសថគ្រុនចាញ់ ដែលមានសារជាតិសកម្មតែមួយមុខ ដូចជាពពួក អាតេសូណាត (Artesunate) ឬក៏ អាតេមីស៊ីនីន (Artemisinin)។ កត្តាទី៣ គឺមកពីអ្នកផ្តល់សេវាព្យាបាលហ្នឹងផងដែរ ដោយមិនបានគោរពទៅតាមមគ្គុទ្ទេសក៍ជាតិ សម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដូចជាមិនបានធ្វើតេស្តឈាមរកមើលប្រភេទមេរោគគ្រុនចាញ់មុននឹងសម្រេចជ្រើសរើសយកថ្នាំណាមួយមកព្យាបាល»។
លោកស្រីវេជ្ជបណ្ឌិត ខេង ស៊ីម មានប្រសាសន៍ដែរថា បន្ថែមលើកត្តាទាក់ទងនឹងការព្យាបាល ការស៊ាំក៏អាចមកពីការនាំចល័តប៉ារ៉ាស៊ីតគ្រុនចាញ់ ដែលស៊ាំថ្នាំហើយ និងអាចមកពីការសម្រេចចិត្ករបស់អ្នកជំងឺផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ខេង ស៊ីម មានប្រសាសន៍ដូច្នេះ ៖ «កត្តាទី៤ ក៏វាទាក់ទិនទៅនឹងជនចំណាកស្រុក ជាកត្តាដែលបណ្តាលឲ្យមានភាពស៊ាំផងដែរ។ មានន័យថា ប្រជាជនដែលមានជំងឺគ្រុនចាញ់រួចហើយ ហើយដែលមានមេរោគនោះ មានភាពស៊ាំទៅនឹងគ្រុនចាញ់ទៅនឹងកន្លែងណាមួយហើយ ហើយបានប្តូរទៅកន្លែងមួយទៀត ដែលពុំទាន់មានភាពស៊ាំ។ នោះហើយដែលអាចធ្វើឲ្យមានការសាយភាយភាពស៊ាំទៅទីកន្លែងនោះ។ កត្តាទី៥ គឺទាក់ទងទៅនឹងការយល់ដឹង។ ការយល់ដឹងរបស់ប្រជាជនយើង នៅមានកម្រិតពុំទាន់មានការសម្រេចចិត្តច្បាស់លាស់ក្នុងការជ្រើសរើសសេវាព្យាបាល។ ជួនកាលគាត់ទៅរកសេវាឯកជនអ៊ីចឹងទៅ ដែលពុំមានគុណភាព។ នេះគឺជាកត្តារួមផ្សំជំរុញឲ្យមានភាពស៊ាំនេះ»។
ហេតុអ្វីបានជាឆ្នាំនេះមានករណីគ្រុនចាញ់ច្រើន? ក្រៅពីកត្តាដូចជាភ្លៀងឆាប់ធ្លាក់ពេកជាដើមនោះ លោកវេជ្ជបណ្ឌិត ដួង សុជាតិ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មានប្រសាសន៍ថា បញ្ហាប្រជាជនចល័តទៅតំបន់ឆ្ងាយ ទៅតំបន់ព្រៃភ្នំនាព្រំដែនកម្ពុជា-ថៃ ដូចជាទៅខេត្តប៉ៃលិន ទៅខេត្តឧត្តរមានជ័យ ។ល។ ក៏អាចជាកត្តាដែលនាំឲ្យឈានដល់ការកើនឡើងនៃករណីគ្រុនចាញ់នេះដែរ។
លោកបន្ថែមថា មានមនុស្សចល័តទៅធ្វើការនៅទីឆ្ងាយៗ ទៅកាប់រានព្រៃធ្វើចម្ការ ទីដែលមានសត្វមូសច្រើន ហើយពេលដែលគាត់ត្រឡប់វិលចូលផ្ទះសម្បែងវិញ គាត់បាននាំទាំងជំងឺគ្រុនចាញ់មកជាមួយផងដែរ។ ហើយលោកវេជ្ជបណ្ឌិត ដួង សុជាតិ មានប្រសាសន៍ថា ដោយហេតុថាគ្រុនចាញ់ច្រើនកើតមាននៅម្តុំតំបន់ព្រំដែនកម្ពុជា-ថៃ សំខាន់គឺប្រទេសទាំងពីរគួរតែសហការគ្នាដោះស្រាយ។
លោកវេជ្ជបណ្ឌិត ដួង សុជាតិ មានប្រសាសន៍ដូច្នេះ ៖ «ដោយសារឱសថអាតេមីស៊ីនីន ជាឱសថថ្មី ហើយចាប់ផ្តើមស៊ាំ អ៊ីចឹងយើងសហការគ្នារវាងប្រទេសភូមិផងរបងជាមួយគ្នានេះ ធ្វើយ៉ាងណាយើងធ្វើការជាមួយគ្នា បើយើងធ្វើតែម្ខាង ម្ខាងទៀតអត់ធ្វើក៏មិនកើតដែរ»។
បន្ទាប់ពីមានព័ត៌មានទាក់ទងនឹងករណីស៊ាំថ្នាំគ្រុនចាញ់ហើយនោះ តើរដ្ឋាភិបាលមានវិធានការទប់ស្កាត់ និងដោះស្រាយការស៊ាំយ៉ាងណា?
បើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ខេង ស៊ីម គឺមានយុទ្ធសាស្ត្រ ៤ សំខាន់ ដូចជា ៖ «ទី១ ធ្វើយ៉ាងណាឲ្យសេវាផ្តល់រោគវិនិច្ឆ័យ ក៏ដូចជាការព្យាបាលជំងឺគ្រុនចាញ់ហ្នឹងឲ្យបានទូលំទូលាយ អាចឲ្យប្រជាជនប្រើប្រាស់បាន។ ទី១ គឺបែងចែកថ្នាំ ក៏ដូចជាសម្ភារៈបរិក្ខារក្នុងការធ្វើតេស្តឈាមរកមើលរោគគ្រុនចាញ់ទៅដល់សេវាសុខភាពសាធារណៈក្នុងបណ្តាខេត្ត ២០ សំខាន់ ដោយចែកចាយជូនទៅដល់ស្រុកប្រតិបត្តិមណ្ឌលសុខភាព ឬក៏ប៉ុស្តិ៍សុខភាព។ ទាក់ទងទៅនឹងការព្យាបាល ក៏ដូចជាការរកតេស្តឈាមនេះ កម្មវិធីជាតិបានពង្រីកបន្ថែមដោយជ្រើសរើសអ្នកស្ម័គ្រចិត្តតាមភូមិ ដែលមានទីតាំងនៅក្នុងតំបន់ចម្លងគ្រុនចាញ់ខ្ពស់ ដើម្បីឲ្យគាត់អាចធ្វើតេស្តឈាមរកមើលគ្រុនចាញ់ ហើយផ្តល់ការព្យាបាលជូនទៅដល់ប្រជាពលរដ្ឋដែលលោកពុំអាចមានលទ្ធភាពមករកសេវាព្យាបាលសាធារណៈ ដោយសារផ្លូវមានការលំបាក ជាពិសេសនៅរដូវភ្លៀង»។
លោកស្រីវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រួមនឹងអង្គការមួយហៅថា P.S.I ដែលផ្តោតលើផលប៉ះពាល់ដល់សុខភាព ទាក់ទងនឹងគ្រុនចាញ់ ទឹក ការរស់មានជីវិតរបស់កុមារ អេច្ឆ.អាយ.វី និងសុខភាពបន្តពូជ គឺធ្វើការជាមួយឱសថស្ថាន អ្នកលក់ថ្នាំពេទ្យមួយចំនួន។ អង្គការនេះ បានបង្រៀនអ្នកលក់ថ្នាំទាំងនោះ ឲ្យចេះជ្រើសរើសថ្នាំយកមកព្យាបាល ហើយជាចាំបាច់ គឺមុននឹងផ្តល់ថ្នាំទៅអតិថិជន សេវាឯកជនទាំងអស់នោះ ត្រូវតែរកតេស្តឈាម រកមើលប្រភេទរោគនៅក្នុងឈាមជាមុនសិន។
ចំពោះយុទ្ធសាស្ត្រទី២ លោកស្រីបន្តថា ប្រជាជននៅតំបន់ចម្លងគ្រុនចាញ់ខ្ពស់ គឺអាជ្ញាធរមានវិធានការការពារដោយធ្វើការចែកមុងជ្រលក់ថ្នាំផង ហើយនិងជ្រលក់ថ្នាំចំពោះមុងចាស់ផង ដែលអាចប្រើប្រាស់រយៈពេល ៣ឆ្នាំ ធ្វើយ៉ាងណាឲ្យគ្របដណ្តប់បានប្រជាជន ១០០ភាគរយនៅតំបន់នោះ ៖ «មានវិធានការការពារជំងឺគ្រុនចាញ់នេះ ដោយចែកជូនដោយឥតគិតលុយ ជូនដល់ប្រជាពលរដ្ឋនូវមុងជ្រលក់ថ្នាំដែលមានរយៈពេលវែង ដោយយើងគិតជាស្តង់ដារ គឺមុងមួយសម្រាប់មនុស្សពីរនាក់»។
រីឯយុទ្ធសាស្ត្រទី៣ នោះ គឺបង្កើនចំណេះដឹងរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្នុងការការពារគ្រុនចាញ់។ ចំណែកយុទ្ធសាស្ត្រទី៤ គឺបង្កើន ពង្រឹងសមត្ថភាពមន្ត្រីរាជការ ដែលធ្វើការក្នុងកម្មវិធីគ្រុនចាញ់ពីថ្នាក់ជាតិដល់ថ្នាក់ខេត្ត ថ្នាក់ស្រុក រហូតទៅដល់សហគមន៍ ធ្វើម៉េចឲ្យមានបណ្តាញនៃកម្មវិធីជាតិ មាននៅគ្រប់ថ្នាក់ទាំងអស់ ដើម្បីពង្រឹងការងារទប់ស្កាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។
សូមរំឭកថា យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០០៩ នេះ មានអ្នកស្លាប់ដោយគ្រុនចាញ់ចំនួន ៩៨នាក់ បើប្រៀបធៀបទៅ ៦ខែ ដើមឆ្នាំ២០០៨ អ្នកស្លាប់ដោយជំងឺគ្រុនចាញ់មាន ៥៨នាក់៕
