អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ៖ សភាពមេរោគគ្រុនផ្តាសាយថ្មី A(H1N1) នៅថេរ ហើយ គ្មានសញ្ញាណាបង្ហាញថាមេរោគនេះមានការលាយចូលជាមួយមេរោគគ្រុនផ្តាសាយបក្សី ឬជាមួយមេរោគគ្រុនផ្តាសាយដទៃទៀតនោះទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters កាលពីចុងខែមិថុនា ២០០៩ លោកស្រីវេជ្ជបណ្ឌិត ម៉ាហ្ការេត ឆង់ (Margaret Chan) អគ្គនាយិកានៃអង្គការសុខភាពពិភពលោក មានប្រសាសន៍នៅក្រុងម៉ូស្គូ ថា ៖ មេរោគផ្តាសាយថ្មីនេះនៅថេរណាស់ ក៏ប៉ុន្តែដូចបានដឹងហើយថា ភាពមិនអាចព្យាករណ៍នៃមេរោគគ្រុនផ្តាសាយ គឺមានកម្រិតខ្ពស់ណាស់ ហើយមេរោគក៏មានសក្តានុពលខ្លាំង អាចធ្វើការផ្លាស់ប្តូរទ្រង់ទ្រាយរបស់វាទៀតផង។
មន្ត្រីសុខាភិបាលខ្លះបាននិយាយថា គេមានការបារម្ភចំពោះលទ្ធភាពគ្រោះថ្នាក់ដែលថា បើមេរោគគ្រុនផ្តាសាយ H1N1 អាចរួមផ្សំជាមួយនឹងមេរោគគ្រុនផ្តាសាយបក្សី H5N1នោះ។
កន្លងមកមេរោគគ្រុនផ្តាសាយបក្សី បានរាតត្បាតនៅប្រទេសខ្លះៗនៅអាស៊ី និងនៅមជ្ឈិមបូព៌ា។ ហើយមេរោគនោះអាចធ្វើឲ្យមនុស្សស្លាប់បាន។
លោកស្រីវេជ្ជបណ្ឌិត ម៉ាហ្ការេត ឆង់ មានប្រសាសន៍ទៀតថា ៖ ត្រូវការតាមដានត្រួតពិនិត្យយ៉ាងដិតដល់ ដើម្បីឲ្យដឹងពិតប្រាកដថា មេរោគនោះវាមិនផ្លាស់ប្តូរទ្រង់ទ្រាយនោះទេ។
ចំណែកឯលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍ដល់បញ្ហាទាក់ទងរវាងសត្វជ្រូកនិងគ្រុនផ្តាសាយA(H1N1) ថា ៖ «គឺរហូតមកទល់ពេលនេះ ពុំទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថា មានការឆ្លងជំងឺនេះ ឆ្លងពីជ្រូកមកមនុស្សទេ មានតែការឆ្លងពីមនុស្សទៅមនុស្ស»។
ទោះជាយ៉ាងណាក្តី យោងតាមទីភ្នាក់ងារព័ត៌មាន អេភី ចុះថ្ងៃ ១ កក្កដា គឺ នាដើមខែកក្កដា ២០០៩ អង្គការសុខភាពពិភពលោកបានប្រជុំគ្នា ៣ថ្ងៃ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីបង្កើតជាគំរូតាមបែបគណិតវិទ្យា អំពីការរាលដាលនៃគ្រុនផ្តាសាយថ្មី ដើម្បីយល់ឲ្យបានកាន់តែច្បាស់ថា តើតាមរបៀបយ៉ាងណាដែលមេរោគនេះវាកើតឡើង គឺពីករណីមួយចំនួនតូចប៉ុណ្ណោះ ក្លាយជារាលដាលឆ្លងទ្វីបបានក្នុងរយៈពេលមិនដល់ ២ខែ ផងនោះ?
