ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​កញ្ឆា​ចំពោះ​សុខភាព (ភាគ១)

អ្នក​ស្រាវជ្រាវ​វិទ្យា​សាស្ត្រ​បាន​លើក​ឡើង​ថា កញ្ឆា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ស្មុគស្មាញ​ផ្សេងៗ​ជាច្រើន។

0:00 / 0:00

ឯកសារ​នៃ​វិទ្យាស្ថាន​ជាតិ​ស្តី​ពី​ការ​បំពាន​គ្រឿង​ញៀន​នៅ​សហរដ្ឋ​អាមេរិក (National Institute on Drug Abuse) បាន​ឲ្យ​ដឹង​ថា នៅ​សហរដ្ឋ​អាមេរិក​គ្រឿង​ញៀន​ខុស​ច្បាប់​មួយ​ប្រភេទ​គឺ​កញ្ឆា បាន​ត្រូវ​គេ​លួច​លាក់​ប្រើ​ច្រើន។

ឯកសារ​បន្ត​ថា ពេល​ដែល​គេ​ជក់​កញ្ឆា​នោះ គឺ​ភ្លាមៗ​អ្នក​ជក់​ចាប់​ផ្តើម​ទទួល​ផល​វិបាក​អាក្រក់។ ផល​វិបាក​អាក្រក់​នោះ​នៅ​ជាប់​ក្នុង​រវាង​ពី​១​ម៉ោង​ទៅ​៣​ម៉ោង។

ចំពោះ​ការ​បរិភោគ​អាហារ​ដែល​មាន​ដាក់​ជាតិ​កញ្ឆា​វិញ​នោះ គឺ​អ្នក​បរិភោគ​ មិន​ទាន់​ទទួល​ផល​វិបាក​អាក្រក់​ភ្លាមៗ​ទេ គឺ​មួយ​រយៈពេល​យូរ​បន្ទាប់​ពី​ការ​បរិភោគ​ទើប​ចាប់​ផ្តើម​ទទួល​អានុភាព​នៃ​កញ្ឆា ក៏​ប៉ុន្តែ​ជា​ទូទៅ​វា​នៅ​ជាប់​យូរ។

ផល​វិបាក​អាក្រក់​រយៈ​ពេល​ខ្លី​របស់​កញ្ឆា​មាន អារម្មណ៍​សប្បាយ វិញ្ញាណ​មាន​ការ​ប្រែប្រួល​ខុស​ពី​ភាព​ដើម ទាំង​ចក្ខុ​ប្រសាទ ស្នូរ​សំឡេង ពេល​វេលា ការ​ប៉ះពាល់។ល។ មាន​ផល​អាក្រក់​ទាក់ទង​ការ​ចងចាំ​និង​ការ​រៀន​សូត្រ បាត់​បង់​ការ​សហការ ស្មុគស្មាញ​ក្នុង​ការ​គិតគូរ​និង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា បង្កើន​ឲ្យ​បេះដូង​ដើរ​ញាប់។

លោក​វេជ្ជបណ្ឌិត មាស វីរិទ្ធ ប្រធាន​មន្ទីរ​ពិសោធន៍​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​មាន​ប្រសាសន៍​អំពី​សញ្ញា​មួយ​ចំនួន​បន្ទាប់​ពី​ការ​ប្រើប្រាស់​កញ្ឆា ៖ «ជា​ធម្មតា​ វា​ស្ថិត​នៅ​លើ​ការ​ពុល​ស្រវឹង លើ​បរិមាណ​របស់​កញ្ឆា​ដែល​យើង​បាន​ហូប​ចូល​ទៅ។ បើ​យើង​ហូប​ច្រើន​វា​មាន​លក្ខណៈ​ពុល​ស្រវឹង។ បើ​សិន​ជា​ពុល​ស្រវឹង ទី​១ គឺ​ប៉ះពាល់​ទៅ​លើ​គឺ​ថា ការ​ពុល​ស្រវឹង​ក្នុង​រយៈ​ពេល​ខ្លី មាន​រោគ​សញ្ញា​សម្ដែង​ឲ្យ​ឃើញ​ដូច​ជា ការ​ចូល​ចិត្ត​និយាយ​ច្រើន វង្វេង​វង្វាន់​មិន​ដឹង​ម៉ោង​ពេល ខ្វះ​ការ​ឃុំ​គ្រង​លើ​ខ្លួន​ឯង ហើយ​និង​ពេល​ខ្លះ​ទៅ​ជា​ងងុយ​គេង»