គ្រុនផ្តាសាយ A(H1N1) បានកើតឡើងដំបូងនៅប្រទេសម៉ិកស៊ិកូ កាលពីចុងខែមេសា។ មកទល់នឹងសប្តាហ៍ដំបូងនៃខែកក្កដា មានឆ្លងដល់ជាង ១១០ប្រទេសហើយ។
កាលពីសប្តាហ៍ចុងខែមិថុនា មន្ត្រីសុខាភិបាលអាមេរិកបាននិយាយថា យោងតាមគំរូតាមបែបគណិតវិទ្យា និងយោងទៅលើការស្ទង់មើលរបស់មន្ត្រីសុខាភិបាលអាមេរិក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានប៉ាន់ប្រមាណថា ពលរដ្ឋអាមេរិកចំនួន ១លាននាក់ អាចឆ្លងរោគផ្តាសាយ A(H1N1)។
មន្ត្រីជំនាញផ្នែកគ្រុនផ្តាសាយនៅសកលវិទ្យាល័យ Johns Hopkins នាក្រុង Baltimore រដ្ឋមែរីលែន សហរដ្ឋអាមេរិក លោក Andrew Pekosz មានប្រសាសន៍ថា ត្រូវការព័ត៌មានថែមទៀត អំពីការឆ្លងជំងឺសម្រាប់ដាក់បញ្ចូលទៅក្នុងគំរូតាមបែបគណិតវិទ្យា ដើម្បីនឹងទស្សន៍ទាយអំពីការវិវត្តនាអនាគត ហើយនិងដើម្បីរកនូវភាពខុសធម្មតានៃមេរោគ។
លោកបន្តថា លោតពីអ្នកជំងឺម្នាក់ទៅ ៦០នាក់ មិនមែនជាការឲ្យបារម្ភទេ ក៏ប៉ុន្តែការលោតពីអ្នកជំងឺម្នាក់ទៅធ្វើឲ្យឈឺដល់ ៣០០នាក់ នោះបង្ហាញថា មានបញ្ហាអ្វីកើតឡើងហើយ ដែលទាមទារនូវការពិនិត្យដោយប្រយ័ត្នប្រយែង។
ចំណែកអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោកស្រី Aphaluck Bhatiasevi មានប្រសាសន៍ថា អ្នកឯកទេសមិនមែនពិនិត្យមើលតែអំពីចំនួនករណីឆ្លងប៉ុណ្ណោះទេ ប៉ុន្តែក៏ពិនិត្យមើលដល់ចំនួនករណីប៉ុន្មានហើយដែលធ្ងន់ធ្ងរ ហើយវិធានការណាខ្លះដែលរួមចំណែកជួយរារាំងការឆ្លងរាលដាលនៃជំងឺនេះ។
នៅកម្ពុជា មកដល់សប្តាហ៍ទីមួយ ខែកក្កដា នេះ មានឆ្លងផ្តាសាយ A(H1N1) ចំនួន ៨ករណីហើយ។
បើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកឆ្លងទាំងនោះគឺជាអ្នកមកពីបរទេសចូលស្រុកខ្មែរ ៖ «ជាពិសេសគឺប្រជាពលរដ្ឋដែលអញ្ជើញមកពីប្រទេសដែលកំពុងរាតត្បាតហ្នឹង ដូចជាមកពីសហរដ្ឋអាមេរិក កាណាដា ឬមួយក៏ម៉ិកស៊ិកូ ជាដើម ជាពិសេស ហើយជាក់ស្តែងគឺថា អ្នកជំងឺដែលឈឺហ្នឹង ដែលបញ្ជាក់ដោយមជ្ឈមណ្ឌលជាតិជំងឺផ្តាសាយហ្នឹង គឺគាត់អញ្ជើញមកពីសហរដ្ឋអាមេរិកផ្ទាល់ ហើយគាត់បានកើតជំងឺនេះនៅក្នុងប្រទេសយើង»។
គួររំឭកដែរថា បន្ទាប់ពីមានករណីមានឆ្លងគ្រុនផ្តាសាយ A(H1N1) នៅស្រុកខ្មែរភ្លាមនោះ កាលពីថ្ងៃ ២៥ មិថុនា ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ក្នុងការទប់ស្កាត់ជំងឺនេះ កម្ពុជាមានកិច្ចសហប្រតិបតិ្តការល្អជាមួយអង្គការសុខភាពពិភពលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ៖ «គ្រុនផ្តាសាយ ពីដើម កាលដំណាក់កាលដំបូងគេហៅថាផ្តាសាយជ្រូកនោះ ឥឡូវនេះ កម្ពុជាបានរកឃើញជាលើកដំបូងកាលពីម្សិលម៉ិញ ១នាក់ ឯថ្ងៃនេះ ៣នាក់ទៀត គឺឡើង ៤នាក់ សរុបទាំងអស់ ៤នាក់ ហើយ ៣នាក់កំពុងស្ថិតនៅក្នុងការសង្កេត។ ក្រុមអ្នកដែលមើលឃើញថាមានជំងឺ H1N1 នេះ គឺជាក្រុមនិស្សិតរបស់សហរដ្ឋអាមេរិក ដែលមកពីអាទិត្យមុននេះ វ័យជំទង់ទេ ១៦ -៧ឆ្នាំទេ។ ឥឡូវយើងបានធ្វើការសហការជាមួយនឹងអង្គការសុខភាពពិភពលោកដើម្បីទប់ស្កាត់អំពីបញ្ហានេះ»។
សូមបញ្ជាក់ថា ក្នុងចំណោម ៨នាក់ ដែលកម្ពុជារកឃើញថាមានឆ្លងគ្រុនផ្តាសាយថ្មី A(H1N1) គឺ ៤នាក់ ជាយុវនិស្សិតពីសហរដ្ឋអាមេរិក ម្នាក់ជាបុរសហ្វីលីពីន និង ២នាក់ទៀតជាជនជាតិខ្មែរនៅក្នុងស្រុក និងម្នាក់ជានារីអូស្ត្រាលី៕