ជួន​កាល​ការ​ប្រើ​កញ្ឆា​ក៏​អាច​ឲ្យ​មាន​ការ​ថប់​បារម្ភ ការ​ខ្លាច ការ​មិន​ទុក​ចិត្ត ឬ​ការ​ស្លន់ស្លោ​ផង​ដែរ។ចំពោះ​ផលវិបាក​រយៈ​ពេល​វែង​របស់​កញ្ឆា​មាន​ច្រើន ៖ «ផល​ប៉ះពាល់​រយៈ​ពេល​វែង​ វា​ប្រហាក់​ប្រហែល​គ្នា គ្រាន់​តែ​ថា ខុស​គ្នា​ប្រសិនបើ​អ្នក​នោះ​ប្រើប្រាស់​កញ្ឆា​ច្រើន​វា​អាច​ធ្វើ​ឲ្យ​របាំង​ការពារ​រាង​កាយ​ចុះ​ខ្សោយ ហើយ​និង​អាច​កើត​ជំងឺ​មហារីក​សួត ឬ​ក៏​រលាក​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ»

ចំពោះ​ផល​វិបាក​អាក្រក់​ទៅ​លើ​សួត ឯកសារ​ខាង​លើ​បាន​ឲ្យ​ដឹង​ដែរ​ថា ជក់​កញ្ឆា​ទោះ​ជា​មិន​ញឹកញាប់​ក្តី​អាច​បង្ក​ឲ្យ​ឈឺ​ផ្សា​មាត់​និង​បំពង់​ក ហើយ​បង្ក​ឲ្យ​ក្អក​ធ្ងន់ធ្ងរ។

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា អ្នក​ជក់​កញ្ឆា​អាច​ជួប​បញ្ហា​ផ្លូវ​ដង្ហើម​ដូច​គ្នា​នឹង​អ្នក​ដែល​ជក់​បារី​នោះ​ដែរ រួម​មាន ក្អក​មាន​ស្លេស្ម​រាល់​ថ្ងៃ ឈឺ​ទ្រូង​ធ្ងន់ធ្ងរ​កាន់​តែ​ញឹកញាប់ កំណើន​គ្រោះថ្នាក់​បង្ក​រោគ​នៅ​សួត រាំង បង្អាក់​ផ្លូវ​ដក​ដង្ហើម។

ផ្សែង​កញ្ឆា​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ដល់​សុខភាព​ឈ្មោះ carcinogenic hydrocarbons ច្រើន​ជាង​ផ្សែង​បារី។ តាម​ធម្មតា​អ្នក​ជក់​កញ្ឆា បឺត ហឺត​ផ្សែង​កញ្ឆា​ចូល​ជ្រៅ​ជាង ហើយ​ផ្សែង​នោះ​នៅ​ក្នុង​សួត​យូរ​ជាង​ផ្សែង​បារី​របស់​អ្នក​ជក់​បារី ហេតុ​នេះ​សួត​ទទួល​សារធាតុ carcinogenic យូរ​ជាង​ផង​ដែរ។

ការ​សិក្សា​មួយ​នៅ​អាមេរិក​បាន​រក​ឃើញ​ថា អ្នក​ជក់​កញ្ឆា​ទំនង​ជា​អាច​កើត​មហារីក​នៅ​ក្បាល ឬ​នៅ​ក​៣​ដង​ខ្ពស់​ជាង​អ្នក​ដែល​មិន​ជក់។ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​ជឿ​ថា ផ្សែង​កញ្ឆា​គ្រោះថ្នាក់​ដល់​សួត​ច្រើន​ជាង​ផ្សែង​បារី។ ឯកសារ​បន្ត​ថា សារធាតុ​សកម្ម​ផ្សំ​នៅ​ក្នុង​កញ្ឆា​មាន delta-9 tetrahydrocannabinol or (THC)។

នៅ​​ពេល​ប្រើប្រាស់​កញ្ឆា​ច្រើន​ជាមួយ​ការ​បរិភោគ​អាហារ​ជា​ប្រចាំ អ្នក​ប្រើ​កញ្ឆា​នោះ​អាច​ជួប​សញ្ញា​ដូច​ត​ទៅ ៖ រវើរវាយ​ឃើញ​អ្វី​ៗ​ផ្ដេសផ្ដាស ឃើញ​តែ​ម្នាក់​ឯង ការ​ភ័ន្តវិញ្ញាណ​ឬ​គំនិត សតិ​ស្មារតី​ចុះ​ខ្សោយ ការ​រក​ទិស​មិន​ត្រឹម​ត្រូវ។

ចំពោះ​ផល​វិបាក​អាក្រក់​ទៅ​លើ​បេះដូង ឯកសារ​នានា​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្នុង​រវាង​២-​៣​នាទី​បន្ទាប់​ពី​ការ​ជក់​កញ្ឆា បេះដូង​ចាប់​ផ្តើម​លោត​លឿន​ជាង​ធម្មតា ហើយ​ជាមួយ​នេះ​បង្ក​បញ្ហា​ដល់​សម្ពាធ​ឈាម​ដែរ។ កញ្ឆា​ក៏​អាច​បង្ក​ឲ្យ​បេះដូង​ដើរ​លឿន​ក្នុង​ល្បឿន​លោត​២០​ទៅ​៥០​ដង​ក្នុង​១​នាទី ហើយ​អាច​បង្កើន​ល្បឿន​លើស​ពី​នេះ​ទៀត​ផង​ប្រសិនណា​បើ​បុគ្គល​នោះ បាន​ប្រើ​គ្រឿង​ញៀន​ដទៃ​ទៀត​ក្នុង​ពេល​តែមួយ​ជាមួយ​កញ្ឆា។

លោក​វេជ្ជបណ្ឌិត ចន អូខននែល (John O'Connell) នាយក​មជ្ឈមណ្ឌល​ជំងឺ​បេះដូង​នា​វិទ្យាស្ថាន Bluhm ផ្នែក​សរសៃ​ឈាម​បេះដូង​នៅ​មន្ទីរពេទ្យ Northwestern Memorial អាមេរិក មាន​ប្រសាសន៍​ថា ៖ "ពេល​ដែល​យើង​រក​មើល​មូលហេតុ​នៃ​ជំងឺ​បេះដូង​របស់​មនុស្ស​វ័យ​កណ្តាល យើង​តែង​សួរ​គេ​ថា តើ​មាន​ប្រើប្រាស់​គ្រឿង​ញៀន​ឬ​ទេ? តាម​ពិត​ករណី​មួយចំនួន​ស្តី​ពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន​គឺ​មាន​ផល​វិបាក​អាក្រក់​ប្រាកដ​ណាស់​ទៅ​លើ​បេះដូង។ គ្រឿង​ញៀន​កញ្ឆា​ដែល​បាន​ត្រូវ​គេ​ប្រើ​រាល​ដាល​ក្នុង​សង្គម​យើង​នោះ វា​បង្ក​និង​បង្កើន​ឲ្យ​មាន​ករណី​បេះដូង​ដើរ​ញាប់ និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង។ ចំពោះ​អ្នក​ខ្លះ​ដែល​មាន​សម្បទា​ទោរ​ទៅ​រក​ជំងឺ​បេះដូង​ផង​នោះ បុគ្គល​នោះ​អាច​ត្រូវ​យាយី​ដល់​ជីវិត ហើយ​ពិត​ណាស់​ថា ការ​ប្រើ​កញ្ឆា​ជា​ធម្មតា​ដោយ​មាន​ការ​បង្កើន​ចង្វាក់​ជីពចរ​បេះដូង​លោត​​និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ជា​រឿយៗ​នោះ ប្រាកដ​ណាស់​ថា នឹង​អាច​ទទួល​ផល​វិបាក​អាក្រក់​ធ្ងន់ធ្ងរ​រយៈពេល​យូរ"

ចំពោះ​បរិមាណ​អ្នក​ប្រើប្រាស់​កញ្ឆា​នៅ​កម្ពុជា ៖ «មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​ឃើញ​មាន​អ្នក​ដែល​ញៀន​កញ្ឆា​ហ្នឹង​មក​ចូល​ទទួល​យក​សេវា​ព្យាបាល​ពី​មជ្ឈមណ្ឌល​ព្យាបាល​និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​ទេ មក​ដល់​ពេល​នេះ។ ដំណាំ​កញ្ឆា​នៅ​កម្ពុជា ក៏​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្កាល់។ ខ្ញុំ​គិត​ថា ការ​ដាំ​ដំណាំ​កញ្ឆា​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​គ្រឿង​ញៀន​គឺ​គ្មាន​ទេ។ តែ​អាច​មាន​ការ​ដាំ​តិចតួច​ដែល​ការ​ប្រើប្រាស់​នោះ​គឺ​ជា​ទម្លាប់​ក្នុង​ការ​ព្យាបាល​សត្វ»

យោង​តាម​ព័ត៌មាន​នានា ជន​បរទេស​ឬ​ភ្ញៀវ​ទេសចរ​បរទេស​អាច​រក​ទិញ​កញ្ឆា​បាន​ដោយ​លួចលាក់​នៅ​ក្រុង​ភ្នំពេញ។

យោង​តាម​ឯកសារ​ផ្សាយ​ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន គឺ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០០៩ នៅ​កណ្តាល​ក្រុង​បាត់ដំបង កញ្ឆា​ស្រស់​ចំនួន​១១៦​ដើម​ដែល​គេ​លួច​ដាំ​នៅ​ភូមិ​កំពង់សីមា ក្រុម​ទី​៤ សង្កាត់​វត្តគរ ហើយ​និង​ជ្រញ់​ហាន់​កញ្ឆា បំពង់​កញ្ឆា បាន​ត្រូវ​រក​ឃើញ​ហើយ​បាន​ត្រូវ​អាជ្ញាធរ​កម្ទេច​ចោល៕